ព្រះមហាក្សត្រ នរោត្តម សីហមុនី នៅក្នុងខួប១០ឆ្នាំនៃការគ្រងរាជ្យ កាលពីថ្ងៃទី២៩ តុលា បានកោតសរសើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការអភិវឌ្ឍ និងសន្តិភាពសម្រាប់ប្រទេសជាតិ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគសង្គមអះអាងថា ការដឹកនាំរបស់ លោក ហ៊ុន សែន មានគុណសម្បត្តិ និងគុណវិបត្តិ។
ព្រះមហាក្សត្រ មានព្រះរាជបន្ទូលនៅមុខមន្ត្រីរាជរដ្ឋាភិបាល ព្រះសង្ឃ និងពលរដ្ឋប្រមាណមួយម៉ឺននាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមនុស្សវ័យឆ្លាត ហើយបង្កើតឲ្យមានគោលនយោបាយសមស្របមួយចំនួន ដែលនាំឲ្យប្រទេសកម្ពុជា ទទួលបានសន្តិភាព និងស្ថិរភាពនយោបាយ។ ព្រះមហាក្សត្រ បញ្ជាក់ទៀតថា ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា នឹងមានអនាគតល្អទៅថ្ងៃក្រោយជាមិនខាន។
ដោយឡែកព្រះរាជសារព្រះមហាក្សត្រ ចុះកាលពីថ្ងៃទី២៧ តុលា ផ្ញើទៅឲ្យ អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បញ្ជក់ថា ព្រះអង្គសូមកោតសរសើរចំពោះ អ្នកស្រី ប៊ុន រ៉ានី ដែលមានសន្តានចិត្តដ៏ល្អប្រពៃប្រកបដោយការសន្តោស បានបរិច្ចាគទាំងកម្លាំងកាយចិត្ត និងសម្ភារៈ ដឹកនាំមនុស្សធម៌ចូលរួមជួយរំលែកសេចក្តីទុក្ខលំបាករបស់ប្រជារាស្ត្រ ជាពិសេសស្ត្រី និងកុមារ។
លោក ហ៊ុន សែន មានកំណើតពីខេត្តកំពង់ចាម។ ដំណើរជីវិតរបស់គាត់ វិវឌ្ឍតាំងពីជាក្មេងវត្ត ជាទាហានខ្មែរក្រហម ជាអ្នកការទូត និងចុងក្រោយបំផុត ជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ លោកក៏ត្រូវបានគេហៅថា ជាបុរសខ្លាំងនៅកម្ពុជា។ លោកបានដឹកនាំប្រទេសកម្ពុជា ជិតរយៈពេលបីទសវត្សរ៍ហើយ។
កាលពីការបោះឆ្នោតចុងក្រោយ ខែកក្កដា ឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា របស់លោក បានធ្លាក់ប្រជាប្រិយភាព និងសំឡេងឆ្នោត។ លទ្ធផលឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៣អាសនៈ ធ្លាក់ចុះពី ៩០អាសនៈ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត កែម ឡី បញ្ជាក់ថា ក្នុងរយៈពេលបីទសវត្សរ៍ក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន មានផលវិជ្ជមាន និងផលអវិជ្ជមាន៖ «ការគ្រប់គ្រងប្រទេស និងសេដ្ឋកិច្ច វាស្មើសូន្យ ហេតុអ្វីយើងបានមួយវាបាត់មួយ យើងបានហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែយើងបាត់ធនធានធម្មជាតិ យើងបាននូវស្ថិរភាពសន្តិសុខ យើងបំផ្លាញសីលធម៌ យើងមានហានិភ័យជាតិធំៗទាក់ទងនឹងដែនដី»។
