ជនជាតិវៀតណាមដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ៤០ហិកតារក្នុងខេត្តកំពង់ឆ្នាំងត្អូញត្អែរពីជីវភាពលំបាក ដោយសារគ្មានការងារធ្វើ និងអ្នកខ្លះទៀតបានវិលត្រឡប់ទៅរស់នៅលើផ្ទះបណ្តែតទឹកវិញ។
មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរខេត្តកំពង់ឆ្នាំង គ្មានឆន្ទៈច្បាស់លាស់ ជម្លៀសពលរដ្ឋវៀតណាមចេញពីលើទឹកលើផ្ទៃបឹងទន្លេសាប ដើម្បីដោះស្រាយបញ្ហាបរិស្ថាននោះទេ។
មកទល់ពេលនេះជាង ០៦ ឆ្នាំមកហើយ ដែលអាជ្ញាធរខេត្តកំពង់ឆ្នាំងអនុវត្ត ផែនការបន្លាស់ទីពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹកឱ្យឡើងទៅរស់នៅលើគោកវិញ។
តែទោះជាយ៉ាងណាមន្ត្រីសង្គមស៊ីវិលវាយតម្លៃថា អាជ្ញាធរបានបរាជ័យក្នុងការអនុវត្តផែនការនេះធ្វើឱ្យបរិស្ថានក្នុងតំបន់បឹងទន្លេសាបនៅតែមិនអាចដោះស្រាយបាន។
ជនជាតិវៀតណាមដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច លោកស្រី មៀង កាម ត្អូញត្អែរពីការលំបាកវេទនា ដែលគ្រួសារលោកស្រីតស៊ូរស់នៅលើគោកជាង ៤ ឆ្នាំមកហើយ ព្រោះគ្មានការងារធ្វើ និងខ្វះប្រាក់បង់ថ្លៃជួលដី។
លោកស្រីបញ្ជាក់ថា ជារៀលរាល់ខែ លោកស្រីត្រូវបង់ថ្លៃជួលដីចំនួន ២០ម៉ឺនរៀល ក្នុងទំហំដី ២ឡូត៍ ក្បាល ១០ម៉ែត្រ បណ្តោយ ២០ម៉ែត្រ ទៅឱ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង។
លោកស្រី មៀង កាម៖«ផ្ទះសម្បែងនៅទឹកឯណោះគេរុះរើអស់រលីង នៅឯនោះអាចដាក់មងដាក់សំណាញ់បាន គ្មានអ្នកណាដែលមិនចង់រស់ស្រណុកសុខស្រួលទេតែនៅឯនេះអត់មានការងារទេ បើមានរោងចក្រអី១៥០ដុល្លារក៏ធ្វើដែរ»។
លោកស្រី មឿង កាម បន្ថែមថា បច្ចុប្បន្នពលរដ្ឋវៀតណាមកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច៤០ ហិកតារមិនដល់ ១០០គ្រួសារនោះទេ ព្រោះពួកគាត់មួយចំនួនធំបានវិលត្រឡប់ទៅរស់នៅលើផ្ទះបណ្តែតទឹកវិញ។
លោកស្រីថា កាលពីជាង៤ ឆ្នាំមុន ពលរដ្ឋវៀតណាមជាង៣០០គ្រួសារមករស់នៅទីនេះ ក៏ប៉ុន្តែដោយសារគ្មានលុយបង់ថ្លៃជួលដី និងពិបាករកការងារធ្វើ ទើបនាំឱ្យពួកគាត់ខ្លះបានវិលទៅរស់នៅលើផ្ទះបណ្តែតទឹកវិញ។
កាលពីឆ្នាំ២០១៨ រដ្ឋាភិបាលបានធ្វើអនុបយោគកាត់ដីព្រៃលិចទឹក ទំហំ៤០ហិកតារ ជាប់បឹងទន្លេសាប ក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដើម្បីរៀបចំដីសម្បទានសង្គមកិច្ចជូនពលរដ្ឋឱ្យបន្លាស់ទីពីផ្ទះទឹកជាង២ពាន់គ្រួសារ ក្នុងនោះភាគច្រើនជាជនជាតិវៀតណាម។

ដីក្នុងតំបន់នោះ ជាដីបឹងធម្មជាតិ អមដោយព្រៃលិចទឹក ដែលអាជ្ញាធរចាក់ដីលុបបង្កើតជាដីសម្បទានសង្គមកិច្ចទំហំ៤០ ហិកតារ។
រីឯតំបន់បឹងទន្លេសាប ក្នុងក្រុងកំពង់ឆ្នាំងនៅតែមានផ្ទះបណ្តែតទឹករបស់ជនជាតិវៀតណាមរស់នៅរាប់រយគ្រួសារ ភាគច្រើនមានផែចិញ្ចឹមត្រីខាងក្រោមផ្ទះ។ ផ្ទះបណ្តែតទឹកភាគច្រើនគ្មានបង្គន់អនាម័យនិងកន្លែងទុកដាក់សំរាមត្រឹមត្រូវនោះទេ ដោយសំរាម និងថង់ប្លាស្ទិក(Plastic)ត្រូវបោះចូលទន្លេ។
