ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលនៅខេត្តព្រះសីហនុស្នើឱ្យអាជ្ញាធរនៅក្នុងខេត្តនេះគិតគូររៀបចំសំណង់អគារដែលជនជាតិចិនទុកចោលមិនទាន់បញ្ចប់ការសាងសង់នៅឡើយ។ ពួកគេបារម្ភថាសំណង់ទាំងនោះកំពុងធ្វើឱ្យប៉ះពាល់ដល់ជីវភាពនិងការរស់នៅជាពិសេសពលរដ្ឋដែលជាម្ចាស់ដីជួលឱ្យជនជាតិចិនទាំងនោះសាងសង់អគារ។
សំណង់អគារតូចធំជាច្រើនដែលមិនទាន់បញ្ចប់ការសាងសង់មានរប៉ាត់រប៉ាយនៅតាមតំបន់ទីប្រជុំជនក្នុងក្រុងព្រះសីហនុ។អគារទាំងនោះត្រូវបានពលរដ្ឋឱ្យដឹងថា ជាកម្មសិទ្ធិរស់វិនិយោគិនចិនដែលបានជួលដីពលរដ្ឋខ្មែរសម្រាប់សាងសង់ប៉ុន្តែពួកគេបានបោះបង់ការស្ថាបនាអគារទាំងនោះបន្ទាប់ពីមានការបិទអាជីវកម្មល្បែងអនឡាញខុសច្បាប់និងការរាតត្បាតជំងឺកូវីដ១៩ក្នុងអំឡុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។
ពលរដ្ឋម្នាក់នៅខេត្តព្រះសីហនុលោក រ័ត្ន ណាវី ប្រាប់វិទ្យុអាស៊ីសេរីឱ្យដឹងនៅថ្ងៃទី១១ខែកក្កដានេះថាសំណង់អគារដែលជនជាតិចិនបានបន្សល់ទុកបានកែប្រែសោភ័ណភាពក្រុងព្រះសីហនុប្រៀបបានទៅនឹងទីក្រុងខ្មោចដែលគេបោះបង់ដូច្នោះដែរ។ លោកបន្តថា សំណង់អគារទាំងនោះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុងទេសចរណ៍មួយនេះប៉ុណ្ណោះទេក៏បានបង្កផលប៉ះពាល់ដល់ជីវភាពពលរដ្ឋជាពិសេសម្ចាស់ដីតែម្ដង។ លោកថា សំណង់អគារទាំងនោះបានបង្អាក់ការរកស៊ីរបស់ពលរដ្ឋខ្មែរជាម្ចាស់ដីដោយមិនទទួលបានថ្លៃជួលថែមទាំងមិនអាចយកដីនោះជួលឬលក់ឱ្យអ្នកផ្សេងទៀតបាន។លោកស្នើឱ្យអាជ្ញាធរក្នុងខេត្តនេះរៀបចំសណ្ដាប់ធ្នាប់និងកែប្រែអគារទាំងនោះដើម្បីលើកសោភ័ណភាពក្រុងឡើងវិញនិងក្លាយជាអគារដែលបម្រើដល់ផលប្រយោជន៍សង្គម៖ « ប៉ះពាល់ដល់ការរកស៊ីរបស់ពួកគាត់ ។ មានអគារខ្លះហ្នឹងជួលនៅលើដីពួកគាត់ ដល់ពេលឈ្មួញចិនទៅបាត់ទៅ បន្សល់ទុកនូវអគារចាស់ៗ អគារដែលសាងសង់មិនទាន់ហើយហ្នឹងទុកចោលនៅលើដីគាត់ អ៊ីចឹងគាត់ធ្វើអីអត់ចេញទេដីគាត់ហ្នឹង ។ ឃើញទុកចោលព្រៃដុះពេញតែអគារហ្នឹងឥឡូវ »។
ចំណែកពលរដ្ឋម្នាក់ទៀតលោក ម៉ៃ ហុងស្រៀង ឱ្យដឹងថា ទោះបីការចាកចេញរបស់ជនជាតិចិនក្នុងរយៈពេល៣ឆ្នាំមកនេះបានបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ពលរដ្ឋខ្មែរក៏ពិតមែនប៉ុន្តែពួកគេបានបន្សល់ទុកនូវអគារដែលមិនទាន់សាងសង់ហើយពាសពេញក្រុងព្រះសីហនុ។ លោកបន្តថា នៅក្នុងតំបន់ដែលលោករស់នៅមានអគារដែលជនជាតិចិនបោះបង់ចោលប្រមាណ២ទៅ៣រយអគារដែលហាក់ធ្វើឱ្យនៅទីនោះស្ទើរតែក្លាយជាកន្លែងត្រូវបានគេបោះបង់ចោល។លោកបន្តថាអភិបាលខេត្តនិងអាជ្ញាធរពាក់ព័ន្ធគួរតែមានវិធីដោះស្រាយចំពោះសំណង់អគារទាំងនោះដើម្បីកែប្រែខេត្តព្រះសីហនុឱ្យក្លាយតំបន់ទេសចរណ៍ធម្មជាតិដូចកាលពីមុន៖ « ទោះជាខណៈនេះក្នុងក្រុងព្រះសីហនុមានសភាពប្រសើរជាងមុន តែបើនិយាយពីសោភ័ណភាពវិញ វាមិនសូវអំណោយផលទាល់តែសោះ ដោយរុំព័ទ្ធដោយស្រមោលអគារខ្មោច យ៉ាងហោចណាស់២ទៅ៣រយអគារដែរ ដែលជាសំណង់ចិនបោះបង់ចោល។ ខ្ញុំមានបំណងស្នើឱ្យរាជរដ្ឋាភិបាល អាជ្ញាខេត្តព្រះសីហនុ មេត្តារកវិធីដោះស្រាយកែប្រែអគារខ្មោចទាំងនេះ សម្រាប់ទីក្រុងព្រះសីហនុ ដែលជាទីក្រុងទេសចរណ៍ »។
