រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បាន​ឯកភាព​ប្រកាស​បើក​ទេសចរណ៍​អាស៊ាន​ឡើង​វិញ

អគ្គលេខាធិការ​អាស៊ាន​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​៥​ថ្ងៃ​របស់​ខ្លួន​នៅ​កម្ពុជា​កាលពី​ថ្ងៃពុធ​ម្សិលមិញ​ដោយ​សម្រេច​នូវ​លទ្ធផល​មួយចំនួន​ពាក់ព័ន្ធ​នឹង​ជំហ​របស់​អាស៊ាន​និង​វេទិកា​ទេសចរណ៍​អាស៊ាន​លើកទី៤០​នៅ​ឆ្នាំ២០២២នេះ។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេសកម្ពុជា​ឲ្យដឹង​កាលពី​ថ្ងៃទី១៩ខែមករាថា អគ្គលេខាធិការ​អាស៊ាន​​លោក​ លឹម ចុកហ៊ុយ​​(Lim Jock Hoi)​​​​បាន​​ចែក​​រម្លែក​​​នូវ​​​ទស្សនៈ​មួយ​​ចំនួន​​ដល់​​កម្ពុជា​​ក្នុងនាម​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន​ អំពី​វិធី​ធ្វើយ៉ាងណា​ពន្លឿន​ភារកិច្ច​របស់​អាស៊ាន​ដែល​មានស្រាប់ និង​ត្រូវការ​ក្នុង​ការ​បន្សាប​នយោបាយ​ (Depoliticize) ​លើ​វិស័យ​​កិច្ចការ​​សហប្រតិបត្តិការ​មួយ​ចំនួន ដែល​មិន​រារាំង​ដល់​កិច្ចប្រឹងប្រែង​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​តំបន់និង​ការ​កសាង​សហគមន៍​អាស៊ាន។

កាលើក​ឡើង​បែប​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​រដ្ឋមន្រ្តី​ ​ជាច្រើន​រូប​ទៀត​​របស់​កម្ពុជា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​រយៈពេល​៥​ថ្ងៃគឺ​ចាប់​ពី​ថ្ងៃទី​១៥​ដល់​ថ្ងៃទី១៩ខែមករា។​

ក្នុង​ជំនួប​ដដែល​នេះកម្ពុជា​ក៏​បង្ហាញ​ជំហរ​ដែរ​ថាក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២នេះ ខ្លួន​ប្តេជា្ញ​ចិត្ត​ជំរុញ​ដំណើរ​ការ​កសាង​សហគមន៍​អាស៊ានតាមរយៈ​ការ​ពង្រឹង​សាមគ្គីភាព និង​កិច្ច​សហការ​របស់​អាស៊ានដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​អាស៊ានក្នុងនោះ​រួមមាន​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​ជំងឺ​រាតត្បាត​កូវីដ-១៩និង​ការប្រកួត​ប្រជែង​រវាង​មហាអំណាច​ធំៗ​ជាដើម។

គិតត្រឹម​ម៉ោង​ផ្សាយ​នេះអគ្គលេខាធិការដ្ឋាន​អាស៊ាន និង​លោក លឹម ចុកហ៊ុយ នៅមិន​ទាន់​ចេញ​សេចក្តីថ្លែងការណ៍​ផ្លូវការ​ណា​មួយ​ជុំវិញ​លទ្ធផលនៃ​ដំណើរទស្សនកិច្ច​នេះ​នៅ​ឡើយ​ទេ។

ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​វិញអគ្គលេខាធិការ​អាស៊ាន​លោក លឹម ចុកហ៊ុយ​ក៏​បាន​ចូលរួម​បើក​វេទិកា​ទេសចរណ៍​អាស៊ាន​លើកទី៤០ឆ្នាំ២០២២​នេះ​ដែរ។

វេទិកានេះ​ធ្វើ​ឡើង​នៅ​ខេត្តព្រះសីហនុកាលពី​សៀលថ្ងៃទី១៩ ខែមករា ដែលបាន​ដឹកនាំ​ដោយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជានិង​អគ្គលេខាធិការ​អាស៊ាន​លោក លឹម ចុកហ៊ុយ។​

វេទិកា​ដដែល​នេះក៏​មាន​កិច្ចប្រជុំ​មួយ​ចំនួនដូចជា​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើកទី២៥កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រីថ្នាក់ដឹកនាំ​ទេសចរណ៍​អាស៊ានអង្គការ​ទេសចរណ៍​ពិភពលោក​សមាគម​ទេសចរណ៍​អាស៊ានសមាគម​ទីភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​សមាគម​ស្រាវជ្រាវ​ទេសចរណ៍​អាស៊ាន​មជ្ឈមណ្ឌល​អាស៊ាន​-​ចិន​ (ACC) មជ្ឈមណ្ឌល​អាស៊ាន​-​ជប៉ុន (AJC) មជ្ឈមណ្ឌល​អាស៊ាន-កូរ៉េ​ (AKC) ក្រុមប្រឹក្សា​ធ្វើ​ដំណើរនិង​ទេសចរណ៍​ពិភពលោក​ (WTTC)​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​តំបន់​អាស៊ាននិង​អាស៊ីបូព៌ា​ (ERIA) និង​ក្រុម​ប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អាមេរិក​ (US-ABC)។

លទ្ធផល​នៃ​កិច្ចប្រជុំ​ទាំង​នោះបាន​សម្រេច​អនុម័ត​លើ​គោលការណ៍​ណែនាំ​ជា​ច្រើននិង​មាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​មួយ​ចំនួន​ទៀត។

ក្នុងពេល​ជាមួយ​គ្នា​នោះ​ដែររដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ានបាន​ឯកភាព​គ្នា​ក្នុង​ការ​ប្រកាស​បើក​ទេសចរណ៍​អាស៊ាន​ឡើង​វិញដោយ​តម្កល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ជា​អាទិភាព​និង​អនុវត្ត​តាម​វិធាន​សុខាភិបាល​របស់​ប្រទេស​សមាជិក​នី​មួយៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។