ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង​ធ្វើ​ណែម​សាច់​ត្រី​លក់​រក​ប្រាក់​ដោះស្រាយ​ជីវភាព

ប្រជាពលរដ្ឋ​នៅ​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ជាច្រើន​គ្រួសារ​ចាប់​យក​របរ​ធ្វើ​ណែម​ធ្វើ​ពី​សាច់​ត្រី លក់​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ដោយ​ពុំ​ចាំបាច់​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​។ មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​គាំទ្រ​លើកស្ទួយ​មុខរបរ​នេះ ដោយ​ពង្រីក​ការផលិត​ឱ្យ​មាន​មាត្រដ្ឋាន និង​ទប់ស្កាត់​ទំនិញ​នាំចូល​ពី​បរទេស​ដើម្បី​ផ្ដល់​ឱកាស​ការងារ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍។

មុខរបរ​ធ្វើ​ណែម​ត្រី​ស្រស់ ជា​របរ​មួយ​ពេញនិយម​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ព្រែក​ខ្ពប និង​ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ។ នៅ​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ ពី​ក្រុង​បាត់ដំបង ស្របតាម​បណ្ដោយ​ដងស្ទឹង​សង្កែ នៅ​តាម​ផ្ទះ​នីមួយៗ មាន​ពលរដ្ឋ​ភាគច្រើន​ជា​ស្ត្រី កំពុង​អង្គុយ​វេច​ណែម​ត្រី​ដាក់​ទៅ​ក្នុង​ថង់​ផ្លាស្ទិច​តូចៗ ឬ​ស្លឹកចេក​ទៅតាម​តម្រូវការ​របស់​អតិថិជន​។​

អ្នកធ្វើ​ណែម​ត្រី​ម្នាក់​នៅ ភូមិ​ព្រែក​ខ្ពប ឃុំ​ព្រែក​ខ្ពប លោកស្រី រឹម រី​ណា ប្រាប់​វិទ្យុ​អាស៊ីសេរី​ឱ្យ​ដឹង​ថា លោកស្រី​ចាប់​មុខរបរ​នេះ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​។ លោកស្រី​ឱ្យ​ដឹង​ថា លោកស្រី​ផលិត​ណែម​បាន​ប្រហែល ៤​រយ​គីឡូក្រាម​(៤០០​គីឡូក្រាម​)​ក្នុង​មួយថ្ងៃ និង​ទទួល​បាន​ប្រាក់ចំណេញ​ជាង ៨​ម៉ឺន​រៀល​(៨០,០០០​រៀល​)​។ លោកស្រី រឹម រីណា បញ្ជាក់​ថា ថ្វីបើ​របរ​ធ្វើ​ណែម​នេះ មិនអាច​រក​ចំណូល​បាន​ជា​អ្នកមាន​ក៏ដោយ ប៉ុន្តែ​អាជីព​មួយ​នេះ​បាន​ជួយ​សម្រួល​ដល់​ជីវភាព​របស់​លោក​ស្រី​បាន​មួយ​ចំណែក​ធំ ដោយ​មិន​ចាំបាច់​រក​ការងារ​ធ្វើ​ខាងក្រៅ ឬ​ធ្វើ​ចំណាកស្រុក​ឡើយ​។ មក​ទល់​ពេល​នេះ មុខរបរ​លោកស្រី​មាន​ទីផ្សារ​កាន់តែ​ទូលាយ និង​មាន​អ្នក​កុម្ម៉ង់​ទិញ​ច្រើន​លក់​បោះ​ដុំ​ស្ទើរ​គ្រប់​ខេត្ត។

លោកស្រី រឹម រីណា៖ «ស្រីៗ​យើង​បាន​ការងារ​នេះ​ហើយ បាន​ចាស់ៗ​បានការ​ងារ​ធ្វើ មិនបាន​ទៅណា​ឆ្ងាយ​អាយុ​ច្រើន​ហើយ​ទៅណា​អត់​កើត បាន​ការងារ​នេះឯង»។

