ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ធ្វើតំណាប់ពីផ្លែឈើ និងរុក្ខជាតិ ដោយឆ្លាក់ជារូបផ្កាភ្ញីដ៏ស្រស់ស្អាត ហើយយកទៅស្ងោរក្នុងឆ្នាំងស្ពាន់ ដែលពួកគាត់ហៅថា «តំណាប់ឆ្នាំងស្ពាន់» ។ ថ្វីបើការធ្វើតំណាប់ឆ្នាំងស្ពាន់ មានភាពលំបាក និងចំណាយពេលច្រើន ក៏តំណាប់នេះ ហាក់ពុំសូវមានពលរដ្ឋស្គាល់ និងមានទីផ្សារឡើយ។
តំណាប់មួយប្រភេទ ដែលមានក្លិនឈ្ងុយ និងរសជាតិផ្អែម ធ្វើឡើងអំពីផ្លែឈើ និងរុក្ខជាតិ ដោយមានការឆ្លាក់ជាក្បាច់រចនា ដូចជាផ្កាឈូកកំពុងរីក និងស្ងោរនៅក្នុងឆ្នាំងស្ពាន់ ត្រូវបានអ្នកភូមិហៅថា «តំណាប់ឆ្នាំងស្ពាន់»។
តំណាប់នេះ មានលក្ខណៈពិសេសខុសប្លែកពីតំណាប់ដទៃទៀត វា ធ្វើឡើងពីផ្លែឈើ និងរុក្ខជាតិ ដែលមានរសជាតិល្វីងដូចជា វល្លិបណ្ដូលពេជ្រ ផ្លែក្រូចសើច ផ្លែបាស ផ្លែល្ហុង និងផ្លែត្រឡាចជាដើម ក៏ប៉ុន្តែពលរដ្ឋ អាចកែច្នៃ ឲ្យទៅជាតំណាប់ ដែលមានរសជាតិផ្អែម និងមានក្លិនឈ្ងុយ ថែមទាំងមានសម្រស់ស្រស់ស្អាត។
ទម្រាំតែបានអាចផលិតបានតំណាប់មួយប្រភេទនេះ អ្នកភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានជ្រើសយករុក្ខជាតិ និងផ្លែឈើ ដែលមានភាពមិនខ្ចីពេក និងចាស់ពេក ពីការដាំជុំវិញផ្ទះ និងទិញពីអ្នកក្នុងភូមិ ដោយយកវត្ថុធាតុដើមដូចជា ល្ហុង ទៅចិតសំបក រួចកាត់ជាកង់ៗ ចំណែកវល្លិបណ្ដូលពេជ្រ និងក្រូចសើច ត្រូវដកបណ្ដូល និងឆ្កឹះសាច់ខាងក្នុងចេញ។ បន្ទាប់មក អ្នកភូមិ ជ្រើសយកល្ហុង ដែលមានពណ៌ស និងពណ៌ក្រហមស្រាល មកឆ្លាក់ចេញជាផ្កាផ្សេងៗ ប្រៀបដូចជាផ្កាឈូកកំពុងរីកជាដើម ហើយការចាក់នេះ ពួកគាត់ក៏ត្រូវមានការផ្ចិតផ្ចង់ម្ដងមួយស្រទាប់ៗផងដែរ ព្រោះអាចធ្វើឲ្យមុតដៃនឹងក្រចកចាក់ផ្កា។ បន្ទាប់ពីនេះ អ្នកភូមិយក វត្ថុធាតុដើមទាំងអស់នេះ ទៅដាក់ត្រាំក្នុងទឹកកំបោរ។ បន្ទាប់មកទៀត ពួកគាត់ស្រង់វត្ថុធាតុដើមម្ដងមួយមុខៗ ទៅស្ងោរក្នុងឆ្នាំងស្ពាន់ ក្នុងរយៈពេលប្រមាណ២ម៉ោង ។ បន្ទាប់ពីនេះទៀត អ្នកភូមិ យកវត្ថុធាតុដើមទាំងនេះ ទៅត្រាំទឹកឲ្យត្រជាក់ ដើម្បីជម្រះជាតិជូរ ហើយពួកគាត់ ផ្លាស់ប្ដូរទឹកជាច្រើនដង មុនពេលយកទៅឆឹងជាមួយស្ករ។
