ប្រធានសហភាពការងារកម្ពុជាកំពុងចុះស្រាវជ្រាវពីតម្រូវ ការជាក់ស្តែងរបស់កម្មករនៅតាមរោងចក្រកាត់ដេរ និងស្បែកជើងមុនរៀបចំរបាយការណ៍យកទៅចរចាប្រាក់ឈ្នួលគោលសម្រាប់ឆ្នាំ២០២៣។ កម្មករចង់ឃើញរដ្ឋាភិបាលដំឡើងប្រាក់ខែគោលឱ្យបានសមរម្យ ព្រោះបច្ចុប្បន្នតម្លៃទំនិញលើទីផ្សារឡើងឥតឈប់ឈរដែលបន្ថែមបន្ទុកទៅលើជីវភាពរបស់ពួកគាត់បន្ថែមទៀត។
សហជីពឯករាជ្យចុះពន្យល់តំណាងកម្មករនៅតាមរោងចក្រមួយចំនួនពីដំណើរនៃការចរចាប្រាក់ឈ្នួល សិទ្ធិការងារ និងការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនជាដើម។ ក្នុងនោះសហជីពបានស្រង់នូវមតិយោបល់ និងសំណើរបស់កម្មករ រួមទាំងជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធនានា សម្រាប់ចងក្រងរបាយការណ៍ត្រៀមចរចាប្រាក់ឈ្នួលគោលឆ្នាំ២០២៣ខាងមុខនេះ។
ប្រធានសហភាពការងារកម្ពុជា (CLC Cambodia) លោក អាត់ ធន់ ឱ្យដឹងថា រហូតមកដល់ពេលសហជីពរបស់លោកបានចុះជួបកម្មករ និងតំណាងសហជីពប្រមាណជាង៥០រោងចក្រហើយដោយរៀបចំជាសំនួរពិភាក្សាជាច្រើនលើកក្នុងការស្វែងរកតម្រូវការជាមូលដ្ឋានរបស់ពួកគាត់។ លោកបន្តថា ក្រុមកម្មករស្នើសុំឱ្យដំឡើងប្រាក់ឈ្នួលឆ្នាំ២០២៣បន្ថែមចន្លោះ២០ទៅ៥០ដុល្លារលើប្រាក់ឈ្នួលគោលនៅឆ្នាំ២០២២ ពីព្រោះស្ថានភាពបច្ចុប្បន្នពួកគាត់ត្រូវចំណាយខ្ពស់ ខណៈរបាយការណ៍របស់សហជីពកន្លងមករកឃើញថា ប្រាក់ខែគោល ១៩៧ដុល្លារទើបកម្មករអាចរស់ក្នុងជីវភាពនៅសមរម្យបាន។ លោកឱ្យដឹងថា ក្រៅពីជួបជាមួយកម្មករលោកក៏បានជួបតំណាងរោងចក្រ និងសមាគមនិយោជក ព្រមទាំងអង្គការផ្នែកការងារ ដើម្បីជជែក និងស្ទង់មតិអំពីលទ្ធផលចរចាប្រាក់ឈ្នួលផងដែរ៖ «យើងឃើញលទ្ធផលនោះគឺទីមួយគាត់ ( កម្មករ ) បានប្រាប់អំពីការចំណាយរបស់គាត់ខ្ពស់មែនទែនជាពិសេសអាហារ និងសម្ភារៈផ្សេងៗហ្នឹង ហើយវាស្របទៅនឹងការស្រាវជ្រាវរបស់យើងដែលគាត់ចំណាយខ្ពស់ជិត៣រយដុល្លារឯនោះ ទីពីរខ្ញុំបានជួបជាមួយខាងរដ្ឋបាលរោងចក្រខ្លះ ខាងសហមាគមនិយោជកខ្លះ គឺថាចំពោះអីវ៉ាន់កាត់ដេរ ឬការកម្ម៉ង់ឆ្នាំនេះគ្រាន់បើជាងឆ្នាំទៅ ជាពិសេស៦ខែដើមឆ្នាំនេះបានពេញៗ»។
កាលពីឆ្នាំ២០២២ កន្លងទៅ រដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងពី ១៩២ដុល្លារ ទៅ ១៩៤ដុល្លារក្នុងមួយខែ ហើយបើគិតរួមទាំងអត្ថប្រយោជន៍ផ្សេងៗដែលមានស្រាប់ ជាមធ្យមកម្មករនិយោជិតម្នាក់ៗ ទទួលបានប្រាក់ចំណូលយ៉ាងតិចពី ២៥០ដុល្លារដល់ ៣០០ដុល្លារក្នុងមួយខែ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ និងអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ ដើម្បីសុំការបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី២២ ខែកក្កដា។
