សហជីព​និង​និយោជក​បន្ត​ខ្វែងគំនិត​គ្នា​លើ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​កាត់ដេរ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​មិនទាន់​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​កាត់ដេរ​ឲ្យ​បាន​ច្បាស់​ទេ បន្ទាប់ពី​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បើក​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២៤​ខែសីហា​។ ភាគី​ទាំង​បី​បាន​ព្រមព្រៀងគ្នា​នឹង​លើក​មក​ចរចា​ម្ដងទៀត​នៅ​វេលា ម៉ោង ២ និង​៣០​នាទី ថ្ងៃទី​៣១ ខែសីហា ខាងមុខ។

ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​មាន​តំណាង​រដ្ឋាភិបាល តំណាង​កម្មករ​និយោជិត និង​តំណាង​និយោជក​មិន​ទាន់​បាន​កំណត់​ជា​ផ្លូវការ​នៅ​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​ផ្នែក​ឧស្សាហកម្ម​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​មាន​កាបូប​ជាដើម​។ ការប្រជុំ​ចរចា​ប្រាក់​ឈ្នួល​កម្មករ​កាលពី​ថ្ងៃទី​២៤ សីហា ខាង​សហជីព​បាន​ស្នើ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​គោល សម្រាប់​កម្មករ ចំនួន​២១៥ ដុល្លារ ក្នុង​ឆ្នាំ​២០២៣ ឯខាង​ភាគី​និយោជក នៅតែ​ប្រកាន់​ជំហរ​ផ្ដល់​ប្រាក់ខែ​ដល់​កម្មករ​និយោជិក ១៩៤ ដុល្លារ​ដូច​ឆ្នាំ​២០២១ ដដែល។

ក្រសួង​ការងារ លើកឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ក្រោយ​ការប្រជុំ​ផ្ទៃក្នុង​ភាគី​របស់​ខ្លួន​ចំនួន​២​លើក ភាគី​ទាំង​សង្ខាង​បាន​លើក​ហេតុផល និង​បង្ហាញ​នូវ​គោលជំហរ​ផ្ទៃក្នុង​របស់​ខ្លួន​ទៅវិញទៅមក​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ភាព​ចាស់ទុំ​ទៅលើ​សំណើ​របស់​ខ្លួន​រៀងៗ​ខ្លួន​។ នៅក្នុង​កិច្ច​ចរចា​នេះ ភាគី​រដ្ឋាភិបាល​ក៏​បាន​សម្របសម្រួល និង​ផ្ដល់​នូវ​ការ​ពន្យល់​បន្ថែម​លើ​ចំណុច​ខ្វះខាត​ផ្សេងៗ ដែល​ភាគី​តំណាង​កម្មករ​និយោជិក និង​ភាគី​តំណាង​និយោជក​មាន​ចម្ងល់ ទាក់ទង​ទៅ​នឹង​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​និយោជិក​ផ្នែក​វាយនភណ្ឌ។

ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៥ ខែសីហា​ថា ការប្រជុំ​២​លើក​កន្លង​មក ខាង​ក្រសួង​ការងារ​នៅ​មិន​ទាន់​ប្រកាស​កំណត់​យក​ប្រាក់​ឈ្នួល​ជា​ផ្លូវការ​ទេ ដោយ​ភាគី​តំណាង​កម្មករ និង​ភាគី​តំណាង​ថៅកែ បាន​បង្ហាញ​នូវ​ការស្រាវជ្រាវ​អំពី​បញ្ហា​ប្រឈម​របស់​ខ្លួន​ដូចៗ​គ្នា ដែល​ត្រូវ​ដោះស្រាយ​។ លោក​យល់​ថា ការ​ចរចា​លើក​នេះ ភាគី​សហជីព បាន​ចាញ់​ប្រៀប​រួច​ទៅ​ហើយ ត្បិត​ភាគី​រដ្ឋាភិបាល រួម​នឹង​ភាគី​និយោជក​មាន ៣២​សំឡេង បាន​រួម​គ្នា​ដើម្បី​រក្សា​នូវ​គោលជំហរ​របស់​ខ្លួន បូករួម​នឹង​ភាគី​សហជីព​មួយចំនួន​មិនបាន​រក្សា​គោលជំហរ​ឯករាជ្យ​ទៀត ដូច្នេះ​សំឡេង​នៅសល់​តិចតួច​ប៉ុណ្ណោះ​។ លោក​សង្ឃឹមថា រដ្ឋាភិបាល​នឹង​មាន​ការ​យោគយល់​ដំឡើង​ប្រាក់ខែ​គោល​ដល់​កម្មករ​និយោជិក​ឲ្យ​បាន​ខ្ពស់​ជាង​ពីរ​រយ​ដុល្លារ ព្រោះ​ជីវភាព​របស់​ពួកគាត់​មិន​ទាន់​ប្រសើរ​ទេ បើ​ប្រាក់ខែ​នៅ​ត្រឹម​១៩៤​ដុល្លារ​នោះ​៖ «យើង​គិតថា​សហជីព​យើង​មិន​មាន​កម្លាំង​គ្រប់គ្រាន់​នៅក្នុង​ការ​ទាមទារ​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​ជា​ការ​ចរចា​ជា​រូបភាព​ឲ្យ​ល្អ​តែ​មើល​ទេ​។ អីចឹង អាការ​សម្រេច​មាន​នៅ​លើ​ភាគី​និយោជក ហើយ​និង​ភាគី​រដ្ឋាភិបាល​ទេ ពីព្រោះ​កន្លងមក​ហ្នឹង​ដោយ​អ្វី​ដែល​សហជីព​គាត់​បាន​ដាក់​ទៅ​ហ្នឹង​មិនបាន​ការពារ​នូវ​សំណើ​របស់​ខ្លួន​ឲ្យ​បាន​ជោគជ័យ​ទេ វា​ទៅតាម​ការសម្រេច​របស់​ភាគី​និយោជក ហើយ​និង​ភាគី​រដ្ឋាភិបាល​នោះ​ទេ»។

