សកម្មជន​បរិស្ថាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​តម្លាភាព​ពី​ការ​ទទួល​ផល​លើ​វិស័យ​ធនធាន​រ៉ែ

0:00 / 0:00

សកម្មជន​បរិស្ថាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​តម្លាភាព​ពី​ការ​ទទួលផល​លើ​វិស័យ​ធនធាន​រ៉ែ​នៅ​កម្ពុជា​ពីព្រោះ​ពួកគាត់​ព្រួយបារម្ភ​ខ្លាច​ថវិកា​ទាំងនោះ​មិនបាន​ចូល​ដល់​រដ្ឋ និង​បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​របាយ​ការណ៍​ចំណូល​បាន​ពី​ការ​ប្រមូល​ពន្ធ​ពី​វិស័យ​ធនធានធម្មជាតិ​ឲ្យ​ច្បាស់លាស់។

សកម្មជន​បរិស្ថាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​បង្ហាញ​របាយការណ៍​ចំណូល​សួយ​សារ​ពី​វិស័យ​ធនធាន​រ៉ែ​ឲ្យ​មាន​តម្លាភាព ខណៈ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​កំពុងតែ​កើនឡើង ប៉ុន្តែ​ពលរដ្ឋ​បន្ត​ធ្លាក់​ខ្លួន​ក្រីក្រ​នាំគ្នា​ចំណាកស្រុក ដើម្បី​រក​ការងារ​ធ្វើ​សងបំណុល​ធនាគារ។

​សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន កញ្ញា លឹម គីមសួរ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៧ ខែ​កុម្ភៈ​ថា រដ្ឋាភិបាល​កំពុងតែ​អួត​ពី​ការ​ទទួល​បាន​ផល​លើ​វិស័យ​ធនធាន​រ៉ែ ដូចជា​រ៉ែ​មាស ថ្ម​ម៉ាប និង​រ៉ែ​ផ្សេងទៀត ក៏ប៉ុន្តែ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​មិន​បង្ហាញ​ចំណូល​ថវិកា​បាន​ពី​វិស័យ​មួយ​នេះ​ជា​សាធារណៈ​ឡើយ និង​ហាក់​មានការ​លាក់បាំង​ប្រជាពលរដ្ឋ​។​កញ្ញា​បារម្ភ​ខ្លាច​ថវិកា​ទាំងអស់​នោះ មិនបាន​យក​ទៅ​ប្រើប្រាស់​សម្រាប់​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ និង​ខ្លាច​ធ្លាក់​ចូល​ទៅ​ក្នុង​ហោប៉ៅ​របស់​ក្រុម​អ្នក​មានអំណាច ពីព្រោះ​សព្វថ្ងៃ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កំពុង​ជួប​ទុក្ខ​លំបាក​ធ្ងន់ធ្ងរ និង​វិបត្តិ​បំណុល។

កញ្ញា លឹម គីមសួរ៖ «សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ទូទាំង​ប្រទេស​ក​ម្ពុ​ជា ក៏ដូចជា​ប្រជាជន​រស់នៅ​តំបន់​មូលដ្ឋាន​នឹង​ផ្ទាល់​តាមដាន​ព័ត៌មាន​នេះ​ឲ្យ​ខ្លាំង​មែនទែន ពីព្រោះ​ខ្ញុំ​គិត​ថា ព័ត៌មាន​មួយ​នេះ​សំខាន់​បំផុត បញ្ហា​របស់​ប្រជាពលរដ្ឋ​ទាក់ទង​ជាមួយ​ជីវភាព អ៊ីចឹង​ធនធានធម្មជាតិ​គេ​ហៅថា​រ៉ែ​មាស​នេះ​វា​ជា​សម្បត្តិ​ធនធានធម្មជាតិ​មួយ​គួរតែ​ទទួល​បាន​សម្រាប់​ប្រជាជន​ខ្មែរ​យើង​ទូទាំង​ប្រទេស វា​មិន​គួរ​ណា​បាន​ទៅលើ​តែ​ក្រុមហ៊ុន​ឯកជន និង​ក្រុម​អ្នក​មានអំណាច​មួយ​ក្រុម​ក្នុង​គ្រួសារ​លោក ហ៊ុន សែ ទេ»។

