ភ្ញៀវ​ទេសចរណ៍​​សរុប​​ជាង​​៥​​លាន​​នាក់ ដើរ​លេង​​កម្សាន្ដ​ក្នុង​​ពិធី​​បុណ្យ​ចូល​ឆ្នាំ​ថ្មី

រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍អះអាង​ថា មាន​ភ្ញៀវទេសចរ​សរុបជាង ៥លាននាក់ ដើរលេង​កម្សាន្ដ​ក្នុង​រយៈពេល ​៣ថ្ងៃ នៃ​ពីធីបុណ្យចូលឆ្នាំថ្មី និង​ថ្ងៃ​ចុងសប្ដាហ៍​ក្រោយ​ពិធី​នេះ​មួយថ្ងៃ​ទៀត។

ព័ត៌មាន​ពី​គេហទំព័រ​អគ្គស្នងការនគរបាលជាតិ ដែល​ស្រង់​សម្ដី​របស់​​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍លោក ថោង ​ខុន​ យក​មក​ចុះ​ផ្សាយ​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៤​ថ្ងៃ​ពី​ថ្ងៃ​ទី១៤ ដល់​ថ្ងៃទី១៧ ខែ​មេសា នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបចំនួន ជាង៥លាន ១សែន ៧ម៉ឺន ​នាក់ (៥.១៧៥.៧៥៤) ក្នុងនោះ ភ្ញៀវជាតិ​មាន​ចំនួន​ជាង ៥លាន ១សែន ៤ម៉ឺន​នាក់ (៥.១៤០.៤៩៥) និង​ភ្ញៀវបរទេសផ្ទៃក្នុង​មាន​ចំនួនជាង ​៣ម៉ឺន ៥ពាន់​នាក់ (៣៥.២៥៩)។ ខេត្ត​ដែល​មាន​ភ្ញៀវទេសចរ​ទៅ​កមន្សាន្ត​ច្រើន​ជាង​គេ​ គឺ​ខេត្តបាត់ដំបង ដែល​​មាន​ភ្ញៀវ​សរុប ជាង៦សែន ៣ម៉ឺននាក់ (៦៥៣.៨៩៦)។

លោក ថោង ខុន អះអាង​ទៀត​ថា ចំនួន​ភ្ញៀវ​ទេសចរប្រមាណ​ជាង៥លាន​នាក់​នេះ​ជា​ចំនួន​ច្រើន​លើស​ពី​ការ​រំពឹង​ទុក និង​ជាសញ្ញាណ​នៃ​​ការងើបឡើងវិញ​នៃ​វិស័យ​ទេសចរណ៍។

ការស្ទង់​មតិ​បឋម​របស់​ក្រសួង​ទេសចរណ៍​បង្ហាញ​ថាចំពោះការ​ចំណាយ​របស់​ប្រជាពលរដ្ឋក្នុង​ពេល​ចូលឆ្នាំ ៣ថ្ងៃ នេះ ក្នុងគ្រួរសារមួយ ដែលមាន​គ្នា ៥នាក់ ហើយ​ធ្វើដំណើរ​កម្សាន្តឆ្ងាយ​ពី​ផ្ទះក្នុង​ពេល​ ៣​ថ្ងៃ​នេះពួកគាត់​បាន​ចំណាយ​មិន​តិច​ជាង៥០០​ដុល្លារ​ទេ (គិត​រួម​ទាំង​ចំណាយ​ស្នាក់​នៅ​ហូប​ចុកធ្វើ​ដំណើរ (ចាក់សាំង) រួមទាំងការ​ទិញ​ទំនិញ​ផ្សេងៗ រៀបចំ រណ្តាប់ បង្សកូល និង​ចង្ហាន់​ទៅ​វត្ត​ផង)៕

Tourists_visit_Angor_Wat_2022-04-15_Advance_1.jpg
ភ្ញៀវទេសចរ​ទៅទស្សនា​ប្រាសាទអង្គរវត្ត ក្នុងអំឡុងបុណ្យ​ចូលឆ្នាំខ្មែរ ថ្ងៃទីពីរ គឺ​ថ្ងៃ​ទី១៥ ខែមេសា ឆ្នាំ២០២២។ រូបពីពលរដ្ឋ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។