ពលរដ្ឋរស់នៅភូមិគងនយ សង្កាត់គងនយ លោកស្រី គឹម ស្រៀង ក្នុងពេលដៃម្ខាងកំពុងកាន់ល្ហុង ដៃម្ខាងកាន់ក្រចកចាក់ក្បាច់ផ្កា ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រីធំឡើងក្នុងគ្រួសារ ធ្វើតំណាប់ឆ្នាំងស្ពាន់ ហើយលោកស្រី ចាប់យករបរបន្តពីម្ដាយនេះ អស់រយៈពេលជាង៣០ឆ្នាំមកហើយ ដោយឆ្លៀតពេលបន្ទាប់ពីការងារស្រែចម្ការរួច ។ លោកស្រី ឲ្យដឹងថា តំណាប់ឆ្នាំងស្ពាន់ ពេញនិយមតែ២រដូវកាលតែប៉ុណ្ណោះ ក្នុងមួយឆ្នាំ គឺនៅរដូវបុណ្យកឋិន និងរដូវបុណ្យភ្ជុំបិណ្ឌ។
លោកស្រី គឹម ស្រៀង៖«អ្នកខ្លះ ចូលចិត្តកុម្ម៉ង់បណ្ដូលពេជ្រ និងផ្លែបាស ភាគច្រើនពីរមុខហ្នឹង គឺញាំទៅឆ្ងាញ់ដូចគ្នា បើក្រូចសើចបានសម្រាប់តែចាស់ៗទេ ព្រោះចាស់ៗដូចថា គេដឹងថា ហូបទៅជាជំងឺផ្ដាសាយ ជួយបន្ធូរច្រមុះពេលផ្ដាសាយ ។ ចាស់ៗចូលចិត្តញាំក្រូចសើច វាកាត់បន្ថយផ្ដាសាយ»។
អ្នកធ្វើតំណាប់ឆ្នាំងស្ពាន់ម្នាក់ទៀត គឺលោក សាញ់ សុខអេម ដែលជាម្ចាស់ទំព័រហ្វេសប៊ុក (Facebook Page) តំ ណាប់ និងព្រីងខ្មែរ ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា តំណាប់ឆ្នាំងស្ពាន់ ពុំអាចប្រើឆ្នាំងផ្សេងជំនួសបានឡើយ ។ ត្រង់ចំណុចនេះ លោក អះអាងពីលក្ខណៈពិសេសរបស់ឆ្នាំងស្ពាន់ថា អាចជួយរក្សាពណ៌របស់ផ្លែឈើ និងរុក្ខជាតិ ឲ្យវិលទៅរកពណ៌ដើមវិញ ក្រោយត្រាំទឹកកំបោរ។
លោក សាញ់ សុខអេម៖«មុនដំបូងវាអត់ដូចពណ៌ដើមទេ ដោយសារយើងត្រាំទឹកកំបោរ ទឹកអំបិលបន្តិចបន្តួចអីចឹង ហើយវាចេញពណ៌ផ្សេងទេ រាងក្រហម ប៉ុន្តែបើស្រង់ដាក់ក្នុងឆ្នាំងស្ពាន់ គឺពណ៌ធម្មជាតិទាំងអស់ ហើយខុសពីឆ្នាំងស្ពាន់ គឺមិនមានពណ៌ធម្មជាតិទេ ។ បើសិនជាយកឆ្នាំងដាំបាយយកទៅស្ងោរ ខ្ញុំធ្លាប់មានបទពិសោធន៍ ដូចយើងស្លសម្លកកូរអ៊ីចឹង»។
បច្ចុប្បន្នពលរដ្ឋខ្លះ បានគិតគូរពីបញ្ហាសុខភាព ដូចជាបញ្ហាជំងឺទឹកនោមផ្អែមជាដើម ខណៈតំណាប់ឆ្នាំងស្ពាន់ មានរសជាតិផ្អែម ប៉ុន្តែអ្នកធ្វើតំណាប់នេះ អះអាងថា ពួកគាត់ អាចបន្ថយកម្រិតស្ករ បានតាមការចង់បានរបស់អ្នកទិញ ។ តំណាប់ឆ្នាំងស្ពាន់ ក្នុងទម្ងន់១គីឡូក្រាម មានតម្លៃចន្លោះ ពី៣ម៉ឺន ៥ពាន់រៀល ដល់៤ម៉ឺនរៀល។
ពលរដ្ឋអះអាងថា កាលពីដើមឡើយ ចាស់ទុំពីបុរាណ តែងធ្វើតំណាប់ប្រភេទនេះ ដើម្បីយកទៅថ្វាយព្រះមហាក្សត្រ និងមន្ត្រីជាន់ខ្ពស់ ប៉ុន្តែបច្ចុប្បន្ន អាហារមួយប្រភេទនេះ ហាក់ពុំសូវមានពលរដ្ឋស្គាល់ និងទទួលទានជាប្រចាំឡើយ។ ការណ៍នេះ ក៏បណ្ដាលឲ្យតំណាប់ឆ្នាំងស្ពាន់ខ្វះទីផ្សារសម្រាប់លក់ផងដែរ ។
