ពលរដ្ឋ​បារម្ភ​ថា ល្អាង​ជប់​ទឹក​​​តំបន់​ភ្នំ​គូលែន​នឹង​អស់​ទឹក​ដោយសារ​បម្រែបម្រួល​អាកាសធាតុ

0:00 / 0:00

ពលរដ្ឋ​ព្រួយ​បារម្ភ​ពី​ជោគ​វាសនា​ល្អាង​ជប់​ទឹក​មួយ​ចំនួន​ក្នុង​តំបន់​ឧទ្យានជាតិ​ភ្នំ​គូលែន ខេត្ត​សៀមរាប កំពុង​ប្រឈម​ការ​គំរាម​កំហែង ដោយសារ​ការ​ប្រែប្រួល​អាកាស​ធាតុ និង​ការ​បំផ្លាញ​ព្រៃឈើ។

ក្តី​បារម្ភ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ពី​សក្ដានុពល​ធម្មជាតិ​ដែល​មាន​ជាប់​ទាក់​ទង​នឹង​ល្អាង​ជប់​ទឹក​​ភ្នំ​គូលែន អាច​ការពារ​គ្រឹះ​ប្រាសាទ​ក្នុង​តំបន់​អង្គរ​ និង​ផ្គត់ផ្គង់​ទឹក​ជូន​ពលរដ្ឋ។

ពលរដ្ឋ​រស់​នៅ​ខេត្ត​សៀមរាប និង​មន្ត្រី​គណបក្ស​ជំនាន់​ថ្មី ​ជំរុញ​ឱ្យ​អាជ្ញាធរ​ យកចិត្តទុក​ដាក់​ការពារ​តំបន់​ល្អាង​ជប់​ទឹក​ជាង ២០​កន្លែង ឋិត​នៅ​ក្នុង​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ដែល​រដ្ឋាភិបាល​កំណត់​ជា​តំបន់​ការពារ​ធម្មជាតិ។

សំណើ​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​អាកាស​ធាតុ​នៅ​រដូវ​ប្រាំង​ឆ្នាំ​នេះ​កំពុង​កើន​កម្តៅ​ខុស​ប្រក្រតី​ក្នុង​ខែ​កុម្ភៈ​នេះ បណ្តាល​ឱ្យ​ប្រភព​ទឹក​មួយ​ចំនួន ក្នុង​​ល្អាង​ជប់​ទឹក​រីង​រាក់​យ៉ាង​ឆាប់​រហ័ស​ ប៉ះពាល់​ពលរដ្ឋ​មួយ​ចំនួន​ដែល​ប្រើប្រាស់​ទឹក​ប្រចាំ​ថ្ងៃ​ក្នុង​តំបន់​នោះ។

ពលរដ្ឋ​រស់​នៅ​ស្រុក​ស្វាយលើ ខេត្ត​សៀមរាប កញ្ញា ហឿន ស៊ិន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១៧ កុម្ភៈ ថា មូលហេតុ​ចម្បង​នាំ​ឱ្យ​ល្អាង​ជប់​ទឹក​ស្រក​លឿន​ដូច្នេះ​ ដោយសារ​បម្រែបម្រួល​អាកាសធាតុ និង​ការ​កាប់​ទន្ទ្រាន​ព្រៃឈើ​រាន​យក​ដី​ធ្វើ​កសិកម្ម​ជាដើម។

កញ្ញា​បន្ត​ថា នៅពេល​ល្អាង​ជប់​ទឹក​ស្រក​ខុស​ប្រក្រតី​ដូច្នេះ ធ្វើ​ឱ្យ​ស្ថានភាព​ទឹក​អូរ​ និង​ស្ទឹង​មួយ​ចំនួន​ដែល​មាន​បណ្ដាញ​ទឹក​ភ្ជាប់​ពី​ល្អាង កំពុង​រីង​ខះ​ជា​បណ្តើរៗ។ កញ្ញា​សង្កេត​ឃើញ​ថា ​ស្ទើរ​ជា​រៀង​រាល់​ឆ្នាំ​ល្អាង​ជប់​ទឹក តែងតែ​​រីង​ក្នុង​ខែ មេសា និង​ខែ​ឧសភា ក៏​ប៉ុន្តែ​ឆ្នាំនេះ​បែរ​ជា​ផ្តើម​ស្រក​ខ្លាំង ​ក្នុង​ខែ​មករា និង​ខែ​កុម្ភៈ​វិញ។

