ស្ត្រីវ័យចំណាស់ម្នាក់រស់នៅក្នុងសហគមន៍ឡពាង ខេត្តកំពង់ឆ្នាំង បង្ហាញពីការឈឺចាប់ចំពោះរឿងអយុត្តិធម៌ផ្ទូនៗគ្នាជាង ២៥ឆ្នាំមកហើយ រហូតមានវិបត្តិផ្លូវចិត្ត ដោយសារតែក្រុមហ៊ុនខេ.ឌី.ស៊ី (KDC) របស់អ្នកស្រី ជា ខេង ត្រូវជាភរិយាអតីតរដ្ឋមន្ត្រីក្រសួងរ៉ែ លោក ស៊ុយ សែម បានរំលោភយកដីកេរឪពុកម្តាយ និងឈូសឆាយផ្ទះសម្បែងរបស់ពួកគាត់អស់ទាំងស្រុង។
លោកស្រី អ៊ុន ទុំ ក៏ធ្លាប់ជាប់ពន្ធនាគារជិត ២ឆ្នាំ ដោយសារតែតវ៉ារឿងជម្លោះដីធ្លីនេះ។
ក្រោយពីផ្ទះប្រក់ក្បឿង១ខ្នង និងដីស្រែចម្ការទំហំ ១០ហិកតារ ដែលជាទ្រព្យកេរដូនតាច្រើនជំនាន់មកហើយ ត្រូវក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ឈូសឆាយរឹបអូសយកទាំងស្រុង កាលពីឆ្នាំ២០០៨ លោកស្រី អ៊ុន ទុំ នៅតែអង្គុយរង់ចាំពន្លឺយុត្តិធម៌ពីមួយថ្ងៃទៅមួយថ្ងៃ ធ្លាក់ទឹកមុខស្រងូតស្រងាត់ ស្បែកជ្រីវជ្រួញក្នុងខ្ទមជរាមួយ។
បច្ចុប្បន្នលោកស្រី អ៊ុន ទុំ កំពុងរស់នៅលើដីរបស់អ្នកភូមិជិតខាង ក្នុងខ្ទមបាំងតង់ និងប្រក់ស្លឹកត្នោតធ្វើជាជញ្ជាំង។ ដៃកាន់ឈើច្រត់ទឹកមុខស្រពោន បង្ហាញពីការលំបាកវេទនា និងទុក្ខផ្ទូនៗគ្នា ដោយសារបាត់បង់ជម្រក និងដីស្រែចម្ការ ដែលធ្លាប់តែអាស្រ័យផលតាំងពីកុមារភាពមក តែបែរជាត្រូវធ្លាក់ក្នុងដៃក្រុមហ៊ុនរបស់អ្នកមានអំណាចនៅសម័យនេះ។
ស្ត្រីចំណាស់រូបនេះប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី ០៧ កុម្ភៈថា កាលពីក្រុមហ៊ុនមិនទាន់ឈូសឆាយផ្ទះនិង រំលោភយកដីស្រែចម្ការ លោកស្រីមានជីវភាពធូរធារ ព្រោះដីស្រែចម្ការទំហំ ១០ ហិកតារ មានដំណាំម្ហូបផ្លែជាច្រើនរួមមាន ផ្លែត្របែក ស្វាយចន្ទី ខ្នុរ ដូងនិងស្រូវជាដើម ដោយក្នុងមួយរដូវអាចប្រមូលផល លក់បានជាច្រើនលានរៀល។

លោកស្រី អ៊ុន ទុំ ធ្លាប់ជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ៨ខែ តាមបណ្តឹងរបស់ក្រុមហ៊ុន ដោយចោទពីបទ រំលោភលំនៅឋានកាលពីឆ្នាំ២០០៧។
លោកស្រី អ៊ុន ទុំ៖«សព្វថ្ងៃជីវភាពខ្ញុំរស់នៅក៏ពិបាក មិនដឹងឯណាបាយទឹកអ៊ីចឹងទេ រហូតអ្នកភូមិគេជួយដោះស្រាយឱ្យឯនេះមួយកំប៉ុងឯណោះមួយកំប៉ុងគ្រាន់ដោះស្រាយការហូបចុក»។
ស្ត្រីចំណាស់រូបនេះ រស់នៅក្នុងភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កៀកនឹងផ្លូវជាតិលេខ៥ ឆ្ងាយពីរាជធានីភ្នំពេញប្រមាណជាង ៥០គីឡូម៉ែត្រ។ លោកស្រី អ៊ុន ទុំ មានកូន ៨នាក់ ហើយកូនៗរបស់លោកស្រីទាំងអស់ សុទ្ធតែមានប្រវត្តិជាប់ឃុំឃាំង និងជាប់ពន្ធនាគារ ដោយសារតែតស៊ូមតិទាមទារដីធ្លីពីក្រុមហ៊ុន។
