កសិករចិញ្ចឹមជ្រូកនៅខេត្តមួយចំនួន រិះគន់រដ្ឋាភិបាលថា អសមត្ថភាព ទប់ស្កាត់ការនាំចូលសាច់ជ្រូកកក ដែលធ្វើឱ្យប៉ះពាល់ដល់កសិករចិញ្ចឹមជ្រូកក្នុងស្រុក។ ការរិះគន់នេះ បន្ទាប់ពីតម្លៃជ្រូករស់បន្តចុះថោក និងលក់មិនបានប្រាក់ចំណេញដោះស្រាយជីវភាពគ្រួសារ ។ អ្នកឯកទេសចិញ្ចឹមសត្វកម្ពុជា យល់ឃើញថា រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធគួរទប់ស្កាត់ការនាំចូលសាច់ជ្រូកកក(ក្លាសេ) ឬដំឡើងតម្លៃពន្ធនាំចូលសាច់ជ្រូក ពីប្រទេសជិតខាង ហើយជួយរកទីផ្សារលក់ជ្រូក និងផ្សព្វផ្សាយវិធីសាស្ត្រកែច្នៃសាច់ជ្រូកដល់ពលរដ្ឋ។
កសិករចិញ្ចឹមជ្រូកនៅខេត្តមួយចំនួន លើកឡើងថា តម្លៃសាច់ជ្រូករស់ក្នុងស្រុកធ្លាក់ចុះ ដោយសារមានការនាំចូលសាច់ជ្រូកកកពីប្រទេសជិតខាងចូលក្នុងតម្លៃថោក ធ្វើអោយកសិករចិញ្ចឹមជ្រូករស់គ្មានទីផ្សារលក់ជ្រូកចេញ ព្រោះតម្លៃជ្រូកកកថោកជាងតម្លៃសាច់ជ្រូកនៅលើទីផ្សារ៥០%។
កសិករចិញ្ចឹមជ្រូកនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លោក ធឿន ធៀង ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី២២ វិច្ឆិកា ថា លោកចិញ្ចឹមជ្រូកប្រមាណ ១០០ក្បាល ប៉ុន្តែកំពុងតែខាតបង់ជាបន្តបន្ទាប់ក្រោយតម្លៃជ្រូកធ្លាក់ថ្លៃ។ លោកថា តម្លៃជ្រូករស់សព្វថ្ងៃឈ្មួញទិញ ៧ពាន់រៀល(៧,០០០៛)ក្នុងមួយគីឡូក្រាម ដែលមិនអាចទូទាត់ក្នុងការចំណាយប្រាក់ដើម។ លោកបន្តថា បើតម្លៃជ្រូកជាង១ម៉ឺនរៀល(១១,០០០៛) ទើបកសិករអាចទប់ទល់ និងតម្លៃចំណីនៅលើទីផ្សារបច្ចុប្បន្នដែលមានតម្លៃថ្លៃ។ លោកបន្ថែមថា តម្លៃជ្រូកធ្លាក់ថ្លៃមកពីឈ្មួញមានការនាំចូលសាច់ជ្រូកកក (ក្លាសេ) ពីប្រទេសជិតខាងច្រើន ដែលមានតម្លៃថោកលក់នៅលើទីផ្សារ នាំឱ្យតម្លៃជ្រូករស់ក្នុងស្រុកធ្លាក់ថ្លៃ។ លោក ធឿន ធៀង បញ្ជាក់ថា ជ្រូកលោកដល់អាយុត្រូវលក់ ប៉ុន្តែទោះតម្លៃថោកក៏លោកត្រូវបង្ខំចិត្តលក់ដែរ ព្រោះមិនអាចទុកកើត ដោយសារសត្វមានជីវិតត្រូវការចំណី ដែលធ្វើឱ្យលោកខាតបង់ប្រាក់ជាច្រើន គឺខាតប្រមាណជិត១ម៉ឺនដុល្លារ ស្មើជាង ៤១លានរៀល ក្នុងជ្រូក ១រយក្បាល។
