ក្រុមគ្រួសារខ្មែរក្រោមភៀសខ្លួននៅប្រទេសថៃ ស្នើឲ្យអាជ្ញាធរថៃ យោគយល់ និងដោះលែងពលរដ្ឋខ្មែរដែលកំពុងជាប់ឃុំទាំងប្រាំនាក់ទៀត។ ពួកគាត់នៅតែបារម្ភខ្លាចសាច់ញាតិនៅក្នុងពន្ធនាគារ ទ្រាំទ្រនឹងទុក្ខលំបាកពុំបាន ព្រោះសុទ្ធតែអ្នកមានវ័យចាស់ និងមានជំងឺប្រចាំកាយ។
ក្រុមគ្រួសារខ្មែរក្រោមភៀសខ្លួននៅប្រទេសថៃ ទទូចដល់អាជ្ញាធរថៃ ឲ្យដោះលែងសមាជិកគ្រួសាររបស់ពួកគាត់ទាំងប្រាំនាក់ទៀតឲ្យបានឆាប់ ព្រោះពួកគាត់ គ្រាន់តែស្វែងរកការងារ ធ្វើការងារ ដើម្បីបានប្រាក់ខ្លះសម្រាប់ចិញ្ចឹមក្រពះដោយពុំបានប្រព្រឹត្តល្មើសច្បាប់ធ្ងន់ធ្ងរឡើយ។ ពួកគាត់ចង់ឲ្យខ្មែរក្រោមដែលជាប់ឃុំទាំង៥នាក់ទៀតមានសេរីភាពឡើងវិញ ព្រោះប៉ូលិសថៃបានឃុំខ្លួនឪពុកម្ដាយបងប្អូនពួកគាត់អស់៤៩ថ្ងៃហើយ មកទល់នឹងពេលនេះ។
ពលរដ្ឋខ្មែរក្រោមម្នាក់ ដែលឪពុកម្ដាយកំពុងនៅក្នុងពន្ធនាគារ លោកស្រី នាង សុវង្ស ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី៣ ខែធ្នូ ថា លោកស្រីចង់ឃើញឪពុកម្ដាយមានសេរីភាពឡើងវិញ ក្រោយពីឃើញសមត្ថកិច្ចថៃដោះលែងខ្មែរក្រោមម្នាក់ទៀត កាលពីប៉ុន្មានថ្ងៃមុននេះ។ លោកស្រីបន្តថា បើសមត្ថកិច្ចមិនដោះលែងឪពុកម្ដាយលោកស្រីទេ គ្រួសារលោកស្រីនឹងជួបបញ្ហាជីវភាព ព្រោះលោកស្រីមិនអាចរកប្រាក់សម្រាប់ឲ្យឪពុកម្ដាយចាយវាយក្នុងគុកគ្រប់គ្រាន់។ លោកស្រីបញ្ជាក់ថា ឪពុកលោកស្រីប្រាប់ឲ្យរកអ្នកធានាឲ្យគាត់បាននៅក្រៅឃុំឲ្យបានឆាប់ ព្រោះគាត់ទ្រាំនឹងទុក្ខលំបាកលែងបានទៀតហើយ។
លោកស្រី នាង សុវង្ស៖ «ឪមានតែត្អូញថាយ៉ាប់ទៅៗហើយបង មើលទំនងយ៉ាប់ទៅៗ គាត់លែងទ្រាំ ពីមុនគាត់ថាម៉េចៗ ថាឪម៉េចក៏បានដែរ នៅក្នុងហ្នឹងក៏បានដែរ។ ឥឡូវអត់ទេ អត់និយាយដូចមុនទេណាគាត់ចាប់ផ្ដើមឆ្លើយផ្ដាច់ការថា ពិបាកណាស់កូនអើយ គាត់ថ្ងូររហូត។ បែបខ្ញុំថាឪខ្ញុំទ្រាំលែងបានហើយ»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋខ្មែរក្រោមម្នាក់ទៀត ដែលមានប្អូនស្រីកំពុងជាប់ឃុំ លោកស្រី លី ធីយីប ប្រាប់ថា រាល់ថ្ងៃលោកស្រីអាណិតក្មួយស្រីអាយុជាង២ឆ្នាំ ដែលស្រែកយំរកម៉ែ ហើយក្មួយស្រីចេះតែមើលផ្លូវម៉ែរហូត ធ្វើឲ្យលោកស្រីខ្លោចចិត្តអាណិតក្មួយ។ លោកស្រីបន្តថា ប្អូនស្រីលោកស្រីមានជំងឺធ្លាក់ទឹកចិត្តផង ខ្លាចតែនាងទ្រាំនៅក្នុងគុកមិនបានយូរ។ លោកស្រីអំពាវនាវដល់អង្គការមនុស្សធម៌ ពិសេសអង្គការសហប្រជាជាតិនៅទីក្រុងបាងកក អន្តរាគមន៍ទៅរដ្ឋាភិបាលថៃ អនុគ្រោះ និងដោះលែងប្អូនស្រីលោកស្រីឲ្យបានមកជួបកូនវិញផង។