តម្លៃ​ណែម​ដែល​លក់​ទៅ​ឱ្យ​អាជីវករ​យក​ទៅ​លក់​បន្ត​មានតម្លៃ ៥​ពាន់​រៀល ចំពោះ​ចង្កោម​តូច និង ៥​ម៉ឺន​រៀល សម្រាប់​ចង្កោម​ធំ​។ ចំណែក​អាជីវករ​ដែល​លើក​យក​ទៅ​លក់​បន្ត​អាច​លក់​បាន​តម្លៃ​គុណ​នឹង​២។

ណែម​ទាំងនោះ ផលិត​ឡើង​ពី​សាច់ ត្រី​រ៉ស់ ត្រី​ឆ្ដោ និង​ត្រី​ត្រសក់ ដែល​វះ​យក​ស្បែក និង​ឆ្អឹង​ចេញ រួច​យក​ទៅ​កិន​ជា​ច្រើនដង​រហូត​ដល់​ស្វិត ដោយ​ផ្សំ​ជាមួយ​គ្រឿងទេស​មាន​ដូចជា រំដេង ម្ទេស​ម៉ត់ អំបិល ស្ករ ជាដើម​។ សាច់​ត្រី​ដែល​កិន​រួច ត្រូវ​វេច​ខ្ចប់​ជាមួយ​ផ្លែ​ម្ទេស និង​ស្លឹក​កន្ទួត​បន្ថែម ហើយ​រុំ​ស្លឹកចេក មុននឹង​ច្រក​ក្នុង​ថង់​ប៉ុន​មេដៃ​មនុស្ស​ចាស់។

ពលរដ្ឋ​អ្នកធ្វើ​ណែម​ម្នាក់ទៀត លោកស្រី ចេន រី ឱ្យ​ដឹង​ថា លោកស្រី​ប្រកបមុខរបរ​នេះ​ជាង ២០​ឆ្នាំ​មក​ហើយ​។ លោកស្រី​ថា ក្នុង​មួយថ្ងៃ លោកស្រី​អាច​ធ្វើ​ណែម​ត្រី​អស់​ប្រមាណ​ពី​៣​រយ​(៣០០) ទៅ​៥​រយ​(៥០០)​គីឡូក្រាម ទៅតាម​ការ​បញ្ជា​ទិញ​របស់​អតិថិជន​។ លោកស្រី ចេន រី បញ្ជាក់​ថា ដើម្បី​ធ្វើ​ណែម​ឱ្យ​ទាន់​តម្រូវការ គាត់​ត្រូវការ​កម្លាំង​ពលកម្ម​ច្រើន ដោយ​ត្រូវ​ជួល​អ្នក​កិន​សាច់​ត្រី អ្នក​វេច​ខ្ចប់ និង​អ្នក​ដឹកជញ្ជូន​ជាដើម​។ លោកស្រី​បន្ថែម​ថា មុខរបរ​មួយ​នេះ​បាន​ផ្ដល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ច្រើន​នាក់​ក្នុង​មូលដ្ឋាន ដោយ​ក្នុង​មួយថ្ងៃ​ពួកគេ​អាច​រកចំណូល​បាន​ពី​ការ​ស៊ីឈ្នួល​វេច​ណែម​ចន្លោះ​ពី ៣​ម៉ឺន ទៅ​៤​ម៉ឺន​រៀល​។ លោកស្រី​ស្នើ​ឱ្យ​អាជ្ញាធរ​ងាក​មក​លើកស្ទួយ​មុខរបរ​នេះ​ដោយ​ជួយ​ស្វែងរក​ទីផ្សារ​បន្ថែម និង​ចងក្រង​ជា​សហគមន៍​ណែម​ត្រី ដើម្បី​ពង្រីក​មុខរបរ​នេះ​ទៅកាន់​ប្រជាពលរដ្ឋ​ឱ្យ​ច្រើន​បន្ថែម​ទៀត។

