ពលរដ្ឋ​នៅ​ខេត្តបាត់ដំបង​នៅ​តែ​បន្ត​ដាំ​ក្រចៅ​ដោះស្រាយ​ជីវភាព

0:00 / 0:00

ប្រជាពលរដ្ឋ​ប្រមាណ ២០គ្រួសារ​នៅ​ឃុំ​ព្រែក​នរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅតែ​បន្ត​ដាំ​ដើម​ក្រចៅ ដើម្បី​កូត​យក​សម្បក​លក់ សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ក្រៅ​ពី​របរ​ធ្វើ​ស្រែ​ចម្ការ។ តែ​ទោះ​ជា​យ៉ាង​ណា​ពួក​គាត់​ថា របរ​នេះ​អាច​នឹង​បាត់បង់ ព្រោះ​ក្រចៅ​មិន​សូវ​មាន​ទីផ្សារ និង​តម្រូវ​ការ​តិច។ មន្រ្តី​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​មាន​ភារកិច្ច​ក្នុង​ការ​រក​ទីផ្សារ​ក្រចៅ​ជូន​ប្រជាពលរដ្ឋ និង​ធ្វើ​យ៉ាង​ណា​ផ្សព្វផ្សាយ​ទៅ​កាន់​មហាជន​ឱ្យ​យល់​ដឹង​ពី​គុណ​តម្លៃ សារៈ​ប្រយោជន៍​នៃ​ផលិតផល​ធម្មជាតិ​មួយ​នេះ។

ក្រចៅ​ជា​រុក្ខជាតិ​មាន​ដើម​ទំហំ​ប៉ុន​ម្រាម​ដៃ ឬ​ធំ​ជាង​នេះ និង​មាន​កម្ពស់​ប្រហែល​ពី ២ម៉ែត្រ​ទៅ ៣ម៉ែត្រ ដុះ​នៅ​លើ​ដី​ទួល​ប៉ប្រះ​ទឹក។ ប្រជាជន​ខ្មែរ​និយម​យក​ក្រចៅ​ទៅ​ធ្វើ​ជា​ខ្សែ​ចង ឬ​វេញ​ជា​ខ្សែ​ពួរ ត្បាញ​អង្រឹង កន្ទេល និង​សំបក​បាវ ព្រោះ​ក្រចៅ​ជា​រុក្ខជាតិ​មាន​សម្បក​ស្វិត។

បើទោះបី​ក្នុង​ពេល​បច្ចុប្បន្ន មាន​ផលិតផល​ច្រើន​ជំនួស​ផលិតផល​ចេញ​ពី​ដំណាំ​មួយ​នេះ​ក្ដី តែ​នៅ​មានប្រជាពលរដ្ឋក្នុងភូមិចំនួន៤ នៃ​ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង បន្ត​ដាំ​ក្រចៅ​កូត​យក​សំបក ឬ​ក្រចៅ​កូត​លក់ បន្ទាប់​បន្សំ​ពី​ការ​ធ្វើ​ស្រែ​ចម្ការ។

ពលរដ្ឋ​នៅ​ភូមិ​បាក់​រទេះ ឃុំព្រែកហ្លួង លោក រិទ្ធិ ស៊ុន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ឱ្យ​ដឹង​នៅ​ថ្ងៃទី៧ កញ្ញា ថា គ្រួសារ​លោក និង​អ្នក​ភូមិ​ក្បែរ​ខាង បន្ត​ដាំ​ដំណាំ​ប្រភេទ​នេះ ព្រោះ​វា​ចំណាយ​ផ្ទៃដី​ដាំ​ដុះ​តិច ងាយស្រួល​ថែទាំ និង​ទទួល​ផល​បាន​ច្រើន​ជាង​ស្រូវ។ លោក​បន្ត​ថា ថ្វី​ដ្បិត​តែ​រុក្ខជាតិ​មួយ​នេះ​អំណោយ​ផល​ក្នុង​ការ​ដាំដុះ​ក៏​ពិត​មែន តែ​លោក​កាត់​បន្ថយ​ដាំ​ដែរ ព្រោះ​មិន​សូវ​មាន​ទីផ្សារ និង​មាន​តម្លៃ​ថោក។ លោក​ថា តម្លៃ​ក្រចៅ​កូត​ស្ងួត បច្ចុប្បន្ន​មាន​តម្លៃ​ត្រឹមតែ ៨.០០០ពាន់​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម ខណៈ​កាល​ពី​អំឡុង ៣ ទៅ ៤ឆ្នាំ​មុន ក្នុង​មួយ​គីឡូក្រាម មាន​តម្លៃ ១ម៉ឺន ២ពាន់​រៀល (១២.០០០រៀល)៖ « បើ​មាន​គេ​ទិញ​ជាប់លាប់ ខ្ញុំ​ចាប់​ផ្ដើម ( ដាំ ) វិញ​ហើយ។ អ្នក​ខ្លះ​នៅ​ខាង​លើៗ នោះ ( ភូមិ​ផ្សេង ) គេ​កូត​លក់​បន្តិចបន្តួច »

