កសិករ​ស្រូវប្រាំង​នៅ​ខេត្ត​បន្ទាយមានជ័យ​គ្មាន​ទឹក​ធ្វើស្រែ​ក្រោយ​រាំងស្ងួត

ប្រជា​កសិករ​នៅ​ខេត្ត​បន្ទាយមានជ័យ ត្អូញត្អែរ​ពី​បញ្ហា​គ្មាន​ទឹក​ធ្វើស្រែ​ប្រាំង។ ការ​ត្អូញត្អែរ​នេះ​កើត​ឡើង​បន្ទាប់ពី​ស្រូវប្រាំង​រាប់ពាន់​ហិកតារ នៅ​ឃុំ​មួយចំនួន ក្នុង​ស្រុក​មង្គល​បូរី កំពុង​ប្រឈម​ការ​ខូចខាត​ដោយសារ​គ្រោះ​រាំងស្ងួត​ជាង​មួយ​ខែ​នេះ ។ សង្គម​ស៊ីវិល យល់​ឃើញ​ថា កសិករ​អាច​ប្រឈម​ជីវភាព​លំបាក​ក្រោយពី​ជួប​គ្រោះ​រាំងស្ងួត ងាប់​ស្រូវ និង​កាន់តែ​ជំពាក់​បំណុល​គេ​ច្រើន។

ប្រជាកសិករ​នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ សោកស្តាយ​ចំពោះ​ស្រូវប្រាំង​របស់​ពួកគាត់ ជួប​គ្រោះ​រាំងស្ងួត បណ្តាល​ឱ្យ​ស្រូវ​ងាប់​រាប់ពាន់​ហិត​តារ។

ប្រជាកសិករ​នៅ​ឃុំ​សឿ លោកស្រី ចក់ ម៉ៅ ប្រាប់​វិទ្យុ​អាស៊ីសេរី ថ្ងៃ​៣០ មិថុនា​នេះ​ថា ស្រូវប្រាំង​ខ្ទង់ពាន់​ហិកតារ នៅ​ឃុំ​សឿ និង​ឃុំ​ផ្សេងទៀត នៃ​ស្រុក​មង្គលបូរី កំពុង​ក្រៀម​ស្វិត ដោយសារ​គ្មាន​ភ្លៀង​ធ្លាក់ និង​គ្មាន​ប្រព័ន្ធ​ទឹក​សម្រាប់​ស្រោច​រយៈពេល​ជាង ១​ខែ​មក​ហើយ ។ កសិករ​រូប​នេះ លើកឡើង​ថា គ្រួសារ​លោកស្រី​បាន​ធ្វើ​ស្រែប្រាំង​៦​ហិកតារ ប៉ុន្តែ​ពេលនេះ​ស្រូវប្រាំង​របស់​ពួកគាត់ ប្រឈម​ការខូចខាត​ទាំងស្រុង ប្រសិនបើ​គ្មាន​ភ្លៀង​ធ្លាក់ និង​គ្មាន​ប្រព័ន្ធ​ទឹក​បញ្ចូល​ស្រែ​ទៀត​នោះ ។ លោកស្រី​បន្ត​ថា ឆ្នាំនេះ​គ្រួសារ​របស់​លោក​ស្រី និង​អ្នកភូមិ​នឹង​ជួប​ការ​លំបាក​ខ្លាំង ព្រោះស្រូវ​ខូចខាត​ច្រើន ទំនិញ​ក៏​ថ្លៃ​ទៀត ហើយ​អាច​មាន​សមាជិកគ្រួសារ និង​អ្នក​ភូមិ​ធ្វើ​ចំណាកស្រុក​កាន់តែ​ច្រើន​ទៀត៖ «រាំង​ទាំងអស់​តែ​គ្នា ប៉ុន្តែ​ខាង​នេះ​រាំង​ខ្លាំង​ជាងគេ​ទៀត បើ​ខាង​ឯណោះ​អី​រាង​គ្រាន់ បើ​សឿ ចំណោម​អត់​ភ្លៀង​សោះ ឡើង​ងាប់​អស់ហើយ​ស្រូវ វាល​លិច​អស់ហើយ បើ​នៅ​មាត់​ព្រែក​គ្រាន់ គេ​បាន​ទឹក ។ ភូមិ​នេះ​ងាប់​អស់ហើយ ឯនេះ​អត់​មាន​ទឹក​មកដល់​ផង ពុង​នាំគ្នា​សែន​ស្អី​ទេ ពុង​សែន​ពុង​អី​ឯ​វត្ត ឡើង​ក្បាល​ជ្រូក​ក្បាល​អីហ្នឹង ពុង​ទៅ​កាច់​បាយសី កាច់​អី​សុំ​ទឹកភ្លៀង ។ ព្រួស​ពី​ដើម​មក​វា​ភ្លៀង​ដល់ពេល​វា​រាំង​ពី​មក​ចង់​១​ខែ ២​ខែ​ហើយ ។ វាល​ឯកើត អូរ​សឿ​អី​ងាប់​អស់ហើយ ដល់​ពេល​ដែរ អា​វាល​ឯលិច​ក៏​ងាប់ ជំនីក​ក៏​ងាប់ អា​វាល​ខ្ទម​បាក់​ហើយ​និង​អា​ជួរ​ថ្នល់​ថ្មី​ក៏​ងាប់​ទាំងអស់​គ្មាន​រស់​ទេ»។