លោកស្រី ចេន រី «​ប្រជាជន​រស់​ស្រួល​ហើយ ព្រោះ​បាន​មុខរបរ​នេះ​ជាប់​ហ្មង​។ បើ​ថា​មិនបាន​ជាប់​វិញ ប្រហែលជា​ទៅ​ថៃ​ទៅ​អី​អស់ហើយ​មើលទៅ»។

ណែម​ត្រី ជា​ប្រភេទ​អាហារសម្រន់​ម្យ៉ាង​ដែល​អាច​យក​ទៅ​បរិភោគ​ជាមួយ​អាហារ​ដទៃទៀត​ដូចជា​នំ​បញ្ចុក ផ្ទាប់​ជាមួយ​អន្លក់ ឬ​ច្នៃ​ដាក់​នំប៉័ង​ជាមួយ​ទឹកជ្រលក់​ឱ្យ​កាន់តែ​មានឱជារស​។ គេ​អា​ចរក​ទិញ​ណែម​ត្រី​នេះ​បាន នៅ​តាម​ចំណត​រថយន្ត​ក្រុង កាណូត ឬ​តូប​លក់​ផ្លែឈើ ជាពិសេស​នៅ​តាម​តូប​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ចាប់ពី​រង្វង់​មូល​ព្រាបស ក្រុង​បាត់ដំបង ដល់​ឃុំ​អន្លង់​វិល ស្រុក​សង្កែ​។ ណែម​ត្រី​ត្រូវ​បាន​គេ​ចង​ជា​ចង្កោម​មាន​ចំនួន​១​រយ​គ្រាប់​(១០០​គ្រាប់​)​តាម​ទំហំ​គ្រាប់​ណែម។

យ៉ាងណា​សិប្បកម្ម​ផលិត​ណែម​ត្រី​នេះ ភាគច្រើន​នៅ​មាន​លក្ខណៈ​ជា​គ្រួសារ​នៅឡើយ និង​ការ​វេច​ខ្ចប់​មិន​សូវ​មាន​ស្ដង់ដារ ដែល​ជា​ហេតុ​មិន​អាច​ឱ្យ​ផលិតផល​មួយ​នេះ​មាន​លទ្ធភាព​នាំ​ចេញទៅ​ក្រៅ​ប្រទេស​បាន​នៅឡើយ​។ ទន្ទឹម​គ្នា​នេះ ម្ចាស់​សិប្បកម្ម​ណែម​ឱ្យ​ដឹង​ថា មុខរបរ​មួយ​នេះ​នៅ​មិនទាន់​មានការ​ចងក្រង​ជា​សហគមន៍​មួយ​ឱ្យ​ច្បាស់លាស់​នៅឡើយ​នោះ​ទេ។

ជុំវិញ​រឿងនេះ ជំទប់​ទី​២ ឃុំ​ព្រែកខ្ពប លោក ហេង សារឿន ឱ្យ​ដឹង​ថា នៅក្នុង​ឃុំ​ព្រែក​ខ្ពប​មាន​សិប្បកម្ម​ធ្វើ​ណែម​ត្រី​ប្រមាណ​៥០​គ្រួសារ និង​អ្នកស៊ីឈ្នួល​វេច​ខ្ចប់​រាប់​រយ​គ្រួសារ​ឯណោះ​។ លោក​បន្ត​ថា តំបន់​ដែល​សម្បូរ​អ្នកធ្វើ​ណែម ភាគច្រើន​នៅក្នុង​ភូមិ​មួយចំនួន​នៃ​ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ដូចជា​ភូមិ​ព្រែកខ្ពប ភូមិ​ខ្វិត ភូមិ​ព្រែក​ស្នោ ភូមិ​អូរ​កំបុត និង​មាន​ខ្លះ​នៅ​ឃុំ​ពាម​ឯក ឃុំ​ព្រែក​ហ្លួង​និង​ឃុំ​ព្រែក​នរិន្ទ​។ លោក​បន្ថែម​ថា បច្ចុប្បន្ន​នៅក្នុង​ភូមិ​ព្រែក​ខ្ពប​មាន​សហគមន៍​ធ្វើ​ណែម​មួយ​កន្លែង ដែល​នៅ​ទីនោះ​ការផលិត​មាន​អនាម័យ និង​មាត្រដ្ឋាន​ត្រឹមត្រូវ​។ យ៉ាងណា​លោក​មិន​ទាន់​មាន​គម្រោង​ក្នុង​ការ​បង្កើត​សហគមន៍​បន្ថែម​ទៀត​នោះ​ឡើយ។

