ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនៅខេត្តសៀមរាប គឺមានចំនួនមនុស្សណែនតាន់តាប់សម្រុកចូលទៅកម្សាន្តនៅទីនោះ។
ភ្ញៀវទេសចរសម្រុកទៅកម្សាន្តនៅតំបន់អង្គរច្រើនកុះករនេះ ដោយសារអាជ្ញាធរក្រុងសៀមរាបបានរៀបចំការតាំងពិព័រណ៍ ការប្រគំតន្ត្រីសម័យ (Concert) ពិធីសម្ដែងរបាំបុរាណ និងការប្រណាំងទូកនៅតាមបណ្ដោយដងស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប។
ភ្ញៀវទេសចរមកពីខេត្តកណ្ដាលលោក ម៉ៅ ឆេន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ វិច្ឆិកាថា ពលរដ្ឋមកពីខេត្តផ្សេងៗ មកលេងកម្សាន្តក្នុងខេត្តសៀមរាបយ៉ាងច្រើនស្ទើរតែគ្មានកន្លែងចតរថយន្តក្នុងក្រុងសៀមរាប។ លោកថា ពលរដ្ឋជាច្រើនបានបង្ហាញអារម្មណ៍សប្បាយរីករាយ ក្នុងពិធីបុណ្យនេះ ដោយខ្លះដើរកម្សាន្តឆ្ងាយៗ តាមតំបន់ទន្លេសាប ខ្លះទស្សនាប្រាសាទ និងខ្លះទៀត ជិះកង់កម្សាន្តតាមតំបន់
ឧទ្យានអង្គរជាដើម៖
« សឹងថា មកក្រុងសៀមរាបសឹងតែពោរពេញបងប្អូនភ្ញៀវទេសចរក្នុងស្រុកតែម្ដង។ សណ្ឋាគារដែលបានកូវីដ ក៏មានដំណើរការឡើងវិញ ទទួលភ្ញៀវឱ្យស្នាក់នៅដែរ » ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តសៀមរាប លោក ទៀ សីហា បាននៅឡើយទេ នៅថ្ងៃទី៨ វិច្ឆិកា។
អាជ្ញាធរខេត្តសៀមរាប បានប្រកាសប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកចាប់ថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា។ ចាប់តាំងពីម៉ោង ៥ព្រឹក គឺមានមនុស្សកុះករបានធ្វើដំណើរតាមរថយន្ត តាមរ៉ឺម៉កម៉ូតូ និងតាមម៉ូតូជាដើម សម្រុកចូលទៅកម្សាន្តនៅតាមតំបន់អង្គរ ជាហេតុធ្វើឲ្យដងផ្លូវសំខាន់ៗ កកស្ទះចរាចរណ៍ជាអន្លើៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។