ក្រុមកម្មករធ្វើការនៅរោងចក្រផលិតស្បែកជើង អ.ជី ហ៊្វូតវែរ ខេមបូឌា (R.G. Footwear Cambodia CO., Ltd) ចេញតវ៉ាសាជាថ្មី ទាមទារឱ្យថៅកែទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ឱ្យពួកគាត់តាមច្បាប់ការងារ។ មន្ត្រីឃ្លាំមើលសិទ្ធិការងារថា រដ្ឋាភិបាលគួរតែពិនិត្យលើសំណើ និងបញ្ហាប្រឈមរបស់កម្មករជៀសវាងមានការកេងប្រវ័ញ្ចផលប្រយោជន៍កម្មករ។
កម្មករធ្វើការនៅរោងចក្រ អ.ជី ហ៊្វូតវែរ ប្រមាណ ៤០០នាក់ ប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខរោងចក្រខេត្តកណ្ដាល នៅថ្ងៃទី២៥ ខែមីនា ទាមទារថៅកែរោងចក្រឱ្យដោះស្រាយបញ្ហាប្រាក់ឈ្នួល ដើម្បីពួកគាត់អាចមានលទ្ធភាពសងបំណុលធនាគារ និងទិញអាហារហូបចុក។
កម្មការិនីធ្វើការនៅរោងចក្រ អ.ជី ហ៊្វូតវែរ លោកស្រី ផែន ស្រីរ័ត្ន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ ខែមីនា ថា គោលបំណង ដែលលោកស្រីចេញតវ៉ានេះ គឺដោយសារថៅកែរោងចក្រគេចវេះមិនព្រមទូទាត់ប្រាក់សំណងឱ្យកម្មករ ដែលមានអតីតភាពការងារយូរឆ្នាំ។ លោកស្រីបន្តថា រោងចក្រមួយនេះ កាលពីដើមមានឈ្មោះថា រីជិន ហ៊្វូតវែរ (Regence Footwear) ក្រោយមកប្ដូរឈ្មោះទៅជារោងចក្រ អ.ជី ហ៊្វូតវែរ វិញ កាលពីចុងឆ្នាំ២០២២។ ទោះជាបែបនេះក្ដី លោកស្រី ផែន ស្រីរ័ត្ន ថា តាមច្បាប់ការងារកម្មករនៅតែទទួលបានប្រាក់អតីតភាពការងារ។
លោកស្រី ភែន ស្រីរ័ត្ន៖«កាលដែលមានអគ្គិភ័យឆាបឆេះនៅរោងចក្រ អ.ជី ហ្នឹង រដ្ឋបាលរោងចក្រធ្លាប់ប្រជុំប្រាប់ថា នឹងយកកម្មករនៅ អ.ជី ហ្នឹង យកទៅធ្វើការនៅរោងចក្រ អិល.វ៉ាយ។ ដល់ពេលឥឡូវហ្នឹង បែរជាចេញប្រកាសថា រើសតែ ១ពាន់នាក់ទេ។ សម្រាប់អ្នកចូលធ្វើការអាយុក្រោម ៣៥ឆ្នាំ ទើបយក។ អាយុ ៣៥ឆ្នាំឡើង អត់យកទេ។ អ៊ីចឹង ធ្វើឱ្យបងប្អូនកម្មករយើងជាច្រើន ដែលបាត់បង់ការងារ និងអត្ថប្រយោជន៍ផ្សេងៗ ទៀត គឺបាត់បង់ទាំងស្រុង»។
កាលពីថ្ងៃទី២៤ ខែមីនា ក្រសួងការងារបានជូនដំណឹងស្ដីពីការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗឱ្យកម្មករនៅរោងចក្រមួយនេះ បន្ទាប់ពីរោងចក្រនេះមានអគ្គិភ័យឆាបឆេះ។ ទោះជាយ៉ាងណាក្ដី ភាគីថៅកែរោងចក្រព្រមទូទាត់ប្រាក់សំណងឱ្យកម្មករចំនួនតែ ៣ចំណុចប៉ុណ្ណោះ គឺមិនគ្រប់ទៅតាមលក្ខខណ្ឌច្បាប់ការងារឡើយ។ កម្មករអះអាងថា ការទូទាត់ប្រាក់បំណាច់ ពាក់ព័ន្ធនឹងប្រាក់អតីតភាពការងារ ប្រាក់អំឡុងពេលមានមាតុភាព និងប្រាក់សោហ៊ុយជំងឺចិត្តជាដើម គឺថៅកែមិនបានទូទាត់ឱ្យកម្មករឡើយ។