លោក ហេង សារឿន៖ «ខ្ញុំ​អត់​ទាន់​មាន​គម្រោង​ដែរ​សព្វថ្ងៃ​ហ្នឹង ដោយសារ​ខ្ញុំ​អត់​ទាន់​បាន​ទាក់ទង​ជាមួយ​អ្នក​ខាង​គាត់​ផលិត​ណែម​ហ្នឹង ថា​គាត់​ធ្វើ​អាជីវកម្ម​រាល់ថ្ងៃ​ហ្នឹង លក់ដូរ​មានការ​លក់ដាច់​ជាង​មុន​ឬ​ថយ​ជាង​មុន ខ្ញុំ​មិនដែល​ទំនាក់ទំនង​ដែរ»។

ទាក់ទិន​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ នៅ​ខេត្តបាត់ដំបង លោក យិន ម៉េងលី យល់​ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​លើកស្ទួយ​មុខរបរ​នេះ​ឱ្យ​មាន​តែ​រីកចម្រើន​ដើម្បី​ផ្ដល់​ការងារ​កាន់តែ​ច្រើន​បន្ថែ​ម​ទៀត​ដល់​ប្រជាពលរដ្ឋ​។ លោក​បន្ត​ថា អាជ្ញាធរ​ជំនាញ គួរ​ផ្ដល់​បច្ចេកទេស​ធ្វើ​ណែម​ឱ្យ​មាន​ស្តង់ដារ និង​អនាម័យ ដើម្បី​ពង្រីក​ទីផ្សារ​ឱ្យ​កាន់តែ​ធំ​ទូលាយ​ទៅ​ក្រៅប្រទេស​។ ជាមួយ​គ្នា​នេះ លោក​ជំរុញ​ឱ្យ​មាន​ការទប់ស្កាត់​លំហូរ​ទំនិញ​ពី​បរទេស និង​បង្កើត​ជា​សហគមន៍​ណែម​ត្រី​មួយ​ដើម្បី​ប្រមូលផ្ដុំ​អ្នក​ផលិត និង​ជួយ​គ្នា​ទៅវិញទៅមក​បង្កើន​គុណភាព​ផលិតផល។

លោក យិន ម៉េងលី៖ «អ៊ីចឹង​ទាល់តែ​យើង​រួមគ្នា​ទាំង​អាជ្ញាធរ ទាំង​អ្នកប្រើប្រាស់ អ្នក​ផលិត​ហ្នឹង​គឺ​រួមគ្នា​ដើម្បី​លើកតម្កើង​ផលិតផល​ក្នុងស្រុក​យើង​ហ្នឹង»។

សព្វថ្ងៃ ណែម​ដែល​អ្នកភូមិ​ផលិត​ជា​ប្រភេទ​ណែម​សាច់​ត្រី​មាន ៣​ប្រភេទ គឺ​ណែម​វែង ណែម​ខ្ចៅ​គ្រាប់​តូច និង​គ្រាប់​ធំ​។ ប្រជាពលរដ្ឋ​ដែល​ប្រកបមុខរបរ​មួយ​នេះ​ស្នើ​ដល់​អាជ្ញាធរ ឱ្យជួយ​ពង្រឹង​សហគមន៍​ផលិត​ណែម​បន្ថែម ជាពិសេស​ទៅ​លើក​បច្ចេកទេស និង​ពង្រីក​ទីផ្សារ ដើម្បីឱ្យ​ផលិតផល​ណែម​ខ្មែរ​កាន់តែ​មានឈ្មោះ​ល្បី​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។