ធនាគារពិភពលោក (World Bank) ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២នេះ អាចសម្រេចបានជាង ៤% (៤,៥%) ក្នុងស្ថានភាពប្រសើរ។ ក៏ប៉ុន្តែ កំណើនសេដ្ឋកិច្ចនេះ អាចធ្លាក់ចុះមកនៅត្រឹមជាង ៣% (៣,៨%) វិញ ក្នុងស្ថានភាពអាក្រក់។
ការព្យាករណ៍នេះ ធ្វើឡើងក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក របស់ធនាគារពិភពលោក ក្រោមចំណងជើងថា «ជម្នះព្យុះព្យោមា» (Braving the Storms) ទើបនឹងចេញផ្សាយកាលពីថ្ងៃទី៤ ខែមេសា។
ធនាគារពិភពលោក ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា ចាប់ផ្តើមរើបឡើងវិញ គាំទ្រដោយការដកចេញនូវបម្រាមធ្វើដំណើរ។ ក៏ប៉ុន្តែ ដំណើររើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជានេះ ក៏កំពុងតែប្រឈមនឹងហានិភ័យមួយចំនួន។ ក្នុងនោះ មានដូចជា ការធ្លាក់ចុះនៃតម្រូវការជាសាកល និងការកើនឡើងនៃថ្លៃទំនិញ ស្បៀង និងប្រេង ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន (Ukraine)។
ទន្ទឹមគ្នានេះ ធនាគារពិភពលោក ព្រមានថា ការកើនឡើងនៃអត្រាឆ្លងជំងឺកូវីដ១៩ អូមីក្រុង ឬមេរោគប្រភេទថ្មីៗទៀតដែលមិនអាចគ្រប់គ្រងបាន អាចបង្អាក់ដល់ដំណើរការនៃការស្តារសេដ្ឋកិច្ចឡើងវិញ។ ធនាគារពិភពលោក គូសបញ្ជាក់ថា ការកើនឡើងនៃតម្លៃថាមពល និងស្បៀង អាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងធ្វើឱ្យសុខុមាលភាពប្រជាជនធ្លាក់ចុះ ព្រមទាំងប៉ះពាល់ជាអវិជ្ជមានដល់ការកាត់បន្ថយភាពក្រីក្រ។
ម្យ៉ាងវិញទៀត ស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា ក៏នៅតែប្រឈមខ្លាំងនឹងហានិភ័យដោយសារតែកំណើននៃការផ្តល់កម្ចី ឬឥណទានខ្ពស់ ក្នុងវិស័យសំណង់ និងអចលនទ្រព្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។