ពលរដ្ឋ​មួយ​ចំនួន​មិន​រំពឹង​ថា សេដ្ឋកិច្ច​ឆ្នាំ២០២៥​នឹង​ល្អ​ប្រសើរ ដើម្បី​ឱ្យ​ពួកគាត់​សង​បំណុល​ឆាប់​អស់​នោះ​ឡើយ

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​ជាប់​បំណុល​ធនាគារ​មិន​រំពឹង​ថា ឆ្នាំថ្មី២០២៥ ដែល​នឹង​ចូល​មកដល់​ខាងមុខ​នេះ សេដ្ឋកិច្ច​នឹង​ប្រសើរ​ឡើង​ជាង​ឆ្នាំ​ចាស់​ធ្វើ​ឱ្យ​ពួកគាត់​រកស៊ី​កាក់កប​ឆាប់​សង​លុយ​ធនាគារ​អស់​នោះ​ឡើយ។ ពួកគាត់​មើល​ឃើញ​ថា ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន នៅ​មាន​អំពើពុករលួយ​ច្រើន និង​ហាក់​ផ្ដោត​សំខាន់​តែ​ទៅលើ​ការ​រក​វិធី​បង្ក្រាប​អ្នកនយោបាយ​ប្រឆាំង ដោយ​មិនសូវ​គិតគូរ​ពី​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឡើយ។

នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ឆ្នាំសកល២០២៤ នឹង​ដាច់​នៅ​ពេល​ខាងមុខ​នេះ​ហើយ។ នៅ​ក្នុង​ដំណាច់​ឆ្នាំ​នេះ គ្រួសារ​មេដឹកនាំ​កម្ពុជា បាន​នាំគ្នា​សម្ញែង​ទ្រព្យសម្បត្តិ​មាន​តម្លៃ​រាប់​ម៉ឺន និង​ខ្លះ​ចូល​ខ្ទង់លាន​ដុល្លារ នៅ​ក្នុង​ពិធី​ជួបជុំ​យ៉ាង​ហ៊ឺហា។ ខុស​ពី​ក្រុម​អភិជន​ដែល​ជា​អ្នកមាន​អំណាច​ទាំងនេះ ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ហាក់​មិនសូវ​សប្បាយចិត្ត​នោះ​ទេ នៅ​ពេល​ដល់​ចុង​ឆ្នាំ​ម្ដងៗ ដោយ​ពួកគាត់​រអ៊ូរទាំ​ថា រកស៊ី​មួយ​ឆ្នាំ​ហើយ នៅសល់​តែ​បំណុល។

កម្មករ​អូស​រទេះ​នៅ​ច្រក​ព្រំដែន​ក្រុង​ប៉ោយប៉ែត លោកស្រី ផៃ សម័យ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពេញ​មួយ​ឆ្នាំ២០២៤ នេះ​ជីវិត​គ្រួសារ​លោកស្រី​រស់នៅ​ក្នុង​ភាព​តោកយ៉ាក និង​ជំពាក់​បំណុល​ឯកជន​ទ្វេដង។ ស្ត្រី​អ្នក​អូស​រទេះ​រូប​នេះ​ប្រាប់​ថា នៅ​ឆ្នាំ២០២៥ ខាងមុខនេះ លោកស្រី​មិន​រំពឹង​ថា សេដ្ឋកិច្ច​នឹង​ល្អ​ប្រសើរ​ហើយ​ជួយ​ឱ្យ​លោកស្រី​រក​ចំណូល​បាន​ច្រើនជាង​មុន និង​សង​បំណុល​ឆាប់​អស់​ឡើយ។ ផ្ទុយទៅវិញ​លោកស្រី​យល់ថា ឆ្នាំ២០២៥ ខាងមុខនេះ ស្ថានភាព​គ្រួសារ​លោកស្រី​អាច​នឹង​កាន់តែ​វេទនា​ជាង​មុន ដោយសារ​មន្ត្រី​ប្រចាំការ​នៅ​ច្រក​ទ្វា​ប៉ោយប៉ែត កាន់តែ​កៀបសង្កត់ និង​រឹបអូស​អីវ៉ាន់​នៅ​លើ​រទេះ ដែល​ធ្វើ​ឱ្យ​លោកស្រី​ដាច់​បាយ និង​ត្រូវ​រក​លុយ​សង​ម្ចាស់​អីវ៉ាន់​ថែមទៀត។