លោក ធឿន ធៀង៖ «ពីពេលនេះទៅមុខទៅមុខទៀតតម្លៃហ្នឹងនៅតែបន្តធ្លាក់ចុះ ២ខែទៅ ៣ខែខាងមុខទៀត អត់មានអ្វីក្រៅពីការបោះបង់មុខរបរហ្នឹងចោល ព្រោះបើសិនជាយើងបន្តទៀត វាខាតដដែល។ ឃើញតាមបណ្ដាញសង្គមហ្វេសប៊ុកហ្នឹង ឃើញការនាំសាច់កកចូល អ៊ីចឹងធ្វើឱ្យជ្រូកក្នុងស្រុកយើងហ្នឹង ក៏វាបង្កើតបានច្រើន ហើយជ្រូកបរទេសក៏នាំចូលទៀតវាបុកគ្នា។ ជ្រូកបរទេសគេនាំចូលយើងវាតម្លៃធូរ ដូច្នេះធ្វើអោយតម្លៃជ្រូករស់យើងវាធ្លាក់តាម អ្នករងផលប៉ះពាល់អ្នកចិញ្ចឹម។ បើសិនជាទប់ស្កាត់សាច់ជ្រូកកកមួយរយៈពេល ឬក៏ផ្អាកតែម្ដងខ្ញុំគិតថា ប្រហែលជាអាចជ្រូកក្នុងស្រុកវាឡើងថ្លៃវិញ»។
ស្រដៀងគ្នានេះដែរ កសិករចិញ្ចឹមជ្រូកនៅក្រុងត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ លោកស្រី គាំ ពុទ្ធារី លើកឡើងថា តម្លៃជ្រូកចុះថោកខ្លាំង ប៉ុន្តែតម្លៃចំណីនៅតែតម្លៃខ្ពស់ ដែលមិនអាចលក់ចេញបានប្រាក់ចំណេញដោះស្រាយជីវភាពគ្រួសារនោះទេ។ លោកស្រីថា កត្តាដែលធ្វើឱ្យតម្លៃជ្រូកក្នុងស្រុកធ្លាក់ថ្លៃ បណ្ដាលមកពីមានការនាំចូលមកពីប្រទេសជិតខាងច្រើន ធ្វើអោយទីផ្សារជ្រូកខ្មែរធ្លាក់ថ្លៃលឿន។ លោកស្រីបន្តថា កសិករចិញ្ចឹមជ្រូកមួយចំនួនបានបោះបង់ការចិញ្ចឹមជ្រូក និងទៅបង្កើតមុខរបរផ្សេង ព្រោះមានការខាតបង់ជាបន្តបន្ទាប់។ លោកស្រីបន្ថែមថា កន្លងមកលោកស្រី តែងតែយកប្រាក់ពីការធ្វើកសិកម្មផ្សេងៗ ដើម្បីទិញចំណីអោយជ្រូក ព្រោះសង្ឃឹមថានៅពេលលក់អាចទទួលបានប្រាក់ចំណេញដោះស្រាយប្រាក់ជំពាក់ធនាគារ។ លោកស្រី ព្រួយបារម្ភថា តម្លៃជ្រូកនៅតែបន្តធ្លាក់ថ្លៃទៀតនឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារ ព្រោះមិនអាចលក់បាន និងត្រូវដាក់ចំណីឱ្យជាប្រចាំរង់ចាំតម្លៃជ្រូកសមរម្យឡើងវិញ។ លោកស្រីបន្តថា តម្លៃជ្រូកគ្មានទីផ្សារច្បាស់លាស់ ហើយការទិញលក់ អាស្រ័យលើមាត់ឈ្មួញ ប៉ុន្តែអ្នកចិញ្ចឹមចំណាយច្រើន ដែលអាចធ្វើឱ្យខាតខ្លាំង។