ទោះជាយ៉ាងណា ពលរដ្ឋវៀតណាមម្នាក់ទៀត លោក ច្រាំង យ៉ាងហុង ប្រាប់វិទ្យុអាស៊ីសេរីថា គម្រោងនេះអាជ្ញាធរខេត្តកំពង់ឆ្នាំង មិនបានផ្តល់ដីសម្បទានសង្គមកិច្ច ឱ្យពួកគាត់រស់នៅយូរអង្វែងនោះទេ គឺពួកគាត់ត្រូវបង់ថ្លៃជួលដី ទៅតាមទំហំដែលជួល ដោយក្នុងមួយឡូត៍ ១០ ម៉ឺនរៀល ហើយប្រាក់ដែលត្រូវបង់នោះ គ្មានរយៈពេលកំណត់នោះឡើយ។ លោកថា ប្លង់កម្មសិទ្ធិដីធ្លី ក៏អាជ្ញាធរមិនបានផ្តល់ឱ្យពួកគាត់ដែរ។
លោក ច្រាំង យ៉ាងហុង៖ «បើយើងមានទឹកយើងមានមងមួយដៃពីរដៃ ទៅយើងអាចទិញបន្លែបន្លុក តែនេះអត់មានអីទេ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការអធិប្បាយជុំវិញរឿងនេះ ពីអភិបាលខេត្តកំពង់ឆ្នាំងលោក ស៊ុន សុវណ្ណារិន បាននៅឡើយទេនៅថ្ងៃទី៥ កុម្ភៈ ដោយទូរសព្ទហៅចូលច្រើនដងតែគ្មានអ្នកលើក។ រីឯប្រធានសមាគមវៀតណាម លោក ស៊ឹម ជី ក៏វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
តែយ៉ាងណាអភិបាលខេត្តកំពង់ឆ្នាំងលោក ស៊ុន សុវណ្ណារិន ធ្លាប់ប្រាប់អាស៊ីសេរីថា នៅខេត្តកំពង់ឆ្នាំង មានជនជាតិវៀតណាមរស់នៅជាង ១ម៉ឺននាក់ (១០.០៨៧) ហើយកន្លែងដែលជនជាតិវៀតណាមរស់នៅច្រើនជាងគេ គឺនៅផ្សារក្រោម សង្កាត់កំពង់ឆ្នាំង សង្កាត់ផ្សារឆ្នាំង សង្កាត់ខ្សាម តំបន់ឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ហើយក្រៅពីនោះនៅស្រុកកំពង់ត្រឡាច និងតំបន់ផ្សេងៗទៀត។
លោកថា គម្រោងនេះមិនមែនជាការផ្តល់ដី ឬកាត់ដីទៅឱ្យជនជាតិវៀតណាមទេ ហើយការអនុវត្តត្រូវឈរលើគោលការណ៍គោរពសិទ្ធិមនុស្ស។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ឆ្នាំង លោក ស៊ុំចន្ទគា សង្កេតឃើញថា ពលរដ្ឋវៀតណាមបានវិលត្រឡប់ទៅរស់នៅលើទឹកវិញ ដោយសារខ្វះការយកចិត្តទុកដាក់ ពីអាជ្ញាធរ និង ខ្វះលទ្ធភាពបង់ថ្លៃជួលដី៖
លោក ស៊ុំ ចន្ទគា៖«អាជ្ញាធរមានគម្រោងយកគាត់ចេញដើម្បីបរិស្ថាន ប៉ុន្តែមិនបានគិតគូរជីវភាពរបស់គាត់ទើបធ្វើឱ្យគាត់លំបាក»។
កន្លងទៅអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីអនុញ្ញាតឱ្យអ្នកបន្លាស់ទីចូលទៅសង់ទីលំនៅរស់នៅ។
អាជ្ញាធរថា អ្នកដែលត្រូវបានរៀបចំឱ្យបន្លាស់ទីមានចំនួនជាង ៤ពាន់គ្រួសារ (៤.៥៦៣)ក្នុងនោះជនអន្តោប្រវេសន៍វៀតណាមមានជាង ២ពាន់គ្រួសារ (២.៣៧៩គ្រួសារ) ស្មើនឹងជាង ១ម៉ឺននាក់ (១០.០៨៧)។ ក្រៅពីនោះ គឺជាប្រជាពលរដ្ឋខ្មែរ និងខ្មែរ-ឥស្លាម។
ទោះជាយ៉ាងណា មន្ត្រីសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង គួរតែបន្តអនុវត្តគម្រោងនេះឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាបរិស្ថានក្នុងបឹងទន្លេសាប ដោយឈរលើគោលការណ៍សិទ្ធិមនុស្ស និងមិនរើសអើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។