ពលរដ្ឋ​នៅ​ភូមិ​ព្រែក​ត្រប់ លោកស្រី ឌុក ភឿក ឱ្យដឹងថា លោកស្រី​ចាប់​ផ្ដើម​ដាំ​ក្រចៅ​នៅ​ខែឧសភា និង​ប្រមូល​ផល​នៅ​ខែកញ្ញា។ លោក​ឱ្យ​ដឹង​ថា ក្រចៅ​មាន​ពីរ​ប្រភេទ គឺ​ក្រចៅ​បោក​ប្រើ​សម្រាប់​ត្បាញ​ធ្វើ​បាវ និង​ក្រចៅ​កូត សម្រាប់​ធ្វើ​ខ្សែ​ព្រាល ត្បាញ​កន្ទេល និង​វេញ​ជា​ខ្សែ​ចំណង​ផ្សេងៗ។ លោកស្រី​បន្ត​ថា កាល​ពី​មុន​នៅ​ទីនោះ គេ​និយម​ដាំ​តែ​ក្រចៅ​បោក​តែ​ប៉ុណ្ណោះ ដោយសារ​វា​មាន​ទីផ្សារ និង​មាន​តម្លៃ​ថ្លៃ ប៉ុន្តែ​ចាប់​តាំង​ពី​រោងចក្រ​ក្រចៅ​នៅ​ភូមិ​ព្រែក​តា​ច្រែង បាន​បិទ​ទ្វារ​លែង​ដំណើរ​ការ​ជាង ២០ឆ្នាំ​មក​នេះ អ្នក​ស្រុក​ឈប់​ដាំ​ក្រចៅ​បោក តែ​នៅ​មាន​អ្នក​ស្រុក​មួយ​ចំនួន​តូច​បាន​ងាក​មក​ដាំ​ក្រចៅ​កូត​ជំនួស​វិញ។ លោកស្រី​ឱ្យ​ដឹង​ថា សព្វថ្ងៃ​នៅ​សល់​តែ​អ្នក​ដាំ​ក្រចៅ​កូត​តិចតួច​ប៉ុណ្ណោះ ព្រោះ​ក្រចៅ​ប្រភេទ​នេះ​មិន​សូវ​មាន​ទីផ្សារ និង​តម្លៃ​ថ្លៃ ដូច​ក្រចៅ​បោក​ទេ៖ « ( កាល​មុន ) ឱ្យ​តែ​តាម​វាល​គេ​ដាំ​តែ​ទាំង​អស់ មើល​ឃើញ​សុទ្ធតែ​ក្រចៅ។ ( ឥឡូវ ) តិច​ហ្នឹង​ដោយសារ​គេ​កូត​លក់ គេ​ទិញ​យក​ទៅ​កូត​លក់​ហ្នឹង »