ស្រដៀងគ្នានេះដែរ ប្រធានសហជីពសេរីឯករាជ្យប្រចាំរោងចក្រ អ.ជី ហ៊្វូតវែរ លោក ប៉ឹង ចំរើន ថ្លែងថា លោកមិនទុកចិត្តលើថៅកែរោងចក្រនេះឡើយ ពីព្រោះការដោះស្រាយបញ្ហាបើកលុយឱ្យកម្មករកន្លងទៅ នៅមានភាពចម្រូងចម្រាស និងមិនច្បាស់លាស់។ លោកទាមទារឱ្យថៅកែទូទាត់ប្រាក់សំណងឱ្យកម្មករស្របតាមលក្ខខណ្ឌការងារ និងកុំរើសអើងសមាជិកសហជីពនៅកន្លែងការងារ ។
លោក ប៉ឹង ចំរើន៖«ជាក់ស្ដែងបងប្អូនកម្មករគាត់ថា ធ្វើការនៅហ្នឹង ៤ឆ្នាំ ១០ឆ្នាំហើយ។ អ៊ីចឹង ការទូទាត់ហ្នឹងឱ្យសមរម្យទៅ ពីព្រោះឃើញស្រាប់ហើយ រោងចក្រ អិល.វ៉ាយ ជាបុត្រសម្ព័ន្ធរបស់រោងចក្រ អ.ជី និងរោងចក្រ លី.យ៉ីន.គ្រុប ជាក្រុមហ៊ុនមេរបស់ អ.ជី នៅដំណើរការធម្មតា ហើយរោងចក្រនេះផលិតស្បែកជើងឱ្យក្រុមហ៊ុន ប្រ៊ុន ហ៊្វូតវែរ(Brunt Footwear)សហរដ្ឋអាមេរិក និងក្រុមហ៊ុនពូម៉ា(Puma)របស់អាល្លឺម៉ង់»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានធនធានមនុស្សនៃរោងចក្រ អ.ជី លោកស្រី កែវ ចាន់ លីដា និងអ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ន ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៥ ខែមីនា។
ជុំវិញបញ្ហានេះប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ប្រសិនបើថៅកែរោងចក្រយកលេសប្ដូរឈ្មោះរោងចក្រ និងការប្រកាសក្ស័យធន ដើម្បីគេចពីការទទួលខុសត្រូវសងប្រាក់ឱ្យកម្មករ រដ្ឋាភិបាលគួរតែដាក់ទោសថៅកែរោងចក្រតាមនីតិវិធីច្បាប់។
លោក អាត់ ធន់៖«ដូចករណីក្រុមហ៊ុនចាស់ ក្រុមហ៊ុនថ្មីអ៊ីចឹង អាហ្នឹងជាល្បិចរបស់ម្ចាស់ក្រុមហ៊ុនអ៊ីចឹងឯង ហើយជ្រុលជាគាត់បញ្ចប់កិច្ចសន្យាហើយ គួរតែដោះស្រាយឱ្យបានចប់ ពីព្រោះតែច្បាប់បានបញ្ជាក់ថា នៅពេលបញ្ចប់កិច្ចសន្យាប្រាក់ឈ្នួល និងប្រាក់នូវជំពាក់ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដាច់ខាតត្រូវបើកឱ្យគាត់»។
កាលពីថ្ងៃទី២៣ ខែមីនា កម្មកររោងចក្រ អ.ជី បានចេញតវ៉ាម្ដងរួចមកហើយ បន្ទាប់ពីថៅកែរោងចក្រប្រកាសថា រោងចក្ររបស់ខ្លួនជួបវិបត្តិក្ស័យធន ដោយសារអគ្គិភ័យឆាបឆេះរោងចក្រធ្ងន់ធ្ងរមិនអាចស្ដារឡើងវិញបាន។ ប៉ុន្តែកម្មករអះអាងថា ការប្រកាសក្ស័យធននេះ គឺថៅកែមានចេតនាគេចវេះមិនចង់ទទួលខុសត្រូវសងសំណងដល់កម្មករ ខណៈក្រុមហ៊ុនបុត្រសម្ព័ន្ធ អិល.វ៉ាយ ហ៊្វូតវែរ (LY Footwear Cambodia) និងក្រុមហ៊ុន លី.យ៉ីន.គ្រុប (LI Yuen Group) របស់រោងចក្រនេះនៅតែបន្តនាំផលិតផលចេញ។ កម្មករឱ្យដឹងថា កម្មករប្រមាណជាង ៥0ភាគរយ (៥០%) ដែលបាត់បង់ប្រាក់អតីតភាពការងារ និងកម្មករមួយចំនួនប្រឈមបាត់បង់ការងារធ្វើទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។