លោកស្រី ផៃ សម័យ៖«រាល់​ថ្ងៃ​ហ្នឹង​រក​បាន​តែ​តា​ខ្ញុំ​មួយ ភ្នែក​គាត់​ងងឹត​ហើយ​ទៅ​ផ្សារ​ថៃ ទៅ​អូស​អីវ៉ាន់​តែមួយ​ដុំ ឬ​ពីរ​ដុំ​ក៏​គយ​ចាប់។ ឥឡូវ​ចាប់​ខោអាវ​ជជុះ​ខ្ញុំ មួយ​ដុំ​ពីរ​ដុំ​ហ្នឹង ក៏​គេ​ចាប់​មិន​ឱ្យ​ផង។ ទៅ​លួស​មួយថ្ងៃ​ហើយ​មួយថ្ងៃ​ទៀត គេ​ប្រុង​ដុត​ចោល​ទៀត។ ហើយ​បើ​ដុត​ចោល​ខ្ញុំ​ត្រូវ​សង​ទៅ​ថៅកែ​ខ្ញុំ​ហើយ»។

លោកស្រី ផៃ សម័យ អះអាង​ថា បច្ចុប្បន្ន​លោកស្រី​ជំពាក់​បំណុល​ឯកជន​ជិត ១ពាន់ដុល្លារ ខណៈ​គ្រួសារ​លោកស្រី​សព្វថ្ងៃ​រស់នៅ​ក្នុង​តង់​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដោយ​ពឹងផ្អែក​លើ​របរ​ដើរ​រើស​អេតចាយ​នៅ​ពេលយប់​ពីរ​នាក់​ប្ដី ដើម្បី​រក​លុយ​ទិញ​អាហារ​ហូប​ផង និង​សង​បំណុល​គេ​ផង។ លោកស្រី​បញ្ជាក់​ថា ពីរ​នាក់​ប្ដី​ប្រពន្ធ​លោកស្រី រើស​អេតចាយ​លក់ ក្នុង​មួយ​យប់​មិន​គ្រប់​លុយ​ទិញ​អាហារ​ឱ្យ​កូន​បរិភោគ​សម្រាប់​មួយ​ថ្ងៃ​នោះ​ទេ ហើយ​ពេល​ខ្លះ នៅ​ពេល​ទីទ័ល​ខ្លាំង និង​គ្មាន​ជម្រើស លោកស្រី​បាន​ទៅ​សុំ​អង្ករ​ពី​ព្រះសង្ឃ និង​ពេលខ្លះ​រើស​អាហារ​សេសសល់​ពី​សំរាម យក​មក​បរិភោគ​ទៀត​ក៏​មាន។

ចេញពី​តំបន់​សំណង់​អនាធិបតេយ្យ​នៅ​ក្រុង​ប៉ោយប៉ែត នៃ​ខេត្ត​បន្ទាយមានជ័យ ឆ្ពោះ​ទៅ​តំបន់​ព្រៃលិចទឹក​ក្បែរ​បឹង​ទន្លេសាប នៃ​ទឹកដី​ខេត្ត​បាត់ដំបង មាន​ផ្ទះ​របស់​កសិករ​ប្រមាណ​ជាង ២០ខ្នង ធ្វើ​ពី​ជញ្ជាំង​ស័ង្កសី និង​ខ្ទម​បាំង​សំពត់កៅស៊ូ បាន​សាងសង់​នៅ​លើ​ដី​ទួល​ជិត​ចម្ការ តាម​បណ្ដោយ​ស្ទឹង​សង្កែ។ ថ្វីត្បិត​ផ្ទះ​ទាំងនេះ​មើល​ទៅ​ហាក់​ក្រខ្សត់​ក្ដី ក៏​ម្ចាស់​ផ្ទះ​ម្នាក់ៗ ជំពាក់​ធនាគារ​ដល់​ទៅ​ខ្ទង់​ពាន់​ដុល្លារ។