រោងចក្រ​ក្រចៅ​ដូនទាវ​មាន​ទីតាំង​នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំព្រែក​នរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង រោងចក្រ​នេះ​បាន​ផ្អាក​ដំណើរ​ប្រមាណ​ជាំង ២០ឆ្នាំ​មក​ហើយ។ ចាប់​តាំង​ពេល​បិទ​រោងចក្រ​មក ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​ដាំ​ក្រចៅ លក់​ជា​ធម្មតា​លុះ តែ​ចូល​ដល់​ឆ្នាំ២០០០ ការ​ដាំដុះ​កាន់តែ​ធ្លាក់​ចុះ។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​នៅ​ភូមិ​ព្រែក​ត្រប់ ឃុំព្រែកនរិន្ទ ស្រុក​ឯកភ្នំ កញ្ញា យឿន បុរី ឱ្យ​ដឹង​ថា កញ្ញា​បន្ត​ដាំ​ក្រចៅ ព្រោះ​ដំណាំ​មួយ​នេះ​ងាយ​ស្រួល​ដាំ ថែទាំ និង​ចំណាយ​ថ្លៃ​ដើម​តិច។ កញ្ញា​បន្ត​ថា កាល​ពី​មុន អ្នក​ស្រុក​ដាំ​ក្រចៅ​ច្រើន ធ្វើ​ឱ្យ​តំបន់​លិច​ទឹក​មួយ​នេះ ក្លាយ​ជា​វាល​ស្រែ​ក្រចៅ តែ​បច្ចុប្បន្ន មិន​សូវ​មាន​អ្នក​ដាំ​ដូច​មុន​ឡើយ ព្រោះ​តម្រូវ​ការ​ធ្លាក់​ចុះ ដោយសារ​ការ​បិទ​ដំណើរ​ការ​រោងចក្រ​ក្រចៅ​សម្រាប់​ផលិត​សម្បក​បាវ។ កញ្ញា​ថា ដើម្បី​ប្រមូល​ផល​បាន គេ​ត្រូវ​កាប់​ក្រចៅ​យក​មក​ត្រាំ​ទឹក​ឱ្យ​រលួយ​ប្រហែល​មួយ​សប្ដាហ៍ រួច​យក​មក​បក ហើយ​ឆ្កូត​សម្បក និង​ហាល​ឱ្យ​ស្ងួត​ល្អ។ កញ្ញា​លើក​ឡើង​ថា បច្ចុប្បន្ន ក្រចៅ​មាន​តម្លៃ​ល្អ​គួរសម ដែល​អាច​ជួយ​ផ្គត់ផ្គង់​ជីវភាព​បាន បន្ទាប់​ពី​មុខ​របរ​ស្រែ​ចម្ការ៖ «បើ​និយាយ​ពី​ទីផ្សារ​ទូលាយ​ខ្ញុំ​ក៏​មិន​សូវ​ដឹង​ដែរ មាន​ទីផ្សារ តែ​វា​អត់​ទៀង។ អត់​ពិបាក​ទេ ក្រចៅ​ស្រួល ( ដាំ ) ជាង​គេ។ អត់​ពិបាក​បាញ់​ថ្នាំ និង​ដក​ស្មៅ ដូច​ពោត​ទេ។ ក្រចៅ​មិន​បាច់​ខ្វល់ ព្រោះ​ចោល​ហើយ រួច​ហើយ ចិត្ត​ល្អ​បូម​ទឹក​ដាក់​ឱ្យ​តែ​ម្ដង​ទៅ​បាន​ហើយ»។

របាយការណ៍​ក្រុម​ប្រឹក្សា​ស្រុក​ឯកភ្នំ បង្ហាញ​ថា ផ្ទៃដី​ដាំ​ក្រចៅ​ក្នុង​ស្រុក មាន​ចំនួន​ប្រមាណ ១ម៉ឺន ៤ពាន់​ហិកតារ ជា​ដី​របស់​ប្រជាពលរដ្ឋ​ចំនួន ៤ឃុំ គឺ ឃុំព្រែកនរិន្ទ ឃុំព្រែកលួង ឃុំពាមឯក និង ឃុំ​ព្រែកខ្ពប ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ ក្នុង​នោះ​ឃុំ ដែល​មាន​ផ្ទៃដី​ដាំ​ក្រចៅ​ច្រើន​ជាង​គេ គឺ​ឃុំ ព្រែក​នរិន្ទ ឃុំ​ព្រែក​ហ្លួង។

ទាក់ទិន​នឹង​រឿង​នេះ ជំទប់​ទី២ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯកភ្នំ លោក សុខ សុភក្តិ ឱ្យ​ដឹង​ថា ពលរដ្ឋ​ភាគ​ច្រើន​បោះបង់​របរ​ដាំ​ក្រចៅ​នេះ ដោយសារ​រោងចក្រ​ក្រចៅ​បិទ​ដំណើរ​ការ កាល​ពី​ជាង ២០ឆ្នាំ​មុន និង​ម្យ៉ាង​ទៀត​ដោយសារ​ការ​ប្រើប្រាស់ ស្បោង​ការុង និង​ប្លាស្ទិក​កើន​ឡើង និង​មាន​តម្លៃ​ថោក​ជា​បាវ​ធ្វើ​ពី​ក្រចៅ។ លោក​បញ្ជាក់​ថា ក្រោយ​ពី​រោងចក្រ​ផលិត​បាវ​ក្រចៅ​នៅ​ភូមិ​ព្រែក​តា​ច្រែង បិទ​ដំណើរ​ការ​មក តម្រូវ​ការ​ក្រចៅ បាន​ធ្លាក់​ចុះ​ខ្លាំង ធ្វើ​ឱ្យ​កសិករ​ប្ដូរ​មក​ដាំ​ស្រូវ និង​ដំណាំ​ចម្ការ​វិញ​ម្ដង។ លោក​បន្ត​ថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​ក្នុង​ឃុំ​ព្រែក​នរិន្ទ​ប្រមាណ​ជាង ២០គ្រួសារ​ប៉ុណ្ណោះ ដែល​នៅ​បន្ត​ដាំ​ក្រចៅ​នេះ ទន្ទឹម​គ្នា​នេះ​ដែរ អាជ្ញាធរ​ក៏​មិន​ទាន់​មាន​ផែនការ ដើម្បី​សិក្សា និង​បង្កើត​កម្មវិធី​បង្រៀន​ដល់​ពលរដ្ឋ ពី​បច្ចេកទេស​ច្នៃ​ប្រឌិត​ផលិត​សម្ភារៈ​ពី​ក្រចៅ​នៅ​ឡើយ៖ «ក្រចៅ​ស្រួល ( ដាំ ) បំផុត​ហ្នឹង ប្រសិនបើ​រដ្ឋ​ឆ្លាតវៃ ធ្វើ​រោងចក្រ​ក្រចៅ​សារ​ថ្មី​ទៅ ហើយ​ប្រកាស​ទិញ​ក្រចៅ​ឆ្នាំ​នេះ ពលរដ្ឋ​ចាប់​ផ្ដើម​ដាំ​ឡើង​វិញ ការងារ​រោងចក្រ​ក៏​បាន ផ្ទៃដី ក៏​មិន​ទុក​ទំនេរ សេដ្ឋកិច្ច​ក៏​លូតលាស់។ ប្រសិនបើ​រដ្ឋ​ឈ្លាសវៃ"