កញ្ញា ហឿន ស៊ិន៖«បើ​ថ្ងៃ​ណា​មួយ​វា​ប្រឈម​នឹង​ការ​រីង​ស្ងួត ប្រជា​ពលរដ្ឋ​នឹង​អត់​ឃ្លាន​ខ្លាំង​ ព្រោះ​បើ​យើង​អត់​មាន​ទឹក​នោះ​ហើយ​គឺ​ចប់​ ព្រោះ​ការ​ហូប​ចុក​ដាំ​ស្ល​ស្លុក​អី​គឺ​តែង​តែ​ប្រើប្រាស់​ទឹក​តាម​ជ្រលង​ថ្ម។ ឯ​អ្នក​ខ្លះ​មាន​ឡាន​មាន​អី​គេ​តែង​ដឹក​យក​មក​ប្រើប្រាស់​ និយាយ​រួម​ទៅ​វា​មាន​អត្ថ​ប្រយោជន៍​ច្រើន​មែន​ទែន សម្រាប់​ប្រជា​ពលរដ្ឋ​ជុំ​វិញ​នោះ»។

កាល​ពី​ឆ្នាំ២០២៣ ​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បាន​ចុះ​ទៅ​តំបន់​ឧទ្យាន​ភ្នំគូលែន ដោយ​លោក​សន្យា​ថា នឹង​ថែរក្សា​ល្អាង​ជប់​ទឹក​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ការពារ​តំបន់​ធម្មជាតិ​ប្រវត្តិសាស្ត្រ​​ឱ្យ​គង់វង្ស​ ទុក​ជា​ប្រយោជន៍​រួម​របស់​ជាតិ និង​ផ្គត់ផ្គង់​ការ​ប្រើ​ប្រាស់​ទឹក​ជូន​ពលរដ្ឋ​ទូទាំង​ខេត្ត។

ល្អាងជប់.jpg
ផែនទី​ទស្សនាចរណ៍​ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្ដម ភ្នំគូលែន ខេត្ត​សៀមរាប។ រូបកាលពីថ្ងៃទី១៨ កុម្ភៈ ២០២៤។ រូប៖ ហ្វេសប៊ុករដ្ឋបាលខេត្ត​សៀមរាប

អនុ​ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក បាត មុនី ដែល​តែង​ចុះ​ទៅ​តំបន់​នោះ យល់​ថា អាជ្ញាធរ​គួរតែ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ពី​សារៈ​ប្រយោជន៍​ល្អាង​ជប់​ទឹក ដើម្បី​ឱ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា និង​ប្រើប្រាស់​ទឹក​ឱ្យ​បាន​ត្រឹមត្រូវ។

លោក​ថា ព្រៃឈើ​លើ​ខ្នងភ្នំ និង​ជម្រាល​ភ្នំ​អាជ្ញាធរ​គួរតែ​អភិរក្ស​ឱ្យ​គង់វង្ស ដើម្បី​ការពារ​ល្អាង​ធម្មជាតិ​ទាំង​នេះ។

លោក ប៉ាត មុន្នី៖«ស្តុក​ទឹក​របៀប​ណា ប្រើ​ប្រាស់​ចែក​ចាយ​ទៅ​ខាង​ណា ​ហើយ​ថែ​គុណភាព​យ៉ាង​ម៉េច​ទៅ​យើង​បារម្ភ​ដែរ ព្រោះ​បើ​ផ្សព្វផ្សាយ​មិន​ទូលំទូលាយ​ទេ​ ប្រជា​ពលរដ្ឋ​គាត់​អត់​ដឹង​អត្ថប្រយោជន៍។ ទៅ​ក៏​មិន​អាច​ថែរក្សា​អនាម័យ​ធនធាន​ទឹក​នោះ​ឱ្យ​បាន​ល្អ​ ដល់​សម័យ​កាល​ឥឡូវ​មាន​ការ​បន្ទោបង់ និង​ប្រើ​ប្រាស់​ថ្នាំ​គីមី​ផង ក៏​សុទ្ធ​តែ​ជា​បញ្ហា​ដែរ»។