លោកបណ្ឌិត កែម ឡី អះអាងទៀតថា ការកោតសរសើររបស់ព្រះមហាក្សត្រចំពោះ លោក ហ៊ុន សែន ប្រហែលជាសារនយោបាយតែប៉ុណ្ណោះ៖ «ជារួម គ្រាន់ជាការប្រើប្រាស់កេងចំណេញនយោបាយ ដើម្បីធានាផលប្រយោជន៍នយោបាយ ព្រះមហាក្សត្រ គង់នៅក្នុងវាំងឥឡូវនេះ វាអត់ខុសពីអតីតព្រះមហាក្សត្រគង់ក្នុងវាំងកាលពីឆ្នាំ ប៉ុល ពត ឆ្នាំ១៩៧៥-១៩៧៨ ដោយសារសិទ្ធិអំណាចគ្រប់គ្រងដោយមនុស្សមួយក្រុមតូច»។
ព្រះមហាក្សត្រ មានព្រះជន្ម ៦២ព្រះវស្សា។ ព្រះអង្គឡើងគ្រងរាជ្យសម្បត្តិ បន្ទាប់ពីព្រះបិតារបស់ព្រះអង្គ សម្ដេចព្រះនរោត្តម សីហនុ ដាក់រាជ្យជាលើកទី២ និងជាលើកចុងក្រោយ កាលពីឆ្នាំ២០០៤។ ព្រះអង្គគ្រងរាជ្យសម្បត្តិ តែមិនកាន់អំណាចទេ។ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ជារាជបុត្រច្បងរបស់សម្ដេចព្រះបាទ នរោត្ដម សីហនុ និងព្រះរាជមាតាព្រះនាម នរោត្ដម មុនីនាថ សីហនុ។ កាលពីឆ្នាំ២០០៤ ក្នុងឱកាសឡើងគ្រងរាជ្យ ព្រះមហាក្សត្រមានព្រះរាជបន្ទូលសន្យាថា នឹងធ្វើជាព្រះមហាក្សត្រល្អសម្រាប់រាស្ត្រ ដោយបំបាត់អំពើពុករលួយ និងជៀសវាងមន្ត្រីដែលអែបអបព្រះអង្គ៖ «ព្រះរាជបិតានៃខ្ញុំ មានព្រះរាជឱង្ការដូចតទៅនេះ កូន! ការដែលត្រូវចងចាំដរាប គឺការស្នេហាជាតិដ៏បរិសុទ្ធ។ យើងត្រូវជៀសវាងឲ្យផុតស្រឡះអំពីអំពើពុករលួយគ្រប់បែបយ៉ាង។ យើងអនុវត្តអ្វីៗ គឺសំដៅបម្រើការពារឧត្តមប្រយោជន៍ ដែលជាអាយុជីវិតជាតិមាតុភូមិ និងប្រជាជនខ្មែរ»។
កាលពីប្រទេសកម្ពុជា នៅមិនទាន់អាចដោះស្រាយវិបត្តិនយោបាយបានក្រោយពេលបោះឆ្នោតឆ្នាំ២០១៣ នោះ ព្រះមហាក្សត្រ រងការរិះគន់ជាច្រើន ដោយសារតែព្រះអង្គបានយាងចូលទៅធ្វើជាព្រះរាជាធិបតីនៅក្នុងកិច្ចប្រជុំដំបូង នៅពេលដែលគណបក្សសង្គ្រោះជាតិ ធ្វើពហិការកិច្ចប្រជុំរដ្ឋសភា។ ប៉ុន្តែក្រោយមកទៀត ព្រះមហាក្សត្រ ត្រូវបានគណបក្សជាប់ឆ្នោតទាំងពីរ អញ្ជើញធ្វើជាសាក្សីលើកិច្ចព្រមព្រៀងនយោបាយ ដើម្បីបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា។
អតីតជាមន្ត្រីការទូតជាន់ខ្ពស់ និងជាអ្នករាំរបាំបាឡេ ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ទ្រង់សោយរាជ្យជាប្រមុខរដ្ឋដោយស្ងប់ស្ងាត់ ក្រោយព្រះបិតាព្រះអង្គបានដាក់រាជ្យកាលពីឆ្នាំ២០០៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។