ធនាគារ​ពិភពលោក​ ជំរុញ​​ឲ្យ​កម្ពុជា​​កែ​​ទម្រង់​​ធំ​​មួយ​​ដើម្បី​​ពង្រឹង​សមត្ថភាព​ក្នុង​ស្រុក​

0:00 / 0:00

​ធនាគារពិភពលោក (World Bank) បង្ហាញ​ថា ​ដើម្បី​កម្ពុជា​អា​ច​ស្តារ​សេដ្ឋកិច្ច ​ឱ្យ​មាន​កំណើន​ទៀង​ទាត់​ឡើង​វិញ​បាន គឺ​កម្ពុជា​ត្រូវ​កែ​ទម្រង់​ធំ​មួយ ដើម្បី​ពង្រឹង​សមត្ថភាព​ក្នុង​ស្រុក។

ប្រធាន​គ្រប់គ្រង​នៃ​ធនាគារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជាលោកស្រី ម៉ារីយ៉ាម សាលីម​ (Maryam Salim) មាន​ប្រសាសន៍នៅក្នុង​ សេចក្តីប្រកាសព័ត៌មាន​របស់​ធនាគារ ​ពិភពលោកនៅថ្ងៃទី៣១ ខែមករា​ថា ដើម្បី​ងាកទៅ​រក​គន្លង​ផ្លូវ​ឆ្ពោះ​ទៅមាន​កំណើន​សេដ្ឋកិច្ច​ដោយ​ចរីភាព​វិញ​បានគឺ​កម្ពុជា​ចាំ​បាច់​ត្រូវ​ការ​របៀបវារៈ​កែទម្រង់​ប្រកប​ដោយ​មហិច្ឆតា​មួយដែល​ផ្តោត​សំខាន់​លើ​ការ​បង្កើន​សមត្ថភាព​របស់​ក្រុមហ៊ុនពលករ និង​ក្រុម​គ្រួសារ​នៅ​កម្ពុជា ព្រមទាំង​​កែលម្អ​បរិយាកាស​ធ្វើ​ធុរកិច្ច និង​ការវិនិយោគ​ជា​ដើម​ផង។

ធនាគារ​ពិភពលោកថា នៅ​ក្នុងប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ថ្មីៗ នេះផលិតផល​ចំនួន​ប្រាំមុខ​មាន​វិស័យ​កាត់ដេរ​ ស្បែកជើង អង្ករ ដំឡូងមី និង​ទេសចរណ៍ មានទំហំ ​៨០​ភាគ​រយ​​នៃ​​ទំហំនាំ​​ចេញ​​សរុប​របស់​កម្ពុជា។ ប៉ុន្តែ​នៅ​ក្នុង​នោះ​មានទីផ្សារ​ធំ​តែពីរប៉ុណ្ណោះ គឺ​សហភាពអឺរ៉ុបនិង​សហរដ្ឋអាមេរិកដែល​ស្រូប​យក​ ៦៩​ភាគ​រយ​នៃ​បរិមាណ​ទំនិញ​នាំ​ចេញ​ទាំងនោះ។

ក្នុងពេល​ដែល​កម្ពុជា​ពឹង​លើ​ការ​នាំ​ចេញ​ខ្លាំងកម្ពុជា​បែរ​ជា​នៅ​មាន​បញ្ហា​ជា​ច្រើន​ដូចជា​ ផលិត​ភាព​ពលកម្ម​ក៏​នៅ​ទាបព្រោះជំនាញ​ និង​ការ​បណ្តុះបណ្តាល​នៅ​មាន​កម្រិត​ទាប។ មិនតែ​ប៉ុណ្ណោះ​ កត្តា​ផលិតភាព​សរុប​ក៏​នៅ​ទាប​ដែរ។ លើស​ពី​នេះ​ទៀត ​អត្រា​ប្រាក់​សន្សំ​ក្នុង​ប្រទេស​មាន​កម្រិត​ទាប។ ការវិនិយោគ​ក្នុង​ស្រុក​នៅ​មាន​កម្រិត​ទាប​ដែរ។ ទាំង​នេះធ្វើ​ឱ្យ​​កម្ពុជាត្រូវ​​ពឹងផ្អែកខ្លាំងលើ​ធន​ធាន​ហិរញ្ញប្បទានពី​ក្រៅប្រទេស។

ទោះជា​យ៉ាង​នេះ​ក្ដីធនាគារ​ពិភពលោក​ថា ​កម្ពុជា​មាន​ជម្រើស​ច្រើន សម្រាប់​ដោះស្រាយ​បញ្ហា​ខ្វះ​ភាព​សម្បូរ​បែប​ក្នុង​សេដ្ឋកិច្ច និង​សម្រាប់​កសាងផ្នែកនេះ​ឡើងវិញ ឱ្យ​កាន់តែ​ប្រសើរជាងមុន។

ដើម្បី​ធ្វើ​ដូច្នេះ​បានគឺ​កម្ពុជា​ត្រូវ​​វិនិយោគ​ទៅ​លើ​ធនធាន​មនុស្ស ​​បែងចែក​ធនធាន​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធផល​ តាម​រយៈការ​កែលម្អ​សមត្ថភាព​ស្ថាប័ន​ទីផ្សារ​ និង​ការ​បង្កើន​ការ​គ្រប់​គ្រង​ការ​វិនិយោគ​សាធារណៈ។

ធនាគារ​ពិភពលោក​រក​ឃើញ​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​ រងការខូចខាត​យ៉ាងដំណំ​ដោយសារ​វិបត្តិនៃការ​ការរាតត្បាតជំងឺកូវីដ-១៩។ កំណើនសេដ្ឋកិច្ច​កម្ពុជា ធ្លាប់​កើនជា​មធ្យម​ ៧,៧ភាគរយ​ក្នុង​មួយ​ឆ្នាំ ចាប់ពីឆ្នាំ​១៩៩៥​ ដល់​ឆ្នាំ២០១៩។ ប៉ុន្តែ​អត្រា​នេះ​បានស្រុតចុះយ៉ាងគំហុក ​អស់​ចំនួន​ ១០,១​ភាគរយ ធ្វើ​ឱ្យ​ទំហំសេដ្ឋកិច្ច​រួមមាឌអស់​ ៣,១ ភាគរយ​ ក្នុង​ឆ្នាំ​២០២០ មុន​នឹង​រើបឡើងវិញ​សន្សឹមៗ​រហូត​បាន​កំណើន​ ២,២ ភាគរយ​ នាដំណាច់ឆ្នាំនោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។