ធនាគារពិភពលោក​ជំរុញ​ឱ្យ​កម្ពុជា​ពន្លឿន​កំណែ​ទម្រង់​សេដ្ឋកិច្ច​ដើម្បី​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​២០៣០

0:00 / 0:00

ធនាគារពិភពលោក​ព្យាករណ៍​ថា កំណើត​សេដ្ឋកិច្ច​ប្រមាណ ៥ ភាគរយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ នឹង​មិន​អាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ ២០៣០​នោះ​ទេ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​ពន្លឿន​កំណែ​ទម្រង់​សេដ្ឋកិច្ច​។ មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ក៏​គួរ​ងាក​មក​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ផង​ដែរ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​សេដ្ឋកិច្ច​ពី​ប្រទេស​ប្រជាធិបតេយ្យ។

របាយការណ៍​ធនាគារ​ពិភពលោក (World Bank) កាល​ពី​ថ្ងៃទី​១៣ ខែ​ធ្នូ ព្យាករណ៍​ថា ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​២០៣០ រដ្ឋាភិបាល​កម្ពុជា​គួរតែ​ពន្លឿន​ក្នុង​ការ​កំណែ​ទម្រង់សេដ្ឋកិច្ច​ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ ហើយ​ប្រទេស​កម្ពុជា​ត្រូវ​រក្សា​អត្រាកំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​យ៉ាងតិច ៧​ភាគរយ។

ធនាគារពិភពលោក​ពន្យល់​ទៀត​ថា មូលហេតុ​ដែល​ប្រទេស​កម្ពុជា​គួរតែ​ពន្លឿន​ក្នុង​ការ​កំណែ​ទម្រង់​សេដ្ឋកិច្ច ព្រោះ​ថា សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣​នេះ​ទទួល​បាន​កំណើន​តែ​ជាង ៥ (៥,៤) ភាគរយ​ដែល​ឆ្ងាយ​ពី​កំណើន​ប្រចាំឆ្នាំ​ជា​មធ្យម​ជាង​៧ (៧,២) ភាគរយ ដែល​សម្រេច​បាន​ក្នុង​ទសវត្សរ៍​មុន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩។

ធនាគារ​ពិភពលោក​ថា គិត​ត្រឹម​ឆ្នាំ​២០២០ សេដ្ឋកិច្ច​កម្ពុជា​បាន​ធ្លាក់ចុះ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជាង​១ (១,២) លាន​នាក់​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ ឬ​មាន​ន័យ​ថា មនុស្ស​ម្នាក់​រក​ចំណូល​បាន​តិច​ជាង ២,៧ ដុល្លារ ឬ​ប្រមាណ​មួយ​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ ខណៈដែល​ពលរដ្ឋ​ខ្មែរ​ចំនួន​ពាក់កណ្ដាល​ប្រទេស​ផ្សេងទៀត​ចំណាយ​ត្រឹមតែ ៤,១៥ ដុល្លារ ឬ​ប្រមាណ​១​ម៉ឺន ៦​ពាន់​រៀល ឬ​តិច​ជាង​នេះ​ក្នុង​មួយថ្ងៃ។

របាយការណ៍​ដដែល​លើក​ឡើង​ថា ការ​ធ្លាក់ចុះ​នៃ​កំណើនសេដ្ឋកិច្ច​នេះ​មិនមែន​បណ្ដាល​មក​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ ទាំងស្រុង​នោះ​ទេ តែ​ជាក់ស្ដែង​កំណើន​ផលិតភាព ដែល​ជា​រង្វាស់​នៃ​ប្រសិទ្ធភាព​នៃ​ការបែងចែក​ធនធាន និង​ការ​ច្នៃប្រឌិត​ក្នុង​សេដ្ឋកិច្ច គឺ​មាន​ភាព​អវិជ្ជមាន ដូចជា​ការ​ធ្លាក់ចុះ​ផលិតផល​កសិកម្ម និង​ការ​ធ្លាក់​ចុះ​កំណើត​ប្រាក់​ឈ្នួល​ជាដើម។