ក្នុង​នោះ​កសិករ​នៅ​ឃុំ​ព្រែកនរិន្ទ នៃ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង លោកស្រី ច្រែង ស៊ីថូ ជាប់​បំណុល​ធនាគារ​ផង និង​នាយទុន​ផង ដោយសារ​ធ្វើ​ចម្ការ​ខាតបង់ បណ្ដាលមកពី​តម្លៃ​កសិផល​ធ្លាក់​ចុះ និង​ជួប​គ្រោះធម្មជាតិ​បំផ្លាញ។ លោកស្រី ច្រែង ស៊ីថូ គិត​ថា នៅ​ឆ្នាំ២០២៥​ខាងមុខ លោកស្រី​មិន​អាច​ដោះ​បំណុល​បាន​ឡើយ ព្រោះ​អាជ្ញាធរ​បាន​ដកហូត​ដីចម្ការ​របស់​លោកស្រី​ចូល​ទៅ​ក្នុង​តំបន់២ ក្នុង​ដែន​អភិរក្ស​ព្រៃលិចទឹក​អស់​ជាង​ពាក់កណ្ដាល​ទៅ​ហើយ ខណៈ​ទីផ្សារ​កសិផល ក៏​គ្មាន​ស្ថិរភាព​ទៅ​ទៀត។

លោកស្រី ច្រែង ស៊ីថូ៖«សុំ​ថា​ដី​ស្រឡះ​ត្រឹមណា សុំ​ឱ្យ​បាន​យើង​អាស្រ័យផល​បាន​ត្រឹម​ហ្នឹង​វិញ​ទៅ ព្រោះអី​ដី​តំបន់​នេះ យើង​ធ្វើ(ស្រែ)តាំងពី​ឆ្នាំ១៩៨២ មក មិនមែន​ទើបតែ​ធ្វើ​ឥឡូវ​នេះ​ទេ ធ្វើ​តាំងពី​ជីដូនជីតា រហូត​ដល់​ឪ រហូត​ដល់​កូន​ទៀត តៗគ្នា​រហូត​អ៊ីចឹង​មក។ មាន​លុយ​ឯណា ម្នាក់ៗ​ចុះ​មក​ជឿ​ចិន រក​គេ​រក​ឯង​ហ្នឹងឯង។ ធនាគារ​យើង​មិនទាន់​សង​គេ​ៗ​មិនទាន់​ឱ្យ​យើង​ខ្ចី​ទៀត​ទេ មាន​តែ​រក​ឯកជន​ទៅ ហើយ​និង​អ្នក​ដែល​ទិញ​ស្រូវ គេ​ដាក់​ជី​ដាក់​អី​ឱ្យ​អ៊ីចឹង​ទៅ»។

យ៉ាងណា​ក៏ដោយ​ចុះ លុយ​ខ្ទង់​ម៉ឺន​ដុល្លារ​ចំពោះ​គ្រួសារ​មេដឹកនាំ​កម្ពុជា មិន​ស្មើ​នឹង​តម្លៃ​កាបូបយួរ​ដៃ ឬ​នាឡិកា​ដៃ​របស់​ពួកគេ​មួយ​គ្រឿង​ឡើយ ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​វិញ ពួកគាត់​ត្រូវ​ធ្វើការ និង​សន្សំ​ជាច្រើន​ឆ្នាំ​ទើប​អាច​រក​បាន។ ប៉ុន្តែ ប្រសិនបើ​លុយ​ខ្ទង់​ម៉ឺន​ដុល្លារ​នោះ គឺជា​បំណុល​វិញ នោះ​វា​នឹង​ក្លាយ​ជា​បន្ទុក​ដ៏​ធំ រហូតដល់​អ្នកខ្លះ​ចាក់សោ​ចោលផ្ទះ ទៅ​ធ្វើ​ចំណាកស្រុក​ដើម្បី​រក​លុយ​ដោះ​បំណុល។

