ព្រះមហាក្សត្រ​យាង​មក​កម្ពុជា​វិញ​ក្រោយ​របប​ភ្នំពេញ​ធ្វើ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ចប់​សព្វ​គ្រប់

ព្រះមហាក្សត្រ ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេច​ម៉ែ បាន​យាង​និវត្តន៍​មក​ដល់​កម្ពុជា​វិញ​ហើយ នៅ​រសៀល​ថ្ងៃទី១១ មេសា​នេះ ក្រោយ​គង់​នៅ​ប្រទេស​ចិន​អស់​​រយៈពេល​ជាង១ ខែ។

ក្រុម​មេដឹកនាំ​កំពូលៗនៃ​របបក្រុង​ភ្នំពេញ រួ​មមាន​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង រដ្ឋ​មន្ត្រីការពារ​ជាតិ លោក ទៀ បាញ់ រដ្ឋ​មន្ត្រី​យុត្តិធម៌ លោក កើត រិទ្ធ និង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត បាន​ទៅ​ទទួល​ព្រះរាជដំណើរ​របស់ព្រះអង្គនៅ​វាល​យន្តហោះអន្តរជាតិ​​ភ្នំពេញ។

ការ​ទៅទទួល​ព្រះរាជដំណើរ​របស់​ព្រះមហាក្សត្រលើក​នេះ ក្រុមថ្នាក់​ដឹកនាំ​របប​ក្រុង​ភ្នំពេញ ពាក់ម៉ាស់គ្រប់ៗគ្នា សូម្បី​តែ​លោក ហ៊ុន សែន ក៏​ពាក់​ដែរ។ កាល​ពីពេល​​ជូន​ដំណើរ​ព្រះអង្គ​ទៅ​ប្រទេស​ចិន នៅ​ដើម​ខែមេសា លោក ហ៊ុន សែន មិន​បាន​ពាក់ម៉ាស់ការពារ​សុវត្ថិភាព​នោះទេ ខុស​ពី​មន្ត្រី​ដទៃទៀត​ដែល​ពាក់ម៉ាស់គ្រប់ៗគ្នា រួម​ទាំង​អង្គព្រះមហាក្សត្រ និង​សម្តេចម៉ែ ផង​ដែរ។

ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ បាន​យាង​ទៅ​​ប្រទេសចិន នៅ​ពេល​របបក្រុ​ង​ភ្នំពេញ​ចាប់ផ្តើម​ធ្វើ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុងភាពអាសន្ន។ អវត្ត​មានរបស់​ព្រះអង្គជាងមួយ​ខែមក​​នេះ សម​ល្មម​នឹង​ឱ្យ​របបក្រុង​ភ្នំពេញ​បញ្ចប់​ការ​រៀប​ចំ​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ។ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ ក្នុង​តួនាទី​ជា​ប្រមុខ​រដ្ឋ​ស្តីទី បាន​ចុះ​ហត្ថលេខា​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​នេះ កាល​ពី​ថ្ងៃ​ទី​២៩ មេសា ក៏​ប៉ុន្តែដោយសារ​ច្បាប់នេះ​ធ្វើ​ឡើង​ដើម្បី​អនុវត្ត​មាត្រា២២ថ្មី​នៃ​រដ្ឋ​ធម្មនុញ្ញ ច្បាប់នេះអាច​យក​មក​អនុវត្ត​បាន​​ តែ​ក្នុង​គ្រាណា​ដែល​ព្រះមហាក្សត្រ​​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ប៉ុណ្ណោះ។

ទោះជាបែបនេះក្តី ក្រុម​សង្គម​ស៊ីវិលជាតិ និង​អន្តរជាតិ រួម​ទាំង​អង្គការ​សហប្រជាជាតិ​ផង បាន​វាយ​តម្លៃថា ច្បាប់​នេះ​រំលោភ​សិទ្ធិ​ឯកជន ដូចជា​សន្ទនា​តាម​ទូរស័ព្ទ សេរីភាព​បញ្ចេញមតិ ការ​ជួបប្រជុំ​ដោយ​សន្តិវិធី​របស់​ពលរដ្ឋ ជាដើម។ ក្រុម​​អ្នក​សង្កេត​ការណ៍​យល់​ឃើញទៀតថា ច្បាប់នេះ​ផ្តល់​អំណាច​ច្រើន​លើសលប់​​ដល់​រដ្ឋាភិបាល ជាពិសេស​លោកនាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន ឱ្យ​បង្រ្កាប​ក្រុម​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​​ប្រជាពលរដ្ឋ​ ដែល​ហ៊ាន​រិះគន់​របប​របស់​លោក​។ ជាពិសេស ច្បាប់​នេះ​អាច​នឹង​ជាមូលដ្ឋាន​ដ៏​រឹង​មាំ​សម្រាប់​​លោក ហ៊ុន សែន ប្រើប្រាស់​ ដើម្បី​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូន​របស់​លោកនៅ​ថ្ងៃខាងមុខទៀតផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។