ប្រជាពលរដ្ឋជាច្រើននាក់ដែលធ្វើការងារនៅរាជធានីភ្នំពេញបានត្រឡប់មកលេងបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅស្រុកកំណើតរបស់ខ្លួនជាបន្តបន្ទាប់ ខណៈដែលពលរដ្ឋមួយចំនួននៅតែបារម្ភខ្លាចចម្លងបញ្ហាជំងឺកូវីដ-១៩ ទៅក្រុមគ្រួសារនៅក្នុងឱកាសប្រពៃណីជាតិនេះ។
ប្រជាពលរដ្ឋដែលធ្វើការនៅរាជធានីភ្នំពេញជាច្រើននាក់បាននាំគ្នាសម្រុកត្រឡប់ទៅជួបក្រុមគ្រួសារនៅស្រុកកំណើតរៀងៗ ខ្លួន ដោយខ្លះធ្វើដំណើរតាមម៉ូតូផ្ទាល់ខ្លួន និងរថយន្តឈ្នួល។ ពួកគេអះអាងថា ពួកគេនៅតែបារម្ភនាំជំងឺកូវីដ-១៩ ទៅចម្លងដល់ក្រុមគ្រួសារនៅឯស្រុកកំណើត បើទោះបីជាបានចាក់វ៉ាក់សាំងការពារគ្រប់គ្នាហើយក៏ដោយ។
កញ្ញា ពៅ ស៊ាងអេង ជាអ្នកធ្វើការនៅរាជធានីភ្នំពេញ ក៏បានត្រឡប់ទៅស្រុកកំណើតរបស់ខ្លួននៅខេត្តកំពង់ចាម ឱ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី១១ ខែមេសានេះថា កញ្ញាមកលេងស្រុកកំណើត ដើម្បីអបអរសាទរថ្ងៃបុណ្យចូលឆ្នាំខ្មែរពេលខាងមុខនេះ។ កញ្ញាបានលើកឡើងថា កម្មវិធីចូលឆ្នាំជាប្រពៃណីខ្មែរ ដើម្បីបានជួបគ្រួសារ ក្រោយពីសម្រាកពីការងារ។ កញ្ញាបានរៀបរាប់បន្តថា កញ្ញាសប្បាយចិត្តនៅពេលបានទៅជួបជុំគ្រួសារ តែនៅបារម្ភពីបញ្ហាកូវីដ-១៩ដដែល៖ « សម្រាប់គោលបំណងដែលទៅលេងស្រុកនៅកំឡុងពេលចូលឆ្នាំហ្នឹង ទី១ គឺការជួបជុំគ្រួសារ ដោយសារតែវាជាឱកាសល្អមួយ ដែលយើងមានពេលគ្រប់គ្រាន់ក្នុងការជួបជុំបងប្អូន សាច់ញាតិអ៊ីផ្សេងៗ។ ហើយមួយទៀតហ្នឹង ទាក់ទងនឹងកម្មវិធីសង្ក្រាន្តតាមវត្ត ក៏ដូចជាការទៅធ្វើបុណ្យជុំគ្នាក្នុងគ្រួសារ ក៏ដូចជា អ្នកនៅក្នុងស្រុកភូមិផងដែរ ហើយមួយទៀតហ្នឹង កម្មវិធីយើងសែនទេវតាឆ្នាំថ្មី ព្រោះវាជាទំនៀមទម្លាប់តាំងពីដូនតាជាយូរមកហើយ អ៊ីចឹងយើងនៅតែបន្តធ្វើវាទៀត » ។
ជាអ្នកធ្វើការនៅសមាគមបណ្ដាញយុវជនកម្ពុជា ហៅកាត់ថា CYN បានបន្ថែមថា ប្រជាពលរដ្ឋដែលធ្វើនៅរាជធានីភ្នំពេញ បាននាំគ្នាមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះឱ្យបានច្រើនថ្ងៃ។ កញ្ញាបញ្ជាក់ថា ពលរដ្ឋខ្លះក៏ជួបការលំបាកដោយសារតែតម្លៃសាំង និងសំបុត្រឡាន ឡើងថ្លៃខ្ពស់ខុសពីថ្ងៃធម្មតា។
