ក្រុម​យុវជន​មាតា​ធម្មជាតិ​បង្ហាញ​វីដេអូ​បារម្ភ​ពី​កោះកុង​ក្រៅ​ក្នុង​ខេត្តកោះកុង​ក្លាយជា​កោះ​ឯកជន

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​នៅ​ថ្ងៃទី ១៨ កក្កដា បានបង្ហាញ​វីដេអូ​តស៊ូ​មតិ​ថ្មី​មួយទៀត​បារម្ភ​ពី​សុវត្ថិភាព​កោះកុង​ក្រៅ ក្នុង​ខេត្តកោះកុង ប្រសិនបើ​ក្លាយជា​កោះ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន​របស់​ក្រុម​ឧកញ៉ា។ ពួកគេ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ ត្រូវ​សាមគ្គី​គ្នា​រឹងមាំ ការពារ​កោះកុង​ក្រៅ ដើម្បី​កុំឱ្យ​កោះ​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ធ្លាក់​ក្នុង​ដៃ​ឧកញ៉ា។

បើ​ទោះ​ជា​សកម្មជន​ចលនា​មាតា​ធម្មជាតិ​៥​នាក់​កំពុង​ជាប់ពន្ធនាគារ​ក្តី ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​បាន​ផ្ញើ​សារ​ពញ្ញាក់​អារម្មណ៍​ពលរដ្ឋ​ខ្មែរ​ឱ្យ​រួមគ្នា​ការពារ​ធនធានធម្មជាតិ ដោយ​ភ្ជាប់​នូវ​សំណួរ​ថា តើ​ធនធានធម្មជាតិ សម្បូរ​បែប​ក្នុង​តំបន់​កោះកុង​ក្រៅ ជា​ឧទ្យាន​ជាតិ​សមុទ្រ​របស់​ប្រជាជន​ខ្មែរ​ឬ​ជា​របស់​ឧកញ៉ា​មួយចំនួន?

ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន​រក​ឃើញ​ថា រដ្ឋាភិបាល​បាន​លក់​កោះកុង​ក្រៅ​ឱ្យទៅ​ឧកញ៉ា លី យ៉ុងផាត់ តាំង​ពី​ឆ្នាំ២០១៩ ដែល​ពួកគាត់​បារម្ភ​ថា ប្រសិនបើ​កោះកុង​ក្រៅ គ្រប់គ្រង​ដោយ​ឧកញ៉ា​នោះ សេវា​ស្នាក់​នៅ និង​ការ​ដើរ​កម្សាន្ត នឹង​មាន​តម្លៃ​ថ្លៃ ជាក់ស្ដែង​កោះ​សង្សារ​មានតម្លៃ ចន្លោះ​ពី​៥៩៥​ដុល្លារ រហូតដល់​៣៤០០ ដុល្លារ​ក្នុង​មួយ​យប់។

វីដេអូ​ជាង ២​នាទី​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ (Mother Nature Cambodia) បាន​រៀបរាប់​ថា ប្រសិនបើ​កោះកុង​ក្រៅ​ក្លាយ​ទៅជា​ឧទ្យាន​ជាតិ​សមុទ្រ នោះ​ធនធាន​ធម្មជាតិ​ទាំងអស់​ត្រូវ​ការពារ ប្រជាជន​ខ្មែរ​ទៅលេង​ក្នុង​តម្លៃ​សមរម្យ បូរណភាព​ទឹកដី ក៏​ត្រូវ​បាន​ការពារ។

វីដេអូ៖ «ហ្វូង​ត្រី​ចម្រុះ​ពណ៌​បណ្ដែត​ខ្លួន​លើទឹក​ក្នុង​ព្រៃកោងកាង និង​គយគន់​ទេសភាព​នា​ពេល​ថ្ងៃ​លិច​។ ធនធាន​សម្បូរ​បែប​ទាំងនេះ គួរតែ​ក្លាយជា​ឧទ្យាន​ជាតិ​សមុទ្រ​សម្រាប់​ប្រជាជន​ខ្មែរ ឬក៏​ក្លាយជា​កោះ​ឯកជន​?​។ ដូចដែល​បងប្អូន​បានដឹង​រួចហើយ រដ្ឋ​បាន​លក់​កោះកុង​ក្រៅ​ឱ្យទៅ​លោក​ឧកញ៉ា លី យ៉ុងផាត់។ តើ​ធនធាន​សម្បូរ​បែប​ទាំងនេះ គួរតែ​ក្លាយជា​ឧទ្យាន​ជាតិ​សមុទ្រ​សម្រាប់​ប្រជាជន​ខ្មែរ ឬក៏​ក្លាយជា​កោះ​ឯកជន?ដូចដែល​បងប្អូន​បានដឹង​រួចហើយ រដ្ឋ​បាន​លក់​កោះកុង​ក្រៅ​ឱ្យទៅ​លោក​ឧកញ៉ា លី យ៉ុងផាត់»។

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ កញ្ញា មាន លីសា ប្រាប់​វិទ្យុ​អាស៊ីសេរី​ក្នុង​គោលបំណង​នៃ​ការផលិត​វីដេអូ​នេះ ចង់​បង្ហាញ​ប្រាប់​ពលរដ្ឋ​ខ្មែរ​ឱ្យ​ចាប់អារម្មណ៍​ពី​កោះកុង​ក្រៅ ដោយ​ត្រូវ​រួបរួម គ្នា​ការពារ​ធនធានធម្មជាតិ​ដ៏​មានតម្លៃ​នៅ​ទីនោះ កុំឱ្យ​ធ្លាក់​ក្នុង​ដៃ​ឧកញ៉ា​មួយ​ចំនួន។

