អង្គការសង្គមស៊ីវិលលើកឡើងថា ពួកគាត់គ្មានជំនឿលើការប្ដេជ្ញាចិត្តរបស់ក្រសួងមហាផ្ទៃដែលថានឹងខំប្រឹងប្រែងធ្វើការងារដើម្បីស្ដារមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិបាននោះទេ។ ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសថា រដ្ឋាភិបាលនឹងចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការជួញដូរគ្រឿងញៀន និងការលាងលុយកខ្វក់នៅកម្ពុជាឱ្យអស់ពីលទ្ធភាពដើម្បីស្ដារមុខមាត់កម្ពុជាឡើងវិញ។
មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា ការប្ដេជ្ញាចិត្តរបស់ក្រសួងមហាផ្ទៃនេះធ្វើឡើងគ្រាន់តែឱ្យល្អមើល និងមិនអាចទប់ស្កាត់ឧក្រិដ្ឋជន និងការលាងលុយកខ្វក់នៅកម្ពុជាបានឡើយ។
ប្រធានសហភាពសហជីពកម្ពុជា និងជាអ្នកឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៨ កក្កដា ថា លោកសាទរចំពោះការប្ដេជ្ញាចិត្តរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលថា នឹងខំប្រឹងប្រែងទប់ស្កាត់ការបំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងការលាងលុយកខ្វក់នេះ ប៉ុន្តែលោកហាក់គ្មានជំនឿទៅលើការអនុវត្តច្បាប់របស់អាជ្ញាធរឱ្យបានប្រសិទ្ធភាពនោះឡើយ។ លោកបញ្ជាក់ថា មូលហេតុដែលលោកគ្មានជំនឿ ដោយសារកន្លងមកបញ្ហាទាំងអស់នេះ កើតឡើងភាគច្រើនមានមន្ត្រីគ្រាក់ៗនៅពីក្រោយខ្នង ហើយក្រសួងមហាផ្ទៃទំនងនឹងមិនហ៊ានចាត់វិធានការទៅលើឧក្រិដ្ឋជនទាំងនោះដូចពេលមុនៗដែរ៖ «អីចឹងបើគ្រាន់តែបោសសំអាតតែខាងក្រោម ហើយមិនបានបោសសំអាតរកឫសគល់ អ្នកដែលមានតំណែងធំៗយកទៅផ្ដន្ទាទោស វាមិនអាចបោសសំអាតទៅបានទេ។ បញ្ហានេះគ្រាន់តែបានលើកឡើងឱ្យប្រជាជនស្ដាប់ថាខ្លួនហ្នឹងបានខំសម្បើមណាស់តែធាតុពិតគ្មានប្រសិទ្ធភាពអីទាំងអស់បាទ !»។
ប្រតិកម្មមន្ត្រីសង្គមស៊ីវិលនេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលនៅខេត្តកណ្ដាលកាលពីថ្ងៃទី២៦ ខែកក្កដាថា លោកនឹងសហការជាមួយក្រសួងពាក់ព័ន្ធ ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃ ជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងការលាងលុយកខ្វក់នៅកម្ពុជាឱ្យអស់ពីលទ្ធភាពដើម្បីស្ដារមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ។ លោក ស ខេង បញ្ជាក់ថា ការលាងលុយកខ្វក់ជាហានិភ័យធំធេងដែលពិភពលោកមានការព្រួយបារម្ភខ្ពស់៖ «កម្ពុជាយើងត្រូវអង្គការហិរញ្ញវត្ថុអន្តរជាតិហៅថា ហ្វាត (FATF) អង្គការនេះដែលជាយន្តការមួយរបស់អង្គការជាតិដែរ គេវាយតម្លៃថា ជាប្រទេសប្រផេះ។ ប្រផេះនេះវាមិនជាការល្អសម្រាប់យើងទេ បើសិនជាវាចូលទៅជាខ្មៅវារឹតតែមិនល្អទៀត ចូលទៅខ្មៅធ្វើឱ្យប្រព័ន្ធធនាគាររបស់យើងពិបាកទូទាត់ មិនមែនថា ទូទាត់មិនបានទេ ក៏ប៉ុន្តែពិបាកនឹងទូទាត់»។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការសង់ត្រាល់ (CENTRAL) លោក មឿន តុលា មើលឃើញថា