លោក សាញ់ សុខអេម ឲ្យដឹងដែរថា ក្នុងតំបន់របស់លោក មានពលរដ្ឋប្រមាណ១០គ្រួសារ កំពុងប្រកបរបរជាអ្នកធ្វើតំណាប់ឆ្នាំងស្ពាន់ ហើយនៅពេល លក់ពុំដាច់ដូច្នេះ បានប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ។ លោក ទទូចដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមគាំទ្រតំណាប់ឆ្នាំងស្ពាន់ ដើម្បីលើកទឹកចិត្តដល់អ្នកផលិត ខណៈលោកអះអាងថា មានពលរដ្ឋតិចតួចប៉ុណ្ណោះ កំពុងប្រកបរបរនេះ។
លោក សាញ់ សុខអេម៖«ចុងក្រោយខ្ញុំសូមឲ្យពុក ម៉ែ បងប្អូន ជួយគាំទ្រតំណាប់ហ្នឹងផង ព្រោះតំណាប់ហ្នឹងវាពិបាកធ្វើ ហើយវាបានជួយថែរក្សាតំណាប់កេរ្តិ៍ពីដូនតា ហើយដើម្បីឲ្យក្មេងៗ ជំនាន់ក្រោយបានស្គាល់ ព្រោះតែស្ទើរតែបាត់បង់ទៅហើយ និយាយរួមអ្នកភូមិខ្លះ គឺឈប់ធ្វើរបរនេះ ហើយនៅឆ្នាំនេះ ។ ខ្ញុំចង់ឲ្យមានការគាំទ្រទៅ ឲ្យគាត់មានកម្លាំងចិត្តធ្វើដើម្បីរក្សាឲ្យក្មេងៗជំនាន់ក្រោយបានដឹង បើសិនជាអស់ពីគាត់ទៅគឺ ចប់ហើយ»។
ទាក់ទងនឹងបញ្ហានេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធគួរតែជួយស្វែងរកទីផ្សារផលិតផល ជូនដល់ពលរដ្ឋ ស្របតាមគោលនយោបាយ អភិវឌ្ឍន៍ប្រកបដោយបរិយាបន្នរបស់រដ្ឋាភិបាល។
លោក វន់ ពៅ៖ «តាមពិតតួនាទីរបស់អាជ្ញាធររដ្ឋ គួរតែគិតគូរពីពួកគាត់ពីព្រោះគោលនយោបាយរដ្ឋបានសរសេរថា ការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន ដែលមិនទុកនរណាម្នាក់ចោល បើសិនជាទុកពួកគាត់មិនខ្វាយខ្វល់ពីទីផ្សារនៃការលក់ផលិតផលរបស់ពួកគាត់ មានន័យថា គឺមិនអនុវត្តតាមគោលការណ៍ ។ អីចឹងរដ្ឋាភិបាល គួរតែគិតគូរអំពីទីផ្សាររបស់ពួកគាត់ដើម្បីឲ្យពួកគាត់មានប្រាក់ចំណូលថេរ ដោយកុំឲ្យពួកគាត់មានប្រាក់ចំណូលតាមរដូវកាល មិនអាចចិញ្ចឹមជីវភាពប្រកបមុខរបរ អត់អាចចិញ្ចឹមជីវិតបានទេ អីចឹងរដ្ឋត្រូវគិតគូរទាំងអស់ហ្នឹងឡើងវិញ»។
ក្រៅពីធ្វើជាបង្អែមសម្រាប់បរិភោគ តំណាប់ឆ្នាំងស្ពាន់ ក៏ត្រូវបានពលរដ្ឋខ្លះ ចាត់ទុកជាឱសថផងដែរ ព្រោះពួកគាត់អះអាងថា រុក្ខជាតិ និងផ្លែឈើ ដូចជា វល្លិបណ្ដូលពេជ្រ ផ្លែបាស និងក្រូចសើចជាដើម សុទ្ធតែជាឱសថធម្មជាតិ ដែលពួកគាត់ប្រើប្រាស់សម្រាប់ព្យាបាលជំងឺក្ដៅក្នុងជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។