ជនជាតិ​វៀតណាម​រស់នៅ​លើ​ដី​៤០​ហិកតារ ក្នុង​ខេត្ត​កំពង់ឆ្នាំង​ត្អូញ​ជីវភាព​លំបាក និង​ខ្លះ​វិល​ទៅ​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​វិញ

0:00 / 0:00

ជនជាតិ​វៀតណាម​ដែល​កំពុង​រស់​នៅ​លើ​ដី​សម្បទាន​សង្គម​កិច្ច ៤០​ហិកតារ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ត្អូញត្អែរ​ពី​ជីវភាព​លំបាក ដោយសារ​គ្មាន​ការងារ​ធ្វើ និង​អ្នក​ខ្លះ​ទៀត​បាន​វិល​ត្រឡប់​ទៅ​រស់​នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​វិញ។

មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង គ្មាន​ឆន្ទៈ​ច្បាស់​លាស់ ជម្លៀស​​​ពលរដ្ឋ​វៀតណាម​ចេញពី​លើ​ទឹក​លើ​ផ្ទៃ​បឹង​ទន្លេសាប ដើម្បី​ដោះស្រាយ​បញ្ហា​បរិស្ថាន​នោះ​ទេ។

មក​ទល់​ពេល​នេះ​ជាង ០៦ ឆ្នាំ​មក​ហើយ ដែល​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​អនុវត្ត ​ផែនការ​បន្លាស់​ទី​ពលរដ្ឋ​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ឱ្យ​ឡើង​ទៅ​រស់​នៅ​លើគោក​វិញ។

តែ​ទោះ​ជា​យ៉ាង​ណា​មន្ត្រី​សង្គម​ស៊ីវិល​វាយ​តម្លៃ​ថា អាជ្ញាធរ​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​ផែនការ​នេះ​ធ្វើ​ឱ្យ​បរិស្ថាន​ក្នុង​តំបន់​បឹង​ទន្លេសាប​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន។

ជនជាតិ​វៀតណាម​ដែល​កំពុង​រស់​នៅ​លើ​ដី​សម្បទាន​សង្គមកិច្ច លោកស្រី មៀង កាម ត្អូញត្អែរ​ពី​ការ​លំបាក​វេទនា ដែល​គ្រួសារ​លោកស្រី​តស៊ូ​រស់​នៅ​លើ​គោក​ជាង ៤ ឆ្នាំ​មក​ហើយ​ ព្រោះ​គ្មាន​ការងារ​ធ្វើ និង​ខ្វះ​ប្រាក់​បង់​ថ្លៃ​ជួល​ដី។

លោកស្រី​បញ្ជាក់​ថា ជា​រៀល​រាល់​ខែ លោកស្រី​ត្រូវ​បង់ថ្លៃ​ជួល​ដី​ចំនួន ២០​ម៉ឺន​រៀល ក្នុង​ទំហំដី ២ឡូត៍ ក្បាល ១០​ម៉ែត្រ បណ្តោយ ២០​ម៉ែត្រ ទៅ​ឱ្យ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង។

លោកស្រី មៀង កាម៖«ផ្ទះ​សម្បែង​នៅ​ទឹក​ឯណោះ​គេ​រុះរើ​អស់​រលីង​ នៅ​ឯ​នោះ​អាច​ដាក់​មង​ដាក់​សំណាញ់​បាន​ គ្មាន​អ្នក​ណា​ដែល​មិន​ចង់​រស់​ស្រណុក​សុខ​ស្រួល​ទេ​តែ​នៅ​ឯ​នេះ​អត់​មាន​ការងារ​ទេ បើ​មាន​រោង​ចក្រ​អី១៥០ដុល្លារ​ក៏​ធ្វើ​ដែរ»។

លោកស្រី មឿង កាម បន្ថែម​ថា បច្ចុប្បន្ន​ពលរដ្ឋ​វៀតណាម​កំពុង​រស់​នៅ​លើ​ដី​សម្បទាន​សង្គមកិច្ច​៤០ ហិកតារ​មិន​ដល់ ១០០គ្រួសារ​នោះ​ទេ​ ព្រោះ​ពួកគាត់​មួយចំនួន​ធំ​បាន​វិល​ត្រឡប់​ទៅ​រស់​នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​វិញ។

