គណបក្ស​ភ្លើងទៀន​គាំទ្រ​ការ​ទាមទារ​ប្រាក់​ឈ្នួល​គោល​២១៥ ដុល្លារ​របស់​ក្រុម​កម្មករ

គណបក្ស​ភ្លើងទៀន​ប្រកាស​គាំទ្រ​ការ​ទាមទារ​ប្រាក់​ឈ្នួល​គោល​២១៥​ដុល្លារ​របស់​ក្រុម​កម្មករ​ក្នុង​វិស័យ​កាត់ដេរ វាយនភណ្ឌ និង​ស្បែកជើង។

សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​ភ្លើងទៀន​កាលពី​ថ្ងៃទី​១៣ ខែ​កញ្ញា ឱ្យដឹង​ថា​គណបក្ស​នេះ​យល់ថា ការ​ដំឡើង​ប្រាក់ខែ​ឱ្យ​ដល់​២១៥ ដុល្លារ​ក្នុង​១​ខែ​គឺ​អាច​ជួយ​កម្មករ កម្មការិនី​បាន​មួយ​ចំណែក បើ​ទោះបី​ជា​ការ​ដំឡើង​នេះ​មិនទាន់​សម​ល្មម​នឹង​ដោះស្រាយ​ជីវភាព ក្នុង​ស្ថានភាព​ដែល​ទំនិញ ម្ហូបអាហារ មធ្យោបាយ​ធ្វើដំណើរ និង​កន្លែង​ស្នាក់​ថ្លៃ​ខ្ពស់​ជាង​ប្រទេស​ជិតខាង​ក្ដី។

លើស​ពី​នេះ​គណបក្ស​ភ្លើងទៀន​ស្នើ​ដល់​រដ្ឋាភិបាល​ធានា​នូវ​ការ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ឱ្យ​បាន​លើស​ពី​៣០០​ដុល្លារ ក្នុង​ឆ្នាំ​២០២៤ ដោយ​សម្របសម្រួល​ជាមួយ​ថៅកែ​រោងចក្រ​សហគ្រាស កាត់​បន្ថយ​ចំណាយ​ក្រៅផ្លូវការ សម្រួល​ការ​នាំ​ចូល​វត្ថុធាតុដើម ឬ​ជំរុញ​ផលិត​វត្ថុធាតុដើម​ក្នុងស្រុក ជាដើម។

ការ​ប្រកាស​របស់​គណបក្ស​ភ្លើងទៀន​នេះ គឺ​ស្របពេល ដែល​ភាគី​ពាក់ព័ន្ធ រួមមាន ភាគី​រដ្ឋាភិបាល និយោជក ឬ​ភាគី​ថៅកែ​រោងចក្រ និង​ភាគី​សហជីព​តំណាង​កម្មករ​បាន​បើក​កិច្ចប្រជុំ​ម្ដងទៀត​ជជែក​ពី​បញ្ហា​ប្រាក់​ឈ្នួល​គោល​កម្មករ​សម្រាប់​ឆ្នាំ​២០២៣ កាលពី​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា។

ប្រធាន​សហភាព​សហជីព​ការងារ​កម្ពុជា លោក អាត់ ធន ដែល​ចូលរួម​កិច្ចប្រជុំ​នេះ​ឱ្យដឹង​ថា ភាគី​ទាំង​៣​នៅ​មិនទាន់​ព្រមព្រៀង​កំណត់​បាន​ប្រាក់​ឈ្នួល​គោល​រួម​មួយ​នៅឡើយ​ក្នុង​នោះ ភាគី​រដ្ឋាភិបាល​ស្នើ​ប្រាក់​ឈ្នួល​គោល​១៩៧,៨៦ ភាគី​និយោជក​ស្នើ ១៩៧ និង​ភាគី​សហជីព​ស្នើ​ចំនួន​ចន្លោះ​ពី ២០៦ ទៅ ២១៣ ដុល្លារ៖ «យើង​មាន​សំណើ​ផ្សេងៗ​ទៀត​ដែរ ដូចជា​ឱ្យ​ពង្រឹង​ប្រព័ន្ធ​សន្តិសុខ​សង្គម បញ្ចុះតម្លៃ​ទឹក​ភ្លើង រៀបចំ​អ្វី​ផ្សេងៗ​ទៀត ដូច​មាន​ក្នុង​របាយការណ៍​ហ្នឹង​ច្រើន​មុខ​ណាស់​។ ក្រុម​ការងារ​ចរចា​ប្រាក់​ឈ្នួល​នឹង​ជួបគ្នា​ម្ដងទៀត​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញា បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ​នឹង​មាន​ការបោះឆ្នោត ធ្វើ​សេចក្ដីសម្រេច​ចេញប្រកាស​ព័ត៌មាន​តែម្ដង»។

ក្រុម​កម្មករ​ផ្នែក​កាត់ដេរ និង​វាយនភណ្ឌ​មួយចំនួន​បាន​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម​ជាច្រើន​សប្ដាហ៍​មក​ហើយ​ស្នើសុំ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ឱ្យ​បាន ២១៥ ដុល្លារ​ក្នុង១​ខែ ដោយ​ពួកគេ​សំអាង​ហេតុផល​មួយចំនួន ជាពិសេស​បញ្ហា​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ និង​ប្រឹង​ឥន្ធនៈ​ឡើង​ខ្ពស់។

ក្នុង​ឆ្នាំ​២០២២​នេះ កម្មករ​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ ស្បែកជើង និង​កាបូប មាន​ប្រាក់​ឈ្នួល​គោល ១៩៦ ដុល្លារ​ក្នុង​១​ខែ សម្រាប់​កម្មករ​ពេញ​សិទ្ធិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។