សភា​ឯក​បក្ស​យល់​ព្រម​អនុម័ត​សេចក្ដីព្រាង​ច្បាប់ ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ២០២៣ តាម​សំណើ​រដ្ឋាភិបាល

0:00 / 0:00

សភា​ឯក​បក្ស​នៅ​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា​នេះ បាន​អនុម័ត​ថវិកា​ជាតិ​ឆ្នាំ២០២៣ មាន​ទឹក​ប្រាក់​ ជិត ១០ពាន់​លាន​ដុល្លារ​ គឺ​កើន​ឡើង ១៣ភាគ​រយ ធៀប​ទៅ​នឹង​ថវិកា​ជាតិ​ឆ្នាំ ២០២២ ដែល​មាន​ទឹក​ប្រាក់​ជាង ៨​ពាន់​លាន​ដុល្លារ​​។

សម័យ​ប្រជុំ​លើក​ទី៨ នីតិកាល​ទី៦ នៃ​សភា​ឯក​បក្ស ដឹកនាំ​ប្រធាន​ស្ដីទី​រដ្ឋសភា លោក ជាម យៀប និង​សមាជិក​រដ្ឋសភា ចំនួន ៩៨រូប។ ដូច​សព្វ​ដង​ រដ្ឋសភា បាន​យល់​ព្រម​អនុម័ត​សេចក្ដីព្រាង​ច្បាប់​តាម​សំណើ​របស់​រដ្ឋាភិបាល​ដោយ​គ្មាន​ការ​កែប្រែ​នោះ​ទេ។

សភា​ឯក​បក្ស​ បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ២០២៣ ដោយ​សំឡេង​ទាំង​មូល​ចំនួន៩៩។ សេចក្ដី​ព្រាងច្បាប់​នេះ មាន ៣ជំពូក និង ២២មាត្រា។

ថវិកា​ជាតិ​ឆ្នាំ២០២៣ មាន​ទឹក​ប្រាក់​ ជិត ១០ពាន់​លាន​ដុល្លារ គឺ​កើន​ឡើង ១៣ភាគ​រយ ធៀប​ទៅ​នឹង​ថវិកា​ជាតិ​ឆ្នាំ២០២២ ដែល​មាន​ទឹក​ប្រាក់​ជាង ៨ពាន់​លាន​ដុល្លារ​។ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច លោក​អូន ព័ន្ធមុនីរ័ត្ន ថ្លែង​ក្នុង​រដ្ឋសភា​ថា ថវិកា​នេះ គឺ​ដើម្បី​រៀបចំ​ការបោះឆ្នោត​ឆ្នាំ២០២៣ និង​ការ​ប្រកួត​កីឡា (SEA Games) ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​។ លោក​បន្ត​ថា កម្ពុជា​រំពឹង​ថា​ នឹង​មាន​កំណើន​សេដ្ឋកិច្ច ៦,៦ភាគរយ ធៀប​នឹង ៥,៤ កាល​ពី​ឆ្នាំ២០២២។កម្ពុជា​គ្រោង​នឹង​ខ្ចី​ប្រមាណ​ជាង​ ពីរ​ពាន់​លាន​ដុល្លារ​ ពី​ម្ចាស់​ជំនួយ​សម្រាប់​ថវិកា​ជាតិ ឆ្នាំ២០២៣។

ពាក់ព័ន្ធ​នឹង​ច្បាប់​ថវិកា​ជាតិ​នេះ​ដែរ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ​ លោក​ ឯម​ សុវណ្ណារ៉ា ចង់​ឃើញ​ការ​ចាយ​វាយ​លុយ​ជាតិ ប្រកប​ដោយ​តម្លាភាព៖