លោកស្រី គាំ ពុទ្ធារី៖ «វាចុះថោកខ្លាំងលោកគ្រូ អត់សូវមានទីផ្សារ កូនជ្រូកក៏ថោក ជ្រូកសាច់ក៏ថោកដែរ ចំណីវិញអត់មានចុះថោកទេ។ អឺនាំចូលមកពីខាងក្រៅច្រើន ធ្វើអោយអ្នកចិញ្ចឹមជ្រូកនៅខ្មែរជួបបញ្ហាច្រើនពេលជ្រូកធ្លាក់ថ្លៃអ៊ីចឹងធ្វើឱ្យទីផ្សារជ្រូកនៅខ្មែរចុះខ្លាំង ក៏នៅទីនេះឈប់ចិញ្ចឹមខ្លះហើយ។ គាត់ធ្លាប់ចិញ្ចឹមជ្រូកសាច់ថា២០ក្បាល ៣០ក្បាលអីអ៊ីចឹងធ្លាប់ចិញ្ចឹមចំណេញ ដល់ពេលជ្រូកចុះខ្លាំងពេលអ៊ីចឹង គាត់ចង់លក់ឈប់ចិញ្ចឹម ណាមួយទៀតចំណីថ្លៃ សាច់ជ្រូកវាអត់ឡើងថ្លៃទេ បែរជាចុះ»។
អ្នកចិញ្ចឹមជ្រូកនៅស្រុកតាំងគោក ខេត្តកំពង់ធំ លោក ឃុត វុយ ប្រាប់វិទ្យុអាស៊ីសេរីថា លោកចិញ្ចឹមជ្រូកចំនួន ២០ក្បាល ក្រោយទំនេរពីការធ្វើស្រែ។ លោកថា ឈ្មួញដើរទិញជ្រូករស់ក្នុងតម្លៃ៧ពាន់រៀល(៧,០០០៛) ក្នុង ១គីឡូក្រាម ប៉ុន្តែតម្លៃសាច់ជ្រូកក្នុងស្រុកនៅលើទីផ្សាររក្សាតម្លៃជិត ២ម៉ឺនរៀល (១៩,០០០៛)ដដែល។ លោកយល់ថា ដោយសារមានការនាំចូលសាច់ជ្រូកក្លាសេមកពីប្រទេសជិតខាងធ្វើឱ្យតម្លៃសាច់ជ្រូកក្នុងស្រុកធ្លាក់ថ្លៃ ព្រោះពលរដ្ឋភាគច្រើនចូលចិត្តទិញសាច់ជ្រូកបរិភោគ ដែលមានតម្លៃថោក ប៉ុន្តែសាច់ជ្រូកក្នុងស្រុកមានតម្លៃខ្ពស់ជាង។ លោកបន្តថា តម្លៃសាច់ជ្រូកនាំចូលថោក មិនត្រឹមតែប៉ះពាល់ដល់ឈ្មួញលក់ដូរនោះទេ គឺប៉ះពាល់ដល់អ្នកចិញ្ចឹមទាំងលក្ខណៈគ្រួសារ និងក្រុមហ៊ុនធំៗ ព្រោះតម្លៃទុនចិញ្ចឹមចំណីច្រើន តែលក់ចេញវិញគ្មានប្រាក់ចំណេញ ដោយសារតម្លៃជ្រូករស់ថោក។
លោក ឃុត វុយ៖ «ប៉ះពាល់លោកគ្រូវាអត់ចំណេញចំណីថ្លៃការចិញ្ចឹមហ្នឹង វាមិនសូវលូតលាស់ល្អ៥ខែ ទៅ៦ខែទើបបានលក់ ប៉ុន្តែសាច់ជ្រូកស្រែគេកាប់នៅតម្លៃដដែល។ បិទជ្រូកនាំចូលទៅជ្រូកស្រែយើងបានថ្លៃហើយលោកគ្រូ ចំណែកចំណីថ្លៃជាងមុន គ្រាន់តែយើងអត់ចំណេញ ប៉ះពាល់ថវិកាចាយអត់គ្រប់កូនក៏រៀនច្រើន»។