លោកស្រី​ថា កាល​ពីជាង៤ ឆ្នាំ​មុន ពលរដ្ឋ​វៀតណាម​ជាង​៣០០​គ្រួសារ​មក​រស់​នៅ​ទី​នេះ ក៏ប៉ុន្តែ​ដោយសារ​គ្មាន​លុយ​បង់​ថ្លៃ​ជួល​ដី និង​ពិបាក​រក​ការងារធ្វើ ទើបនាំឱ្យ​ពួកគាត់​ខ្លះ​បាន​វិល​ទៅ​រស់​នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​វិញ។

កាលពី​ឆ្នាំ២០១៨ រដ្ឋាភិបាល​បាន​ធ្វើ​អនុបយោគ​កាត់​ដីព្រៃលិចទឹក​ ​ទំហំ​៤០ហិកតារ​ ជាប់​បឹង​ទន្លេសាប ​ក្នុង​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ដើម្បី​រៀបចំ​ដីសម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ឱ្យ​បន្លាស់ទី​ពី​ផ្ទះទឹក​ជាង​២ពាន់គ្រួសារ​ ​ក្នុង​នោះ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម។

vn.jpg
ទិដ្ឋភាពផ្ទះបណ្តែតទឹករបស់ជនជាតិវៀតណាម មានផែចិញ្ចឹមត្រីខាងក្រោម លើផ្ទៃបឹងទន្លេសាប ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៩ មករា ២០២៥។ រូប៖ ពលរដ្ឋផ្តល់ឱ្យ

ដី​ក្នុង​តំបន់​នោះ ជា​ដី​បឹង​ធម្មជាតិ អម​ដោយ​ព្រៃ​លិច​ទឹក ដែល​អាជ្ញាធរ​ចាក់​ដី​លុប​បង្កើត​ជា​ដីសម្បទាន​សង្គមកិច្ច​ទំហំ៤០ ហិកតារ។

រីឯ​តំបន់​បឹង​ទន្លេសាប​ ក្នុង​ក្រុង​កំពង់ឆ្នាំង​នៅ​តែ​មាន​ផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិ​វៀតណាម​រស់​នៅ​រាប់​រយ​គ្រួសារ​ ភាគច្រើន​មាន​ផែ​ចិញ្ចឹម​ត្រី​ខាង​ក្រោម​ផ្ទះ។ ផ្ទះ​បណ្តែត​ទឹក​ភាគច្រើន​គ្មាន​បង្គន់​អនាម័យ​និង​កន្លែង​ទុក​ដាក់​សំរាម​ត្រឹម​ត្រូវ​នោះ​ទេ ដោយ​សំរាម​ និង​ថង់​ប្លាស្ទិក(Plastic)​ត្រូវ​បោះ​ចូលទន្លេ។

ទោះជា​យ៉ាង​ណា ពលរដ្ឋ​វៀតណាម​ម្នាក់​ទៀត លោក ច្រាំង យ៉ាងហុង ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​គម្រោង​នេះ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង មិន​បាន​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ឱ្យ​ពួកគាត់​រស់​នៅយូរអង្វែង​នោះ​ទេ ​គឺ​ពួកគាត់​ត្រូវ​បង់ថ្លៃជួលដី ទៅតាមទំហំដែលជួល ដោយក្នុងមួយឡូត៍ ១០ ម៉ឺន​រៀល ហើយ​ប្រាក់​ដែលត្រូវ​បង់​នោះ​ គ្មាន​រយៈពេល​កំណត់​នោះឡើយ។ លោកថា ​ប្លង់​កម្ម​សិទ្ធិ​ដីធ្លី ក៏​អាជ្ញាធរ​មិន​បាន​ផ្តល់​ឱ្យ​ពួកគាត់​ដែរ។

