ប៉ូលិសថៃចាប់ជនភៀសខ្លួនខ្មែរក្រោមជាង ១០នាក់ ពេលដែលពួកគាត់កំពុងធ្វើការនៅផ្សារមួយជាប់ទីក្រុងបាងកក ហើយបានបញ្ជូនពួកគេ ទៅការិយាល័យអន្តោប្រវេសន៍ខេត្តប៉ាថុមថានី (Pathum Thani) នៅព្រឹកថ្ងៃទី១៤ ខែតុលា។ អាជ្ញាធរថៃអះអាងថា មូលហេតុដែលចាប់ជនភៀសខ្លួនទាំងនោះ ដោយសារពួកគាត់លួចធ្វើការងារនៅប្រទេសថៃដោយខុសច្បាប់។
ប៉ូលិសថៃចាប់ខ្លួនជនភៀសខ្លួនខ្មែរក្រោមចំនួន ១២នាក់ ក្នុងនោះមានប្រុស៧នាក់ ស្រី៥នាក់ ពេលដែលពួកគាត់កំពុងធ្វើការនៅផ្សារលក់បន្លែនៅខេត្តប៉ាថុមថានី។ អាជ្ញាធរថៃបានបញ្ជូនពួកគេឃុំខ្លួននៅមន្ទីរឃុំឃាំងនៃការិយាល័យប៉ូលិសអន្តោប្រវេសន៍ខេត្តប៉ាថុមថានីហើយ នៅព្រឹកថ្ងៃទី១៤ ខែតុលា។
ពលរដ្ឋខ្មែរក្រោម ដែលភៀសខ្លួននៅប្រទេសថៃ ដោយការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរវៀតណាម លោកស្រី ចាន់ ធី ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី១៤ ខែតុលា ថា លោកស្រីក៏ជាអ្នកធ្វើការរៀបបន្លែជាមួយខ្មែរក្រោមភៀសខ្លួនទាំងអស់នោះដែរ តែពេលនោះដោយសារ លោកស្រីទៅធ្វើការយឺតបន្តិច ទើបមិនត្រូវបានប៉ូលិសថៃចាប់លោកស្រី។ លោកស្រីបន្តថា លោកស្រីបានឃើញប៉ូលិសថៃពាក់ឯកសណ្ឋានស៊ីវិល៤នាក់ មកចាប់ជនភៀសខ្លួនខ្មែរក្រោម១២នាក់ ដាក់ឡាន ហើយក៏បើកឡានចេញពីផ្សារនោះទៅ។ លោកស្រីស្នើដល់រដ្ឋាភិបាលថៃ និងអង្គការពាក់ព័ន្ធនឹងជនភៀសខ្លួនជួយអន្តរាគមន៍ទៅអាជ្ញាធរថៃ ឲ្យដោះលែងខ្មែរក្រោមទាំងអស់ ជាពិសេសកូនប្រសាប្រុសរបស់លោកស្រី ដែលមានកូនអាយុ៥ខែក្នុងបន្ទុក ត្រូវការឪពុករកស៊ីចិញ្ចឹម៖ « ខ្ញុំគ្មានបាន ខ្ញុំរៀបចំទៅធ្វើឡានហ្នឹងដែរ ដល់ពេលហើយខ្ញុំរវល់តែប្រកែកគ្នាជាមួយមាកែវ ហើយតាយ៉ាន់អីលេងហ្នឹងណា តិចទៅខ្ញុំក៏ក្រ បានទៅយឺតពេលទៅតែ៥នាទីហ្នឹង គេមកចាប់ពឹបៗទៅ កុំអីដោយទាំងខ្ញុំហើយ ( ដោយសារ ) ខ្ញុំក្រទៅហ្នឹង គេចាប់នៅកៀនហ្នឹងដែរ ខ្ញុំធ្វើនៅខាងហ្នឹងដែរហ្នឹង គេចាប់តែម្ដុំឡានយាយម៉ាប់ហ្នឹង គ្នាប៉ុណ្ណឹង ហើយកុំអីខ្ញុំហ្នឹង បើកុំមាកែវមកនិយាយចេះចុះលេងហ្នឹង ខ្ញុំឡើងទៅល្មមគេកៀងបណ្ដោយ »។
