កម្មករ​រោងចក្រ និង​សហជីព រក្សា​ជំហរ​ទាមទារ​ប្រាក់​ឈ្នួល​២១៣​ដុល្លារ សម្រាប់​ឆ្នាំ​២០២៣

0:00 / 0:00

សហជីព និង​កម្មករ​វិស័យ​កាត់ដេរ រក្សា​ជំហរ​ចង់បាន​ការដំឡើង​ប្រាក់​ឈ្នួល​២១៣​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៣ ដោយសារ ទំនិញ​សព្វសារពើ​នៅ​លើ​ទីផ្សារ​កំពុង​ហក់​ឡើងថ្លៃ​។ កិច្ចប្រជុំ​ត្រីភាគី​រួមមាន​ក្រសួង​ការងារ ភាគី​និយោជក និង​ភាគី​សហជីព ដើម្បី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០២៣ ដល់​កម្មករ​ផ្នែក​ឧស្សាហកម្ម​កាត់ដេរ ស្បែកជើង និង​កាបូប​ធ្វើដំណើរ កាលពី​ថ្ងៃទី​៣១ ខែសីហា នៅ​មិនទាន់​ឯកភាព​គ្នា​នៅ​ឡើយ ហើយ​ភាគី​ទាំង​៣ នឹង​បន្ត​ជជែក​គ្នា​នៅ​ថ្ងៃទី​១៣ និង​ថ្ងៃទី​២១ ខែ​កញ្ញា។

កិច្ចចរចា​ត្រីភាគី ស្ដីពី​ប្រាក់​ឈ្នួល​គោល​ឆ្នាំ​២០២៣ សម្រាប់​កម្មករ​និយោជិក ក្នុង​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង ជាច្រើនលើក​កន្លងមក​នេះ នៅ​មិនទាន់​ចុះសម្រុង​គ្នា​នៅឡើយ​ទេ ដោយ​ភាគី​នីមួយៗ​មាន​អំណះអំណាង​រៀងៗ​ខ្លួន ផ្អែកលើ​កត្តា​សេដ្ឋកិច្ច​សង្គម។

អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្ពុជា​លោក ម៉ៃ សុភក្ត្រា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១ ខែ​កញ្ញា ថា សម្រាប់​ការចរចា​ប្រាក់​ឈ្នួល​របស់​កម្មករ បី​លើក​ហើយ​នោះ ភាគី​សហជីព​តំណាង​ឲ្យ​កម្មករ បាន​ប្រកាន់​ជំហរ​រឹងមាំ​កំណត់​យក​ការ​ដាក់​ចេញ​នូវ​តម្លៃ ២១៣​ដុល្លារ សម្រាប់​ប្រាក់​ឈ្នួល​កម្មករ​ក្នុង​ឆ្នាំ​២០២៣​។ លោក​អះអាង​ថា តំណាង​កម្មករ​រក្សា​ជំហរ​បែបនេះ មកពី​សហជីព​បាន​សិក្សា​យ៉ាង​លម្អិត​៧​ចំណុច ពី​តម្រូវការ​របស់​កម្មករ ទាក់ទង​នឹង​ប្រាក់​ឈ្នួល​បច្ចុប្បន្ន​មិនអាច​ឲ្យ​កម្មករ​ចាយវាយ​គ្រប់គ្រាន់​ទេ ព្រោះ​មុខទំនិញ​ឡើងថ្លៃ​គ្រប់​ប្រភេទ និង​ការ​ធ្វើ​ដំណើរ​របស់​កម្មករ​ក៏​ឡើងថ្លៃ​ដែរ​៖ «ខាងយើង​សហជីព​គឺ​បាន​សិក្សា​ពី​លក្ខណៈ​វិនិច្ឆ័យ​ទាំង​៧ តាំងពី​ការ​ចំណាយ​រស់​នៅ តាំង​អី​ទាំងអស់​ហ្នឹង​អ៊ីចឹង​ទៅណា​បង ដូច​ថា គេ​បាន​សិក្សា​ស្រាវជ្រាវ​ពី​ការប្រើប្រាស់​នៅក្នុង​កម្មករ​ម្នាក់ ឧទាហរណ៍​ថា គាត់​កម្មករ​ម្នាក់​ត្រូវ​បាន​ចាយវាយ​ទៅលើ​ការ​ចំណាយ​ប្រចាំ​គ្រួសារ ឬក៏​នៅក្នុង​ជីវភាព​រស់នៅ​របស់​គាត់​ក្នុង ១​ខែៗ​ហ្នឹង»។

