មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបងណែនាំម្ចាស់ចម្ការមៀនប៉ៃលិន (តាង៉ែន) និងចម្ការស្វាយឱ្យទៅចុះបញ្ជីចម្ការ និងស្នើសុំការបណ្ដុះបណ្ដាលការអនុវត្តកសិកម្មល្អ-កម្ពុជា (Cam-Gap) សម្រាប់នាំចេញទៅក្រៅប្រទេសជាពិសេសប្រទេសចិន។
សេចក្ដីជូនដំណឹងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបងចេញកាលពីថ្ងៃទី២៥ ខែកក្កដាឱ្យដឹងថា ដើម្បីធានាបាននូវស្តង់ដារ និងលក្ខខណ្ឌបច្ចេកទេសសមស្របសម្រាប់ការនាំចេញទៅក្រៅប្រទេសពិសេសប្រទេសចិន ចំពោះម្ចាស់ចម្ការមៀនប៉ៃលិន (តាង៉ែន) និងចម្ការស្វាយគ្រប់ទំហំទាំងអស់ ដែលមិនទាន់បានចុះបញ្ជី និងបណ្ដុះបណ្ដាលការអនុវត្តកសិកម្មល្អ-កម្ពុជា (Cam-Gap) អាចទៅស្នើសុំតាមរយៈ ឃុំ សង្កាត់ ឬក្រុងស្រុកនៅតាមមូលដ្ឋាន។ ចំណែកម្ចាស់ចម្ការ ដែលបានចុះបញ្ជី និងឆ្លងកាត់វគ្គបណ្ដុះបណ្ដាលរួចហើយត្រូវរួសរាន់ដាក់ពាក្យស្នើសុំធ្វើការវាយតម្លៃ ដើម្បីទទួលបានវិញ្ញាបនបត្រនៃការអនុវត្តកសិកម្មល្អ-កម្ពុជា (Cam-Gap) និងស្នើសុំចុះបញ្ជីចម្ការសម្រាប់ការនាំចេញ ដែលជាលក្ខខណ្ឌតម្រូវសម្រាប់នាំចេញទៅក្រៅប្រទេសពិសេសប្រទេសចិន។
ប្រភពដដែលបញ្ជាក់ថា ម្ចាស់ចម្ការ និងអ្នកពាក់ព័ន្ធអាចទៅចុះបញ្ជីនៅតាមមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរផ្ញើទៅមន្ទីរជំនាញ សម្រាប់ការសម្របសម្រួលទៅអគ្គនាយកដ្ឋានកសិកម្មបានចាប់តាំងពីថ្ងៃជូនដំណឹងនេះទៅ។
ក្នុងករណីលោកអ្នកនាងជាម្ចាស់ចម្ការចង់បានព័ត៌មានបន្ថែមពីការចុះបញ្ជី និងបណ្ដុះបណ្ដាលការអនុវត្តកសិកម្មល្អ-កម្ពុជា(Cam-Gap) លោកអ្នកនាងអាចទាក់ទងទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង តាមរយៈលេខទូរស័ព្ទ ០៩៥ ៩៥១ ១១១/ ០១៧ ៣១១ និង ០១២ ៧៦១ ៣៥៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។