ឆ្លើយ​តប​រឿង​នេះ អគ្គ​នាយកដ្ឋាន​អាជ្ញាធរ​ជាតិ​អប្សរា លោក ហង់ ពៅ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី១៥ កុម្ភៈ ថា ប្រព័ន្ធ​ទឹក​មាន​ប្រភព​ដើម​នៅ​តំបន់​ភ្នំ​គូលែន​ គឺ​មាន​រចនាសម្ព័ន្ធ​បណ្ដាញ​ទឹក​ខ្វាត់ខ្វែង ការពារ​គ្រឹះ​ប្រាសាទ​ក្នុង​តំបន់​អង្គរ។ លោក​ថា​ បើ​គ្មាន​ប្រភព​ទឹក​គ្រប់គ្រាន់​ទេ មិន​អាច​ការពារ​គ្រឹះ​ប្រាសាទ​ឱ្យ​ឈរ​យូរ​អង្វែង​បាន​ឡើយ។

លោក ហង់ ពៅ៖«ប្រព័ន្ធ​ទឹក​មិន​ត្រឹម​តែ​តំបន់​អង្គរ​ទេ​ គឺ​គិត​តាំង​ពី​ភ្នំ​គូលែន​ជា​ប្រភព​ដើម ហើយ​មូល​ហេតុ​ដែល​មាន​ការ​ធ្វើ​និង​ឆ្លាក់​ប្រព័ន្ធ​នេះ​ក៏​មិនមែន​ជា​រឿង​ធម្មតា​ដែរ​ គឺ​សុទ្ធ​តែ​ជា​រឿង​គិត​មុន​និយាយ​ឱ្យ​ខ្លី​គឺ​របស់​អមតៈ ប្រាសាទ​ត្រូវ​តែ​ឈរ​ជា​អមតៈ ទឹក​ត្រូវ​ឈរ​ជា​និច្ច​ បើ​គ្មាន​ប្រភព​ទឹក​ប្រាសាទ​និង​ដួល​រលំ»។

ល្អាង​ជប់​ទឹក ភ្នំ​គូលែន​រួម​មាន ជប់​ទឹក​ស្រះ​ដំរី ទឹក​ជប់​ខ្នារ​ពោធិ ជប់​ទឹក​អន្លង់​ខៀវ តំបន់​ជប់​ទឹក​វាល​ស្រែ និង​ល្អាង​ជប់​ទឹក​អន្លង់​មាស​ជា​ដើម មាន​ទឹក​ផុស​ចេញ​ពី​ក្រោម​ដី​គ្រប់​រដូវ​កាល ហូរ​ឆ្ពោះ​តាម​ស្ទឹង​សៀមរាប បឹង និង​អូរ​ជា​ច្រើន​កន្លែង តម្រង់​មក​ខ្សែ​ទឹក​ខាង​ក្រោម។

ល្អាង​ជប់​ទឹក​ទាំងនោះ អំណោយ​ផល​គាប់​ប្រសើរ​ដល់​ពលរដ្ឋ​ជា​ច្រើន​ពាន់​គ្រួសារ ​ទាញ​យក​ទឹក​ប្រើប្រាស់​ធ្វើ​កសិកម្ម​គ្រប់​រដូវ​មិន​ចេះ​រីង​ស្ងួត ជាពិសេស​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​ជា​ដើម។ រីឯ​ល្អាង​ខ្លះ​ទៀត អាជ្ញាធរ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​ ផលិត​ទឹក​បរិសុទ្ធ​មាន​គុណ​ភាព​ខ្ពស់។

ក៏​ប៉ុន្តែ​ពលរដ្ឋ​អះអាង​ថា ល្អាង​ជប់​ទឹក​មួយចំនួន នៅតែ​ប្រឈម​ការ​រំលោភ​បំពាន​ដោយ​ស្ងាត់ៗ ពី​សំណាក់​ក្រុម​អ្នក​មាន​លុយ​មាន​អំណាច និង​ជន​ខិលខូច​លួច​កាប់​ឈើ​មាន​តម្លៃ​ជា​បន្ត​បន្ទាប់។