ជារៀងរាល់ឆ្នាំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានកំណត់យកខែកក្កដា ដើម្បីពិភាក្សាឈ្នួលអប្បបរមាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ និងខែសីហាសម្រាប់ពិភាក្សាទ្វេ និងត្រីភាគី រីឯខែកញ្ញាបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីសម្រេចប្រាក់ឈ្នួលរបស់កម្មករផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំបន្ទាប់។
ទាក់ទងរឿងនេះ កម្មការិនីរោងក្រកាត់ដែរនៅរាជធានីភ្នំពេញលោកស្រី ព្រហ្ម សុភី លើកឡើងថាកម្មករទាំងអស់ចង់ឃើញរដ្ឋាភិបាល និងថៅកែរោងចក្រដំឡើងប្រាក់ខែគោលឱ្យកម្មករសមរម្យនៅឆ្នាំ២០២៣ ដោយសារតម្លៃម្ហូបអាហារ និងទំនិញលើទីផ្សារឡើងថ្លៃខ្លាំង។ កម្មការិនីរូបនេះត្អូញត្អែរថា រាល់ថ្ងៃលោកស្រីត្រូវធ្វើការបន្ថែមម៉ោងទាំងឈឺរកប្រាក់ដោះស្រាយជីវភាពគ្រួសារដែលកំពុងលំបាកលំបិនខ្លាំង ដោយសារប្រាក់ឈ្នួលគោលមានចំនួនតិចតួចមិនអាចឆ្លើយតបតម្រូវការជាក់ស្តែងរបស់កម្មករបានទេ៖ «គាត់ត្អូញពីជីវភាពលំបាក គាត់បង់សងធនាគារអត់គ្រាប់ បើគាត់ធ្វើការថែមម៉ោងបានគ្រាន់បើ បើអត់បានថែមម៉ោងគឺគាត់បានប្រាក់ខែតែ២រយដុល្លារ ជីវភាពដូចពួកខ្ញុំទាល់តែថែមម៉ោងពេញ ហើយអ្នកដែលពិបាកខ្លាំងខ្លួនខ្ញុំហ្នឹងហើយដោយមិនបាច់និយាយពីកម្មករដទៃទៀតទេ»។
លោក អាត់ ធន់ បញ្ជាក់ថាបើយោងតាមការចំណាយរបស់កម្មករខ្ពស់ជាងមុន ផលិតផលរោងចក្រនាំចេញកើនឡើងគិតត្រឹម៦ខែដំបូងឆ្នាំ២០២២ និងស្ថានភាពកម្ពុជារៀបចំការបោះជ្រើសតាំងតំណាងរាស្ត្រផង លោករំពឹងថា កម្មករនឹងទទួលបានការដំឡើងប្រាក់ឈ្មួលគោលល្អប្រសើរជាងឆ្នាំមុខៗ។ ទោះយ៉ាងណាលោកចង់ឃើញកម្មករទាំងអស់ប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកតស៊ូមតិដើម្បីបញ្ជូនសារទៅរដ្ឋាភិបាល និងនិយោជកឱ្យដឹងអំពីទុក្ខលំបាក និងគិតគូពីផលប្រយោជន៍ជាពិសេសការដំឡើងប្រាក់ឈ្នួលសមរម្យសម្រាប់កម្មករ៖ «ស្នើទៅរដ្ឋាភិបាលដែរ អត្ថប្រយោជន៍មួយចំនួនរបស់កម្មករបានកាត់ហើយ ហើយជីវភាពពួកគាត់លំបាក ឆ្នាំនេះផ្នែកសេដ្ឋកិច្ចរីកចម្រើនឡើងវិញ ក្នុងនាមគាត់ជាអ្នកនយោបាយបើចង់ទទួលបានការគាំទ្រត្រូវតែគិតគូរដល់កម្មករ បើមិនអ៊ីចឹងទេមិនមានការគាំទ្រច្រើនពីកម្មករទេ»។
ធនាគារជាតិនៃកម្ពុជាប្រកាសថា អតិផរណាបានកើនឡើងរហូតទៅ ៧,២ភាគរយ ដែលជាការកើនឡើងមួយខ្ពស់មិនធ្លាប់មាន ដោយសាររដ្ឋាភិបាលបញ្ជាក់ថា មូលហេតុមកពី វិបត្តិសង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែនដែលជះឥទ្ធិពលលើតម្លៃប្រេងឥន្ធនៈ និងម្ហូបអាហារពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។