« ការងារ​ជាតិ​បាន​សកម្មភាព​កើន​ឡើង​បាន​យើង​កើន​ឡើង​បាន​យើង​បង្កើន​ការ​ចំណាយ​ ប៉ុន្តែ ខ្ញុំ​បារម្ភ​រឿង​យើង​ចាយ​វាយ​ដោយ​តម្លាភាព​បើ​​យើង​ចាយវាយ​ដោយ​តម្លាភាព​ប្រជាពលរដ្ឋ​ទូទៅ​ដូច​ជា​មិន​យល់​ទោស​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ទេ​ឱ្យ​តែ​យើង​ចាយ​ត្រឹមត្រូវ ព្រោះ​នេះ​ជា​កម្លាំង​ញើស​ឈាម​របស់​ពលរដ្ឋ​ណា »

ស្រដៀង​គ្នា​នេះ​ដែរ ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ស្នើ​រដ្ឋសភា គួរ​បង្ហាញ​សេចក្ដីព្រាង​ច្បាប់​នេះ​ឱ្យ​សាធារណ​ជន​បាន​ដឹង​ឱ្យ​បាន​ទូលំទូលាយ។ លោក រ៉ុង ឈុន កត់​សម្គាល់​ទៀត​ថា បំណុល​ជាតិ​តែង​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ហើយ​ម្ចាស់​បំណុល​ធំ​ជាង​គេ​របស់​កម្ពុជា​ គឺ​ប្រទេស​កុម្មុយនិស្ត​ចិន។ លោក​លើក​ឡើង​ទៀត​ថា ទោះ​បំណុល​ចិន​ ស្រួល​ខ្ចី​ស្រួល​ចាយ​ក្ដី​ ប៉ុន្តែ​ លោក​ព្រួយ​បារម្ភ​ថា ​បញ្ហា​បំណុល​នេះ​នឹង​អាច​ធ្វើ​ឱ្យ​កម្ពុជា​ និង​ពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ​ជំពាក់​បំណុល​ចិន​គ្រប់​ជំនាន់ ហើយ​បើ​បំណុល​ចិន​ក្លាយ​ជា​បំណុល​វ័ណ្ឌ​ក​ និង​អាច​ធ្វើ​កម្ពុជា​ជួប​ហានិភ័យ​ខ្ពស់៖

« យើង​ឃើញ​ហើយ​ គំរូ​ប្រទេស​នៅ​ក្នុង​តំបន់​ហ្នឹង​ដែល​មាន​កម្ចី​ចិន​វ័ណ្ឌក​រក​អ្វី​សង​គេ​មិន​បាន​មានតែ​កាត់​កំពង់ផែ​ យក​អី​ជា​ដើម​ហ្នឹង​​ជា​ហូរហែ​អ៊ីចឹង យើង​មាន​ការ​ព្រួយ​បារម្ភ បើ​យើង​នៅតែ​ចិញ្ចឹម​ខ្ចី​គេ​រហូត​តែ​មិន​ខិតខំ​កសាង នូវ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ឯង »

ទាក់ទង​ការ​លើកឡើង​នេះ អគ្គលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់​ថា មូលហេតុ​ដែល​រដ្ឋសភា​ មិន​ទាន់​បាន​បង្ហាញ​សេចក្ដី​ព្រាងច្បាប់​ទាំង​នេះ​ឱ្យ​បាន​ទូលំទូលាយ​ ព្រោះ​ទាំង​រដ្ឋសភា​ និង​រដ្ឋាភិបាល​ ជាប់​រវល់​នឹង​កិច្ច​ប្រជុំ​អន្តរជាតិ​ធំៗ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​ទាំង​នោះ។ លោក​អះអាង​ថា ចំពោះ​ការ​ចាយ​វាយ​លុយ​ជាតិ​ រដ្ឋាភិបាល​នឹង​ពន្យល់​មក​រដ្ឋសភា នៅ​ចុង​ឆ្នាំ​ពោល​គឺ​នៅ​ពេល​រដ្ឋាភិបាល​ប្រើប្រាស់​ថវិកា​នោះ​រួច​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។