ធនាគារពិភពលោក​ផ្ដល់​អនុសាសន៍​ថា ដើម្បី​ឱ្យ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​កើន​ឡើង រដ្ឋាភិបាល​កម្ពុជា​គួរតែ​ទីមួយ​កែ​លម្អ​បន្ថែម​ទៀត​ចំពោះ​បរិយាកាស​ធុរកិច្ច សម្រាប់​ការជំរុញ​ផលិតភាព និង​ការប្រកួតប្រជែង​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា និង​ទីពីរ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា គឺជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​កើន​ឡើង​ផលិតភាព និង​ការប្រកួតប្រជែង​អន្តរជាតិ និង​ទី​បី ដោះស្រាយ​កង្វះខាត​ជំនាញ និង​អភិវឌ្ឍ​កម្លាំង​ពលកម្ម។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន និង​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី​លោក មាស សោភ័ណ្ឌ បាន​ទេ នៅ​ថ្ងៃ​ទី​១៤ ធ្នូ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក ម៉ែន សុថាវរិន្ទ្រ លើកឡើង​ថា របាយការណ៍​ដែល​រក​ឃើញ​ដោយ​ធនាគារពិភពលោក​នេះ​គឺ​ស្រប​នឹង​ស្ថានភាព​ជាក់ស្ដែង​របស់​ប្រទេស​កម្ពុជា​។ ទោះជា​យ៉ាងណា លោក ម៉ែន សុថាវរិន្ទ្រ ថា ដើម្បីឱ្យ​ស្ថានភាព​សេដ្ឋកិច្ច​ល្អ​ប្រសើរ​ឡើងវិញ​នោះ រដ្ឋាភិបាល​ថ្មី​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត គួរតែ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ ដើម្បី​ឱ្យ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​នឹង​បន្ត​ជួយ​កម្ពុជា​ច្រើនជាង​នេះ​ដូច​ជា​ការ​ផ្ដល់​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សហភាព​អឺរ៉ុប (EBA) និង ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សហរដ្ឋអាមេរិក (GSP) ទាំងស្រុង​ឡើងវិញ។

លោក ម៉ែន សុថាវរិន្ទ្រ៖ «ខ្ញុំ​ជឿជាក់​ថា សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​ងើប​កើន​ឡើងវិញ ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គាត់​ផ្លាស់ប្ដូរ​គាត់​លែង​ដើរ​តាម​នយោបាយ​តាម​ឪពុក​ចាស់​របស់​គាត់ គឺ​ផ្លាស់ប្ដូរ​ទិសដៅ និង​គោលនយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ពិតប្រាកដ​តែ​រយៈពេល​តែមួយ​ឆ្នាំ​ដំបូង​ទេ​យ៉ាង​យូរ តាម​ខ្ញុំ​មើលទៅ»។

ចំណែក​អនុប្រធាន​គណបក្ស​ភ្លើងទៀន និង​ជា​អ្នកជំនាញ​សេដ្ឋកិច្ច លោក​បណ្ឌិត សុក ហាច លើកឡើង​ថា ក្រៅពី​ទទួល​យក​អនុសាសន៍​ពី​ធនាគារ​ពិភពលោក រដ្ឋាភិបាល​ថ្មី​គួរតែ​បង្កើន​ទំនាក់ទំនង​ល្អ​គ្រប់​បណ្ដា​ប្រទេស​ទាំងអស់ ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ជាពិសេស​រដ្ឋាភិបាល​ក៏​គួរតែ​កាត់បន្ថយ​ចំណាយ​ដែល​មិន​ចាំបាច់​ដូចជា​កាត់បន្ថយ​មន្ត្រី​ជាន់ខ្ពស់​យ៉ាងតិច​ឱ្យ​បាន​ពាក់​កណ្ដាល​នៃ​ចំនួន​សរុប​របស់​រដ្ឋាភិបាល។

បណ្ឌិត សុខ ហាច៖ «ពីព្រោះ​ចំណូល​យើង​មាន​កម្រិត ដល់​ចំណូល​យើង​មាន​កម្រិត ចំណាយ​យើង​មាន​កម្រិត ដូច្នេះ​យើង​ត្រូវ​ផ្ដល់​អាទិភាព នៃ​ការ​ចំណាយ​ហ្នឹង ហើយ​អាទិភាព​នៃ​ការ​ចំណាយ​ហ្នឹង គឺ​យើង​ត្រូវ​កាត់​ការ​ចំណាយ​ដែល​ខ្ញុំ​យល់​ថា មិនសូវ​ចាំបាច់ អត់​បានការ​គឺ​ត្រូវ​បន្ថយ​ចំនួន​បុគ្គល​មន្ត្រី​រាជការ​ជាន់​ខ្ពស់ ហៅថា​មន្ត្រី​នយោបាយ​ទៅ​ចុះ»។

អស់​រយៈពេល​ជាង​បី​ខែ​ក្រោម​ការ​ដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពលរដ្ឋ​ជាច្រើន​កាន់តែ​ធ្លាក់​ក្នុង​បំណុល និង​ធ្វើ​ចំណាកស្រុក​ទៅ​ស៊ីឈ្នួល​នៅ​បរទេស។ ចំណែក​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ក៏​មិន​ទាន់​មាន​ភាព​ប្រសើរ​នោះ​ដែរ ជាក់ស្ដែង​អ្នក​ទោស​នយោបាយ សកម្មជន​ដីធ្លី និង​សកម្មជន​សិទ្ធិមនុស្ស​ជាង​៣០ (៣២)​នាក់ ជាប់​នៅក្នុង​ពន្ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។