ស្រដៀងគ្នានេះពលរដ្ឋម្នាក់ទៀត មានដើមកំណើតនៅស្រុកកំចាយមារ ខេត្តព្រៃវែងមកបម្រើការងារនៅរាជធានីភ្នំពេញ លោក រ៉ាត់ ទី ឱ្យដឹងនៅថ្ងៃទី១១ ខែមេសាថា លោកសប្បាយចិត្ត ដែលបានមកលេងស្រុកកំណើតនៅថ្ងៃបុណ្យចូលឆ្នាំខាងមុខនេះ ព្រោះវាជារឿងល្អសម្រាប់លោក ក៏ដូចជាពលរដ្ឋដទៃទៀត ក្រោយពីខកខានជួបជុំគ្រួសារតាមបែបប្រពៃណីនេះអស់រយៈពេល ២ឆ្នាំមកហើយ ដោយសារវិបត្តិជំងឺកូវីដ-១៩។ លោកបន្ថែមថា តែយ៉ាងណាក៏ដោយ ក៏លោកនៅបារម្ភខ្លាចឆ្លងជំងឺកូវីដ-១៩ និងបញ្ហាសាំងឡើងថ្លៃ ខណៈដែលទំនិញផ្សេងៗ ក៏ឡើងថ្លៃ ដែលធ្វើឱ្យពលរដ្ឋខ្លះត្បិតត្បៀតក្នុងការចាយវាយ ។លោកស្នើឱ្យអាជ្ញាធរ នឹងរដ្ឋាភិបាលជួយសម្រួលដល់ពលរដ្ឋឱ្យមានភាពងាយស្រួលជាងនេះ៖ « ខ្ញុំសូម សំណូមពរ និងផ្ដាំផ្ញើថា សូមឱ្យគ្រប់គ្នាមានសុវត្ថិភាព និងចេះអធ្យាស្រ័យគ្នា យោបល់គ្នា ហើយសូមឱ្យដំណើរកម្សាន្តឆ្នាំថ្មីជួបតែសុវត្ថិភាព និងជៀសផុតឆ្ងាយពីបញ្ហាអ្វីទាំងអស់ ហើយកុំភ្លេចការពារខ្លួន។ កុំភ្លេចឱ្យសោះ បើទោះជាប្រទេសរបស់យើងបានបើកដំណើរការឡើងវិញ ដូចថា វាធូរស្បើយពីជំងឺកូវីដ - ១៩ មែន ប៉ុន្តែយើងកុំភ្លេចខ្លួនដោយសារតែ បើសិនជាបញ្ហានេះកើតឡើងវិញ យើងពិបាកក្នុងការរស់នៅផងដែរ។ យើងសប្បាយទាំងអស់គ្នា ប៉ុន្តែសូមប្រុងប្រយ័ត្ន » ។
ឆ្លើយនឹងក្ដីបារម្ភនៃការជួបជុំគ្រួសារកំឡុងពេលវិបត្តិកូវីដ-១៩ និងបញ្ហាទំនិញឡើងថ្លៃ ដូចជាសាំងជាដើម ធ្វើឱ្យពលរដ្ឋជួបការលំបាកពេលធ្វើដំណើរមកលេងចូលឆ្នាំ។ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន សុំអធ្យាស្រ័យដល់សាធារណៈជន ដែលធ្វើដំណើរមកលេងស្រុកកំណើត ខណៈតម្លៃសាំងឡើងថ្លៃនេះ។ លោកបន្ថែមថា រដ្ឋាភិបាល ពិតជាខ្វល់ខ្វាយដល់ពលរដ្ឋ នឹងប្រឹងប្រែងរកដំណោះស្រាយបញ្ហានេះជូនដល់ប្រជាពលរដ្ឋហើយ៖ « ខ្ញុំគិតថា ពួកគាត់ធ្វើដំណើរច្រើនទី១ ដូច្នេះការធ្វើដំណើរគួរតែធ្វើជាក្រុមទៅវាប្រសើរ វាបានថ្លៃថោកជាង។ បើកាលណាយើងព្យាយាមទៅម្នាក់ឯងៗ អាហ្នឹងវាថ្លៃហើយបាទ !» ។