កម្មការិនី​កាត់ដេរ​សំលៀកបំពាក់ រោងចក្រ​អេដាប់បែលយូធិច ហ្កាម៉ិន (AWTEX GARMENT Co.LTD) លោកស្រី ជួង សុខរីម ប្រាប់​ថា ប្រាក់ខែ​របស់​ពួកគាត់​សព្វថ្ងៃ​នេះ ចាយវាយ​ដោយ​ត្បិតត្បៀត​បំផុត​គឺ​លោកស្រី​ទិញ​បាយ​តែ​ប្រាំ​រយ​រៀល ម្ហូប​មួយ​ពាន់​រៀល​សម្រាប់​បាយ​មួយ​ពេល និង​សឹងតែ​ចំណាយ​ប្រចាំថ្ងៃ​មិន​គ្រប់​ផង ស្រប​ពេល​ដែល​ទំនិញ​ឡើងថ្លៃ​គ្រប់មុខ​ផង រាល់​ខែ​លោកស្រី​គ្មាន​ប្រាក់​សន្សំ​ផ្ញើ​ទៅ​ចិញ្ចឹម​កូន និង​ម្ដាយ​ចាស់​នៅផ្ទះ​ទេ។ លោកស្រី​បន្ថែម​ថា លោកស្រី​ក៏ដូចជា​កម្មករ​ឯទៀត​ចង់​ឲ្យ​ក្រសួង​ការងារ ដំឡើង​ប្រាក់ខែ​គោល​ដល់​ពួកគាត់ យ៉ាងតិច​បំផុត​ជាង​ពីរ​រយ (២០០) ដុល្លារ ព្រោះ​ប្រាក់​ចំណាយ​ប្រចាំថ្ងៃ​ចេះតែ​កើនឡើង ឯ​ប្រាក់ចំណូល​នៅ​ដដែល ធ្វើ​ឲ្យ​ជីវិត​ពួកគាត់ រស់​ទាំង​ត្រដាបត្រដួស និង​មាន​ជីវភាព​មិនទាន់​សមរម្យ​ទេ៖ «តាម​ខ្ញុំ​ចង់បាន​សុំ​ត្រឹម​១​ខែ អាហ្នឹង​ប្រាក់ខែ​គោល​យើង​ណា សុំ​ត្រឹម​២០១​ដុល្លារ ២០២​ដុល្លារ​អីហ្នឹង អាហ្នឹង​សមរម្យ ព្រោះ​អី​យើង​ផាត់ ផាត់​ថ្លៃ​ផ្ទះ​ខ្លះ ផាត់​ថ្លៃ​យើង​ចាយ ថ្លៃ​បន្ទប់​យើង​ជួល​នៅ​ហ្នឹង ហើយ​យើង​ចាយ​ទៅ​វា​អត់​សល់​ប៉ុន្មាន​ទេ និយាយ​ទៅ​រោងចក្រ»។

កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា កាលពី​ថ្ងៃទី​៣១ ខែ​សីហា ក្រសួង​ការងារ​ប្រកាស​លទ្ធផល​ថា ភាគី​តំណាង​កម្មករ​បាន​បន្ថយ​តម្លៃ​ពី​២១៥​ដុល្លារ មក​នៅ​ត្រឹម​២១៣​ដុល្លារ​។ ចំណែក​ភាគី​តំណាង​និយោជក ក៏បាន​ដំឡើង​តួលេខ​ពី​១៩៤​ដុល្លារ ទៅដល់​១៩៦​ដុល្លារ ។ ក្រសួង​ការងារ លើកឡើង​ថា ភាគី​ទាំងពីរ​បាន​បន្ត​បកស្រាយ និង​ការពារ​ជំហរ​របស់​ខ្លួន​ទៅវិញទៅមក​ប្រកបដោយ​វិជ្ជាជីវៈ និង​ភាព​ចាស់ទុំ ដែល​ធ្លាប់​បាន​ឆ្លងកាត់​ការងារ​នេះ​កន្លង​មក។

ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​ក្នុង​ឆ្នាំ​២០២២​នេះ មាន​ចំនួន​១៩៤​ដុល្លារ​។ ក្រុម​កម្មករ ត្អូញត្អែរ​ថា ប្រាក់​ឈ្នួល​នេះ មាន​ចំនួន​តិចតួច មិន​អាច​ទ្រទ្រង់​ក្នុង​ជីវភាព​រស់នៅ​ឲ្យ​បាន​សមរម្យ​នោះ​ទេ ដោយសារ​ពួកគាត់​ត្រូវ​ការចាយវាយ​ប្រចាំថ្ងៃ សង​ប្រាក់​បំណុល​ធនាគារ មីក្រូហិរញ្ញវត្ថុ និង​ចំណាយ​លើ​ការ​ឈឺ​ថ្កាត់​ជាដើម​។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ស្ថានភាព និង​លក្ខខណ្ឌ​ការងារ​របស់​កម្មករ កាន់តែ​អាក្រក់​ថែមទៀត ដោយសារ​មិន​សូវ​មាន​ការងារ​ថែម​ម៉ោង និង​រោងចក្រ​ជាច្រើន​កាត់បន្ថយ​ម៉ោង​ធ្វើ​ការងារ និង​បើកប្រាក់​ឈ្នួល​តែ​៥០​ភាគរយ​ប៉ុណ្ណោះ ដោយសារតែ​ការ​យឺតយ៉ាវ​នាំចូល​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត។

សម្រាប់​ការប្រជុំ​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ ភាគី​ទាំង​បី​បាន​ឯកភាព​គ្នា​កំណត់​កិច្ចពិភាក្សា​ជា​លក្ខណៈ​ត្រីភាគី​បន្ត​ទៀត នៅ​ថ្ងៃទី​១៣ ខែកញ្ញា និង​ប្រជុំ​សម្រេច ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។