ជាក់ស្ដែង​ដូច​ករណី​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ លោក សុខ គឹមឡាង បាន​ធ្វើ​ចំណាកស្រុក​ដើម្បី​រក​លុយ​សង​ធនាគារ បន្ទាប់ពី​លោក​ធ្វើស្រែ​ចម្ការ​ខាតបង់ និង​ជំពាក់​ធនាគារ​ដល់​ទៅ​ជាង ១ម៉ឺនដុល្លារ។ ចំពោះ​ក្ដី​រំពឹង​ក្នុង​ឆ្នាំ២០២៥ វិញ ពលករ​ដែល​មាន​ស្រុកកំណើត​នៅ​ខេត្ត​ពោធិ៍សាត់ រូប​នេះ​យល់ថា នឹងគ្មានអ្វីខុសប្លែកគ្នាពីឆ្នាំ២០២៤ ឡើយ​ព្រោះ​នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន ក៏​មិនសូវ​រកចំណូល​បាន​ដូច​ស្រុក​ខ្មែរ​ដែរ ខណៈ​ថ្លៃ​ធ្វើ​ឯកសារ​ក៏​កាន់តែ​មាន​តម្លៃ​ថ្លៃ​ថែមទៀត។

លោក សុខ គឹមឡាង៖«ប៉ុន្តែ​ឥឡូវ​ឮ​តែ​រដ្ឋាភិបាល​ប្រកាស​ថា ក្លាយ​ជា​ប្រទេស​អ្នកមាន ប៉ុន្តែ​អ្នកមាន​ហ្នឹង មិន​ដឹង​ថា​ជា​មាន​តាមណា ខ្ញុំ​ក៏​មិន​ដឹង​ដែរ ចាំតែ​មើល​គេ​ហ្នឹង។ ប្រសិនបើ​ជា​អាច​បង្កើត​រោងចក្រ​ខ្លះៗ​ទៅ អាច​ថា​ពលករ​យើង​មាន​សិទ្ធិ​ទៅ​ធ្វើការ​ជិត​ឪពុកម្ដាយ ប្រពន្ធ​កូន អាច​ធ្វើស្រែ​ផ្សំ​ខ្លះ យើង​អាច​ធ្វើ​ការងារ​បាន​ខ្លះ។ ប៉ុន្តែ​នៅ​ស្រុក​យើង​ដូច​គ្មាន​អ្វី​ផង សូម្បីតែ​ធ្វើ​សំណង់ ក៏​ត្រូវតែ​មាន​ខ្សែ​ដែរ បើ​អត់​មាន​ខ្សែ​ទេ មេការ​បោកប្រាស់​យើង ហើយ​មិន​ស្រួល គេ​មិន​យក​យើង​ទៅ​ធ្វើ​ផង»។

