គម្រោងឃ្លាំមើលសេរីភាពជាមូលដ្ឋាន រកឃើញថា សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងសង្គមស៊ីវិលក្នុងឆ្នាំ២០២៣ កាន់តែរងការរឹតត្បិត ខណៈការរាយការណ៍អំពីករណីរំលោភសិទ្ធិមនុស្សទៅកាន់រដ្ឋាភិបាលក៏កាន់តែលំបាក។ អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលគួរទទួលយកការរកឃើញនេះ និងបើកលំហប្រជាធិបតេយ្យវិញជាបន្ទាន់ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងដោះស្រាយបញ្ហានៅក្នុងសង្គមដោយប្រសិទ្ធភាព។
អង្គការសមាគមចំនួន៣ រួមមានមជ្ឈមណ្ឌលការពារសិទ្ធិមនុស្សកម្ពុជា (CCHR) សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងមជ្ឈមណ្ឌលសាមគ្គី បានចេញរបាយការណ៍ស្ទង់មតិមួយបង្ហាញថា ស្ថានភាពសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋឆ្នាំ២០២៣ ត្រូវបានរងការរឹតត្បិតកាន់តែធ្ងន់ធ្ងរជាងឆ្នាំ២០២២។
ការស្ទង់មតិលើប្រជាពលរដ្ឋប្រមាណ ១ពាន់នាក់ (១,០០៥) ក្នុងឆ្នាំ២០២៣ បង្ហាញថា ភាគរយនៃពលរដ្ឋឆ្លើយថា ពួកគេមានសេរីភាពក្នុងការនិយាយនៅទីសាធារណៈបានធ្លាក់ចុះ ២ភាគរយ មកត្រឹម៥៣ភាគរយ ចំណែកឯសេរីភាពក្នុងការចូលរួមសកម្មភាពនយោបាយបានធ្លាក់ចុះ ៤ភាគរយ នៅសល់ត្រឹម៤០% ប្រៀបធៀបនឹងឆ្នាំ២០២២។ ដោយឡែកចំពោះ សេរីភាពក្នុងការចូលរួមធ្វើកូដកម្មដោយសន្តិវិធីវិញ បានធ្លាក់ចុះយ៉ាងគំហុក ដោយធ្លាក់ពី ជាង ៤០ភាគរយ (៤២)ក្នុងឆ្នាំ២០២២ មកត្រឹម៣០ភាគរយ ក្នុងឆ្នាំ២០២៣។ ទោះជាយ៉ាងណាក្ដី របាយការណ៍បានកត់ត្រាពេញមួយឆ្នាំ២០២៣ កន្លងទៅ មានការធ្វើកូដកម្មដោយសន្តិវិធីមានចំនួន៣ប៉ុណ្ណោះ។
ក្រៅពីផ្ដោតទៅលើសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋហើយនោះ របាយការណ៍នេះក៏បានបង្ហាញក្ដីព្រួយបារម្ភចំពោះការយល់ខុសរបស់ប្រជាពលរដ្ឋភាគច្រើន យល់ឃើញថា លុះត្រាតែជូនដំណឹងទៅកាន់អាជ្ញាធរជាមុនសិន ទើបអាចធ្វើសកម្មភាពអង្គការ សមាគមនៅតាមសហគមន៍បាន។
ប្រធានសហព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៩ ខែឧសភា ថា របាយការណ៍ស្ទង់មតិរបស់គម្រោងឃ្លាំមើលសេរីភាពនេះ បង្ហាញការពិតអំពីស្ថានភាពរឹតត្បិតសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសការរឹតត្បិតទៅលើការធ្វើកូដកម្មដោយសន្តិវិធីរបស់កម្មករ បុគ្គលិក ដែលមានវិវាទជាមួយថៅកែក្រុមហ៊ុន។
