ពលរដ្ឋ​រាប់​ម៉ឺន​នាក់​សម្រុក​ទៅ​កម្សាន្ត​នៅ​តំបន់​អង្គរ​ក្នុង​ពិធី​វិធី​បុណ្យ​អុំទូក

ពិធីបុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​នៅ​ខេត្ត​សៀមរាប គឺ​មាន​ចំនួន​មនុស្ស​ណែន​តាន់តាប់​សម្រុក​ចូល​ទៅ​កម្សាន្ត​នៅ​ទីនោះ។

ភ្ញៀវ​ទេសចរ​សម្រុក​ទៅ​កម្សាន្ត​នៅ​តំបន់​អង្គរ​ច្រើន​កុះករ​នេះ ដោយសារ​អាជ្ញាធរ​ក្រុង​សៀមរាបបាន​រៀបចំ​ការ​តាំង​ពិព័រណ៍ ការ​ប្រគំ​តន្ត្រី​សម័យ (Concert) ពិធី​សម្ដែង​របាំ​បុរាណ និង​ការ​ប្រណាំង​ទូក​នៅ​តាម​បណ្ដោយ​ដង​ស្ទឹង​សៀមរាប ក្នុង​ក្រុង​សៀមរាប។

ភ្ញៀវ​ទេសចរ​មក​ពី​ខេត្ត​កណ្ដាល​លោក ម៉ៅ ឆេន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៨ វិច្ឆិកា​ថា ពលរដ្ឋ​មក​ពី​ខេត្ត​ផ្សេងៗ មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​យ៉ាង​ច្រើន​ស្ទើរតែ​គ្មាន​កន្លែង​ចត​រថយន្ត​ក្នុង​ក្រុងសៀមរាប។ លោក​ថា ពលរដ្ឋ​ជា​ច្រើន​បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ ក្នុង​ពិធី​បុណ្យ​នេះ ដោយ​ខ្លះ​ដើរ​កម្សាន្ត​ឆ្ងាយៗ តាម​តំបន់​ទន្លេសាប ខ្លះ​ទស្សនា​ប្រាសាទ និង​ខ្លះ​ទៀត ជិះកង់​កម្សាន្ត​តាម​តំបន់

ឧទ្យាន​អង្គរ​ជា​ដើម៖

« សឹង​ថា មក​ក្រុង​សៀមរាប​សឹងតែ​ពោរពេញ​បងប្អូន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​តែ​ម្ដង។ សណ្ឋាគារ​ដែល​បាន​កូវីដ ក៏​មាន​ដំណើរ​ការ​ឡើង​វិញ ទទួល​ភ្ញៀវ​ឱ្យ​ស្នាក់នៅ​ដែរ »

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​សៀមរាប លោក ទៀ សីហា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៨ វិច្ឆិកា។

អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ប្រកាស​ប្រារព្ធ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះខែ អក​អំបុក​ចាប់​ថ្ងៃ​ទី៧ ដល់​ថ្ងៃ​ទី៩ ខែវិច្ឆិកា។ ចាប់​តាំង​ពី​ម៉ោង ៥ព្រឹក គឺ​មាន​មនុស្ស​កុះករ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត តាម​រ៉ឺម៉ក​ម៉ូតូ និង​តាម​ម៉ូតូ​ជា​ដើម សម្រុក​ចូល​ទៅ​កម្សាន្ត​នៅ​តាម​តំបន់​អង្គរ ជា​ហេតុ​ធ្វើ​ឲ្យ​ដង​ផ្លូវ​សំខាន់ៗ កក​ស្ទះ​ចរាចរណ៍​ជា​អន្លើៗ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។