កញ្ញា​ទាមទារ​ឱ្យ​ក្រសួងបរិស្ថាន​ត្រូវ​បង្ហាញ​ពី​បច្ចុប្បន្នភាព​កោះកុង​ក្រៅ ដែល​ខ្លួន​ធ្លាប់​សន្យា​ថា នឹង​បង្កើត​ជា​ឧទ្យាន​ជាតិ​សមុទ្រ​កាលពី​ឆ្នាំ២០២១។

កញ្ញា មាន លីហ្សា៖ «យើង​ចង់ឱ្យ​ប្រជាពលរដ្ឋ​គាត់​មានការ​សាមគ្គី​គ្នា​រួបរួម​គ្នា​ការពារ​កោះកុង​ក្រៅ មិនមែន​តែ​ក្រុម​ចលនា​មាតា​ធម្មជាតិ​កាលពី​តែមួយ​ក្រុម​ហ្នឹង​ទេ គឺ​ការពារ​ដើម្បី​ប្រយោជន៍​រួម​។ ទី​ពីរ​ក្នុង​បច្ចុប្បន្នភាព​ថា​កោះកុង​ក្រៅ​មាន​ធនធាន​ជីវៈ​ចម្រុះ​ក្នុង​ទឹក ក្នុង​សមុទ្រ នៅ​លើ​ដី ក៏ដូចជា​ធនធាន​កម្រ​អ្វីខ្លះ​ចង់ឱ្យ​បង្ហាញ ពីព្រោះ​ក្រសួងបរិស្ថាន​បាន​សន្យា​ថា ដាក់​កោះកុង​ក្រោយ​ជា​ឧទ្យាន​សមុទ្រ»។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី១៨ កក្កដា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។

ក៏ប៉ុន្តែ​កន្លង​ទៅ ក្រសួងបរិស្ថាន​បាន​ប្រាប់​ក្រុម​យុវជន​ថា ពួកគេ​នឹង​ចុះ​ស្រាវជ្រាវ​អភិវឌ្ឍ​កោះកុង​ក្រៅ និង​ដាក់​កោះកុង​ក្រៅ ជា​ឧទ្យាន​ជាតិ​សមុទ្រ។

ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន បាន​តស៊ូ​មតិ បង្កើត​យុទ្ធនាការ​ជាច្រើន​ទម្រង់​មក​ហើយ ចាប់តាំងពី​ឆ្នាំ២០១៩ រួមមាន ការ​បង្ហោះ​រូបភាព​បង្ហាញ​ពី​សក្ដានុពល​កោះកុង​ក្រៅ ការ​នាំ​យុវជន​ទៅ​ទស្សនកិច្ច​សិក្សា ការផលិត​វីដេអូ​ផ្សព្វផ្សាយ និង​ការ​ដាក់​ញត្តិ​ជាដើម។

រីឯ​ស្ថាប័ន​អន្តរជាតិ​នៅ​ទូទាំង​សកលលោក បាន​គាំទ្រ​ញត្តិ​របស់​ក្រុម​យុវជន ដែល​ទាមទារ​ឱ្យ​ក្រសួង​បរិស្ថាន​ដាក់បញ្ចូល​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ ហើយ​មក​ទល់​ពេល​នេះ មាន​មនុស្ស​ជាង ១៣ ម៉ឺន​នាក់​ហើយ​(១៣៥.៤៤៩) បាន​បោះឆ្នោត​គាំទ្រ​តាម​អនឡាញ (Online)។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង យល់ថា ការ​លើកឡើង​របស់​ក្រុម​យុវជន​ជា​រឿង​ត្រឹមត្រូវ ស្របតាម​រដ្ឋធម្មនុញ្ញ ដែល​រដ្ឋាភិបាល​គួរតែ​ប្រកាស​ពី​ភាព​ជាក់លាក់​មួយ ការពារ​កោះកុង​ក្រៅ​ឱ្យ​មាន​ប្រសិទ្ធភាព។

លោក ហេង គឹមហុង៖ «ករណី​កោះកុង​ក្រៅ​នេះ គឺ​មាន​ភាព​ខ្វែងគំនិត​គ្នាច្រើន យ៉ាងណាមិញ​ដើម្បី​បញ្ឈប់​គំនិត​ខ្វែងគ្នា​នេះ រដ្ឋាភិបាល​គួរ​ប្រកាស​ភាព​ជាក់លាក់​គោល​នយោបាយ​របស់​ខ្លួន»។

កោះកុង​ក្រៅ មាន​ទំហំ​ធំ​ល្វឹងល្វើយ ក្នុង​លំហ​សមុទ្រ​កម្ពុជា មាន​ទីតាំង​ក្នុង​ឃុំ​ជ្រោយ​ប្រស់ ស្រុក​កោះកុង ខេត្ត​កោះកុង​។ កោះ​នេះ គ្រប​ដណ្ដប់​ដោយ​ព្រៃឈើ​ក្រាស់ឃ្មឹក អម​ដោយ​ទឹកជ្រោះ​ជា​ច្រើន​កន្លែង​មាន​ជីវចម្រុះ​ជាច្រើន​ប្រភេទ មាន​ឆ្នេរ​ខ្សាច់​សក្បុស ៦​កន្លែង និង​ទឹកសមុទ្រ​ពណ៌​ខៀវ​ស្រងាត់ ដែល​ពលរដ្ឋ​ចាត់ទុក​ថា ជា​ឋានសួគ៌​នៃ​ទេសភាព ទាក់ទាញ​ភ្ញៀវ​ទេសចរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។