មន្ត្រីសង្គមស៊ីវិល និងអ្នកជំនាញបង្ហាញទស្សនៈចម្រុះជុំវិញការចាប់ផ្តើមរើបឡើងវិញនៃសេដ្ឋកិច្ចជាតិ បន្ទាប់ពីធ្លាក់ចុះដោយសារវិបត្តិជំងឺកូវីដ១៩។ ពួកគេយល់ថា សញ្ញាណនៃការរើបឡើងវិញនៃសេដ្ឋកិច្ចនេះ នៅមិនទាន់វិលមករកកម្រិតដូចនៅមុនពេលមានវិបត្តិនេះនៅឡើយទេ។ ពួកគេបារម្ភថា ការឡើងថ្លៃទំនិញសព្វសារពើ ជាពិសេសថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ នឹងធ្វើឱ្យជីវភាពរបស់ពលរដ្ឋទូទៅនៅតែយ៉ាប់យ៉ឺនដដែលនៅក្នុងឆ្នាំ២០២២នេះ។
ទន្ទឹមនឹងការព្យាករណ៍ជាបន្តបន្ទាប់ពីសំណាក់ស្ថាប័នហិរញ្ញវត្ថុធំៗរបស់អន្តរជាតិថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២នេះ អាចនឹងប្រសើរជាងឆ្នាំកន្លងទៅបន្តិចមែនក៏ដោយ ក៏អ្នកធ្វើការពាក់ព័ន្ធតាមវិស័យ និងអ្នកជំនាញយល់ថា កំណើននេះហាក់នៅមិនទាន់អាចធានាភាពប្រសើរឡើងនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅនៅឡើយទេ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ មើលឃើញថា ជីវភាពអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នកលក់ដូរតាមចិញ្ចើមផ្លូវ ឬអ្នករត់រ៉ឺម៉កកង់បី ជាដើម នៅតែប្រឈមនឹងការលំបាកលំបិន ស្របពេលតម្លៃទំនិញគ្រប់មុខកំពុងឡើងថ្លៃ៖ « ទោះបីបើកប្រទេសឡើងវិញក៏ដោយ ក៏មិនទាន់មានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិច្រើនដូចកាលពីមិនទាន់មានកូវីដដែរ។ ឥឡូវនេះ គួបផ្សំនឹងទំនិញសព្វសារពើឡើងថ្លៃ ថ្លៃប្រេងឥន្ធនៈ ថ្លៃឧស្ម័នហ្គាសក៏ឡើងថ្លៃដែរ វាមិនអាចធូរធារប្រសើរបានច្រើនភាគរយនោះទេ គឺតិចតួចបំផុតក្នុងស្ថានភាពនេះ »។
លោក វន់ ពៅ បញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលមិនមានចំណាត់ការណាមួយជួយទប់ស្កាត់បញ្ហាទំនិញឡើងថ្លៃនេះទេ នោះមុខរបរ ឬអាជីវកម្មរបស់ក្រុមពលរដ្ឋអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចនឹងដួលរលំ ឬកាន់តែធ្លាក់ខ្លួនក្រជាងមុន ដោយសារតែទំនិញឡើងថ្លៃ ហើយប្រាក់ចំណូលរបស់ពួកគាត់ធ្លាក់ចុះ ពុំមានតុល្យភាពគ្នាជាមួយនឹងការចំណាយ៖ « ទោះបីជាគាត់រស់នៅទីក្រុងក៏ដោយ ក៏គាត់ជាអ្នកចំណាកស្រុកដែលមិនមានអីជាទីពឹងទេ។ ផ្ទះក៏ជួលគេ ថ្លៃទឹក ថ្លៃភ្លើង ណាចាយវាយប្រចាំថ្ងៃ គឺកាន់តែធ្ងន់ធ្ងរ។ អញ្ចឹង បើសិនរដ្ឋមិនជួយការផ្ទេរសាច់ប្រាក់ទេ រដ្ឋក៏ត្រូវតែរៀបចំឥណទានណាមួយដើម្បីផ្តល់ឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងការទប់កុំឱ្យដួលរលំនៃមុខរបរអាជីវកម្មរបស់គាត់ ឬក៏បង្កើតជាមូលនិធិណាមួយសម្រាប់ជួយទ្រទ្រង់ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ »។
ធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថ្មីៗនេះ បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២២នេះ អាចប្រសើរជាងឆ្នាំកន្លងទៅ។ ធនាគារពិភពលោកថា សេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានជាង ៤% ខណៈធនាគារអភិវឌ្ឍន៍អាស៊ីព្យាករណ៍សុទិដ្ឋិនិយមជាងនេះ ថាកំណើននេះអាចមានរហូតដល់ជាង ៥%។
បើទោះជាយ៉ាងនេះក្តី អ្នកជំនាញខាងវិស័យការងារ និងជានាយកប្រតិបត្តិអង្គការសង់ត្រាល់ (CENTRAL) លោក មឿន តុលា មើលឃើញថា សេដ្ឋកិច្ចកម្ពុជានៅតែស្ថិតក្នុងភាពមិនប្រាកដប្រជាដដែលទេ៖ « យើងឃើញទីមួយ ២០ % នៃ EBA ដែលគេដកនោះ ក៏មិនទាន់ប្រាកដថា កម្ពុជាបានត្រលប់មកវិញ ១០០ % វិញ នៃប្រព័ន្ធអនុគ្រោះពន្ធជាមួយអឺរ៉ុបនេះ ... ឬក៏អាចថាថែម ២០ % ឬក៏ថែមប៉ុន្មានភាគរយទៀត ក៏យើងអត់ទាន់ប្រាកដដែរ ដោយសារសហគមន៍អឺរ៉ុបមានទាំងគណៈប្រតិភូសភាផង និងគណៈប្រតិភូខាងផ្នែកពាណិជ្ជកម្មផង គេមកវាយតម្លៃ ពីព្រោះបន្ទាប់ពីកូវីដ១៩ផ្ទុះទូទាំងសាកលលោកទៅ ប្រទេសភាគច្រើនគឺបិទនៅការធ្វើដំណើរ។ តាមគោលការណ៍ សហគមន៍អឺរ៉ុបគេត្រូវធ្វើការវាយតម្លៃរយៈពេលមួយឆ្នាំបន្ទាប់ពីគេសម្រេចដក ២០ % ថាតើកម្ពុជាយើងបានធ្វើអីឱ្យប្រសើរឡើងហើយឬនៅ ?»។
ភាពមិនប្រាកដប្រជានេះ ក៏ត្រូវអ្នកជំនាញមួយរូបទៀតមកពីវិស័យកសិកម្មមើលឃើញស្រដៀងគ្នានេះដែរសម្រាប់វិស័យកសិកម្ម ដែលជាវិស័យសំខាន់មួយសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា។
អ្នកជំនាញកសិកម្មក្លាយជាអ្នកនយោបាយ បណ្ឌិត យ៉ង សាំងកុមារ វាយតម្លៃថា បើទោះជាស្ថានភាពសេដ្ឋកិច្ចចាប់ផ្តើមរើបឡើងវិញបន្តិចក៏ដោយ ក៏កសិករនៅតែប្រឈមនឹងការទទួលបានប្រាក់ចំណេញទាបដោយសារតែត្រូវចំណាយថ្លៃដើមខ្ពស់៖ « ជារួមគឺខ្ញុំមើលឃើញថា លទ្ធភាពប្រាក់ចំណេញសម្រាប់កសិករគឺមិនរំពឹងថា វាប្រសើរជាងអីប៉ុន្មានទេ គ្រាន់តែវាអាចគ្រាន់បើជាងឆ្នាំ២០២១ជារួមដោយសារតែសកម្មភាពសេដ្ឋកិច្ចរាងរើបឡើងវិញ ។ ប៉ុន្តែ អត្រាទំនិញរបស់កសិករគឺមិនជាសង្ឃឹមអីទេ ពីព្រោះថ្លៃដើមថ្លៃអីវារាងខ្ពស់ ហើយការប្រកួតប្រជែងកាន់តែខ្លាំងជាងមុន ជាពិសេសក្នុងដំណាំអីផ្សេងៗទៀត ឈើហូបផ្លែ បន្លែ សាច់ ត្រី ស៊ុត អីចឹងមិនមានសមត្ថភាពប្រកួតប្រជែងជាមួយគេ »។
