ពលរដ្ឋ​មួយ​ចំនួន​នៅ​បន្ទាយមានជ័យ​បង្ខំចិត្ត​ចំណាកស្រុក​ទៅ​ថៃ​ខុស​ច្បាប់​ដោយសារ​ជីវភាព​ក្រីក្រ

ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បង្ខំចិត្ត​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ដោយសារតែ​ជីវភាព​ក្រីក្រ ក្រោយពី​ពួកគេ​មិន​មាន​ការងារ​ធ្វើ​នៅក្នុង​ស្រុក​។ ពលរដ្ឋ​ទាំងនោះ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​សម្រួល​ធ្វើ​លិខិត​ឆ្លងដែន​ឱ្យ​មាន​ភាព​ងាយស្រួល​ជាង​សព្វថ្ងៃ និង​លុប​បំបាត់​អំពើពុករលួយ។

ពលរដ្ឋ​ទាំងនោះ​លើកឡើង​ថា អ្នក​ដែល​ធ្វើ​ចំណាក​ស្រុក​ភាគច្រើន​ជា​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយចេក​បាន​បង្ខំចិត្ត ស្វែងរក​ការងារ​ធ្វើ​យក​លុយ​មក​ផ្គត់ផ្គង់​ជីវភាព ប៉ុន្តែ​មាន​ពេល​ខ្លះ​ត្រូវ​បាន​ថៅកែ​ថៃ​បោកប្រាស់​កម្លាំង​ពលកម្ម ដោយ​ធ្វើ​ការ​មិន​បាន​ប្រាក់​ឈ្មួល។

លោកស្រី បុណ្ណ ផល្លា រស់នៅ​ភូមិ​ថ្មគោល ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​ប្រាប់​វិទ្យុ​អាស៊ីសេរីនៅ​នៅ​ថ្ងៃទី​១៨ ឧសភា ថា អ្នកស្រី​បាន​សម្រេច​ចិត្ត​មក​ធ្វើការ​នៅ​ប្រទេស​ថៃ​ទាំង​ខុស​ច្បាប់ ដោយសារតែ​ជីវភាព​គ្រួសារ​ខ្វះខាត ហើយ​ជំពាក់​លុយ​ធានា​ក៏​កាន់តែ​ច្រើន​។ អ្នកស្រី​បន្ត​ថា កន្លង​មក​គ្រួសារ​លោកស្រី​បាន​យក​លុយ​ធនាគារ​ដើម្បី​ធ្វើស្រែ​ចម្ការ ប៉ុន្តែ​ខាត​អស់​ដើមទុន។

អ្នកស្រី​ដែល​កំពុង​រស់នៅ​ប្រទេស​ថៃ​បាន​រៀបរាប់​ដោយ​សម្ដី​មួយៗ​ថា ពេលនេះ​អ្នកស្រី​មិន​ទាន់​បាន​ចូល​ធ្វើការ​នោះ​ទេ ដោយសារតែ​សម្រាលកូន​ទើបតែ​បាន​៤​ខែ។ ចំណែក​ប្ដី​អ្នកស្រី ទៅ​ធ្វើការ​តែម្នាក់​ឯង ដើម្បី​យក​ថវិកា​មក​ផ្គត់ផ្គង់​ជីវភាព និង​បង់​ការប្រាក់​មីក្រូហិរញ្ញវត្ថុ​ដែល​បាន​ខ្ចី​គេ​ជាង​៣​ម៉ឺន​បាត ៣​ម៉ឺន​បាត ឬ​ស្មើ​ជាង​៩០០​ដុល្លារ​។ លោកស្រី​អះអាង​ថា ការ​ដែល​លោកស្រី​មក​ធ្វើការ​ដោយ​ខុសច្បាប់​គឺ​ពិបាក​គ្រប់យ៉ាង ដែល​ជា​ញឹកញយ​ត្រូវ​បាន​ថៅកែ​ថៃ​បោកប្រាស់​កម្លាំង​ពលកម្ម៖ «ធ្វើ​នៅ​ទីនេះ​ពិបាក ជួនកាល​ធ្វើការ​ហើយ​គេ​បោក មិន​បើក​លុយ​ឱ្យ ធ្វើ​ការ​ចោល​។ ពេល​ខ្លះ​គេ​ស្រណោះ​យើង គេ​បើក​ឱ្យ ជួន​កាល គេ​ធ្វើ​ការ​គេ​បោក​យើង​ប្រើ​ចោល»។

