កសិករ​ខេត្ត​ពោធិ៍សាត់​ត្អូញត្អែរ​ពី​តម្លៃ​ពោត​ចុះថោក និង​គ្មាន​ទីផ្សារ​នាំចេញ

0:00 / 0:00

ប្រជាកសិករ ដាំពោត​នៅ​ខេត្តពោធិ៍សាត់ ត្អូញត្អែរ​ថា ឆ្នាំនេះ ដំណាំ​ពោត​របស់​ពួកគាត់​មិនសូវ​ហុច​ផល ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​រដូវវស្សា​នេះ ធ្វើ​ឲ្យ​ការ​ប្រមូល​ផល​បាន​តិចតួច ស្រប​ពេល​ដែល​តម្លៃ​ពោត​កំពុង​ធ្លាក់​ថ្លៃ និង​មិនសូវ​មាន​ឈ្មួញ​ទិញ​ច្រើន​ដូច​ឆ្នាំមុនៗ​។ កសិករ អះអាង​ថា ការ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ ក៏​មាន​ការ​កកស្ទះ ដោយសារ​ឈ្មួញ​ចូល​មក​ទិញ​ពោត​មាន​ទំនាស់​ជាមួយ​អាជ្ញាធរ​ថៃ នៅ​តាម​ព្រំដែន។

ប្រជាកសិករ​នៅ​ខេត្ត​ពោធិ៍សាត់ លើកឡើង​ពី​ការ​ប្រមូល​ផល​ពោត​ឆ្នាំនេះ​បាន មិន​សូវ​បាន​ច្រើន ហើយ​មិនសូវ​មាន​តម្លៃ​ខ្ពស់ និង​គ្មាន​ទីផ្សារ​នាំចេញ។ កសិករ​ត្អូញត្អែរ​ថា ពួកគាត់​កំពុង​ជួប​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច និង​គ្មាន​លុយ​សង​បំណុល​ធនាគារ ដោយសារ​ដាំ​ពោត​ខាតដើម ព្រោះ​បាន​ខ្ចី​លុយ​ធនាគារ​មក​ទិញ ជីរ ថ្នាំ គ្រាប់ពូជ សាំង និង​ជួល​កម្មករ ប្រមូល​ផល​ពោត​។

