ជនជាតិដើមភាគតិចកួយចំនួន ២ភូមិ នៅខេត្តព្រះវិហារបន្តប្រមូលផ្តុំគ្នាតវ៉ាទាមទារឱ្យអភិបាលខេត្តនេះ ដោះស្រាយការរំលោភយកដីព្រៃជំនឿជាង ១ពាន់ហិកតារ (១.០៥០) ជាទ្រព្យឯកជន ពីសំណាក់អភិបាលរងខេត្តព្រះវិហារ លោក អ៊ុក គឹមសាន។
អ្នកភូមិបានលើកបដាប្រតិកម្មនឹងការបកស្រាយផ្ទុយពីការពិត របស់អាជ្ញាធរខេត្តនេះថា ពួកគាត់ពុំមែនជាជនជាតិដើមភាគតិចកួយ។
ជនជាតិដើមភាគតិចកួយជាង ៨០នាក់ រស់នៅភូមិដងផ្លិត និងភូមិណារុង ឃុំឆែបពីរ ស្រុកឆែប ខឹងសម្បារនឹងអាជ្ញាធរខេត្តនេះថា បកស្រាយបំផ្លើសការពិត និងគេចវេះមិនដោះស្រាយករណីក្រុមហ៊ុនរបស់អភិបាលរងខេត្តព្រះវិហារ លោក អ៊ុក គឹមសាន បន្តឈូសឆាយព្រៃជំនឿរបស់ពួកគាត់អស់ជិត ៣រយហិកតារ នៅដើមឆ្នាំ២០២៥នេះ។
អ្នកភូមិធ្វើពិធីបន់ស្រន់ ដាក់បណ្តាសាតាមជំនឿប្រពៃណីក្នុងតំបន់ព្រៃជំនឿ ឬហៅថា ប្រលានតាដេវ។ ពួកគាត់បានលើកបដាសរសេរថា យើងជាជនជាតិដើមភាគតិចកួយ ខ្ញុំជាជនជាតិដើមភាគតិចកួយ គ្រួសារយើងជាជនជាតិដើមភាគតិចកួយ។
ជនជាតិដើមភាគតិចកួយរស់នៅភូមិដងផ្លិត លោក សួន សុឃីម វ័យ ៥០ ឆ្នាំ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៤ មករា ថា ថ្វីត្បិតតែពេលនេះសកម្មភាពឈូសឆាយព្រៃជំនឿ បានផ្អាកហើយ ក៏ប៉ុន្តែអាជ្ញាធរមិនទាន់ដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅឡើយទេ។
លោកថា អ្នកភូមិមិនសប្បាយចិត្តនឹងអាជ្ញាធរខេត្តនេះ បកស្រាយផ្ទុយពីការពិត ពីការឈូសឆាយដីព្រៃជំនឿទំហំជាង ១ ពាន់ហិកតារ ដែលជាអាយុជីវិតរបស់ជនជាតិដើមភាគតិច។
លោក សួន សុឃីម៖ «វាលែងមានឈើជ្រកដល់ពេលដើរដាច់កន្ទុយភ្នែក ហើយអត់មានឈើជ្រកម្លប់មិនដឹងធ្វើម៉េចយ៉ាងបានមកវិញស្ដាយ ហើយគោក្របីក៏ហានិភ័យដែរនៅខាងមុខ គឺពិបាកណាស់»។
ប្រតិកម្មរបស់ពលរដ្ឋរូបនេះធ្វើឡើង ក្រោយពីអភិបាលស្រុកឆែប លោក អ៊ុំ សុភឿន បានចេញសេចក្តីប្រកាសព័ត៌មានកាលពីចុងខែមករាថា ក្នុងភូមិដងផ្លិត និងភូមិណារុង ពុំមានសហគមន៍ជនជាតិដើមភាគតិចកួយនោះទេ គឺមានតែជន ជាតិដើមភាគតិចកួយចំនួន៩គ្រួសារតែប៉ុណ្ណោះ។
រីឯ ទីតាំងដីមានជម្លោះនោះក៏ពុំមែនជាដីព្រៃអារុក្ខអារក្ខរបស់ជនជាតិដើមភាគតិចកួយដែរ។ លោកថា តំបន់ដីជម្លោះនោះ ជាដីព្រៃរបោះ ដែលពលរដ្ឋមួយចំនួន ចូលទៅកាប់ទន្ទ្រានយកដី ជាលក្ខណៈស្បែកខ្លាស្ទើរទាំងស្រុង។
តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ ភូមិដងផ្លិត លោក សោម ណៃ ថ្លែងថា បំណងរួមរបស់សហគមន៍ចង់ទុកព្រៃជំនឿ ក្នុងតំបន់នោះជាទ្រព្យសមូហភាព ដោយមិនចង់ឃើញព្រៃជំនឿមួយនេះធ្លាក់ក្នុងដៃ បុគ្គលមានលុយមានអំណាចនោះទេ។ លោកទទូចឱ្យប្រមុខរដ្ឋាភិបាលពន្លឿនដោះស្រាយបញ្ហានេះ។