រីឯកូនស្រីច្បងម្នាក់ឈ្មោះ កែវ សុឃឿន បានបាត់បង់ជីវិត ដោយត្រូវឡានរបស់ក្រុមហ៊ុនបុកពីខាងក្រោយ។
លោកស្រីរៀបរាប់ ទាំងទឹកភ្នែករលីងរលោងថា ដីស្រែចម្ការទំហំ ១០ហិកតារ និងផ្ទះប្រក់ក្បឿងមួយខ្នងទំហំទទឹង ៦ម៉ែត្រ បណ្តោយ៧ ម៉ែត្រ ជាដីកេរដូនតា ដែលឪពុកម្ដាយចែកឱ្យតាំងពីមុនសម័យសង្គមរាស្ត្រនិយម បែរជាត្រូវក្រុមហ៊ុនឈូសបំផ្លាញចោលទាំងអស់។
លោកស្រីថា ដីទាំងនោះ លោកស្រីអាចរកប្រាក់ចំណូលបានច្រើនដោយចិញ្ចឹមគោជាង ៥០ក្បាល និងមាន់ទារាប់រយក្បាល។
លោកស្រី អ៊ុន ទុំ៖«កាលខ្ញុំចេញមកគេឈូសដីអស់ហើយ ខ្ញុំយំសន្លឹកមួយថ្ងៃ៨ដង ព្រោះយំស្តាយដីគេអាករម៉ែឪចែកឱ្យតែក្រុមហ៊ុនយក»។
ចំណែកឯកូនៗរបស់លោកស្រី អ៊ុន ទុំ តែងតែចេញមុខរួមគ្នា តវ៉ាទាមទារដីធ្លី និងផ្ទះសម្បែងនៅរាជធានីភ្នំពេញ។ កូនៗរបស់ពួកគាត់ ខ្លះជាប់គុក ខ្លះស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ខ្លះចោលស្រុក ខ្លះជាប់បណ្ដឹងនៅតុលាការ ខ្លះបាត់បង់ការងារជាគ្រូបង្រៀនក្នុងស្ថាប័នរដ្ឋ និងខ្លះទៀតត្រូវសង់សំណងឱ្យក្រុមហ៊ុនអស់រាប់ពាន់ដុល្លារជាថ្នូរមានសេរីភាព។
កន្លងទៅអ្នកភូមិឡពាងតែងតែវេចបង្វេច និងទូលរែកចានឆ្នាំង ធ្វើដំណើរដោយថ្មើរជើង រហូតដល់រាជធានីភ្នំពេញ ដើម្បីស្វែងរកយុត្តិធម៌។ ជាច្រើនឆ្នាំកន្លងទៅនេះ ពួកគាត់បានដាក់ញត្តិស្វែងរកដំណោះស្រាយ ស្ទើរតែគ្រប់ស្ថាប័នរដ្ឋ តែគ្មានដំណោះស្រាយនៅឡើយទេ។
កាលពីឆ្នាំ២០០៨ ក្រុមហ៊ុនខេ.ឌី.ស៊ី (KDC)របស់លោកស្រី ជា ខេង ភរិយា លោក ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឈូសឆាយកម្ទេចផ្ទះរបស់សហគមន៍ឡពាងចំនួន ១៤ខ្នងផ្ទះ និងរំលោភយកដីស្រែចម្ការរបស់អ្នកភូមិទំហំ ៥១២ហិកតារ ប៉ះពាល់ពលរដ្ឋចំនួន ១០៨គ្រួសារ។ សហគមន៍ថា សកម្មភាពឈូសឆាយនេះ ក្រុមហ៊ុនមិនបានជូនដំណឹងប្រាប់អ្នកភូមិនោះទេ ធ្វើឱ្យពួកគាត់ខាតបង់ទ្រព្យសម្បត្តិជាច្រើន ដោយសារត្រៀមខ្លួន រើចេញមិនទាន់។

មកទល់ពេលនេះ ក្រុមហ៊ុនខេ.ឌី.ស៊ី (KDC) បានធ្វើរបងស៊ីម៉ង់រឹងមាំ កម្ពស់ជាង ៥ ម៉ែត្រ ហ៊ុមព័ទ្ធជុំវិញដីក្នុងតំបន់នោះ តែមិនទាន់ឃើញអភិវឌ្ឍន៍អ្វីនោះទេ។ រីឯលោកស្រី អ៊ុន ទុំ ដែលជាម្ចាស់ដីកម្មសិទ្ធិ បន្តរស់នៅក្នុងខ្ទម ក្បែរដីមានជម្លោះនោះតាំងពីលោកស្រីមានវ័យ ៥០ ស្តើងរាងកាយមាំមួន រហូតដល់វ័យចាស់ជរាទ្រុឌទ្រោម។