លោកបន្ថែមថា ចំពោះបញ្ហាការពារកូវីដ-១៩ គឺនៅតែបន្តឱ្យសាធារណជនពាក់ម៉ាស់ដដែល ហើយព្យាយាមប្រុងប្រយ័ត្នដោយខ្លួនឯង ដោយមិនត្រូវធ្វេសប្រហែសនោះទេ។ លោកបន្តថា អត្រានៃអ្នកឆ្លងជំងឺកូវីដ-១៩ កម្ពុជាបានធ្លាក់ចុះច្រើន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ជុំវិញរឿងនេះប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បានលើកឡើងថា កន្លងមករដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីដឹកអ្នកដំណើរទៅតាមខេត្តនានា អាចដោះស្រាយបញ្ហាខ្វះខាតបានមួយកម្រិត។ ប៉ុន្តែលោកមើលឃើញថា ឆ្នាំនេះ មិនឃើញមានការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធដូចមុននោះទេ។ លោកស្នើទៅក្រសួងពាក់ព័ន្ធថា គួរតែជួយសម្រួលយ៉ាងណាឱ្យពលរដ្ឋអាចធ្វើដំណើរដោយស្រួល ជាពិសេស តម្លៃសាំង និងសំបុត្រឡានក្រុងជាដើម៖ « ខ្ញុំសង្កេតឃើញថា កន្លងមកគឺខាងរដ្ឋាភិបាលតែងតែបញ្ចេញឡានក្រុង ដើម្បីដឹកជញ្ជូនអ្នកដំណើរ ទៅតាមខេត្តទៅតាមអីហ្នឹង។ ខ្ញុំថា សម្រាប់ឆ្នាំនេះ គួរតែធ្វើដូចឆ្នាំមុនទៀត ដើម្បី កាត់បន្ថយការចំណាយហើយ កុំឱ្យឡានក្រុងឡើង [ តម្លៃ ] ស្រេចតែអំពើចិត្ត។ ម្យ៉ាងវិញទៀត សេវាឡានក្រុងរបស់រដ្ឋគួរតែតទៅតាមខេត្ត ឱ្យបានច្រើនដែរ បើទោះបីថា យកក្នុងតម្លៃមួយថោក ក៏បានដែរ បើមិនឱ្យអត់យកថ្លៃដូចលើកមុន នេះជារឿងសំខាន់ដំណោះស្រាយទី១។ ដំណោះស្រាយទី២ ធ្វើយ៉ាងម៉េចកុំឱ្យថ្លៃឡានរត់ឈ្នួលឡើងថ្លៃ នេះជារឿងមួយដែលសំខាន់ដែរ ហើយអាចទម្លាក់ថ្លៃសាំងបានបន្តិចទៀត ជាការប្រសើរដែរ ដើម្បីធ្វើដំណើរទៅជួបជុំបងប្អូន » ។ទោះជាយ៉ាងណាក្ដី ទាក់ទងនឹងជំងឺកូវីដ១៩វិញ សង្គមស៊ីវិល និងពលរដ្ឋ សង្ឃឹមថា ពលរដ្ឋដែលធ្វើដំណើរចេញពីរាជធានីសម្រុកទៅលេងស្រុកក្នុងអំឡុងពេលចូលឆ្នាំនេះ ពួកគេនឹងបន្តប្រកាន់ខ្ជាប់វិធីការពារទប់ស្កាត់ការឆ្លងជំងឺដ៏កាចសាហាវនេះ៕