ព្រះមហាក្សត្រ ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ បានយាងនិវត្តន៍មកដល់កម្ពុជាវិញហើយ នៅរសៀលថ្ងៃទី១១ មេសានេះ ក្រោយគង់នៅប្រទេសចិនអស់រយៈពេលជាង១ ខែ។
ក្រុមមេដឹកនាំកំពូលៗនៃរបបក្រុងភ្នំពេញ រួមមានប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ប្រធានរដ្ឋសភា លោក ហេង សំរិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ រដ្ឋមន្ត្រីយុត្តិធម៌ លោក កើត រិទ្ធ និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត បានទៅទទួលព្រះរាជដំណើររបស់ព្រះអង្គនៅវាលយន្តហោះអន្តរជាតិភ្នំពេញ។
ការទៅទទួលព្រះរាជដំណើររបស់ព្រះមហាក្សត្រលើកនេះ ក្រុមថ្នាក់ដឹកនាំរបបក្រុងភ្នំពេញ ពាក់ម៉ាស់គ្រប់ៗគ្នា សូម្បីតែលោក ហ៊ុន សែន ក៏ពាក់ដែរ។ កាលពីពេលជូនដំណើរព្រះអង្គទៅប្រទេសចិន នៅដើមខែមេសា លោក ហ៊ុន សែន មិនបានពាក់ម៉ាស់ការពារសុវត្ថិភាពនោះទេ ខុសពីមន្ត្រីដទៃទៀតដែលពាក់ម៉ាស់គ្រប់ៗគ្នា រួមទាំងអង្គព្រះមហាក្សត្រ និងសម្តេចម៉ែ ផងដែរ។
ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងទៅប្រទេសចិន នៅពេលរបបក្រុងភ្នំពេញចាប់ផ្តើមធ្វើច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន។ អវត្តមានរបស់ព្រះអង្គជាងមួយខែមកនេះ សមល្មមនឹងឱ្យរបបក្រុងភ្នំពេញបញ្ចប់ការរៀបចំច្បាប់ដ៏ចម្រូងចម្រាស់នេះ។ អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក សាយ ឈុំ ក្នុងតួនាទីជាប្រមុខរដ្ឋស្តីទី បានចុះហត្ថលេខាប្រកាសឱ្យប្រើច្បាប់នេះ កាលពីថ្ងៃទី២៩ មេសា ក៏ប៉ុន្តែដោយសារច្បាប់នេះធ្វើឡើងដើម្បីអនុវត្តមាត្រា២២ថ្មីនៃរដ្ឋធម្មនុញ្ញ ច្បាប់នេះអាចយកមកអនុវត្តបាន តែក្នុងគ្រាណាដែលព្រះមហាក្សត្រប្រកាសដាក់ប្រទេសក្នុងភាពអាសន្នប៉ុណ្ណោះ។
ទោះជាបែបនេះក្តី ក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិផង បានវាយតម្លៃថា ច្បាប់នេះរំលោភសិទ្ធិឯកជន ដូចជាសន្ទនាតាមទូរស័ព្ទ សេរីភាពបញ្ចេញមតិ ការជួបប្រជុំដោយសន្តិវិធីរបស់ពលរដ្ឋ ជាដើម។ ក្រុមអ្នកសង្កេតការណ៍យល់ឃើញទៀតថា ច្បាប់នេះផ្តល់អំណាចច្រើនលើសលប់ដល់រដ្ឋាភិបាល ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យបង្រ្កាបក្រុមគណបក្សប្រឆាំង សង្គមស៊ីវិល និងប្រជាពលរដ្ឋ ដែលហ៊ានរិះគន់របបរបស់លោក។ ជាពិសេស ច្បាប់នេះអាចនឹងជាមូលដ្ឋានដ៏រឹងមាំសម្រាប់លោក ហ៊ុន សែន ប្រើប្រាស់ ដើម្បីផ្ទេរអំណាចទៅឱ្យកូនរបស់លោកនៅថ្ងៃខាងមុខទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។