តម្លាភាពលើវិស័យធនធានរ៉ៃ​នៅ​កម្ពុជា

ព្រះសង្ឃ​មួយ​អង្គ​ដែល​តែងតែ​ចុះ​សិក្សា​អំពី​ធនធានធម្មជាតិ ព្រះតេជព្រះគុណ អួន គង់ មាន​ថេរ​ដីកា​ស្រដៀង​គ្នា​ថា រដ្ឋាភិបាល​គួរ​ផ្សព្វផ្សាយ​ថវិកា​បាន​ពី​វិស័យ​ធនធាន​រ៉ែ​ឲ្យ​បាន​ទូលំទូលាយ​ដើម្បី​បង្ហាញ​ពី​តម្លាភាព ភាព​ត្រឹមត្រូវ និង​យុត្តិធម៌ កុំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​មន្ទិលសង្ស័យ​ទៅលើ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ថា​ពាក់ព័ន្ធ​អំពើពុករលួយ​។ ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​បន្ថែម​ថា​រដ្ឋាភិបាល​ត្រូវតែ​បង្ហាញ​ព័ត៌មាន​ពី​គម្រោង​ទាំងនេះ​ឲ្យ​ពលរដ្ឋ​បានដឹង ពីព្រោះ​គម្រោង​វិនិយោគ​ទាំងនោះ​តែងតែ​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​សង្គម ហើយ​រដ្ឋាភិបាល​មិន​បាន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ​ឡើយ។

ព្រះតេជព្រះគុណ អួន គង់៖ «រដ្ឋាភិបាល​ទាំងមូល​គួរ​បង្ហាញ​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង វា​មិនមែន​ជា​រឿង​អ្វី​ដែល​ត្រូវ​លាក់បាំង​នោះ​ទេ ពីព្រោះ​វា​ជា​សម្បត្តិ​របស់​មនុស្សជាតិ​តើ វា​ពុំ​មែន​របស់​បុគ្គល​ណា​ម្នាក់​ផ្ដាច់មុខ​នោះ​ទេ បង្ហាញ​ទៅ​ដើម្បី​ឲ្យ​វា​តម្លាភាព ឲ្យ​សច្ចភាព គួរតែ​បង្ហាញ​ទាំង​លទ្ធផល​ក្រោយ​ការ​វិនិយោគ និង​លទ្ធផល​បន្ទាប់​ថា​នរណា​ខ្លះ​ដែល​ទទួល​បាន ហើយ​គេ​យក​ទៅ​ប្រើប្រាស់​គ្រប់គ្រង​រដ្ឋ​ក្នុង​ផ្នែក​ណាខ្លះ»។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​លោក អ៊ឹង ឌីប៉ូឡា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បានទេ​នៅ​ថ្ងៃទី​១៧ ខែ​កុម្ភៈ​។​

សួយសារ​ពី​ក្រុមហ៊ុន​ជីក​រ៉ែ​នៅ​ខេត្ត​មណ្ឌលគិរី

ទោះជា​យ៉ាងណា​កន្លងទៅ​ថ្មីៗ​នេះ កាសែត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​បាន​លើកឡើង​ថា គ្រាន់តែ​ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals (Cambodia)) របស់​ប្រទេស​អូស្ត្រាលី​មួយ នៅ​ខេត្ត​មណ្ឌលគិរី ចម្រាញ់​រ៉ែ​មាស​បាន​ជាង ១៣​តោន​(១៣.៧២០,៩) បើ​គិត​ត្រឹម​ខែកុម្ភៈ​ឆ្នាំ​២០២៥ ហើយ​រដ្ឋាភិបាល​ទទួល​សួយ​សារ​ពី​ក្រុមហ៊ុន​ប្រមាណ​៣០​លាន​ដុល្លារ និង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ថ្ម​នៅ​ខេត្តក្រចេះ បាន​ជាង​៧​លាន​ដុល្លារ​បន្ថែម​ទៀត ដោយ​មិនទាន់​រាប់បញ្ចូល​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​លោហៈ និង​រ៉ែ​ធ្យូង នោះ​ឡើយ។