កសិករអ្នកចិញ្ចឹមជ្រូកនៅតែយល់ឃើញថា កត្តាដែលនាំឱ្យជ្រូកធ្លាក់ថ្លៃ គឺមកពីការនាំចូលជ្រូករស់ និងសាច់ជ្រូកក្លាសេខុសច្បាប់ច្រើន ទើបតម្លៃជ្រូកក្នុងស្រុកគ្មានស្ថិរភាព និងកាន់តែចុះថោក។ ពួកគាត់អំពាវនាវដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងកសិកម្ម រកវិធានការទប់ស្កាត់ការនាំចូលសាច់ជ្រូកកក(សាច់ជ្រូកក្លាសេ) គ្រប់ប្រភេទ ដើម្បីធ្វើអោយទីផ្សារជ្រូករស់ក្នុងស្រុកមានស្ថិរភាព ហើយអាចផ្គត់ផ្គង់ទៅទីផ្សារលក់បានប្រាក់ចំណេញឡើងវិញ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម អ្នកស្រី អ៊ឹម រចនា ដើម្បីអត្ថាធិប្បាយជុំវិញរឿងនេះបានទេ ថ្ងៃទី២២ វិច្ឆិកា ដោយអ្នកស្រីថា ជាប់រវល់ប្រជុំ។
កសិករថា អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធអសមត្ថភាពទប់ស្កាត់ទើបសាច់ជ្រូកកកថោកៗ ហូរចូលនៅលើទីផ្សារកម្ពុជា ប៉ះពាល់ដល់អ្នកចិញ្ចឹម និងអ្នកបរិភោគ ព្រោះគ្មានការកំណត់ចំនួននាំចូល និងការត្រួតពិនិត្យត្រឹមត្រូវពីគុណភាព។
ជុំវិញរឿងនេះ អ្នកឯកទេសចិញ្ចឹមសត្វកម្ពុជា លោក រស់ ឆាំងគី យល់ថា ការត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលជ្រូកកក ឬកំណត់ចំនួននាំចូល គឺជារឿងសំខាន់ ដើម្បីធ្វើអោយតម្លៃជ្រូករស់របស់កសិករមានតម្លៃសមរម្យឡើងវិញ។ លោកថាកសិករចិញ្ចឹមជ្រូកច្រើនធ្វើឱ្យសាច់ជ្រូកចាល ដែលលើសតម្រូវការ ធ្វើអោយតម្លៃជ្រូកធ្លាក់ថ្លៃ ហើយកសិករមួយចំនួនក៏បានបោះបង់ការចិញ្ចឹមជ្រូកដែរ។ លោកបន្តថា ការនាំចូលសាច់ជ្រូកកក ដែលវេចខ្ចប់ពីប្រទេសជិតខាងមានចំនួនច្រើន និងមានតម្លៃថោក ធ្វើអោយតម្លៃជ្រូកកាន់តែបន្តធ្លាក់ថ្លៃខ្លាំង។ លោក រស់ ឆាំងគី ថាពលរដ្ឋខ្មែរភាគច្រើនក៏មិនសូវហ៊ានទិញសាច់ជ្រូកកកមកបរិភោគឡើយ ប៉ុន្តែអ្វីដែលពលរដ្ឋប្រឈម គឺហាងភោជនីយអាហារមួយចំនួនគ្មានភាពស្មោះត្រង់ចំពោះភ្ញៀវ ហើយមានតម្រូវការប្រើប្រាស់ខ្ពស់ ព្រោះសាច់ជ្រូកកកមានតម្លៃថោក ដោយមិនខ្វល់ពីអ្នកបរិភោគ។ លោក រស់ ឆាំងគី អំពាវនាវឱ្យពលរដ្ឋគាំទ្រសាច់ជ្រូកក្នុងស្រុក ដើម្បីលើកស្ទួយតម្លៃសាច់ជ្រូក និងជួយដល់កសិករចិញ្ចឹមជ្រូក។