កូនប្រុសបង្កើតលោកស្រី អ៊ុន ទុំ គឺលោក ស្ងូន ញឿន និយាយថា លោកមិនដឹងថា ម្ចាស់ក្រុមហ៊ុននេះមានអ្វីនៅពីក្រោយខ្នងនោះទេ បានជារដ្ឋាភិបាលមិនដោះស្រាយវិវាទដីធ្លីនេះ ជាច្រើនឆ្នាំមកហើយ។
លោកថា ម្តាយរបស់លោកមានវិបត្តិផ្លូវចិត្តដោយសារតែរងភាពអយុត្តិធម៌បាត់បង់ជម្រក និងដីស្រែចម្ការដែលជាឆ្នាំងបាយរបស់ពួកគាត់។
លោក ស្ងួន ញឿន៖«គាត់មានវិបត្តិផ្លូវចិត្ត ព្រោះកូនគាត់ក៏ស្លាប់ ខ្លះជាប់គុក ហើយកូនប្រសារគាត់ត្រូវបាត់បង់ការងារជាគ្រូបង្រៀន អ៊ីចឹងគាត់គិតច្រើនតាំងពីនោះមករហូតមានវិបត្តិផ្លូវចិត្ត»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង ម្ចាស់ក្រុមហ៊ុនខេឌីស៊ី (KDC) លោកស្រី ជា ខេង បាននៅឡើយទេ នៅថ្ងៃទី៧ កុម្ភៈ។
មកទល់ពេលនេះមានពលរដ្ឋ ៤៩គ្រួសារប៉ុណ្ណោះ បន្តស្ពាយបង្វេច និងខ្ចីបុលគេតវ៉ាទាមទារដីធ្លី និងសំណងពីក្រុមហ៊ុន ឯពលរដ្ឋខ្លះទៀត បានធ្វើចំណាកស្រុក និងខ្លះបោះបង់លែងទាមទារដោយសារបារម្ភពីសុវត្ថិភាព និងរងការគំរាមកំហែងពីក្រុមហ៊ុន។
ចំណែកឯក្រុមហ៊ុនបានហាមឃាត់ មិនឱ្យពលរដ្ឋចេញចូលដី ដែលមានជម្លោះនោះ សូម្បីតែឃ្វាលគោក្របី។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា យល់ថា រដ្ឋាភិបាលបណ្តែតបណ្តោយឱ្យកើតមានអំពើអយុត្តិធម៌លើស្ត្រីចំណាស់រូបនេះ គឺជាការរំលោភសិទ្ធិមនុស្ស។
លោកពន្យល់ថា រដ្ឋធម្មនុញ្ញចែងថា រដ្ឋាភិបាលមានកាតព្វកិច្ចគោរសិទ្ធិមនុស្ស និងដោះស្រាយពាក្យបណ្តឹងជូនពលរដ្ឋឱ្យត្រឹមត្រូវ។
លោក សំ ច័ន្ទគា៖«ក្នុងការបណ្ដែតបណ្ដោយមិនដោះស្រាយតាមរយៈជម្លោះដល់វែងនេះ បានន័យថា រដ្ឋាភិបាលកំពុងរំលោភរដ្ឋធម្មនុញ្ញព្រមទាំងកាតិកសញ្ញាផងដែរ។ អ៊ីចឹងខ្ញុំសំណូមពរសូមឱ្យរដ្ឋាភិបាលមេត្តាពន្លឿនដោះស្រាយបញ្ហានេះ»។
បើទោះបីជា ដង្ហើមយុត្តិធម៌ហាក់នៅឆ្ងាយដាច់សង្វែងយ៉ាងណាក្តី ក៏លោកស្រី អ៊ុន ទុំ នៅតែទន្ទឹងរង់ចាំដំណោះស្រាយដោយមិនចុះចាញ់នោះឡើយ។ លោកស្រីចង់ឱ្យក្រុមហ៊ុនទទួលខុសត្រូវ ពីការឈូសបំផ្លាញផ្ទះសម្បែង បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងរំលោភយកដីស្រែកេរដូនតា ព្រមទាំងដកពាក្យបណ្តឹងដែលប្តឹងផ្តល់ពលរដ្ឋរងគ្រោះដីធ្លីនេះ។
លោកស្រីអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ក្រឡេកមើលពីភាពអយុត្តិធម៌នេះ និងពន្លឿនរកដំណោះស្រាយវិវាទដីធ្លីនេះ ជូនសហគមន៍ឡពាង ដើម្បីឱ្យពួកគាត់មានលទ្ធភាពសង់ជម្រក រស់នៅសមរម្យឡើងវិញ និងមានដីបង្កបង្កើនផលចិញ្ចឹមជីវិត ដើម្បីអនាគតកូនចៅជំនាន់ក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។