សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​មណ្ឌលគិរី​ស្នើ​ដក​មេភូមិ​ដែល​​ឃុបឃិត​ជាមួយ​ឈ្មួញ​លក់​ដី​សហគមន៍

0:00 / 0:00

ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ៧០​គ្រួសារ បាន​នាំ​គ្នា​ផ្ដិត​មេដៃ​ដាក់​ញត្តិ​ស្នើ​ឲ្យ​អាជ្ញាធរ​ឃុំ​ដក​មេភូមិ ចេញ​ពី​ដំណែង បន្ទាប់​ពី​ពួកគេ​រក​ឃើញ​ថា មេភូមិ​ពូត្រែង លោក ប្លង់ សេង មាន​ជាប់​ពាក់ព័ន្ធ​ការ​លក់​ដី​ព្រៃ​សហគមន៍​ខុសច្បាប់។

តំណាង​សហគមន៍​ភូមិ​ពូត្រែង ឃុំ​ដាក់ដាំ នៅ​ថ្ងៃពុធ ទី៤ ធ្នូ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ឃុំ ជួយ​អន្តរាគមន៍​ករណី​មេភូមិ​ពូត្រែង លោក ប្លង់ សេង ឃុបឃិត​លក់​ដី​ព្រៃ​អភិរក្ស ដែល​សហគមន៍​គោរព​បូជា​ជាច្រើន​ឆ្នាំ​មក​ហើយ។

តំណាង​សហគមន៍​ភូមិ​ពូត្រែង លោក តើយ ធិ ប្រាប់​អាស៊ីសេរី​ថា អ្នកភូមិ ៧០​គ្រួសារ បាន​ផ្តិត​មេដៃ​ដាក់​ញត្តិ​ទៅរដ្ឋបាល​ឃុំដាក់ដាំ ដើម្បី​ឲ្យ​អាជ្ញាធរ​ឃុំ​ស៊ើប​អង្កេត មេភូមិ​ពូត្រែង លោក ប្លង់ សេង បាន​យក​តួនាទី ជា​អាជ្ញាធរ​ឃុបឃិត​ជាមួយ ឈ្មូញ​វាស់វែង​ដី​មួយ​ផ្នែក​ក្នុង​ព្រៃ​សហគមន៍​ពុះ​លក់​ជា​កម្មសិទ្ធិ​បុគ្គល។ លោក​ថា អ្នក​ភូមិ​បារម្ភ​ខ្លាច​ក្រែង​បាត់បង់​ព្រៃ​សហគមន៍​បន្ត​ទៀត ខណៈ​ដើមឈើ​ធំៗរាប់ម៉ឺន​ដើម​នៅ​តំបន់​នោះ ត្រូវ​បាន​គេ​លួច​កាប់​រំលំ​ដឹក​ទៅ​លក់​នៅ​ប្រទេស​​វៀតណាម​បាត់បង់​ស្ទើរ​ទាំងអស់​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ៖ «ពលរដ្ឋ​ផ្ដិត​មេដៃ​ប្ដឹង​ទៅ​ឃុំ ដើម្បី​ដក​មេភូមិ​ចេញ​ហ្មង ព្រោះ​មេភូមិ​មិន​ជួយ​ការពារ ដីធ្លី​ព្រៃឈើ បែរ​ជា​នាំ​ឈ្មួញ​ទៅ​វាស់វែង ឥឡូវ​ដី​សហគមន៍​គេ​វាស់​ប្លង់ៗ​ទៀត»។

បុរស​ដដែល​បន្ថែម​ថា ថ្មីៗនេះ តំណាង​សហគមន៍​បាន​នាំគ្នា សុំ​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​ការពារ​សិទ្ធិមនុស្ស នៃ​សមាគម​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី ឲ្យ​ចុះ​ស៊ើប​អង្កេត​ទីតាំង​នោះ​ផ្ទាល់ តាមរយៈ​ពាក្យ​ប្ដឹង​របស់​សហគមន៍ ដែល​មាន​ស្នាម​មេដៃ​អ្នកភូមិ ៧០​គ្រួសារ សុំ​ឲ្យ​មន្ត្រី​សិទ្ធិមនុស្ស​ស៊ើបអង្កេត​លើ​ពាក្យ​ប្ដឹង​របស់​អ្នក​ភូមិ​ដែល​ដាក់​ទៅ​អាជ្ញាធរ​ឃុំ ឲ្យ​ជួយ​ដោះស្រាយ​រក​យុត្តិធម៌។