ជុំវិញ​រឿង​នេះ មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC)លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា ​អាជ្ញាធរ​គួរតែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ និង​ដាក់​ទោសទណ្ឌ​លើ​មន្ត្រី​ទាំង​ឡាយ​ណា​ដែល​អសមត្ថភាព ការពារ​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​​គូលែន។ លោក​ថា នៅ​គ្រា​ដែល​គម្រប​ព្រៃឈើ​ថយ​ចុះ នឹង​ធ្វើ​ឱ្យ​ខ្វះខាត​ទឹក​គ្រប់​ទី​កន្លែង។

លោក ប៉ែន ប៊ុណ្ណារ៍៖«ការ​បាត់បង់​ធនធាន​ទឹក​ទាំង​នោះ ​គឺ​កើត​ចេញ​ពី​ការ​កាប់​រាន​ព្រៃ​ឈើ​ហ្នឹង​ឯង។ អ៊ីចឹង​វា​ធ្វើ​ឱ្យ​ទឹក​នៅ​ក្នុង​ដី​ក៏​បាត់បង់​ទៅ​តាម​នោះ​ដែរ​ អ៊ីចឹង​បរិមាណ​ទឹក​ដែល​ទទួល​បាន​ពី​គម្រប​ព្រៃឈើ​ក៏​បាត់បង់​ទៅ​តាម​នោះ​ដែរ»។

ឧទ្យានជាតិ​ព្រះបាទ​ជ័យវរ្ម័ន នរោត្តម ភ្នំ​គូលែន​បាន​បង្កើត​ឡើង ដោយ​ព្រះរាជក្រឹត្យ​កាល​ពី ឆ្នាំ១៩៩៣ មាន​ផ្ទៃដី​ជាង ៣ម៉ឺន ៧ ពាន់​ហិកតារ (៣៧.៥០០) គ្រប​ដណ្ដប់​លើ​ភ្នំ​ចំនួន៣ គឺ ភ្នំ​គូលែន ភ្នំ​ក្បាល​ស្ពាន និង​ភ្នំ​ហប់។

ភ្នំ​នីមួយៗ​ឋិត​​ក្នុង​ឧទ្យានជាតិ​នេះ មាន​តួនាទី​ជួយ​រក្សា​លំនឹង​បរិស្ថាន​នៅ​តំបន់​អង្គរ តាម​រយៈ​ផ្តល់​ប្រភព​ទឹក និង​ធនធាន​ធម្មជាតិ​សម្បូរ​បែប​រួមមាន ព្រៃឈើ ជីវចម្រុះ​ និង​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​ជួយ​ជីវភាព​ប្រជាជន រួម​ទាំង​តម្លៃ​បរិស្ថាន​ជា​ប្រវត្តិ​សាស្ត្រ។

ឧទ្យាន​ជាតិ​នេះ មាន​ទឹក​ជ្រោះ ជ្រលង ភ្នំ​ខ្ពង់រាប វត្តអារាម ប្រាសាទ​បុរាណ អាស្រម​អ្នក​រក្សា​សីល សត្វព្រៃ និង​ទីតាំង​បុរាណ​ស្ថាន​ជា​ច្រើន​កន្លែង ទាក់​ចិត្ត​ភ្ញៀវ​ទេសចរ ទៅ​កម្សាន្ត ឋិតក្នុងស្រុកចំនួន​៣ គឺ​ស្រុក​ស្វាយលើ ស្រុក​បន្ទាយស្រី និង​ស្រុក​វ៉ារិន។

រីឯ​ពលរដ្ឋ​ជាច្រើន​ពាន់​គ្រួសារ បាន​សង់​ទី​លំនៅ ក្នុង​តំបន់​ឧទ្យាន​ជាតិ​នេះ​ច្រើន​ជំនាន់​មក​ហើយ ដោយ​ប្រកប​មុខ​របរ​ធ្វើ​កសិកម្ម រក​អនុផល​ព្រៃឈើ និង​បម្រើ​វិស័យ​ទេសចរណ៍​ជាដើម ដែល​ពួកគាត់​ភាគច្រើន​ប្រើប្រាស់​ទឹក​ជប់​ចេញ​ពី​ល្អាង​ភ្នំ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។