អគ្គលេខាធិការអាស៊ានបានបញ្ចប់ដំណើរទស្សនកិច្ច៥ថ្ងៃរបស់ខ្លួននៅកម្ពុជាកាលពីថ្ងៃពុធម្សិលមិញដោយសម្រេចនូវលទ្ធផលមួយចំនួនពាក់ព័ន្ធនឹងជំហរបស់អាស៊ាននិងវេទិកាទេសចរណ៍អាស៊ានលើកទី៤០នៅឆ្នាំ២០២២នេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាឲ្យដឹងកាលពីថ្ងៃទី១៩ខែមករាថា អគ្គលេខាធិការអាស៊ានលោក លឹម ចុកហ៊ុយ(Lim Jock Hoi)បានចែករម្លែកនូវទស្សនៈមួយចំនួនដល់កម្ពុជាក្នុងនាមជាប្រធានប្តូរវេនរបស់អាស៊ាន អំពីវិធីធ្វើយ៉ាងណាពន្លឿនភារកិច្ចរបស់អាស៊ានដែលមានស្រាប់ និងត្រូវការក្នុងការបន្សាបនយោបាយ (Depoliticize) លើវិស័យកិច្ចការសហប្រតិបត្តិការមួយចំនួន ដែលមិនរារាំងដល់កិច្ចប្រឹងប្រែងក្នុងការធ្វើសមាហរណកម្មតំបន់និងការកសាងសហគមន៍អាស៊ាន។
កាលើកឡើងបែបនេះធ្វើឡើងក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋមន្រ្តី ជាច្រើនរូបទៀតរបស់កម្ពុជាក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជារយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ខែមករា។
ក្នុងជំនួបដដែលនេះកម្ពុជាក៏បង្ហាញជំហរដែរថាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ ខ្លួនប្តេជា្ញចិត្តជំរុញដំណើរការកសាងសហគមន៍អាស៊ានតាមរយៈការពង្រឹងសាមគ្គីភាព និងកិច្ចសហការរបស់អាស៊ានដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់អាស៊ានក្នុងនោះរួមមានការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩និងការប្រកួតប្រជែងរវាងមហាអំណាចធំៗជាដើម។
គិតត្រឹមម៉ោងផ្សាយនេះអគ្គលេខាធិការដ្ឋានអាស៊ាន និងលោក លឹម ចុកហ៊ុយ នៅមិនទាន់ចេញសេចក្តីថ្លែងការណ៍ផ្លូវការណាមួយជុំវិញលទ្ធផលនៃដំណើរទស្សនកិច្ចនេះនៅឡើយទេ។
ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ក្នុងតំបន់អាស៊ានវិញអគ្គលេខាធិការអាស៊ានលោក លឹម ចុកហ៊ុយក៏បានចូលរួមបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ឆ្នាំ២០២២នេះដែរ។
វេទិកានេះធ្វើឡើងនៅខេត្តព្រះសីហនុកាលពីសៀលថ្ងៃទី១៩ ខែមករា ដែលបានដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជានិងអគ្គលេខាធិការអាស៊ានលោក លឹម ចុកហ៊ុយ។
វេទិកាដដែលនេះក៏មានកិច្ចប្រជុំមួយចំនួនដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥កិច្ចប្រជុំជាមួយរដ្ឋមន្ត្រីថ្នាក់ដឹកនាំទេសចរណ៍អាស៊ានអង្គការទេសចរណ៍ពិភពលោកសមាគមទេសចរណ៍អាស៊ានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកសមាគមស្រាវជ្រាវទេសចរណ៍អាស៊ានមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (AKC) ក្រុមប្រឹក្សាធ្វើដំណើរនិងទេសចរណ៍ពិភពលោក (WTTC)វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាននិងអាស៊ីបូព៌ា (ERIA) និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC)។
លទ្ធផលនៃកិច្ចប្រជុំទាំងនោះបានសម្រេចអនុម័តលើគោលការណ៍ណែនាំជាច្រើននិងមានចុះកិច្ចព្រមព្រៀងជាមួយគ្នាមួយចំនួនទៀត។
ក្នុងពេលជាមួយគ្នានោះដែររដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានឯកភាពគ្នាក្នុងការប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញដោយតម្កល់សុខភាពរបស់ប្រជាពលរដ្ឋជាអាទិភាពនិងអនុវត្តតាមវិធានសុខាភិបាលរបស់ប្រទេសសមាជិកនីមួយៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។