ពលរដ្ឋមានជម្លោះដីធ្លីនៅបឹងតាមោកអះអាងថា អាជ្ញាធរខណ្ឌព្រែកព្នៅប្រើប្រាស់អំពើហិង្សាលើពួកគាត់ បណ្ដាលឱ្យស្ត្រីម្នាក់សន្លប់ ហើយអ្នកផ្សេងទៀតរបួស។ ប៉ុន្តែអាជ្ញាធរបានច្រានចោលការចោទប្រកាន់នេះ ខណៈសង្គមស៊ីវិល ស្នើទៅរដ្ឋាភិបាលពិនិត្យចំពោះករណីនេះ។
ពលរដ្ឋអះអាងថា អំពើហិង្សានេះ កើតឡើងក្នុងពេលពួកគាត់ចូលទៅឃាត់គ្រឿងចក្រមិនកាយប្រឡាយក្បែរលំនៅឋាន និងប៉ះពាល់ដល់ការដាំបន្លែ ហើយការចិញ្ចឹមត្រីរបស់ពួកគាត់។
តំណាងសហគមន៍បឹងតាមោក លោកស្រី គង់ តឿ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៧ កុម្ភៈថា ពួកគាត់រារាំងនេះ គឺចង់ឱ្យអាជ្ញាធរដោះស្រាយបញ្ហាដោយកាត់ឆ្វៀលដីជូនពួកគាត់មុនសិន។
លោកស្រី គង់ តឿ៖ «ដីជាង ៣ពាន់ហិកតារ គាត់អភិវឌ្ឍន៍ទៅ សូម្បីតែ ព្រាប សុវត្ថិ មិនដឹងនៅណាផង គាត់ឱ្យបាន ៥ហិកតារ។ ពួកខ្ញុំជាង ២០០គ្រួសារ សូម្បីដីជាង ៤ហិកតារ គាត់មិនហ៊ានកាត់ឆ្វៀលឱ្យខ្ញុំទេ។ គាត់មកគាបសង្កត់ សូម្បីតែផ្ទះឈើសុទ្ធតែមកបំផ្លាញប្រជាពលរដ្ឋកាត់ទោសឡើងតុលាការសុទ្ធតែច្បាប់ព្រហ្មទណ្ឌ»។
ពលរដ្ឋរស់នៅបឹងតាមោកដែលកំពុងជាប់បណ្ដឹងនៅតុលាការ ប្ដឹងដោយអាជ្ញាធរខណ្ឌព្រែកព្នៅ គឺលោកស្រី សឿន ស្រីសុត លើកឡើងថា អាជ្ញាធរបានប្រើអំពើហិង្សាលើពួកគាត់ បណ្ដាលឱ្យអ្នកភូមិម្នាក់សន្លប់។ លើសពីនេះ អាជ្ញាធរមិនអនុញ្ញាតឱ្យរថយន្តពេទ្យចូលដឹកអ្នកភូមិ ដែលសន្លប់យកទៅមន្ទីរពេទ្យនោះទេ។
លោកស្រីចាត់ទុកការប្រើអំពើហិង្សា និងគំរាមចាប់លោកស្រីដាក់គុកថា ជាអំពើឃោរឃៅ និងអយុត្តិធម៌សម្រាប់ពួកគាត់។
លោកស្រី សឿន ស្រីសុត៖ «ខ្ញុំយល់ថា ជាភាពឃោរឃៅរបស់មន្ត្រីអាជ្ញាធរខណ្ឌធ្វើមកលើប្រជាពលរដ្ឋព្រោះដំណោះស្រាយគាត់មិនទាន់ដោះស្រាយផង ហេតុអីគាត់មករំលោភបំពានគាត់មកកាយដីក្រោយផ្ទះរបស់ប្រជាពលរដ្ឋហើយគាត់ប្រើអំពើហិង្សា។ អ៊ីចឹងវាជារូបភាពមួយដែលឃោរឃៅបំផុត ហើយជារឿងមួយដែលអយុត្តិធម៌ ហើយវាក៏ជាការរំលោភប្រជាពលរដ្ឋ»។
លោកស្រី សឿន ស្រីសុត ថា អាជ្ញាធរប្រើអំពើហិង្សាលើពួកគាត់នេះ អាចដោយសារតែថ្នាក់លើបើកដៃ ខណៈដីដែលកំពុងជម្លោះនេះ លោកស្រីតែងតែឃើញលោក ហ៊ុន តូ និងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ចេញចូលញឹកញាប់។
សូមចុចលើរូបថតខាងក្រោមនេះ ដើម្បីមើលរូបថតផ្សេងៗ ទៀត៖

អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៧ កុម្ភៈ ដោយអះអាងថា អាជ្ញាធរមិនបានប្រើអំពើហិង្សាលើប្រជាពលរដ្ឋនោះទេ គឺមានតែប្រជាពលរដ្ឋ ដែលលោកថា ប្រើអំពើហិង្សាដាក់អាជ្ញាធរ។