លោក រ៉ុង ឈុន លើកឡើង​ទៀត​ថា ការ​ស្នើ​ដំឡើង​ប្រាក់​ឈ្នួល សម្រាប់​កម្មករ​និយោជិក គឺ​លោក​មាន​សង្ឃឹមលើ​រដ្ឋាភិបាល នឹង​ដំឡើង​ឲ្យ​តិចតួច​ប៉ុណ្ណោះ តប​នឹង​សំណើ​របស់​ក្រុម​សហជីព ដែល​បាន​ស្នើ​ឲ្យ​ដំឡើង​ប្រាក់ខែ​គោល​ជា​អប្បបរមា ២១៥​ដុល្លារ​ក្នុង​១​ខែ​៖ «អីចឹង​យើង​អត់​អាច​ងាក​មក​ធ្វើ​កូដកម្ម បាតុកម្ម ទាមទារ​បានទេ​ពីព្រោះ​គេ​ថា សំឡេង​ប្រជាធិបតេយ្យ គេ​យក​សំឡេង​ភាគច្រើន អីចឹង​យើង​វា​នៅក្នុង​សេចក្ដី​សម្រេច ត្រូវតែ​គោរព​តាម​សំឡេង​ភាគច្រើន​។ ប៉ុន្តែ​យើង​ងាក​មក​ដឹកនាំ​គេ​ធ្វើ​កូដកម្ម បាតុកម្ម យើង​នឹង​ប្រឈម​ទៅតាម​ផ្លូវច្បាប់​ហើយ ដូច្នេះ​អា​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​ហ្នឹង​គេ​បង្កើត​ឡើង ដើម្បី​ចងជើង​សហជីព​ឯករាជ្យ​ហ្នឹង​បាទ យើង​មិនអាច​ទៅ​ដឹកនាំ​ការ​ធ្វើ​កូដកម្ម បាតុកម្ម បានទេ បើសិនជា​យើង​នៅក្នុង​ចង្កោម​ហ្នឹង​ណា​បាទ​»។

​កាលពី​ឆ្នាំ​២០២១ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែម​ទឹកប្រាក់​ចំនួន ២​ដុល្លារ​អាមេរិក ពីលើ​ទឹកប្រាក់​ចំនួន ១៩២ ដុល្លារ ដែល​បាន​ស្នើ​ឡើង​ដោយ​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​យក​មក​អនុវត្ត​ក្នុង​ឆ្នាំ​២០២២ ដែល​ប្រាក់​ឈ្នួល​គោល​ឆ្នាំ ២០២១ មាន​ចំនួន ១៩២ ដុល្លារ ក្នុង ១ ខែ តែ​ភាគច្រើន​កម្មករ​និយោជិក​ក្នុង​វិស័យ​កាត់ដេរ មិន​បាន​ទទួល​ប្រាក់ខែ ១៩៤ ដុល្លារ ដូច​លោក ហ៊ុន សែន បាន​ដាក់​ឲ្យ​រាល់​ក្រុមហ៊ុន​ទាំងអស់​អនុវត្ត​នោះ​ទេ។

ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ ក៏​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​ជាង​ពីរ​រយ​ដុល្លារ​ដែរ ដើម្បី​ឲ្យ​ពួកគាត់​មានលទ្ធភាព​ចំណាយ​ទប់ទល់​នឹង​អតិផរណា ឬ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​កំពុង​ហក់​ឡើង​ថ្លៃ​ខ្ពស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។