អ្នកស្រី​បន្ត​ថា ការ​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​ទាំង​ខុសច្បាប់​មក​ធ្វើការ​នៅ​ប្រទេស​ថៃ​ប្រឈម​នឹង​គ្រោះថ្នាក់​ជាច្រើន​ព្រោះ​ត្រូវ​នាំ​កូន​ធ្វើ​ដំណើរ​ឆ្លងដែន​ពេល​យប់​។ អ្នកស្រី​បន្ថែម​ថា អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ជាមួយ​គ្នា​នោះ មាន​ជាង​៣០​នាក់ ដែល​មាន​ទាំង​ស្ដ្រី និង​បុរស ភាគ​ច្រើន​ជា​អ្នក​ដែល​មាន​ជីវភាព​ខ្វះខាត​។ អ្នកស្រី​បន្ត​ថា ពួកគាត់​មិន​ចង់ទៅ​ធ្វើ​នៅ​ស្រុក​ថៃ​ដោយ​ខុសច្បាប់​បែប​នេះ​ទេ ប៉ុន្តែ​ដោយសារ​ជីវភាព​ក្រីក្រ​ទើប​បង្ខំចិត្ត​ឱ្យ​ពួកគាត់​ចាក​ចេញពី​ផ្ទះសម្បែង ទៅ​រក​ការងារ​ធ្វើ​នៅ​ស្រុក​ថៃ។ លោកស្រី​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​សម្រួល​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឱ្យ​បាន​ស្រួល និង​កុំ​យក​ថ្លៃ​ឯកសារ​ឆ្លង​ដែន​ផ្សេងៗ​ច្រើន​ពេក ព្រោះ​ពួកគេ​មិន​មាន​លទ្ធភាព​នោះ​ទេ​៖ «គ្នា​មក​តាមផ្លូវ​ពិបាក​ណាស់ កាត់​ដុប​កាត់​ព្រៃ កាត់ទឹក​កាត់​ភក់ ឡើង​ភ្នំ។ ចង់ឱ្យ​ផ្លូវ​ឡើង​មក​ស្រួល​ល្អ​។ ចង់​ដើរ​ផ្លូវ​ស្រួលៗ មក​ក៏​ស្រួល ចុះ​ក៏​ស្រួល ឱ្យ​គ្នា​រត់​លូន​ចេះ​ពិបាក​។ គ្នា​មាន​កូនតូចៗ​ចេះ គ្នា​ឡើង​មក​ពិបាក​ណាស់ ចង់តែ​ទៅ​ហើយ​មិន​ចង់​មក​វិញ»។

ស្រដៀង​គ្នា​នេះ​ដែរ​ពលករ​ម្នាក់​ទៀត រស់នៅ​ភូមិ​ផ្គាំ​ស្រុក​ស្វាយចេក ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ អ្នកស្រី គិន សុភា បាន​លើកឡើង​ថា ការ​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់ ដោយសារ​នៅ​កម្ពុជា​គ្មាន​ការងារ​ធ្វើ ស្រប​ពេល​ដែល​ផលដំណាំ​ដែល​ពួកគាត់​ដាំ​ដុះ​លក់​បាន​តម្លៃថោក ហើយ​ខាត​អស់​ដើមទុន៖ «កត្តា​ទី​១​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ធ្វើការ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ដោយសារ​តែ​មាន​ជីវភាព​ខ្វះខាត ស្រូវ​ស្រែ​បាន​ផល​តិច ដំឡូង​មានការ​ចុះថោក ប្រេង​ម៉ា​ស៊ុត​ឡើងថ្លៃ ជី​ឡើងថ្លៃ ថ្នាំ​ស្រូវ​ដំណាំ​អ្វី​ឡើងថ្លៃ​ទាំងអស់ ធ្វើ​បាន​ផល​តិច​ទើប​ខ្ញុំ​ចំណាកស្រុក​មក​ប្រទេស​គេ»។

ចំណែក​ពលរដ្ឋ​ម្នាក់ទៀត គឺ អ្នកស្រី ឈឿន នាង រស់នៅ​ភូមិ​ថ្មី ស្រុក​ស្វាយចេក លើកឡើង​ថា បើ​ទោះបីជា​រដ្ឋាភិបាល​បាន​ប្រកាស​ឱ្យ​បើក​ច្រកចូល​ប្រទេស​ថៃ​ហើយក៏​ដោយ ប៉ុន្តែ​នៅតែ​មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​ឆ្លងដែន​ទៅ​រក​ការងារ​ធ្វើ ដោយ​ខុសច្បាប់​ដដែល ដោយសារតែ​ពួកគេ​ធ្វើ​លិខិត​ឆ្លងដែន និង​ឯកសារ​ថ្លៃ​ពេក ដែល​ធ្វើ​ឱ្យ​ពួកគេ​កាន់តែ​លំបាក ខណៈ​ដែល​ពួកគេ​កំពុង​ជំពាក់​លុយ​ធនាគារ​។ អ្នកស្រី​បន្ត​ថា ការ​ធ្វើ​លិខិតឆ្លងដែន​ត្រូវ​ចំណាយ​ក្នុង​ម្នាក់ ជាង​១​ម៉ឺន​បាត ឬ​ស្មើ​ប្រមាណ​៣០០​ដុល្លារ ទើប​អាច​ធ្វើ​ការ​បាន៖ «ស្នើ​ឱ្យ​រដ្ឋាភិបាល​គេ​បើក​ច្រក​ចុះឡើង​ស្រួល​។ ព្រោះ​អី​មាន​ប័ណ្ណ​ Passport អ៊ីចឹង​បើក​ឱ្យ​យើង​ឡើង​មក​តម្លៃ​ដូច​យើង​ចុះឡើង​បី​រយ​ ( បាត​ )​ ដូច​ពីមុខ​អ៊ីចឹង ឱ្យ​បើក​ច្រក​ឡើង​ស្រួល​ចុះ​ស្រួល»។