ប្រសិនបើរដ្ឋាភិបាលនៅតែមិនទប់ស្កាត់ការប្រព្រឹត្តអំពើពុករលួយឱ្យមានប្រសិទ្ធភាពដូចសព្វថ្ងៃទេនោះ ក្រសួងមហាផ្ទៃនឹងមិនអាចទប់ស្កាត់ការជួញដូរមនុស្ស ការបំផ្លាញព្រៃឈើ និងការលាងលុយកខ្វក់ជាដើមបានឡើយ។ លោកបញ្ជាក់ថា បញ្ហាទាំងនេះអាចធ្វើទៅបានលុះត្រាតែរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដក្នុងការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព៖ «ចំណុចសំខាន់មួយទៀតគឺថាទាល់តែហ៊ានអារកាត់រឿងអំពើពុករលួយជាប្រព័ន្ធនេះ។ បើសិនជាយើងអត់ហ៊ានអារកាត់អំពើពុករលួយទេ ធម្មតាអំពើជួញដូរមនុស្សក៏ដោយ អំពើលាងលុយក៏ដោយ អំពើការបំផ្លាញព្រៃឈើ ឬបំផ្លាញធនធានធម្មជាតិ អ្នកដែលទៅលុបសមុទ្រអ្នកដែលទៅយកបឹង បើសិនជាមិនមានការពាក់ព័ន្ធជាមួយមន្ត្រីគ្រាក់ៗឈ្មួញទាំងអស់ហ្នឹងឬក៏ឧក្រិដ្ឋជនទាំងហ្នឹងមិនអាចប្រព្រឹត្តបទល្មើសហ្នឹងបានក្នុងរយៈពេល២៤ម៉ោងទេបាទ»។
កាលពីថ្ងៃទី១៩ ខែកក្កដា ក្រសួងការបរទេសអាមេរិក បានចេញរបាយការណ៍ស្តីពីការជួញដូរមនុស្សដោយបានទម្លាក់ចំណាត់ថ្នាក់កម្ពុជាមកកម្រិតទី៣អាក្រក់បំផុត ពុំធ្លាប់មានតាំងពីឆ្នាំ២០១៥មក និងក្រោយពេលដែលកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់កម្រិតទី២ ក្រោមការឃ្លាំមើលអស់រយៈពេល៣ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៩មក។
របាយការណ៍លើកឡើងថា រដ្ឋាភិបាលកម្ពុជាពុំបានគោរពតាមពេញលេញនូវស្តង់ដារអប្បបរមាដើម្បីលុបបំបាត់នូវអំពើជួញដូរមនុស្ស និងពុំបានខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សឡើយ។
ដោយឡែកអង្គការឃ្លាំមើលអំពើលាងលុយកខ្វក់នៅលើពិភពលោក ឈ្មោះក្រុមការងារហិរញ្ញវត្ថុ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស (Paris) ប្រទេសបារាំង (France) កាលពីថ្ងៃទី៤ ខែមីនា បានបន្តដាក់កម្ពុជាស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសមានហានិភ័យខាងអំពើលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដាន។
អស់រយៈពេលជាង ៣ឆ្នាំហើយ គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៩មក ដែលកម្ពុជាបន្តជាប់ឈ្មោះក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលពិភពលោកត្រូវបង្កើនការតាមដានខ្លាំងខាងអំពើលាងលុយកខ្វក់។ វិស័យដែលរងហានិភ័យខ្ពស់ខាងអំពើលាងលុយកខ្វក់នៅកម្ពុជា រួមមាន វិស័យធនាគារ ហិរញ្ញវត្ថុ វិស័យសំណង់ អចលនទ្រព្យ និងវិស័យកាស៊ីណូ។
មន្ត្រីអង្គការសង្គមស៊ីវិលជឿជាក់ថា ប្រសិនបើរដ្ឋាភិបាល នៅតែបណ្ដែតបណ្ដោយឱ្យមានការកាប់បំផ្លាញព្រៃឈើ ការជួញដូរមនុស្ស និងការលាយលុយកខ្វក់ជាដើម នឹងធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះកាន់តែអាក្រក់នៅលើឆាកអន្តរជាតិ ជាពិសេសអាចនឹងមានដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចបន្ថែមទៀតមកលើកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។