ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) សម្ដែងការសោកស្ដាយ និងកង្វល់យ៉ាងខ្លាំងចំពោះ ការបិទបញ្ចប់សេរីភាពសារព័ត៌មាន នៅកម្ពុជា។ កង្វល់ និងការសោកស្ដាយនេះ ធ្វើឡើង ក្រោយពេលដែលមានការប្រកាសអំពីការទិញលក់ដ៏ចម្រូងចម្រាស នៃកាសែតភ្នំពេញប៉ុស្តិ៍ ដែលជាកាសែតឯករាជ្យចុងក្រោយនៅកម្ពុជា ទៅឲ្យម្ចាស់ថ្មីដែលមានទំនោរទៅរករបបលោក ហ៊ុន សែន ការបណ្ដេញបុគ្គលិកសំខាន់ៗ និងការលាឈប់របស់បុគ្គលិកកាសែតនេះជាច្រើនរូប ជាបន្តបន្ទាប់ កាលពីដើមខែឧសភានេះ។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មាន ផ្សាយ កាលពីថ្ងៃទី១២ ឧសភា ដោយគូសបញ្ជាក់ថា ដំណើរវិវត្តន៍ចុងក្រោយនេះ ដែលបានកើតឡើង តែក្នុងរយៈពេលប៉ុន្មានថ្ងៃ នៅមុនកាលបរិច្ឆេទបិទបញ្ចប់នៃការចុះឈ្មោះគណបក្សនយោបាយដែលនឹងត្រូវចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិខែកក្កដាខាងមុខ គឺត្រឹមថ្ងៃទី១៤ ឧសភា នេះ បានរុញច្រានប្រទេសកម្ពុជា ឲ្យឃ្លាតចាកឆ្ងាយបន្ថែមចេញពីសក្ដានុពលនៃការបោះឆ្នោតមួយ ដែលនឹងមិនអាចត្រូវចាត់ទុកថា ជាការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ។
សមាជិកសភាម៉ាឡេស៊ី និងជាប្រធានក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) លោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) ថ្លែងថា «ការសម្រេចជ្រើសរើសយកជំហ៊ានដ៏គំហុក ក្នុងការបំលែងប្រទេសកម្ពុជា ឲ្យក្លាយទៅជារដ្ឋដឹកនាំបែបឯកបក្ស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងជាជឿជាក់ថា សូម្បីតែអង្គភាពព័ត៌មានឯករាជ្យតែមួយ ក៏មានន័យស្មើនឹងអង្គភាពសារព័ត៌មានឯករាជ្យច្រើនលើសលប់ ហេតុដូច្នេះ មានតែការបិទបញ្ចប់ជាស្ថាពរនៃសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាទេ ទើបអាចអាចធានានូវជ័យជម្នះរបស់លោកក្នុងពេលបោះឆ្នោតខាងមុខនេះបាន»។
លោក ឆាល សាន់ទីយ៉ាហ្គោ ថ្លែងបន្តថា «ផ្អែកតាមព្រឹត្តិការណ៍ដែលបានកើតមានឡើង ការទិញលក់កាសែតភ្នំពេញប៉ុស្តិ៍នេះ ទំនងជាកើតមានឡើង ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងជាផ្លូវការដើម្បីរារាំងប្រជាពលរដ្ឋកម្ពុជា មិនអាចឲ្យពួកគេដឹងឮពីរឿងរ៉ាវអ្វីៗទាំងអស់ លើកលែងតែសារនយោបាយរបស់របបនេះ»។ លោកថា ទង្វើនេះ គឺជាការបន្តរំលោភបំពានឥតស្រាកស្រាន្តមកលើសេរីភាពសារព័ត៌មាននៅកម្ពុជា។
តំណាងរាស្ត្រហ្វីលីពីន និងជាសមាជិកក្រុមសភាអាស៊ាន APHR លោក ថម វីឡារីន (Tom Villarin) លើកឡើងថា «ការបដិសេធសិទ្ធិជាមូលដ្ឋាន ក្នុងការទទួលបានព័ត៌មាន គឺជាដំណើរផ្ទុយទៅនឹងសារសំខាន់បំផុតនៃប្រព័ន្ធប្រជាធិបតេយ្យមួយដែលមានដំណើរការ»។ លោកថា មរណភាពនៃសេរីភាពសារព័ត៌មាននៅកម្ពុជា កើតមានឡើងស្របពេលដែលរបបលោក ហ៊ុន សែន បានបដិសេធ មិនអនុញ្ញាតឲ្យពលរដ្ឋកម្ពុជា អាចជ្រើសរើសមេដឹកនាំរបស់ពួកគេដោយសេរី តាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យមួយ»។
បន្ថែមពីលើនេះដែរ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស APHR ក៏បានប្រកាសអាសន្នជុំវិញការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអះអាងថា រាល់ការអំពាវនាវឲ្យមានការធ្វើពហិការការបោះឆ្នោត គឺជាទង្វើខុសច្បាប់។ កាលពីថ្ងៃទី៤ ឧសភា លោក ហ៊ុន សែន បានគំរាមចាត់វិធានការណ៍ផ្លូវច្បាប់ប្រឆាំងនឹងជនទាំងឡាយណា រួមទាំងមេដឹកនាំចលនាសង្គ្រោះជាតិ គឺលោក សម រង្ស៊ី ដែលបានអំពាវនាវឲ្យអ្នកបោះឆ្នោត កុំទៅចូលរួមបោះឆ្នោតនៅខែកក្កដា ខាងមុខនេះ។
លោក ថម វីល្លារីន បន្ថែមថា «ការអំពាវនាវឲ្យធ្វើពហិការការបោះឆ្នោត គឺជាការអនុវត្តសិទ្ធិស្របច្បាប់នៃសេរីភាពនៃការបញ្ចេញមតិ»។ លោកថា សេរីភាពនៃការជ្រើសរើសអ្នកតំណាងរបស់ខ្លួន ក៏រួមបញ្ចូលទាំងសិទ្ធិ ក្នុងការធ្វើអនុប្បវាទ ឬជៀសវាងពីការចូលរួមបោះឆ្នោត ជាពិសេស នៅពេលដែលស្ថានភាពនានា រារាំងមិនឲ្យមានលទ្ធភាពនៃជម្រើសដ៏ត្រឹមត្រូវ នៅក្នុងហិបឆ្នោត»។
លោក ឆាល សាន់ទីយ៉ាហ្គោ សន្និដ្ឋានថា «ការបោះឆ្នោតនៅកម្ពុជាមិនអាចត្រូវចាត់ទុកថា ធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ ប្រសិនបើគ្មានការអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត និងប្រសិនបើមិនបញ្ឈប់ការបង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសំឡេងរិះគន់នោះទេ»៕