ធនាគារ​​ពិភពលោក​ព្យាករ​​ថា សេដ្ឋកិច្ច​កម្ពុជា​អាច​ទទួលបាន​កំណើន ៤,៥% ក្នុងឆ្នាំ២០២២ តែព្រមាន​ពី​ភាពមិនប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​សាកល

ធនាគារ​​ពិភពលោក​ (World Bank) ព្យាករ​​ថា សេដ្ឋកិច្ច​កម្ពុជា​​អាច​​នឹង​​ទទួល​បាន​​កំណើន ៤,៥% ក្នុង​ឆ្នាំ២០២២​​នេះ និង ៥,៥% ក្នុង​ឆ្នាំ២០២៣ ខាងមុខ។ ប៉ុន្តែ​ធនាគារ​ពិភពលោក​ព្រមានថា សេដ្ឋកិច្ច​សាកលទាំងមូល​នឹង​នៅតែ​មាន​ភាពមិនប្រាកដប្រជា​ខ្លាំង ស្របពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ការឆ្លង​រាល​ដាល​​នៃ​​មេរោគ​បំប្លែងខ្លួន​ថ្មី​កូវីដ-១៩ ឈ្មោះ​អូមីក្រុង (Omicron) ការកើនឡើង​នៃ​អតិផរណា បំណុល​សាធារណៈ និង​វិសមភាព​សង្គមជាដើម។

ការ​ព្យាករ​​នេះ ធ្វើឡើង​នៅក្នុង​របាយការណ៍​ស្តីពី​ «ទស្សនវិស័យ​សេដ្ឋកិច្ច​សាកល»​ ​ទើបនឹង​ចេញផ្សាយ​កាលពី​ថ្ងៃទី១១ ខែមករា កន្លងទៅ​ដោយ​ធនាគារ​ពិភពលោក ដែល​មាន​មូលដ្ឋាន​នៅរដ្ឋធានី​វ៉ាស៊ីនតុន (Washington) សហរដ្ឋអាមេរិក។

បើតាម​តួលេខ​ចុងក្រោយ​នេះ ធនាគារ​ពិភពលោក​បាន​ទម្លាក់​ការព្យាករអំពី​កំណើន​​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ២០២២ និង​ឆ្នាំ២០២៣ខាងមុខ​នេះ ទាបជាង​ខុស​ពី​​ការ​រំពឹងទុក​បន្តិច ដែល​ធនាគារ​ធ្លាប់បាន​ព្យាករ​កាលពី​ខែមិថុនា ឆ្នាំ២០២១​កន្លងទៅ ពោលគឺ ​ថយចុះ​ប្រមាណ​ជិត -១%​ (-0.7%)​ សម្រាប់​​ការ​ព្យាករ​ក្នុង​ឆ្នាំ​២០២២​នេះ។

ធនាគារ​ពិភពលោកឱ្យដឹងថា ក្នុងប្រទេស​​ជាច្រើន ជាពិសេស​ប្រទេស​​ដែលមាន​​សេដ្ឋកិច្ច​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​​វិស័យ​ទេសចរណ៍ គេ​មិនរំពឹងថា ​នឹង​មាន​​ការ​ងើបឡើងវិ​ញ​​នូវ​ទិន្នផល​សេដ្ឋកិច្ច​ឱ្យបាន​ដូច​កម្រិត​កាលពី​នៅមុនពេល​មាន​វិបត្តិ​ជំងឺរាតត្បាត​សាកល​កូវីដ-១៩​ឡើយ រហូតដល់​ឆ្នាំ២០២២ សម្រាប់​ប្រទេសកម្ពុជា ម៉ាឡេស៊ី​ (Malaysia)​ និង​​ហ្វីលីពីន​ (The Philippines)​ ឬរ​ហូត​​ដល់​​ឆ្នាំ២០២៣ សម្រាប់​ប្រទេសថៃ​ (Thailand) ជាដើម។

ស្ថាប័ន​​អន្តរជាតិ​ដែល​ធ្វើការ​​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​​ភាពក្រីក្រ​​នៅទូទាំង​​សាកល​លោក​​នេះ ផ្តល់​អំណះអំណាង​ថា ការកើនឡើង​ជាង​​ការរំពឹងទុក​​នៃ​​អតិផរណា​នៅ​តាម​​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន អាចបណ្តាល​ឱ្យមាន​ការកើនឡើង​ភ្លាមៗ​​នៃ​​អត្រាការប្រាក់​ជាសាកល និង​លំហូរ​មូលធន​ទៅក្រៅ​ប្រទេស ការ​ធ្លាក់ចុះ​តម្លៃ​រូបិយប័ណ្ណ ការរឹតបណ្តឹង​រូបិយវត្ថុ​ក្នុងស្រុក ព្រមទាំង​អាច​បណ្តាល​ឱ្យ​មាន​នូវ​ភាពតានតឹង​ផ្នែក​ហិរញ្ញវត្ថុ​ជាដើម ជាពិសេស​​ក្នុង​ចំណោម​​បណ្តា​ប្រទេស​​ដែល​មាន​សេដ្ឋកិច្ច​ងាយរងគ្រោះ​ភាគច្រើន និង​ប្រទេស​ដែល​ពឹងផ្អែក​លើ​កម្ចីបរទេស ក្នុងនោះ​ក៏រួមមាន​ទាំង ប្រទេសឡាវ​ (Laos)​ កម្ពុជា ​និង​​ទីម័រខាងកើត​ (Timor-Leste) ជាដើម។

សម្រាប់​ឆ្នាំ២០២២នេះ ធនាគារ​ពិភពលោក​ព្រមានថា សេដ្ឋកិច្ច​សាកលទាំងមូល​នឹង​នៅតែ​មាន​ភាពមិនប្រាកដប្រជា​ខ្លាំង ស្របពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ការឆ្លងរាលដាល​នៃ​មេរោគ​បំប្លែងខ្លួន​ថ្មី​កូវីដ១៩ ឈ្មោះ​អូមីក្រុង (Omicron) ការកើនឡើង​នៃ​អតិផរណា បំណុល​សាធារណៈ និង​វិសមភាព​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។