លោក ច្រាំង យ៉ាងហុង៖ «បើ​យើង​មាន​ទឹក​យើង​មាន​មង​មួយ​ដៃ​ពីរ​ដៃ ទៅ​យើង​អាច​ទិញ​បន្លែ​បន្លុក តែ​នេះ​អត់​មាន​អី​ទេ»។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​អធិប្បាយ​ជុំ​វិញ​រឿង​នេះ ពី​អភិបាល​ខេត្ត​កំពង់​ឆ្នាំង​លោក ស៊ុន សុវណ្ណារិន បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី៥ កុម្ភៈ ដោយ​ទូរសព្ទ​ហៅ​ចូល​ច្រើន​ដង​តែ​គ្មាន​អ្នក​លើក។ រីឯ​ប្រធាន​សមាគម​វៀតណាម លោក ស៊ឹម ជី ក៏​វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

តែ​យ៉ាង​ណា​អភិបាល​ខេត្ត​កំពង់​ឆ្នាំង​លោក ស៊ុន សុវណ្ណារិន ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា នៅ​ខេត្ត​កំពង់ឆ្នាំង មាន​ជនជាតិ​វៀតណាម​រស់នៅ​ជាង ១ម៉ឺននាក់ (១០.០៨៧) ហើយ​កន្លែង​ដែល​ជនជាតិ​វៀតណាម​រស់នៅ​ច្រើន​ជាង​គេ គឺ​នៅ​ផ្សារក្រោម សង្កាត់​កំពង់ឆ្នាំង សង្កាត់​ផ្សារឆ្នាំង សង្កាត់​ខ្សាម តំបន់​ឆ្នុកទ្រូ ស្ថិត​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ហើយ​ក្រៅពីនោះ​នៅ​ស្រុក​កំពង់​ត្រឡាច និង​តំបន់​ផ្សេងៗទៀត។

លោក​ថា គម្រោង​នេះ​មិនមែន​ជា​ការ​ផ្តល់​ដី ឬ​កាត់​ដី​ទៅ​ឱ្យ​ជនជាតិ​វៀតណាម​ទេ ហើយ​ការ​អនុវត្ត​ត្រូវ​ឈរ​លើ​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ស៊ុំចន្ទគា សង្កេត​ឃើញ​ថា ពលរដ្ឋ​វៀតណាម​បាន​វិល​ត្រឡប់​ទៅ​រស់​នៅ​លើ​ទឹក​វិញ ​ដោយសារ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់ ពី​អាជ្ញាធរ និង​ ខ្វះ​លទ្ធភាព​បង់​ថ្លៃ​ជួល​ដី៖

លោក ស៊ុំ ចន្ទគា៖«អាជ្ញាធរ​មាន​គម្រោង​យក​គាត់​ចេញ​ដើម្បី​បរិស្ថាន​ ប៉ុន្តែ​មិន​បាន​គិតគូរ​ជីវភាព​របស់​គាត់​ទើប​ធ្វើ​ឱ្យ​គាត់​លំបាក»។

កន្លងទៅ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​បន្លាស់​ទី​ចូល​ទៅ​សង់​ទីលំនៅ​រស់នៅ។

អាជ្ញាធរ​ថា អ្នក​ដែល​ត្រូវ​បាន​រៀបចំ​ឱ្យ​​បន្លាស់​ទី​មាន​ចំនួន​ជាង ៤​ពាន់​គ្រួសារ (៤.៥៦៣​)ក្នុង​នោះ​ជនអន្តោប្រវេសន៍​វៀតណាម​មាន​ជាង ២​ពាន់​គ្រួសារ (២.៣៧៩​គ្រួសារ) ស្មើនឹងជាង ១ម៉ឺន​នាក់ (១០.០៨៧)។ ក្រៅពីនោះ គឺជា​ប្រជាពលរដ្ឋ​ខ្មែរ និង​ខ្មែរ​-​ឥស្លាម។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង គួរតែ​បន្ត​អនុវត្ត​គម្រោង​នេះ​ឱ្យ​គ្រប់ជ្រុងជ្រោយ ​ដើម្បី​ដោះស្រាយ​បញ្ហា​បរិស្ថាន​ក្នុង​បឹង​ទន្លេសាប ដោយ​ឈរ​លើ​គោលការណ៍​សិទ្ធិ​មនុស្ស​ និង​មិន​រើសអើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។