លោកស្រី លី ធីយីប៖ «ចាសអ៊ីចឹងខ្ញុំសូមឲ្យអង្គការឆាប់ជួយប្អូនខ្ញុំឲ្យបានចេញមកឆាប់ៗ ម្សិលមិញវាតេមកវាថា វាឈឺក្បាលរហូតដែរហ្នឹង ចាសវាឈឺក្បាលហើយ តែគ្រាន់ថាវាឈឺក្បាល វាថារឿងការហូបចុកអីធម្មតាហ្នឹង ពីម្សិលវាគ្រាន់ថាវាឈឺក្បាលបន្តិច ធម្មតានៅក្នុងគុកវាមិនមែនសេរីដូចនៅក្រៅ»។
ប៉ូលិសថៃ បានចាប់ខ្មែរក្រោម១០នាក់ បញ្ជូនទៅពន្ធនាគារ ក្នុងស្រុកឡាំលូកកា (Lam Lukka) ខេត្តប៉ាថុមថានី (Pathum Thani) កាលពីថ្ងៃទី១៤ ខែតុលា ដោយចោទប្រកាន់ពីបទចូលប្រទេសថៃខុសច្បាប់ និងធ្វើការងារដោយគ្មានឯកសារអនុញ្ញាត។ បន្ទាប់មកសមត្ថកិច្ចអន្តោប្រវេសន៍ថៃ បានដោះលែងខ្មែរក្រោម ២លើក គឺលើកទី១ ដោះលែងខ្មែរក្រោមចំនួន៤នាក់ ក្នុងអំឡុងពាក់កណ្ដាលខែវិច្ឆិកា និងលើកទី២ ដោះលែងខ្មែរក្រោមចំនួន១នាក់ កាលពីចុងខែវិច្ឆិកា។ បច្ចុប្បន្ននៅសល់ខ្មែរក្រោម៥នាក់ទៀត នៅបន្តជាប់ពន្ធនាគារសួនភ្លូ ទីក្រុងបាងកក ដែលអាជ្ញាធរថៃមិនទាន់អនុញ្ញាតឲ្យត្រឡប់មកផ្ទះវិញ។
ជុំវិញរឿងនេះដែរ ប្រធានសមាគមជនភៀសខ្លួនខ្មែរក្រោមប្រចាំប្រទេសថៃ លោក ឡឹម កែវសំណាង លើកឡើងថា សមាជិកក្នុងសមាគមខ្មែរក្រោមទាំងអស់ ស្នើសុំអាជ្ញាធរថៃ ដោះលែងខ្មែរក្រោមទាំង៥នាក់ទៀត ឲ្យមកជួបជុំគ្រួសារវិញ។ លោកបន្តថា សាច់ញាតិរបស់អ្នកជាប់ឃុំកំពុងរង់ចាំផ្លូវឪពុកម្ដាយបងប្អូនពួកគេត្រឡប់មកវិញ ហើយអ្នកជាប់ឃុំមិនអាចអត់ទ្រាំបានយូរទៀតទេ ព្រោះពួកគាត់មានវ័យចាស់ហើយ។
លោក ឡឹម កែវសំណាង៖ «ហើយសូមស្នើសុំអង្គការមនុស្សធម៌មិនថានៅបរទេស ក្នុងប្រទេសថៃទេ នៅបរទេសក៏ដោយស្នើធ្វើយ៉ាងណាជួយពួកគាត់ចេញផងចំនួន៥នាក់ទៀត ដែលជាប់ក្នុងពន្ធនាគារស្រុកថៃ។ ឥឡូវគេប្រឈមបញ្ហាគឺសំខាន់បំផុតគឺថវិកាហ្នឹងហើយចំនួនម្នាក់ប្រាំម៉ឺនបាតលុយថៃ វាស្មើមួយពាន់ដុល្លារជាង ជិតពីរពាន់នឹងណា។ យើងស្នើយ៉ាងណាសូមឲ្យអង្គការពាក់ព័ន្ធអង្គការនៅបរទេស គឺអង្គការនៅក្នុងប្រទេសថៃ អង្គការមនុស្សធម៌ណាជួយដល់ពួកគាត់ផង ពីព្រោះគាត់នៅក្នុងគុកពិបាកខ្លាំងណាស់ហើយគាត់ជាមនុស្សចាស់ជរាទៀត»។
របាយការណ៍របស់សមាគមជនភៀសខ្លួនខ្មែរក្រោម ឲ្យដឹងថា នៅប្រទេសថៃ មានពលរដ្ឋខ្មែរក្រោមជាងពីររយ(២២៧)នាក់ កំពុងរស់នៅភៀសខ្លួន ដោយសុំសិទ្ធិជ្រកកោនពីការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិប្រចាំទីក្រុងបាងកក។ ពួកគេភាគច្រើនបានរត់គេចពីការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាម ដោយសារការបញ្ចេញមតិ ការគោរពជំនឿសាសនា និងអ្នកខ្លះត្រូវវៀតណាមរឹបអូសដីធ្លីជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។