អ្នកស្រី​បន្ត​ថា បើសិនជា​រដ្ឋាភិបាល​មិន​សម្រួល​ពី​តម្លៃ​ធ្វើ​លិខិត​ឆ្លងដែន និង​ឯកសារ​មួយចំនួន​ឱ្យ​មាន​ភាព​ងាយស្រួល និង​តម្លៃថោក​ជាង​បច្ចុប្បន្ន​នេះ​ទេ ពលរដ្ឋ​នៅតែ​បន្ត​ខុសច្បាប់​ដដែល​។ អ្នកស្រី​ថា ពលរដ្ឋ​ភាគ​ច្រើន​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ បាន​លុយ​មកវិញ​បង់​តែ​ថ្លៃ​ធនាគារ និង​លិខិតឆ្លងដែន ខណៈ​ដែល​ពលរដ្ឋ​ខ្លះ​ត្រូវ​បាន​មេខ្យល់​បោក​យក​ទម្លាក់​ចោល​តាម​ព្រំដែន ហើយ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ក៏មានដែរ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​រដ្ឋាភិបាល​ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​១៨ ឧសភា ដោយ​ហៅ​ចូល​មិន​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក ឌីថេ ហូយ៉ា បាន​លើកឡើង​ថា បញ្ហា​ចំណាកស្រុក​ដោយ​ខុសច្បាប់​នេះ​ជា​រឿង​មួយ​ដែល​រដ្ឋាភិបាល​ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់​ដោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​។ លោក​បន្ត​ថា កន្លង​មក​រដ្ឋាភិបាល​ហាក់​មិនសូវ​យកចិត្តទុកដាក់​ដំណោះស្រាយ​នោះ​ទេ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅតែ​បន្ត​ឆ្លងដែន​ដោយ​ខុសច្បាប់​។ លោក​មើល​ឃើញ​ថា បញ្ហា​ចម្បង​គឺ​ដោយសារតែ​ពលរដ្ឋ​មាន​បញ្ហា​ជីវភាព​ខ្វះខាត ខណៈ​ដែល​តម្លៃ​ឯកសារ​ផ្សេងៗ និង​លិខិត​ឆ្លង​ផែន​មាន​តម្លៃ​ខ្ពស់ ហួស​ពី​លទ្ធភាព​របស់​ពលរដ្ឋ៖ «យើង​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​គិតគូរ​ធ្វើ​យ៉ាងណា​បង្កើត​យន្តការ​ឱ្យ​សមស្រប​ណាមួយ​ដើម្បី​ឱ្យ​ពលរដ្ឋ​យើង​ទទួល​បាន​ឯកសារ​ស្របច្បាប់​ដោយ​អាច​ធ្វើ​នៅ​ក្នុង​មូលដ្ឋាន​ខេត្ត ឬ​ស្រុក​អី​ជាដើម​។ ទី២ តម្លៃ​វា​ពាក់ព័ន្ធ​នឹង​តម្លៃ​ការ​ធ្វើ​ឯកសារ​ក៏​មិន​ត្រូវ​ថ្លៃ​ហួសហេតុ​ពេក ហួស​ពី​លទ្ធភាព​ដែល​គាត់​ធ្វើកើត​ ...»។

របាយការណ៍​ក្រសួង​ការងារ ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ ស្របច្បាប់ និង​មិន​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ មាន​ប្រមាណ ១​លាន​១​សែន​នាក់ ប៉ុន្តែ របាយការណ៍​របស់​អង្គការ​សង់ត្រាល់ បាន​ឱ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ​ធ្វើ​ការងារ​ស្របច្បាប់ និង​ខុសច្បាប់ មាន​ជិត​២​លាន​នាក់ ធ្វើការ​នៅ​ប្រទេស​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។