​លោកស្រី ចក់ ម៉ៅ អំពាវនាវ​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ រក​ដំណោះស្រាយ ជួយ​ដល់​លោកស្រី និង​ប្រជាកសិករ​ស្រុក​មង្គលបុរី​ពី​បញ្ហា​នេះ។

ចំណែក​ប្រជាកសិករ​ម្នាក់ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​អាស៊ីសេរី​ថា ស្រុក​មង្គលបុរី​រាំងស្ងួត​ខ្លាំង ស្រូវ​ស្លោក អាច​និង​ប្រឈម​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ។ លោក​បញ្ជាក់​ថា ឆ្នាំនេះ​លោក​នឹង​ខាត់​បង់​ច្រើន ព្រោះ​ធ្វើ​ស្រូវប្រាំង​ដី​ខ្លួនឯង ៣​ហិកតារ ហើយ​ជួល​ស្រែ​គេ ២០ហិកតារ​ទៀត ប៉ុន្តែ​លោក​គ្មាន​ទឹក​សំរាប់​ធ្វើ​ស្រែប្រាំង​ឡើយ៖ «ប្រព័ន្ធ​ធារាសាស្ត្រ​យើង​មាន​ដែរ ប៉ុន្តែ​យើង​អត់​មាន​អា​ប្រព័ន្ធ​ទឹក​ស្តុក អ៊ីចឹង​អត់​មាន​អា​ប្រព័ន្ធ​ទឹក​ស្តុក ។ ប្រព័ន្ធ​អ៊ីចឹង​កាលណា​ទឹកភ្លៀង​ពីលើ​មេឃ​មិន​មាន​មក ទឹក​ក៏​វា​អត់​មាន​ជំនន់​ពី​ក្បាល​ស្ទឹង​ទេ អ៊ីចឹង​ធ្វើ​ឱ្យ​វា​អត់​មាន​ទឹក​បូម​ទេ ។ កាលណា​ភ្លៀង​ជ្រុំ​ទៅ​ទឹកជំនន់​ពីលើ​មក ពី​ខាង​ប៉ៃលិន ខាង​ណោះ​គេ​ថា ដើម​ទឹក ដល់ពេល​ទឹក​មក វា​មក​តាម​ប្រឡាយ​ប្រព័ន្ធ​ហ្នឹង ឱ្យ​យើង​បូម​តាម​ប្រឡាយ​ហ្នឹង មេឃ​អត់​រាំង ដល់ពេល​ប្រព័ន្ធ​ទឹក​អត់​មាន អត់​មាន​ទឹក​បូម​ទេ ។ បាទៗ​ៗ នៅ​ប្រទេស​ថៃ​គេ នៅ​ប្រទេស​គេ​មាន​អាង​ស្តុក​ទឹក​រាប់​រយ​រាប់ពាន់​កន្លែង​អ៊ីចឹង​ទៅ គេ​អាច​ទម្លាក់ ឱ្យ​នៅ​ពេល​គេ​រាំង​អ៊ីចឹង គេ​ទម្លាក់​អា​ទឹក​គេ​ស្តុក ទម្លាក់​មក​តាម​ប្រព័ន្ធ​ប្រេង​អ៊ីចឹង​ទៅ យើង​បាន​ទឹក​ហ្នឹងឯង​បូម​ដាក់​ស្រែ​នៅ​ខាង​ថៃ ។ តែ​ស្រុក​ខ្មែរ​យើង វា​អត់​មាន​ទេ»។

ទាក់ទង​នឹង​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧ​ត្តុ​និយម​ខេត្តបន្ទាយមានជ័យ បានទេ ដោយ​ទូរ​សព្ទ​ចូល​តែ​មិន​មាន​អ្នកទទួល ។ ប៉ុន្តែ​អភិបាលស្រុក​មង្គល​បូរី លោក រ័ត្ន ដា​ស៊ី​ណង់ ប្រាប់​វិទ្យុ​វីអូឌី​ថា ស្រូវប្រាំង​របស់​កសិករ​ពិតជា​ក្រៀម​ស្វិត​ដោយសារ​គ្រោះ​រាំងស្ងួត​មែន ប៉ុន្តែ​លោក​មិន​ទាន់​ទទួល​របាយការណ៍​ជាក់លាក់​នូវ​ចំនួន​ស្រូវ​ដែល​ប្រឈម​ការ​ខូចខាត ថា​មាន​ប៉ុន្មាន​ហិកតារ​នៅឡើយ​ទេ ។ លោក​អះអាង​ថា វា​មានការ​ពិបាក​ក្នុង​ការ​ជួយ​ដោះស្រាយ ព្រោះ​ទឹកស្ទឹង​នៅ​ជិត​តំបន់​ស្រែប្រាំង ក៏​រីងស្ងួត​ដែរ ។