សហគមន៍​ភូមិ​ពូត្រែង​ឲ្យ​ដឹង​ថា ព្រៃ​សហគមន៍​នេះ មាន​ផ្ទៃ​ដី​ជាង ២​ពាន់​ហិកតារ ដែល​សហគមន៍​បាន​ស្នើ​សុំ​ទៅ​ក្រសួង​កសិកម្ម​ចុះ​បញ្ជី​ជា​ព្រៃ​អភិរក្ស​សមូហភាព កាល​ពី​ឆ្នាំ​២០០៨ ហើយ​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

មេឃុំ​ដាក់ដាំ លោក ចាស់ ណា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ឃុំ​មិន​ទាន់​ទទួល​ពាក្យ​បណ្តឹង​របស់​សហគមន៍​នៅ​ឡើយ​ទេ។ លោក​ថា អាជ្ញាធរ​ឃុំ​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ជួញដូរ​ ដី​ព្រៃ​អភិរក្ស​ក្នុង​ព្រៃ​សហគមន៍​នោះ​ទេ ព្រោះ​ព្រៃ​នៅ​តំបន់​នោះ ជា​ព្រៃ​ការពារ​របស់​សហគមន៍​ភូមិ​ពូត្រែង ដែល​មន្ត្រី​ជំនាញ​បាន​ចុះ​វាស់វែង កំណត់​ជា​ព្រៃ​អភិរក្ស​រួច​ហើយ ហើយ​អ្នក​ភូមិ​បាន​ស្នើសុំ​ចុះ​បញ្ជី​ជា​ព្រៃ​អភិរក្ស​ទៅ​ក្រសួង​កសិកម្ម​ដែរ៖ «បើ​ខ្ញុំ​ដឹង​មិន​អនុញ្ញាត​ឲ្យ​លក់​ទេ ព្រោះ​ដី​សហគមន៍​ទុក​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់ ប្រមូល​អនុផល​ព្រៃឈើ ដូចជា​ដងជ័រ​ចុង​អី​ហ្នឹង។ ជាក់ស្តែង​មិន​ទាន់​ប្តឹង​ដល់​ខ្ញុំ​ទេ»។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី យល់​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ស៊ើបអង្កេត​ករណី​នេះ ក្រោយ​ពី​ទទួល​ពាក្យ​បណ្ដឹង​ពី​ក្រុម​ពលរដ្ឋ។ លោក​ថា បើ​អាជ្ញាធរ​រក​ឃើញ​ថា មេភូមិ​ប្រព្រឹត្ត​​ខុស​ដូច​ការ​ចោទ​ប្រកាន់​មែន អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ចាត់​វិធានការ​រដ្ឋបាល និង​បញ្ជូន​សំណុំ​រឿង​​ទៅ​តុលាការ បើ​រក​ឃើញ​ថា មេភូមិ​រូបនោះ​​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ៖ «អាជ្ញាធរ​ថ្នាក់​លើ​គួរ​ស៊ើបអង្កេត ឲ្យ​ដឹង​ថា ពលរដ្ឋ​មាន​បញ្ហា​អ្វី​ពិត​ប្រាកដ។ អាជ្ញាធរ​គួរ​ចាត់​វិធានការ​រដ្ឋបាល បើ​ការ​ចោទ​ប្រកាន់​ពលរដ្ឋ​ពិតមែន បើ​សិន​មេភូមិ​មាន​ជាប់​បទល្មើស​ព្រហ្មទណ្ឌ គួរ​បញ្ជូន​រឿង​ទៅ​តុលាការ»។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ យល់​ថា គ្មាន​ជន​ណាមួយ​មាន​សិទ្ធិ​កាន់​កាប់​ដី​សាធារណៈ​របស់​រដ្ឋ​បាន​នោះ​ទេ ហើយ​បើ​មាន​ការ​លក់ដូរ​​ព្រៃ​អភិរក្ស អាជ្ញាធរ​មាន​សិទ្ធិ​ដក​ហូត​ដី​នោះ​មក​វិញ។

ប្រជា​សហគមន៍​ភូមិ​ពូត្រែង បន្ថែម​ថា ព្រៃ​សហគមន៍​ភូមិ​ពូត្រែង ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ពលរដ្ឋ​រាប់រយ​គ្រួសារ និង​ជា​តំបន់​ព្រៃ​មាន​ដើមឈើ​ស្រស់ សម្រាប់​ប្រមូល​អនុផល​ព្រៃឈើ និង​យក​ប្រភព​ទឹកអូរ​ធម្មជាតិ ប្រើប្រាស់​ក្នុង​សហគមន៍ ជា​ពិសេស​គឺ​ជា​ព្រៃ​គោរព​បូជា បែប​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។