អត្ថបទ​ដែល​ទាក់ទង៖

សហគមន៍​ខេត្ត​ព្រះវិហារ​ចង់ឱ្យ​ក្រុមហ៊ុន​ទទួល​ខុសត្រូវ ​ក្រោយ​មាន​របាយការណ៍​ប្រកាស​អាសន្ន​នៃ​អាជីវកម្ម​រ៉ែ​នៅ​កម្ពុជាOpens in new window ]

បណ្តាញ​សហគមន៍​ព្រៃឡង់ខេត្ត​កំពង់ធំ អះអាង​ថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែមាស​ចំនួន២ កំពុង​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​ភាគ​ខាងត្បូងOpens in new window ]

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​លោក យិន ម៉េងលី យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​បង្ហាញ​ព័ត៌មាន​ថវិកា​បាន​ពី​ការ​ប្រមូល​ពន្ធ ដែល​វិនិយោគ​លើ​ធនធានធម្មជាតិ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​បញ្ជាក់​ពី​តម្លាភាព និង​គណនេយ្យភាព​ក្នុង​សង្គម។

​លោក យិន ម៉េងលី៖ «ចំណុច​សំខាន់​រដ្ឋាភិបាល​គិត​មើលទៅ​ថា ការ​សំណូមពរ​របស់​ពលរដ្ឋ និង​សកម្មជន ចំណុច​ណាខ្លះ​ដែល​រដ្ឋាភិបាល​ត្រូវ​បង្ហាញ យើង​បង្ហាញ​គាត់​មើលទៅ ហើយ​បើ​ថា​វា​ប៉ះពាល់​ខ្លាំង​ណាស់​ពន្យល់​ប្រាប់​ទៅ​ថា មាន​បញ្ហា​អ្វីខ្លះ​ដែល​រដ្ឋាភិបាល​មិនអាច​បញ្ហា​បាន សំខាន់​យើង​ចង់​ឲ្យ​លាតត្រដាង​នេះ​គឺ​ចំណុច​សំខាន់​ឲ្យ​មាន​គណនេយ្យភាព កុំ​ឲ្យ​មាន​អំពើពុករលួយ និង​កុំ​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​រដ្ឋាភិបាល​ទៀត»។

​តាម​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​កម្ពុជា(អូឌីស៊ី) ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ក្រុមហ៊ុន​ជាង​៣០០ ដែល​បាន​សម្បទាន​ទៅលើ​វិស័យ​រ៉ែ ដូចជា រ៉ែ​មាស រ៉ែ​លោហៈ រ៉ែ​ធ្យូង និង​រ៉ែ​ថ្ម​ជាដើម​។ អង្គការ​មួយ​នេះ​បាន​បញ្ជាក់​ថា មាន​ក្រុមហ៊ុន​ចំនួន​១៩ ដែល​កំពុង​ធ្វើ​អាជីវកម្ម​ទាយ​យក​រ៉ែ​មាស រ៉ែ​លោហៈ រ៉ែ​ធ្យូង និង​រ៉ែ​ថ្ម ក្នុង​ខេត្ត​ចំនួន​១១ មាន​ដូចជា​ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និង ឧត្ដរមានជ័យ​ជាដើម។

កាល​ពី​ចុងឆ្នាំ​២០២៣ អង្គការ​សមធម៌​កម្ពុជា (Equitable Cambodia) ក៏បាន​រក​ឃើញ​ដែរ​ថា ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខ្នាត​ធំ​របស់​ក្រុមហ៊ុន​ឯកជន​ក្នុង​ខេត្ត​ចំនួន​៤ គឺ​ព្រះវិហារ រតនគីរី ក្រចេះ និង​ខេត្ត​មណ្ឌលគិរី បាន​បង្ក​ឲ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស រំលោភបំពាន​ដីធ្លី​របស់​ពលរដ្ឋ និង​បំផ្លាញ​បរិស្ថាន​នៅ​ជុំវិញ​តំបន់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។