ទោះជា​យ៉ាងណា​ប្រជា​ពលរដ្ឋ និង​សង្គម​ស៊ីវិល​យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​ជួយ​សម្រួល និង​ធ្វើ​ផែនការ ច្បាស់លាស់​ជាមុន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ពី​គ្រោះ​រាំងស្ងួត មិនមែន មាន​បញ្ហា​ទើប ចុះ​ស្រង់​ស្ថិតិ​ឡើយ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ថេង សាវឿន យល់​ឃើញ​ថា អាជ្ញាធរ​មូលដ្ឋាន ត្រូវ​មាន​ការទទួលខុសត្រូវ​ខ្ពស់ ហើយ​ប្រជាពលរដ្ឋ​ជា​កសិករ ត្រូវ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ដើម្បី​ដោះស្រាយ​បញ្ហា ។ លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ត្រៀម​វិធានការ​សម្រាប់​ដំណោះស្រាយ​រយៈពេល​វែង ដោយ​ត្រូវ​រៀបចំ​គោលនយោបាយ​ទឹក ឬ​ប្រព័ន្ធ​ធារាសាស្ត្រ​គ្រប់​តំបន់​ដែល​ប្រជាកសិករ​ធ្វើ​កសិកម្ម និង​ផ្តល់​ឥណទាន​ដល់​កសិករ​ក្នុង​អត្រា​ការប្រាក់​ទាប ហើយ​ផ្តល់​ពូជ​ដល់​ប្រជាកសិករ​ដោយ​ឥត​គិតថ្លៃ៖ «ខ្ញុំ​មើលឃើញ​ថា នៅ​ពេល​ដែល​មាន​បញ្ហា​កើតឡើង ទាំង​កង្វះខាត​ទឹក ទឹកជំនន់ បញ្ហា​កង្វះ​ទីផ្សារ ឬក៏​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ។ អភិបាលកិច្ច​ដែល​ត្រូវ​ទទួល​ខុសត្រូវ​ខ្ពស់​ហ្នឹង​គឺថា អាជ្ញាធរ​នៅក្នុង​កម្រិត​ថ្នាក់​ខេត្ត ថ្នាក់​មូលដ្ឋាន ថ្នាក់​ឃុំ​ហ្នឹងហើយ ដែល​គាត់​ត្រូវ​ដើរ​តួនាទី ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ដល់​ប្រជាពលរដ្ឋ ហើយ​យើង​ជំ​រុញ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ហ្នឹង ត្រូវតែ​ទាក់ទង ក៏ដូចជា​ស្នើសុំ​កិច្ច​អន្តរា​គម​ពី​អាជ្ញាធរ​ទាំងអស់​ហ្នឹង ព្រោះ​គាត់​ត្រូវ​មាន​ទំនួល​ខុសត្រូវ​ខ្ពស់ ហើយ​មាន ត្រូវតែ​មាន​ទំនួល​ខុសត្រូវ​បែប​អភិបាលកិច្ច ទៅលើ​ការ​ដោះស្រាយ​បញ្ហា​វិស័យ​កសិកម្ម វិស័យ​ទៅលើ​ប្រព័ន្ធ​ធារាសាស្ត្រ វិស័យ​ទៅលើ​ការអភិវឌ្ឍន៍​មូលដ្ឋាន​របស់​ពួកគាត់ ហើយ​ពិសេស គឺ​ការ​ដោះស្រាយ​បញ្ហា»។

សង្គម​ស៊ីវិល ​យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​មាន​ផែនការ​ទប់ស្កាត់​បញ្ហា​ផ្សេងៗ​មុន​ពេល​បញ្ហា​មកដល់ ទើប​រៀបចំ​ការងារ​ជួយសង្គ្រោះ​ពលរដ្ឋ​ទាន់​ពេល​វេលា ។ សម្រាប់​ពលរដ្ឋ​វិញ ពួកគាត់​ក៏​ចង់​ឃើញ​អាជ្ញាធរ​រដ្ឋ ទាំង​ថ្នាក់​មូលដ្ឋាន និង​ថ្នាក់​ជាតិ រិះរក​វិធី​ជួយ​ពួកគាត់​ជាបន្ទាន់​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។