ស្ថានភាព​នៅ​ក្នុង​ភូមិ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ជាពិសេស​ខេត្ត​ជាប់​ព្រំដែន​ថៃ ដូចជា ខេត្ត​បាត់ដំបង និង​បន្ទាយមានជ័យ មាន​ផ្ទះ​ជាច្រើន​ត្រូវ​ម្ចាស់​ចាក់សោ​ចោល​ឱ្យ​ស្មៅ​ដុះ​ស៊ុបទ្រុប ដើម្បី​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ និង​ខ្លះ​ទៀត ទុក​កូន​តូចៗ​ឱ្យ​ម្ដាយ​ឪពុក​វ័យ​ចាស់ជរា ជា​អ្នក​មើល​ថែ។ ចំណែក​នៅ​តាម​ដង​ផ្លូវ​វិញ គេ​ឃើញ​មាន​មន្ត្រី​ឥណទាន ឬ​គេ​តែង​ហៅថា ស៊ី.អូ (CO) ជាច្រើន​ស្ថាប័ន បាន​ជិះ​ម៉ូតូ​ខ្វាត់ខ្វែង​ទៅមក ដើម្បី​ទារ​បំណុល​ពី​ពលរដ្ឋ។ ទោះជា​យ៉ាងណា ការ​ដើរ​ប្រមូល​បំណុល​នេះ ហាក់​មិន​ងាយស្រួល​នោះ​ទេ ដោយ​ពលរដ្ឋ​ខ្លះ ដែល​គ្មាន​លទ្ធភាព​សង​ប្រាក់ បាន​រត់គេច​ពី​មន្ត្រី​ឥណទាន ដែល​ធ្វើ​ឱ្យ​បុគ្គលិក​ធនាគារ​ទាំងនោះ ពេលខ្លះ​ត្រូវ​អង្គុយ​ចាំ​រាប់ម៉ោង​ដើម្បី​ចាំ​ទារ​ប្រាក់​ក៏​មាន។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន ដើម្បី​សុំ​ការ​បកស្រាយ​បានទេ នៅ​ថ្ងៃទី​១៧ ខែ​ធ្នូ។

របាយការណ៍​វាយតម្លៃ​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា របស់​ក្រសួង​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ ២០២៤ និង​២០២៥ ចេញ​ផ្សាយ​កាលពី​ថ្ងៃទី២៩ ខែ​ឧសភា បង្ហាញ​ថា ដោយសារ​ភាព​មិន​ប្រាកដប្រជា​ខ្ពស់​នៃ​សេដ្ឋកិច្ច​សកល ដែល​បន្ត​ជះ​ឥទ្ធិពល​មក​លើ​សេដ្ឋកិច្ច​កម្ពុជា បាន​ធ្វើ​ឱ្យ​កម្ពុជា មាន​កំណើន​សេដ្ឋកិច្ច ៦% នៅ ឆ្នាំ ២០២៤ និង ៦,៣% នៅ ឆ្នាំ ២០២៥។

ប៉ុន្តែ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​រក្សា​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​កម្ពុជា នៅ​កម្រិត ៥,៨ភាគរយ សម្រាប់​ឆ្នាំ២០២៤ និង ៦% សម្រាប់​ឆ្នាំ ២០២៥។ ការ​ព្យាករ​នេះ ឆ្លុះបញ្ចាំង​ពី​ការ​កើន​ឡើង​តិចតួច​នៃ​ថ្លៃ​ម្ហូបអាហារ និង​ការ​ធ្លាក់ចុះ​នៃ​ថ្លៃ​ប្រេងឥន្ធនៈ​នៅ​ក្នុង​ឆមាសទី១ ឆ្នាំ២០២៤ ក្នុង​នោះ ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​បន្ថយ​ការ​ព្យាករ អតិផរណា​ពីមុន​របស់​ខ្លួន មក​លើ​កម្ពុជា ពី២% មកនៅ០,៥% សម្រាប់​ឆ្នាំ២០២៤។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ យល់ឃើញ​ថា ក្ដី​សង្ឃឹម​របស់​ពលរដ្ឋ​ខាងលើ​នេះ គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​សង្គម​បច្ចុប្បន្ន ដែល​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច និង​វិបត្តិ​សង្គម។ លោក​បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ថ្នាក់ដឹកនាំ​គួរតែ​បន្ថយ​កម្ដៅ​ផ្នែក​នយោបាយ ស្ដារ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​ពង្រឹង​វិស័យ​ឯកជន​ឡើងវិញ។