កសិករ​ដាំពោត​ម្នាក់ នៅ​ភូមិ​អង្គ្រង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ លោកស្រី ជឹម សុខា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​រសៀល​ថ្ងៃទី​២ ខែ​កញ្ញា ថា កសិករ ដែល​ដាំពោត​ឆ្នាំនេះ​ថ្ងូរ​គ្រប់គ្នា ព្រោះ​ពោត​មិនសូវ​អំណោយ​ផល លក់​ក៏​មិន​បាន​ថ្លៃ ដូច ៤​ឬ​៥​ឆ្នាំមុន ចំណែក​បំណុល​ធនាគារ កសិករ​ដែល​ដាំពោត​ក្នុង​ស្រុក​នេះ ជំពាក់​ស្ទើរ​តែ​គ្រប់​គ្រួសារ។ លោកស្រី​បន្ថែម​ថា ការ​ចំណាយ​ដើមទុន​លើ​ដំណាំ​ពោត​នេះ មាន​ច្រើន​គួរសម ហើយ​ពេល​ដែល​ទទួល​ផល​មក​វិញ គិតគូរ​ថ្លៃ​ចំណាយ​គ្រប់មុខ​ទៅ មិនឃើញ​បាន​ប្រាក់​ចំណេញ​ទេ ធ្វើ​បាន​ត្រឹមតែ​មួយ​ហត់ និង​ត្រូវ​ឈ្មួញ​គេ​មក​កំណត់​ថ្លៃ​ពោត​តាមតែ​អំពើ​ចិត្ត ។ លោក​ស្នើ រដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​ឲ្យ​កសិករ​ងាយ​លក់​ពោត​ចេញ និង​ជួយ​ដាក់​កំហិត​កំណត់​ថ្លៃ​ពោត ឲ្យ​បាន​តម្លៃ​មួយ​ដែល​សមគួរ​ទៅតាម​សេដ្ឋកិច្ច​ទីផ្សារ​បច្ចុប្បន្ន៖«ខ្ញុំ​ឆ្នាំនេះ​ដាំ​បានតែ​ជិត​បី​ហិកតារ​ហ្នឹង ដាំ​យើ​ដី​ឯណេះ​ដាំ​អត់​កើត​ទេ ដាក់​ទៅ​ក្រហម យើង​អត់​សូវ យើង​អត់​មាន​ដី​ទួល​ណា​។ អត់​ ! និយាយ​ទៅ​យើង​ដាំពោត​មានតែ​នៅ​ពួក​ស្រុក​លិច​ហ្នឹងឯង»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​ស្រាយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ ពី​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តពោធិ៍សាត់ លោក ឈឹម វជិរា បាន​ទេ នៅ​ល្ងាច​ថ្ងៃទី​២ ខែ​កញ្ញា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ជាច្រើន​ដង តែ​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​បញ្ហា​នេះ ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន លើក​ឡើង​ថា ទុក្ខ​លំបាក​របស់​ប្រជាកសិករ​មាន​ស្ទើរ​គ្រប់​តំបន់ មកពី​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​មិនទាន់​ពេញទំហឹង ហើយ​មន្ត្រី​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​ដូចជា​មិនទាន់​បញ្ចេញ​សក្ដានុពល​សម្រាប់ បង្វិល​តម្លៃ​កសិផល​ក្នុង​ទីផ្សារ​ឲ្យ​មាន​ចរន្ត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ លោក​ទទូច​ដល់​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ក្រសួង​កសិកម្ម និង​ក្រសួង​ពាណិជ្ជកម្ម ត្រូវតែ​ជួយ​ប្រជាកសិករ​ឲ្យ​មានចំណេះ​ជំនាញ​ដាំ​ដុះ និង​កំណត់​តម្លៃ​ផលិតផល​របស់​កសិករ​ឲ្យ​បាន​ថ្លៃ​បង្គួរ ចៀសវាង​ឲ្យ​ឈ្មួញកណ្ដាល​មក​កំណត់​តម្លៃ​ដោយ​ខ្លួនឯង​៖ «ទី​១ រដ្ឋ​ត្រូវ​ជួយ​ទិញ​ពោត ឬក៏​ផលិតផល​កសិកម្ម​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​ដល់​រដូវ​ប្រមូល​ផល​ពួកគាត់​ថា មិន​អាច​លក់​ចេញ​រដ្ឋាភិបាល អាច​ទិញ​ពោត​របស់​ប្រជា​ពលរដ្ឋ ដោយ​តម្លៃ​សមរម្យ ដើម្បី​បន្ត​ក្នុង​ការ​លក់។ ទី​២ គឺ​ត្រូវ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ធានារ៉ាប់រង សម្រាប់​វិស័យ​កសិកម្ម ដោយ​ឲ្យ​មាន​ក្រុមហ៊ុន​ជាក់លាក់ ក្នុង​ការ​ធានារ៉ាប់រង​ទៅលើ​តម្លៃ​ទីផ្សារ ក៏ដូចជា​តម្លៃ​នៃ​ការនាំចេញ​ពាណិជ្ជកម្ម។ ហើយ​ទី​៣​គឺ រដ្ឋាភិបាល​ត្រូវតែ​បង្កើត​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ការទូត​ជាមួយ​ប្រទេស​ជិតខាង ក្នុង​ការ​បើកទូលាយ ឲ្យ​មាន​អត្រា​នៃ​ការ​នាំ​ផលិតផល​កសិកម្ម ពោត សណ្ដែក»។

របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២​នេះ បង្ហាញ ថា កម្ពុជា​បាន​នាំចេញ​គ្រាប់ពោត​ទៅ​ក្រៅប្រទេស​ប្រមាណ​ជាង​៨៤​ពាន់​តោន ថយ​ចុះ​ជាង​៣៩ ភាគរយ បើ​ប្រៀបធៀប​អំឡុង​ពេល​ដូចគ្នា​ឆ្នាំ​២០២១ ស្របពេល​បច្ចុប្បន្ន​ការនាំចេញ​តាម​ច្រកព្រំដែន​ថៃ ក្នុង​ខេត្ត​បាត់ដំបង កំពុង​មាន​ការរអាក់រអួល ដោយសារ​មានការ​ទាស់ទែង​គ្នា​រវាង​ឈ្មួញ និង​មន្ត្រី​ប៉ូលិស​នៅ​ព្រំដែន​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។