ស្រដៀងគ្នានេះដែរ ពលរដ្ឋខ្មែរក្រោមម្នាក់ទៀត ដែលភៀសខ្លួននៅប្រទេសថៃ ៥ឆ្នាំ លោកស្រី ស៊ី វេត ឲ្យដឹងថា ប៉ូលិសបានមកចាប់ឪពុក និងម្ដាយរបស់លោកស្រី និងជនភៀសខ្លួនដទៃទៀតសរុប១២នាក់ នៅក្នុងផ្សារលក់បន្លែនោះ កន្លែងពួកគាត់កំពុងធ្វើការ ហើយប៉ូលិសបានបញ្ជូនពួកគាត់ទៅការិយាល័យអន្តោប្រវេសន៍ខេត្តប៉ាថុមថានី។ លោកស្រីបន្តថា ឪពុកម្ដាយលោកស្រីមានវ័យចាស់ហើយ ខិតខំលួចទៅស៊ីឈ្នួលគេ ដើម្បីយកប្រាក់មកចិញ្ចឹមជីវិត ព្រោះរស់ជាជនភៀសខ្លួនប្រទេសថៃមានការលំបាកក្នុងការរកការងារស្របច្បាប់។ លោកស្រីស្នើដល់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន អន្តរាគមន៍ទៅរដ្ឋាភិបាលថៃ ឲ្យដោះលែងឪពុកម្ដាយលោកស្រី និងខ្មែរក្រោមទាំងនោះឱ្យមានសេរីភាពវិញ៖ « គ្មានទៅឃើញទេ មិនបានទៅឃើញទេ ឮតែតាមអាដាគេតេ យាយម៉ាប់តេមកតាមទូរស័ព្ទហ្នឹងណា យាយម៉ាប់ថា គេ ( ប៉ូលិស ) ចាប់ទៅអស់ហើយ តម្រួតចាប់យាយៗទៅអស់ហើយ យាយមានតែយាយឡែមដែរ យាយឡែមធ្វើនៅហ្នឹងដែរ »។
ពលរដ្ឋខ្មែរក្រោម ដែលភៀសខ្លួននៅប្រទេសថៃ ពួកគាត់បានរត់គេចខ្លួនពីការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលវៀតណាម។ ពួកគាត់ថា រដ្ឋាភិបាលវៀតណាមបានរឹបអូសដីធ្លីរបស់ពួកគាត់ ហើយបានរឹតត្បិតការគោរពជំនឿសាសនា ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និងហាមមិនឲ្យបង្រៀនអក្សរខ្មែរដល់កូនខ្មែរជាដើម។
ពាក់ព័ន្ធរឿងនេះ ប៉ូលិសថៃប្រាប់វិទ្យុអាស៊ីសេរី ភាសាឡាវ ដោយសុំមិនបញ្ចេញឈ្មោះនឹងសំឡេងថា ក្រុមប៉ូលិសថៃបានចាប់ជនភៀសខ្លួនខ្មែរតែ១០នាក់ទេ នៅព្រឹកថ្ងៃទី១៤ ខែតុលា នៅក្នុងផ្សារលក់បន្លែមួយជាប់ទីក្រុងបាងកក។ លោកថា ការចាប់ខ្លួននេះ ដោយសារពួកគេចូលមកធ្វើការងារក្នុងប្រទេសថៃ ដោយខុសច្បាប់។ ប៉ូលិសរូបនេះបញ្ជាក់ថា ជនភៀសខ្លួនទាំងអស់នេះ មានលិខិតសម្គាល់ខ្លួនផ្សេងៗគ្នា អ្នកខ្លះទិដ្ឋាការហួសកំណត់ អ្នកខ្លះមានប័ណ្ណសម្គាល់ខ្លួនដែលចេញដោយអង្គការសហប្រជាជាតិទទួលបន្ទុលផ្នែកជនភៀសខ្លួន តែប័ណ្ណនេះមិនអាចជួយពួកគាត់ឲ្យរួចពីការចាប់ខ្លួនបានទេ ស្របពេលដែលប្រទេសថៃកំពុងរៀបចំកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិច (APEC) ផង ដូច្នេះប្រទេសថៃត្រូវរៀបចំសណ្ដាប់ធ្នាប់ ដោយមានការបោសសម្អាតជនអន្តោប្រវេសន៍ខុសច្បាប់ តាមបទបញ្ជាថ្នាក់លើ។
ជុំវិញរឿងនេះដែរ ប្រធានសមាគមជនភៀសខ្លួនខ្មែរក្រោមប្រចាំប្រទេសថៃ លោក ឡឹម កែវសំណាង ឲ្យដឹងថា ប៉ូលិសថៃបានចាប់ខ្មែរក្រោមភៀសខ្លួនចំនួន១២នាក់ បញ្ជូនទៅដាក់ពន្ធនាគារក្នុងទីក្រុងបាងកក រង់ចាំឡើងតុលាការ ដោយចោទពីបទចូលប្រទេសថៃខុសច្បាប់ ហើយធ្វើការងារដោយគ្មានការអនុញ្ញាត។ លោកទទូចដល់អង្គការសហប្រជាជាតិនៅប្រទេសថៃ ជួយស្នើដល់រដ្ឋាភិបាលថៃ ដោះលែងខ្មែរក្រោមភៀសខ្លួនទាំងអស់ឱ្យមានសេរីភាពវិញ៖ « ហើយអ្ហា៎ ហ្នឹងហើយ ឥឡូវកំពុងទាក់ទងអង្គការស្អីគេហ្នុង អង្គការស្អីចាំមើលខ្ញុំផ្ញើកាតទៅឲ្យ។ អង្គការហ្នឹងមិនដឹងគេដោះស្រាយម៉េចទេ ដឹងដោះស្រាយបានមិនបានចាំមើលបងប្អូនយើងអ្នកខ្លះជាប់ ហើយអ្នកខ្លះកំពុងពិចារណា ហើយអ្នកខ្លះទៀត ដែលយូអិន (UNHCR) វាយទម្លាក់អាហ្នឹងពិបាកជួយអ៊ីចឹងណា ចាំមើលមិនដឹងម៉េចទេណា ដឹងគេជួយយើងបានអត់ណា។ ដូចគ្រួសារតាវិន ប្រពន្ធតាវិនគេជាប់ហើយ ហើយបងប្អូនយើងដូចយាយហ៊ែម យាយអីគាត់ធ្លាក់ ហើយអ្នកខ្លះក្រដាសកាតយូអិនកំពុងតែនៅអាយុអ៊ីចឹងណា គេមិនវាយទម្លាក់ ហើយមិនដឹងគេជួយយើងបានមិនបាន »។
ជនភៀសខ្លួនឱ្យដឹងថា មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រទេសថៃ កំពុងសម្របសម្រួលជាមួយអាជ្ញាធរថៃ ឲ្យមានការយោគយល់ និងដោះលែងជនភៀសខ្លួនខ្មែរក្រោមទាំងអស់នោះហើយ។
របាយការណ៍របស់សមាគមជនភៀសខ្លួនខ្មែរក្រោមប្រចាំប្រទេសថៃ ឲ្យដឹងថា មានពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅភៀសខ្លួនក្នុងប្រទេសថៃ ជាងពីររយនាក់ ដែលពួកគេសុទ្ធតែរត់គេចពីការតាមធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។