លោក សោម ណៃ៖ «ចុះបើជនជាតិដើមភាគតិចនៅរាប់រយឆ្នាំក៏មិនគិតថា ដីទុកថែរក្សាសម្រាប់កូនចៅជំនាន់ក្រោយ ពួកខ្ញុំក៏អត់យល់ដែរ។ អ៊ីចឹងសូមឱ្យអភិបាលខេត្តនិងរដ្ឋាភិបាល ដាក់ឱ្យពួកគាត់ប្រើប្រាស់និងថែរក្សារួមគ្នា»។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងសុំការបំភ្លឺ ជុំវិញការចោទប្រកាន់នេះពីអភិបាលរងខេត្តព្រះវិហារ លោក អ៊ុក គឹមសាន បាននៅឡើយទេ នៅថ្ងៃ៤ កុម្ភៈ។ រីឯអភិបាលខេត្តព្រះវិហារលោក គីម រិទ្ធី ក៏វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ក៏ប៉ុន្តែអភិបាលរងខេត្តព្រះវិហារ លោក ណុប វុទ្ធី បានប្រាប់វិទ្យុបារាំងអន្តរជាតិ (RFI) ថា ទីតាំងមានជម្លោះនោះ ពុំមែនជាដីក្រុមហ៊ុននោះទេ តែជាដីកម្មសិទ្ធិឯកជន ទិញបន្តពីពលរដ្ឋចំនួន ៧០ ភាគរយ នៃទំហំដីជាង ១ពាន់ ហិកតារ (១.០៥០)។ តែយ៉ាងណាអាជ្ញាធររូបនេះ មិនបញ្ជាក់លម្អិតថា ដីដែលឈូសឆាយនោះ ជារបស់បុគ្គលរូបណានោះទេ ហើយលោកចោទពលរដ្ឋដែលលើកគ្នាតវ៉ាថា ជឿតាមការញុះញង់។
លោក ណុប វុទ្ធី៖ «អានោះមិនមែនជាក្រុមហ៊ុនទេ គឺមានប្អូននៅខាងក្រៅគាត់ទិញ ហើយគាត់ដាំដុះកសិឧស្សាហកម្មឯកជន អញ្ចឹងអ្នកទៅលើកបដាគឺអ្នកញុះញង់ដែលមិនកាត់មកដីសហគមន៍ចែកគាត់អ៊ីចឹងណា»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះវិហារ លោក ម៉ៃ វុទ្ធី ពន្យល់ថា ប្រសិនដីព្រៃជំនឿនោះ ជាតំបន់អភិរក្សគ្រប់គ្រងដោយក្រសួងបរិស្ថាន លោកយល់ថា ពុំមានបុគ្គលណាមានសិទ្ធិទិញលក់ដូរ ជាទ្រព្យឯកជនបានទេ។
លោកថា ប្រសិនបើមានករណីទិញលក់ដីព្រៃអភិរក្សខុសច្បាប់ អាជ្ញាធរត្រូវស៊ើបអង្កេត និងស្រាវជ្រាវឱ្យច្បាស់លាស់ ដើម្បីដោះស្រាយជូនពលរដ្ឋឱ្យបានត្រឹមត្រូវ។
លោក ម៉ៃ វុទ្ធី៖ «ចំពោះករណីនេះខ្ញុំយល់ថា អាជ្ញាធរខេត្តប្រសិនបើគាត់មានឆន្ទៈពិតប្រាកដគួរតែកំណត់អត្តសញ្ញាណឱ្យបានច្បាស់ពីភាគីពាក់ព័ន្ធដែលទៅឈូសឆាយដីព្រៃតំបន់ការពារ»។
តំបន់ព្រៃជំនឿ ព្រៃអារក្ស និងតំបន់ព្រៃអាស្រ័យផល ដែលកំពុងឈូសឆាយនោះ មានផ្ទៃដីជាង ១ ពាន់ ៥០ ហិកតារ (១.០៥០)ដែលជនជាតិដើមភាគតិចកួយ ចំនួន ២ភូមិ អាស្រ័យផល ធ្វើកសិកម្មដាំដុះ និងរកអនុផលព្រៃឈើច្រើនជំនាន់មកហើយ។
ព្រៃនៅតំបន់នោះ ក៏ជាជម្រកសត្វត្មាតព្រៃដ៏កម្រ ព្រៃជំនឿ វាលស្មៅឃ្វាលគោក្របី និង អូរធម្មជាតិជាច្រើនកន្លែង។
ពលរដ្ឋឱ្យដឹងថា ក្នុងពេលពួកគាត់ធ្វើពិធីសែនព្រេន ដាក់បណ្តាសាលើមន្ត្រីខិលខូច ពុំឃើញមានការរារាំង ពីសំណាក់អាជ្ញាធរមូលដ្ឋាននោះទេ។ រីឯក្រុមទាហានដែលតែងតែស្ពាយកាំភ្លើងអាការ(AK) យាមកាងការពារសកម្មភាពឈូសឆាយនោះ ក៏ពុំឃើញមានវត្តមានក្នុងតំបន់នោះនៅរយៈពេល១សប្តាហ៍ចុងក្រោយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។