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្តបាត់ដំបង លោក យិន ម៉េងលី មើល​ឃើញ​ថា ការ​ដាំដុះ​ក្រចៅ​កាន់​តែ​មាន​ចំនួន​តិច​ទៅៗ ដោយសារ​តែ​តម្រូវ​ការ​ក្នុង​ទីផ្សារ​ថយ​ចុះ។ លោក​បន្ត​ថា ជំនួស​ឱ្យ​បាវ​ក្រចៅ ដែល​ត្រូវ​ការ​ពេល​ដាំ និង​យក​មក​ផលិត ប្រជាជន​ភាគ​ច្រើន​ជ្រើសរើស​ប្រើ​បាវ ឬ​ការុង ប្លាស្ទិក ព្រោះ​ងាយ​ស្រួល​រក​ទិញ និង​ប្រើប្រាស់។ ទោះ​យ៉ាង​ណា លោក​លើក​ឡើង​ថា រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ មាន​ភារកិច្ច​ក្នុង​ការ​រក​ទីផ្សារ​ក្រចៅ​ជូន​ប្រជាពលរដ្ឋ និង​ធ្វើ​យ៉ាង​ណា​ផ្សព្វផ្សាយ​ទៅ​កាន់​មហាជន​ឱ្យ​យល់​ដឹង​ពី​គុណ​តម្លៃ សារៈ​ប្រយោជន៍​នៃ​ផលិតផល​ធម្មជាតិ​មួយ​នេះ៖ « ផ្នែក​កសិកម្ម ក៏​ត្រូវ​តែ​ជួយ​ដែរ អំពី​ផ្នែក​បច្ចេកទេស​ក្នុង​ការ​ដាំ​វា​ធ្វើ​ម៉េច ដើម្បី​ឱ្យ​វា​មាន​ការ​ប្រកួតប្រជែង​ទៅ​លើ​តម្លៃ និង​គុណភាព​នៅ​លើ​ទីផ្សារ​ដែរ។ ពីព្រោះ​តម្លៃ និង​គុណភាព​វា​ជា​កត្តា​សំខាន់​ដែរ​សម្រាប់​អ្នក​ប្រើប្រាស់ »

ក្រចៅ​ដែល​គេ​តែងតែ​ហៅ​ថា សរសៃ​ពណ៌​មាស គឺ​ជា​ប្រភេទ​រុក្ខជាតិ ដែល​មាន​សរសៃ​វែង ជា​វត្ថុធាតុ​ដើម​ប្រើប្រាស់​ក្នុង​ផលិតកម្ម​ឧស្សាហកម្ម​ផ្សេងៗ ដូចជា បាវ​ក្រចៅ និង​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​មួយ​ចំនួន។ ដំណាំ​នេះ​មាន​ដាំ​នៅ​លើ​ទឹក​ដី​កម្ពុជា​តាំង​ពី​ឆ្នាំ ១៩៦០ មក​ម្ល៉េះ។ ប៉ុន្តែ​ក្រោយ​មក ឧស្សាហកម្ម​ក្រចៅ​នៅ​កម្ពុជា​បាន​ផ្អាក​ដំណើរ​ការ ធ្វើ​ឱ្យ​កសិករ​មួយ​ចំនួន​ធំ ងាក​មក​ដាំ​ស្រូវ និង​ដំណាំ​ចម្ការ​ជំនួស​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។