អាស៊ាន និងសហភាពអឺរ៉ុប ប្ដេជ្ញាស្ដារសេដ្ឋកិច្ចឡើងវិញ និងទប់ស្កាត់ការប្រកួតប្រជែងភូមាសាស្ត្រនយោបាយ។
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភា នៅថ្ងៃទី២៣ វិច្ឆិកា ឲ្យដឹងថា មហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ថា អាយប៉ា (AIPA) លើកទី៤៣ បានបង្ហាញលទ្ធផល កិច្ចប្រជុំរវាង អន្តរសភាអាស៊ាន និងតំណាងសហភាពអឺរ៉ុប ការបង្កើនទំនាក់ទំនងរវាង អាស៊ាន និងអឺរ៉ុប ពិសេសការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ១៩។
សេចក្ដីប្រកាសព័ត៌មានដដែលឲ្យដឹងថា អាស៊ាន និងអឺរ៉ុប នឹងខំប្រឹងធ្វើការជាមួយគ្នាបន្តទៀត ដែលកំពុងតែគំរាមកំហែង និងបញ្ហាជាច្រើនទៀត រួមមាន គ្រោះមហន្តរាយផ្នែកអាកាសធាតុ ជម្លោះប្រដាប់អាវុធ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការកើនឡើងនៃតម្លៃស្បៀងអាហារ និងថាមពល។ ក្រៅពីនេះ ភាគីទាំងពីរ ក៏ផ្ដោតលើបញ្ហាបីទៀតសំខាន់ដែរ ក្នុងនោះមាន បញ្ហាសង្គ្រាម និង សន្តិភាព ការអភិវឌ្ឍបៃតងប្រកបដោយចីរភាព និង ការងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ-១៩ជាដើម។
កិច្ចប្រជុំរវាងអន្តរសភាអាស៊ាន និងអឺរ៉ុបនេះ នឹងមិនចេញសេចក្ដីថ្លែងការណ៍រួមទេ ដោយភាគីទាំងពីរយល់ព្រមចេញត្រឹមតែសេចក្ដីថ្លែងការណ៍របស់ប្រធានអង្គប្រជុំជំនួសវិញ។
មហាសន្និបាតអាយប៉ាលើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដឹកនាំដោយ ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន បានចាប់ផ្ដើមកាលពីថ្ងៃទី២០ វិច្ឆិកា និងបញ្ចប់ទៅវិញ នៅថ្ងៃទី២៥ វិច្ឆិកា។ មហាសន្និបាតនេះ គឺមានសមាជិកសភាមកពីប្រទេសអាស៊ានចំនួន ៨ចូលរួម គឺប្រទេសពីរទៀតអវត្តមាន ដូចជា មីយ៉ាន់ម៉ា ឬភូមា (Burma) និងម៉ាឡេស៊ី (Malaysia)។ សមាជិកសភានៃប្រទេសនីមួយមកចូលរួមមហាសន្និបាតនេះ មានចំនួន១៥រូប និងជំនួយការ២រូបទៀត។ ហើយប្រទេសខ្លះក៏មានសមាជិកសភាមកពីគណបក្សប្រឆាំងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។