មន្ត្រីសង្គមស៊ីវិលបារម្ភថា នៅពេលសហភាពអឺរ៉ុបនៅតែបន្តរកឃើញថា កម្ពុជាមិនបានចាត់វិធានការគ្រប់គ្រាន់ ក្នុងការត្រួតពិនិត្យសកម្មភាពលាងលុយកខ្វក់ នឹងអាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ហើយបញ្ហានេះអាចរនាំងធ្វើឲ្យអ្នកវិនិយោគល្អៗ មិនហ៊ានមករកស៊ីនៅកម្ពុជា។ ឆ្លើយតបការព្រួយបារម្ភថា មន្ត្រីរដ្ឋាភិបាល អះអាងពេលនេះ កម្ពុជាមានច្បាប់ និងឆន្ទៈពិតប្រាកដក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់។
មន្ត្រីសង្គមស៊ីវិល ជំរុញទៅរដ្ឋាភិបាល បង្ហាញឆន្ទៈពិតប្រាកដ ដើម្បីប្រឆាំងនឹងអំពើលាងលុយកខ្វក់ឲ្យមានប្រសិទ្ធភាព។
ពួកគេចង់ឃើញ មានការពិនិត្យឱ្យបានច្បាស់លាស់ ពីប្រភពនៃលំហូរទុនវិនិយោគរបស់បរទេស ជាពិសេសពីប្រទេសកុម្មុយនិស្តចិន និងកន្លែងកាស៊ីណូធំៗ ជាដើម។
ប្រធានអង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ថា បញ្ហាដែលកម្ពុជាជាប់ក្នុងប្រទេសលាងលុយកខ្វក់ មិនមែនជារឿងតូចតាចនោះឡើយ។ លោកបន្តថា បញ្ហានេះ បណ្ដាលឲ្យសេដ្ឋកិច្ចកម្ពុជាគ្មានស្ថិរភាព និងធ្វើឲ្យឈ្មួញល្អៗ របស់កម្ពុជា ពិបាកសហការពាណិជ្ជកម្មបរទេស ហើយអ្នកវិនិយោគអន្តរជាតិល្អៗ ក៏មិនហ៊ានមករកស៊ីនៅកម្ពុជាដែរ។ លោកព្រួយបារម្ភថា បើរឿងនេះមិនបានកែលំអ កម្ពុជាអាចប្រឈមជាប់ទណ្ឌកម្ម ឬមានការរឹតបន្តឹងបន្ថែមទៀត នៃការនាំចេញទំនិញកម្ពុជាទៅលក់នៅទីផ្សារក្រុមប្រទេសសេរី ឬសហភាពអឺរ៉ុប៖ «ធម្មតាសហគមន៍អឺរ៉ុប គេតែងមាននីតិវិធីគេច្បាស់លាស់ដូចករណីអ៊ីប៊ីអេ (EBA) អ៊ីចឹង បាទអ៊ីចឹងករណីនេះ គេក្រើនរំលឹក គឺសុទ្ធតែមានផែនការរបស់គេហើយ បន្ទាប់ពីក្រើនរំលឹកហើយគេធ្វើអីៗ បន្តទៀតហើយ »។
ស្រដៀងគ្នានេះដែរ នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី សង្កេតឃើញថា មានអាជីវកម្មស្រមោលខ្លះ ជាពិសេស វិស័យកាស៊ីណូ និងវិស័យអចលនទ្រព្យត្រូវបានគេសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់នៅកម្ពុជា។ លោកបន្តថា កន្លងមកស្ថាប័នអន្តរជាតិ ដែលប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ បានជំរុញទៅរដ្ឋាភិបាលកម្ពុជា ឲ្យបង្កើនការស៊ើបអង្កេត ស្វែងរក និងដាក់ទោសទណ្ឌ លើអ្នកពាក់ព័ន្ធនៃការលាងលុយកខ្វក់ឲ្យមានប្រសិទ្ធភាព៖ «អ្វីដែលយើងបារម្ភ គឺកម្ពុជានៅតែគេចាត់ទុកថា ជាដែនដីមួយមាននីតិរដ្ឋនៅខ្សោយនៅឡើយ ហើយក្នុងនោះគម្រោងយុត្តិធម៌ពិភពលោកជាច្រើនគាត់នៅតែលើកឡើងថា កម្ពុជានៅមាននីតិរដ្ឋខ្សោយ អភិបាលកិច្ចខ្សោយមិនមានប្រព័ន្ធត្រួតពិនិត្យអំណាចច្បាស់លាស់ អ៊ីចឹងកម្ពុជាគួរតែមើលភាពសំខាន់ៗដើម្បីឲ្យរំកិលខ្លួនចេញបញ្ជីប្រផេះ »។