លោក រស់ ឆាំងគី៖ «បើសម្រាប់ខ្ញុំផ្ទាល់មុននឹងការសម្រេចឱ្យការនាំចូលសាច់កកហ្នឹង យើងសិក្សាឱ្យបានស៊ីជម្រៅសិន ថាតើគួរនាំចូលក្នុងកម្រិតណាមួយ ឬក៏មិនត្រូវនាំចូលតែម្តងអាហ្នឹងស្រេចលើការសិក្សារបស់ក្រសួងឱ្យបានជាក់លាក់ ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក។ ព្រោះដើម្បីយើងធ្វើម៉េចធានាបានទាំង៣នាក់ មានន័យថាទាំងអ្នកចិញ្ចឹម ទាំងអ្នកលក់ ទាំងអ្នកហូប អោយគាត់មានស្ថិរភាពទាំងអស់គ្នា មិនដើម្បីឱ្យតែចំណេញតែអ្នកលក់ តែអ្នកចិញ្ចឹមបែរជាមានការខាតបង់ អាហ្នឹងវាជាការរស់ ឬការជួយដោយមិនមានស្ថិរភាពដល់លើមុខរបររបស់បងប្អូននៅក្នុងវិស័យចិញ្ចឹមសត្វអ៊ីចឹងណាបង»។
កន្លងមក បើទោះជារដ្ឋាភិបាលបានទប់ស្កាត់ការនាំចូលជ្រូករស់ពីប្រទេសជិតខាងយ៉ាងណាក្ដី ប៉ុន្តែកំណើន នៃការលួចនាំចូលជ្រូករស់ខុសច្បាប់ពីប្រទេសជិតខាងដូចជាថៃ និងវៀតណាម នៅតែកើតមានដដែល។ពលរដ្ឋយល់ថា ដោយសារតែអំពើពុករលួយរបស់មន្ត្រីតាមព្រំដែន និងអាជ្ញាធរពាក់ព័ន្ធ ទើបបរិមាណជ្រូកខុសច្បាប់ហូរចូលមកកម្ពុជាកាន់តែច្រើន ហើយទីផ្សារផ្គត់ផ្គង់សត្វជ្រូកក្នុងស្រុក នឹងទទួលរងនូវផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។
តាមរបាយការណ៍ក្រសួងកសិកម្ម៥ឆ្នាំចុងក្រោយ គិតត្រឹមឆ្នាំ ២០២១ តម្រូវការសាច់សត្វគ្រប់ប្រភេទមានការកើនឡើង ២៨០ពាន់តោនក្នុងឆ្នាំ២០១៧ កើនឡើងដល់ ៣១០ពាន់តោនក្នុងឆ្នាំ ២០២១ ហើយក្នុងនោះតម្រូវការសាច់ជ្រូកមាន ១៦០ពាន់តោនផងដែរ។
ពលរដ្ឋចិញ្ចឹមជ្រូក និង អ្នកឯកទេសចិញ្ចឹមសត្វ អំពាវនាវដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ រកវិធីសាស្ត្រដោះស្រាយបញ្ហាតម្លៃចំណីជ្រូក និងទប់ស្កាត់ការនាំចូលសាច់កកក្លាសេ។ ពួកគេយល់ថា អាជ្ញាធរពាក់ព័ន្ធផ្សព្វផ្សាយដល់អាជីវករកាប់ជ្រូក និងពលរដ្ឋឱ្យគាំទ្រសាច់ជ្រូកក្នុងស្រុក ដើម្បីលើកទឹកចិត្តដល់កសិករចិញ្ចឹមជ្រូកនៅបន្តមុខរបរនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។