អ្នកស្រី យ៉ាង សុភ័ណ្ឌ៖ «អ៊ីចឹងត្រឡប់មកវិញ បើសិនជាយើងមើលត្រង់កន្លែងនេះ គឺជាការរឹតត្បិតទៅលើសិទ្ធិសេរីភាពរបស់ពួកយើង ដែលយើងមានសិទ្ធិថា ពេលដែលយើងអត់ពេញចិត្តទៅនឹងការអនុវត្តរបស់ក្រុមហ៊ុន កម្មករនិយោជិកគាត់មានសិទ្ធិក្នុងការធ្វើកូដកម្ម ហើយអនុលោមទៅតាមលក្ខន្តិកៈរបស់សហជីពរបស់ពួកគាត់អីអ៊ីចឹងទៅ ប៉ុន្តែនៅពេលដែលកម្មករព្យាយាមអនុលោមទៅតាមច្បាប់ ដើរតាមលក្ខន្តិកៈរបស់សហជីព វាទៅជាមានការចោទប្រកាន់ចោទអីហូរហែ អ៊ីចឹងនៅកន្លែងនេះគឺជាការរឹតត្បិតសេរីភាពរបស់កម្មករ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី៩ ខែឧសភា។ ទោះជាយ៉ាងណា តំណាងកម្ពុជាបានលើកឡើងនៅក្នុងកិច្ចប្រជុំដំណើរការពិនិត្យជាសកលតាមកាលកំណត់ (UNPR) របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី៨ ខែឧសភា ថា ប្រទេសកម្ពុជាមានការរីកចម្រើន និងមានការអភិវឌ្ឍន៍ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈបណ្ដាប្រទេសជាច្រើននៅលើពិភពលោករិះគន់មកលើរដ្ឋាភិបាលប្រទេសកម្ពុជាថា បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយសិទ្ធិសេរីភាពកាន់តែធ្លាក់ចុះ។ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត មានប្រសាសន៍ថា របាយការណ៍ស្ទង់មតិប្រជាពលរដ្ឋនេះគឺជាភស្តុតាងបញ្ជាក់បន្ថែមអំពីស្ថានភាពរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។ លោកបន្តថា ដើម្បីដោះស្រាយបញ្ហានៅក្នុងសង្គម និងធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះល្អនៅលើឆាកអន្តរជាតិ រដ្ឋាភិបាលគួរតែបើកលំហប្រជាធិបតេយ្យ និងលើកកម្ពស់ការគោរពសិទ្ធិមនុស្សឡើងវិញ។
លោក ម៉ែន ណាត៖ «តែបើសិនជារដ្ឋាភិបាល ឯកសារហ្នឹងវាជាការវាយប្រហារ ជាការទិតៀនអីអ៊ីចឹង ហើយមានបំណងចង់បង្ក្រាប អាហ្នឹងវាជាកំហុសរបស់រដ្ឋាភិបាល វាគឺជាកំហុសរបស់អាជ្ញាធររដ្ឋ ដែលមិនព្យាយាមមិនចង់យល់ដឹងអំពីបំណង ពិតប្រាកដរបស់ប្រជាពលរដ្ឋ ដែលមិនព្រមព្យាយាមដោះស្រាយបញ្ហាជាក់ស្ដែងរបស់ប្រជាពលរដ្ឋ»។
របាយការណ៍ឆ្នាំ២០២៣នេះ គឺជាឆ្នាំទី៨ហើយ របស់គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន ដែលឃ្លាំមើលលំហសង្គមស៊ីវិលនៅកម្ពុជា។ អ្នកឃ្លាំមើលកម្ពុជាលើកឡើងថា អាជ្ញាធរបានបំពានទៅលើការអនុវត្តក្របខ័ណ្ឌច្បាប់របស់កម្ពុជា ហើយរដ្ឋាភិបាលកំពុងប្រើប្រាស់ច្បាប់ទាំងនេះ ដើម្បីកាត់បន្ថយលំហសេរីភាពពលរដ្ឋ និងរឹតត្បិតការអនុវត្តសេរីភាពមូលដ្ឋាន ជាជាងការពារសិទ្ធិទាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