លោក សេក សុជាតិ៖«យើង​ឃើញ​ហើយ​ថា សហគមន៍​អន្តរជាតិ ក៏​នៅតែ​បន្ត​ដាក់ទណ្ឌកម្ម​មក​លើ​កម្ពុជា អ៊ីចឹង​វា​សុទ្ធសឹងតែ​ជា​ប្រធានបទ​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ។ ហើយ​ចំពោះ​ខ្ញុំ​ចង់​ឃើញ​រដ្ឋាភិបាល​ពិចារណា​នៅ​ក្នុង​ការ​ទម្លាក់​ចោល នូវ​បញ្ហា​ផ្សេងៗ ដែល​ទាក់ទង​នឹង​សិទ្ធិ​សេរីភាព ហើយ​ចាប់​យក​អនុគ្រោះ​ពន្ធEBAនិងGSPត្រឡប់មកវិញ»។

បើទោះ​ជា​ពលរដ្ឋ​ស្ទើរ​នៅ​គ្រប់​ទីកន្លែង​តាំងពី​នៅ​តំបន់​ជនបទ​ដាច់ស្រយាល​រហូត​ដល់​ទីប្រជុំជន​កំពុង​ជួប​វិបត្តិ​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក​រហូត​ដល់​អង្គការ​ការពារ​សិទ្ធិមនុស្ស​រក​ឃើញ​ថា មាន​ការ​រំលោភបំពាន​សិទ្ធិ​កូនបំណុល​តាមរយៈ​កម្ចី​កេងប្រវ័ញ្ច​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​យ៉ាងណា​ក្តី គេ​នៅ​មិនទាន់​ឃើញ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដាក់​ចេញ​នូវ​វិធានការ​ជាក់លាក់​ដើម្បី​ជួយ​សម្រួល​ដល់​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ឡើយ គឺ​ទុក​ឱ្យ​ពលរដ្ឋ​ប្រឈម​នឹង​គ្រោះ​វិបត្តិ​ដោយ​ខ្លួនឯង រហូត​ដល់​អ្នកខ្លះ​ត្រូវ​លក់​ទ្រព្យសម្បត្តិ ដីធ្លី និង​ផ្ទះសម្បែង​ដើម្បី​សង​បំណុល​ធនាគារ​ក៏​មាន។ នេះ​គេ​នៅ​មិនទាន់​និយាយ​ដល់​ពលរដ្ឋ​រងគ្រោះ​ជាច្រើន​ពាន់​នាក់​ផ្សេងទៀត​ដែល​កំពុង​ប្រឈម​នឹង​បំណុល​ធនាគារ​ឈាន​ដល់​ការ​ហិនហោច​ទ្រព្យសម្បត្តិ ដោយសារតែ​ពួកគាត់​ត្រូវ​បាន​ក្រុម​ឧកញ៉ា​ខិលខូច​មួយ​ចំនួន​បោកបញ្ឆោត​ឱ្យ​ដាក់​ប្រាក់​វិនិយោគ​នោះ​ផង។

រដ្ឋាភិបាល​នីតិកាល​ទី៧ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ដាក់​ទិសដៅ​អនុវត្ត​រយៈពេល​វែង ដើម្បី​សម្រេច​មហិច្ឆតា​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០។

ទោះជា​បែបនេះ​ក្ដី ពលរដ្ឋ​យល់​ឃើញ​ថា ដល់​ឆ្នាំ២០៣០ កម្ពុជា​អាច​នឹង​ក្លាយ​ជា​ប្រទេស​អ្នកមាន​សម្រាប់​តែ​គ្រួសារ​ថ្នាក់​ដឹកនាំ មន្ត្រី​គ្រាក់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល និង​អ្នកជំនួញ ដែល​ស្និទ្ធ​នឹង​អ្នក​មានអំណាច​ប៉ុណ្ណោះ ចំណែក​ពួកគាត់ នៅតែ​ធ្លាក់ខ្លួន​ក្រ​ដដែល។ ពលរដ្ឋ​ស្នើ​ឱ្យ​រដ្ឋាភិបាល ផ្លាស់ប្ដូរ​ចរិត​ដឹកនាំ ដោយ​ត្រូវ​គិតគូរ​ពី​សុខទុក្ខ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ជា​ធំ ជាជាង​គិតតែ​ភាព​សប្បាយ​ហ៊ឺហា​របស់​ខ្លួនឯង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។