ទាក់ទិនបញ្ហានេះវិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងអភិបាលរងក្រុងព្រះសីហនុ លោក ឡុង ឌីម៉ង់ ដើម្បីសុំអត្ថាធិប្បាយបញ្ហានេះបាននៅឡើយនោះទេនៅថ្ងៃទី១១ ខែកក្កដាដោយលោកប្រាប់ថា ជាប់រវល់ប្រជុំ។
ប៉ុន្តែបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកដែលផ្ដល់ដោយលោកអភិបាលរងរូបនេះ ឱ្យដឹងថា នៅក្នុងខេត្តព្រះសីហនុមានការដ្ឋានសំណង់អគារដែលត្រូវបានបោះបង់ការសាងសង់ និងទុកចោល ១.១០០ការដ្ឋាន។
អគារទាំងនោះភាគច្រើនលើសលប់ជាកម្មសិទ្ធិរបស់ជនជាតិចិនដែលមកវិនិយោគរកស៊ីនិងជួលដីពលរដ្ឋខ្មែរសម្រាប់សាងសង់អគារដើម្បីធ្វើជាសណ្ឋាគារនិងកាស៊ីណូ។
អ្នកសម្របសម្រួលអង្គការលីកាដូខេត្តព្រះសីហនុលោក ស្រេង វ៉ាន់លី មើលឃើញថាលំហូរជនជាតិចិនចូលមកក្នុងខេត្តព្រះសីហនុក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យមានការអភិវឌ្ឍនៅក្នុងខេត្តនេះ។ លោកថា ការអភិវឌ្ឍទាំងនោះបានធ្វើឱ្យដីនៅក្នុងក្រុងព្រះសីហនុត្រូវប៉ាន់សម្រាប់ជនជាតិចិនសាងសង់អគារសម្រាប់ធ្វើជាសណ្ឋាគារនិងកាស៊ីណូដោយជួលដីពីប្រជាពលរដ្ឋខ្មែរក្នុងតម្លៃថ្លៃលើសទីផ្សារ។ ប៉ុន្តែលោកបន្តថានៅពេលរដ្ឋាភិបាលកម្ពុជាសម្រេចចិត្តបិទហ្គេមនិងល្បែងអនឡាញខុសច្បាប់ស្របពេលមានការរីករាតត្បាតជំងឺកូវីដ១៩បានបង្ខំឱ្យជនជាតិចិនត្រូវត្រឡប់ទៅកាន់ប្រទេសខ្លួនវិញដែលធ្វើឱ្យអគារដែលពួកគេកំពុងសាងសង់នោះត្រូវបោះបង់ចោល។ លោកបន្ថែមថា ការបោះបង់អគារទាំងនោះនៅលើដីប្រជាពលរដ្ឋខ្មែរបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនិងជីវភាពពលរដ្ឋក្នុងតំបន់ពិសេសម្ចាស់កម្មសិទ្ធិដីទាំងនោះ៖ « អ៊ីចឹងអាចថាក្រសួងក៏ដូចជាអាជ្ញាធរដែនដីអាចសិក្សាមើលត្រឡប់ទៅវិញទៅលើកិច្ចសន្យាជួលថាតើអាចប្រគល់ទៅឱ្យម្ចាស់ដើមវិញឬក៏យ៉ាងណា ។ បើសិនគាត់ ( ជនជាតិចិន ) ជួលបន្ត ខាងក្រសួងឬអាជ្ញាធរហ្នឹង ក៏ត្រូវតែបង្កើតគណៈកម្មការនៅក្នុងការចុះត្រួតពិនិត្យឬវាយតម្លៃទៅលើអគារហ្នឹងដែរមុននឹងការអនុញ្ញាតថា តើត្រូវសាងសង់ត ឬបើអគារអាចខូចគុណភាពអាចធ្វើការវាយចោលដើម្បីសាងសង់ថ្មី »។
ពលរដ្ឋ និងសង្គមស៊ិវិលសំណូមពរឱ្យអាជ្ញាធរក្រសួងពាក់ព័ន្ធគួរសិស្សាលើគម្រោងសាងសង់ជាមុនសិនជៀសវាងផលវិបាកទៅថ្ងៃមុខដែលរាំងស្ទះដល់ការអភិវឌ្ឍន៍នៅក្នុងខេត្តនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។