លោក ធឹម សំអាន៖ «ទៅរស់នៅលើដីរបស់គេ ឱ្យទៅរស់នៅកន្លែងហ្នឹងម៉េច!ទៅយកដីគេ រួចទៅសាងសងដីគេម៉េច វានៅតែខុសច្បាប់រហូតហ្នឹង។ អ៊ីចឹង សំណូមពរ និងសុំអង្វរឱ្យទៅពន្យល់គាត់។ រឿងថានេះ បងសូមបដិសេធហើយ បងគ្មានណាទៅគាបសង្កត់ប្រជាជនទៅវាយតប់ប្រជាជនដែរ»។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សុផាត ស្នើទៅរដ្ឋាភិបាលឱ្យពិនិត្យដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ។
លោក វណ្ណ សុផាត៖ «ខ្ញុំយល់ថា អាជ្ញាធរគាត់ធ្វើហួសហេតុ គាត់ធ្វើឱ្យប៉ះពាល់ដល់កិត្តិសព្ទរបស់រាជរដ្ឋាភិបាលដែលឥឡូវកំពុងតែល្បីល្បាញរាជរដ្ឋាភិបាលជំនាន់ថ្មី រដ្ឋាភិបាលវ័យក្មេងរបស់យើងហ្នឹង។ អ៊ីចឹងអាជ្ញាធរគួរគិតគួរពីកន្លែងហ្នឹងផង រឿងអ៊ីចឹងៗ ផុសផ្សាយនៅសារព័ត៌មានមិនមែនជារឿងល្អទេ សម្រាប់រដ្ឋាភិបាលយើងទេ»។
ប្រជាពលរដ្ឋអះអាងថា ពួកគាត់តវ៉ា ទាមទារឱ្យរដ្ឋាភិបាល និងអាជ្ញាធរ ដោះស្រាយវិវាទដីធ្លីតាំងពីឆ្នាំ២០១៩ មក ប៉ុន្តែមកដល់បច្ចុប្បន្ន មិនទាន់មានដំណោះស្រាយនៅឡើយ។ ក្រៅពីមិនទទួលបានដំណោះស្រាយហើយ ប្រជាពលរដ្ឋអះអាងថា ប្រជាពលរដ្ឋចំនួន ១៨នាក់ ជាប់បណ្ដឹងនៅតុលាការ ដោយសារទាមទារដំណោះស្រាយដីធ្លី និងអ្នកខ្លះទៀតបានរត់ភៀសខ្លួនទៅក្រៅប្រទេស ដើម្បីគេចពីការយាយីរបស់អាជ្ញាធរ៕
សម្រាប់លោកអ្នកនាង ដែលចង់អានព័ត៌មានទាក់ទងរឿងនេះជាភាសាអង់គ្លេស សូមចុចតំណភ្ជាប់នេះ៖ https://www.rfa.org/english/news/cambodia/land-lake-dispute-02272024175409.html
Mud-soaked residents scuffle with officials trying to demolish their homes
Authorities want to evict families from near Phnom Penh's biggest lake to make way for a high-rise.
Pleading for help from the mud, residents scuffled with authorities in Cambodia’s capital on Tuesday as they tried to block machinery brought in to demolish their homes to make way for a planned high-rise development.
“I can’t live without my house! I used to cultivate rice during the dry season, but now they say I occupied the land illegally, and they will confiscate it,” cried a woman named Kong Toeur while sitting in waist-deep muddy water.
“All children must know this pain!” she shouted. “This is Cambodia law.”
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។