ក្រុមមន្ត្រីសង្គមស៊ីវិលលើកឡើងដូច្នេះ ក្រោយពេលសហភាពអឺរ៉ុបរំលឹករដ្ឋាភិបាលកម្ពុជាថា កម្ពុជាបន្តស្ថិតក្នុងបណ្ដាប្រទេសលាងលុយកង្វក់ ដែលមិនបានចាត់វិធានការគ្រប់គ្រាន់ ដើម្បីបង្កើនការត្រួតពិនិត្យសកម្មភាពលាងលុយកង្វក់ តាមរយៈប្រតិបត្តិការល្បែងកាស៊ីណូនៅក្នុងប្រទេសខ្លួន។ គណៈកម្មការសហភាពអឺរ៉ុប (EC) ថ្មីៗ នេះ បានបង្ហាញដែរថា នៅតែមានធូរលុង ក្នុងការតាមដានលើអតិថិជន ពីការសង្ស័យថា តើបានលុយដ៏ច្រើនផ្ញើមកពីណា និងតើប្រទេសដែលអតិថិជនផ្ញើលុយចេញមក ជាប្រទេសដែលស្ថិតក្នុងបញ្ជីលាងលុយកង្វក់ ឬយ៉ាងណានោះទេ។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន យល់ថា ការលើកឡើងរបស់សភាពអឺរ៉ុបបែបនេះ អាចមកពីសហភាពមិនទាន់ទទួលបានព័ត៌មានផ្លូវការពីរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់។ លោកឲ្យដឹងទៀថា កម្ពុជាមានច្បាប់ និងកំពុងអនុវត្ត ហើយថែមទាំងមានប្រទេសអូស្ត្រាលីកំពុងជួយកម្ពុជាក្នុងរឿងនេះ៖ «ជាយន្តការយើងមាន ជាច្បាប់យើងមានហើយ យើងកំពុងតែអនុវត្តច្បាប់ហ្នឹងមិនមែនបានសេចក្ដីថា យើងព្រងើយកន្តើយទេ។ យើងសង្ឃឹមថា នៅពេលគេ (សហភាពអឺរ៉ុប )នៃការវាយតម្លៃ យើងនឹងបានចាកចេញពីបញ្ជីប្រផេះហ្នឹងហើយ បាទ »។
ទោះជាលោក ផៃ ស៊ីផាន អះអាងបែបនេះក្ដី ប៉ុន្តែក្រុមមន្ត្រីសង្គមស៊ីវិលថា ពេលនេះ ទោះកម្ពុជាមានច្បាប់គ្រប់គ្រាន់ក្នុងការទប់ស្កាត់បញ្ហានេះ ប៉ុន្តែទាមទារឲ្យរដ្ឋាភិបាលមានឆន្ទៈក្នុងអនុវត្តច្បាប់ ដើម្បីឲ្យកម្ពុជាចាកចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសលាងលុយកខ្វក់។
ក្រុមការងារហិរញ្ញវត្ថុ (Financial Action Taskforce, FATF) ដែលជាស្ថាប័នដ៏មានឥទ្ធិពលខាងឃ្លាំមើលអំពើលាងលុយកខ្វក់នៅទូទាំងពិភពលោក ក៏បានដាក់បញ្ចូលកម្ពុជាក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសមានហានិភ័យខ្ពស់ ខាងអំពើលាងលុយកខ្វក់ អស់រយៈពេលជាង ៣ឆ្នាំមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។