បណ្ឌិត យ៉ង សាំងកុមារ កត់សម្គាល់ថា កសិករភាគច្រើននៅតែជាប់ជំពាក់បំណុលធនាគារ ឬមីក្រូហិរញវត្ថុខ្ពស់នៅឡើយ ជាពិសេសបំណុលរបស់ពួកគេកើនឡើងខ្លាំងក្នុងពេលមានវិបត្តិជំងឺរាតត្បាតសាកលកូវីដនេះតែម្តង ខណៈពួកគាត់ពិបាករកចំណូលពីខាងក្រៅមកទប់ទល់នឹងស្ថានភាពលំបាកនេះ។
ជុំវិញការជំពាក់បំណុលមីក្រូហិរញ្ញវត្ថុនេះ អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាលោក កាំង តុងងី ពន្យល់ប្រាប់វិទ្យុអាស៊ីសេរីថា តម្រូវការប្រាក់កម្ចី និងការដាក់ប្រាក់បញ្ញើនៅតាមស្ថាប័នមីក្រូហិរញ្ញវត្ថុបានកើនឡើងនារយៈពេលចុងក្រោយនេះ។ ដោយឡែកចំពោះចំនួនពលរដ្ឋដែលស្នើរៀបចំកែសម្រួលលក្ខខណ្ឌសងបំណុលឡើងវិញដោយសារផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩ លោកកត់សម្គាល់ថា ចំនួននេះបានធ្លាក់ចុះច្រើនក្នុងរយៈពេលចុងក្រោយនេះ៖ « បើខ្ញុំសរុបទិន្នន័យពីរឆ្នាំជាប់គ្នា សម្រាប់សមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុទាំង ១២១ស្ថាប័ន គឺយើងបានធ្វើការរៀបចំឥណទានឡើងវិញដល់អតិថិជនប្រមាណជា ៣៧ម៉ឺននាក់ ក្នុងទំហំឥណទានសរុបប្រមាណជា ១ពាន់៧រយលានដុល្លារសហរដ្ឋអាមេរិក។ ហើយក្នុងរយៈពេលពីរបីខែដើមឆ្នាំនេះ គឺថាចំនួនអតិថិជនដែលធ្វើការរៀបចំឥណទានឡើងវិញ គឺធ្លាក់ចុះទាបមែនទែន អាចថា ស្ទើរតែក្រោមរយនាក់ទេក្នុងមួយអាទិត្យទៅមួយអាទិត្យ »។
ធនាគារពិភពលោក ព្រមាននៅក្នុងការវាយតម្លៃអំពីសេដ្ឋកិច្ចរបស់កម្ពុជាកាលពីពេលថ្មីៗនេះថា ការកើនឡើងនៃអត្រាឆ្លងជំងឺកូវីដ១៩ អូមីក្រុង ឬមេរោគប្រភេទថ្មីៗទៀតដែលមិនអាចគ្រប់គ្រងបាន អាចបង្អាក់ដល់ដំណើរការនៃការស្តារសេដ្ឋកិច្ចឡើងវិញ។ ជាមួយគ្នានេះ ធនាគារពិភពលោក គូសបញ្ជាក់ថា ការកើនឡើងនៃតម្លៃថាមពល និងស្បៀង អាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងធ្វើឱ្យសុខុមាលភាពប្រជាជនធ្លាក់ចុះ ព្រមទាំងប៉ះពាល់ជាអវិជ្ជមានដល់ការកាត់បន្ថយភាពក្រីក្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។