ធនាគារពិភពលោក (World Bank) បង្ហាញថា ដើម្បីកម្ពុជាអាចស្តារសេដ្ឋកិច្ច ឱ្យមានកំណើនទៀងទាត់ឡើងវិញបាន គឺកម្ពុជាត្រូវកែទម្រង់ធំមួយ ដើម្បីពង្រឹងសមត្ថភាពក្នុងស្រុក។
ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជាលោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) មានប្រសាសន៍នៅក្នុង សេចក្តីប្រកាសព័ត៌មានរបស់ធនាគារ ពិភពលោកនៅថ្ងៃទី៣១ ខែមករាថា ដើម្បីងាកទៅរកគន្លងផ្លូវឆ្ពោះទៅមានកំណើនសេដ្ឋកិច្ចដោយចរីភាពវិញបានគឺកម្ពុជាចាំបាច់ត្រូវការរបៀបវារៈកែទម្រង់ប្រកបដោយមហិច្ឆតាមួយដែលផ្តោតសំខាន់លើការបង្កើនសមត្ថភាពរបស់ក្រុមហ៊ុនពលករ និងក្រុមគ្រួសារនៅកម្ពុជា ព្រមទាំងកែលម្អបរិយាកាសធ្វើធុរកិច្ច និងការវិនិយោគជាដើមផង។
ធនាគារពិភពលោកថា នៅក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះផលិតផលចំនួនប្រាំមុខមានវិស័យកាត់ដេរ ស្បែកជើង អង្ករ ដំឡូងមី និងទេសចរណ៍ មានទំហំ ៨០ភាគរយនៃទំហំនាំចេញសរុបរបស់កម្ពុជា។ ប៉ុន្តែនៅក្នុងនោះមានទីផ្សារធំតែពីរប៉ុណ្ណោះ គឺសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកដែលស្រូបយក ៦៩ភាគរយនៃបរិមាណទំនិញនាំចេញទាំងនោះ។
ក្នុងពេលដែលកម្ពុជាពឹងលើការនាំចេញខ្លាំងកម្ពុជាបែរជានៅមានបញ្ហាជាច្រើនដូចជា ផលិតភាពពលកម្មក៏នៅទាបព្រោះជំនាញ និងការបណ្តុះបណ្តាលនៅមានកម្រិតទាប។ មិនតែប៉ុណ្ណោះ កត្តាផលិតភាពសរុបក៏នៅទាបដែរ។ លើសពីនេះទៀត អត្រាប្រាក់សន្សំក្នុងប្រទេសមានកម្រិតទាប។ ការវិនិយោគក្នុងស្រុកនៅមានកម្រិតទាបដែរ។ ទាំងនេះធ្វើឱ្យកម្ពុជាត្រូវពឹងផ្អែកខ្លាំងលើធនធានហិរញ្ញប្បទានពីក្រៅប្រទេស។
ទោះជាយ៉ាងនេះក្ដីធនាគារពិភពលោកថា កម្ពុជាមានជម្រើសច្រើន សម្រាប់ដោះស្រាយបញ្ហាខ្វះភាពសម្បូរបែបក្នុងសេដ្ឋកិច្ច និងសម្រាប់កសាងផ្នែកនេះឡើងវិញ ឱ្យកាន់តែប្រសើរជាងមុន។
ដើម្បីធ្វើដូច្នេះបានគឺកម្ពុជាត្រូវវិនិយោគទៅលើធនធានមនុស្ស បែងចែកធនធានឱ្យកាន់តែមានប្រសិទ្ធផល តាមរយៈការកែលម្អសមត្ថភាពស្ថាប័នទីផ្សារ និងការបង្កើនការគ្រប់គ្រងការវិនិយោគសាធារណៈ។
ធនាគារពិភពលោករកឃើញថា សេដ្ឋកិច្ចរបស់កម្ពុជា រងការខូចខាតយ៉ាងដំណំដោយសារវិបត្តិនៃការការរាតត្បាតជំងឺកូវីដ-១៩។ កំណើនសេដ្ឋកិច្ចកម្ពុជា ធ្លាប់កើនជាមធ្យម ៧,៧ភាគរយក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៩។ ប៉ុន្តែអត្រានេះបានស្រុតចុះយ៉ាងគំហុក អស់ចំនួន ១០,១ភាគរយ ធ្វើឱ្យទំហំសេដ្ឋកិច្ចរួមមាឌអស់ ៣,១ ភាគរយ ក្នុងឆ្នាំ២០២០ មុននឹងរើបឡើងវិញសន្សឹមៗរហូតបានកំណើន ២,២ ភាគរយ នាដំណាច់ឆ្នាំនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។