អ្នក​វិភាគ​នយោបាយ​ថា អ្នក​ចំណេញ​ពី​ការ​ស្លាប់​របស់ បណ្ឌិត កែម ឡី គឺ លោក ហ៊ុន សែន

0:00 / 0:00

អ្នក​វិភាគ​នយោបាយ​អះអាង​ថា លោក ហ៊ុន សែន គឺជា​អ្នក​កេង​ចំណេញ ពី​ការ​ស្លាប់​របស់ បណ្ឌិត កែម ឡី ពីព្រោះ បណ្ឌិត កែម ឡី តែងតែ​រិះគន់ និង​លាត​ត្រដាង​អាថ៌កំបាំង​មួយ​ចំនួន​ក្រោម​ការ​ដឹកនាំ​ដោយ លោក ហ៊ុន សែន ដូច្នេះ​អស់​ពី​លោក​បណ្ឌិត លោក ហ៊ុន សែន កាន់​តែ​ហ៊ាន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ដោយ​បើក​ចំហ។ ការ​លើក​ឡើង​បែប​នេះ​គឺ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទ​សួរ​ថា តើ​អ្នក​ណា​ទទួល​ផល​ចំណេញ​ពី​ការ​ស្លាប់​របស់ លោក កែម ឡី និង​ថែម​ទាំង​រំលឹក​ពី​គុណសម្បត្តិ​ថា លោក​ជា​អ្នក​ជួយ​ចេញ​ថវិកា បុណ្យ​ខួប១០០ថ្ងៃ លោក បណ្ឌិត កែម ឡី ទៀត​ផង។

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ការណ៍​ដែល លោក ហ៊ុន សែន អួតអាង​ពី​គុណ​សម្បត្តិ​ជួយ​ដល់​ក្រុម​គ្រួសារ បណ្ឌិត កែម ឡី គឺជា​រឿង​ដ៏​អាម៉ាស់ និង​បង្ហាញ​ពី​ការ​បរាជ័យ​នៃ​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​មិន​អាច​វែក​មុខ​ឃាតក​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ កត់​សំគាល់​ថា លោក ហ៊ុន សែន ចោទ​គណបក្ស​ប្រឆាំង ថា​កេង​ចំណេញ​នយោបាយ ដោយ​យក​ការ​ធ្វើ​បុណ្យ​ឱ្យ​បណ្ឌិត កែម ឡី ជា​ដើម​ទុន ប៉ុន្តែ លោក ហ៊ុន សែន ភ្លេច​ខ្លួន​ថា លោក​កំពុង​ទាញ​ប្រជាប្រិយភាព បណ្ឌិត កែម ឡី តាម​រយៈ​ការ​ជួយ​ថវិកា​កសាង​ចេតិយ។ លោក​បន្ត​ថា លោក ហ៊ុន សែន គួរតែ​ស្វែង​រក​ឃាតក​មក​ដាក់​ទោស​ប្រសើរ​ជាង​ទម្លាក់​កំហុស​លើ​អ្នក​ដទៃ​ដើម្បី​តាំង​ខ្លួន​ជា​សប្បុរស​ជន។

លោក គឹម សុខ៖ «តាំង​ពីលោក ឈុត វុទ្ធី ព្រះអង្គ សំ ប៊ុនធឿន លោក ជា វិជ្ជា លោក កែម ឡី ក្ដី​កាល​ណា លោក ហ៊ុន សែន មិន​ហ៊ាន​ស្រាវជ្រាវ ស៊ើបអង្កេត​រក​ឃាតក​ដែល​ត្រូវ​ទទួល​ខុសត្រូវ​ឱ្យ​ពិត​ប្រាកដ​ទេ ចង់​ឬ​មិន​ចង់​ប្រជាពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​គេ​ចោទប្រកាន់ លោក ហ៊ុន សែន ថា​ជា​អ្នក​ពាក់ព័ន្ធ​ហើយ ពីព្រោះ​គាត់​ត្រូវ​ទទួល​ខុសត្រូវ​រក​យុត្តិធម៌​ទាំង​ខ្ញុំ​ទាំង​គេ​សង្ស័យ​លើ លោក ហ៊ុន សែន ទាំង​គ្នា​ហ្នឹង​ពីព្រោះ លោក ហ៊ុន សែន គេច​ពី​ការ​ទទួល​ខុសត្រូវ​មិន​អ៊ីចឹង»។

ប្រតិកម្ម​របស់​អ្នក​វិភាគ​រូប​នេះ​គឺ​បន្ទាប់​ពី លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករជាង១ម៉ឺន ៦ពាន់នាក់ នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល នៅថ្ងៃទី១០ មិថុនា ដោយ​ចោទ​សួរ​ថា តើ​អ្នក​ណា​ទទួល​ផល​ចំណេញ​ពី​ការ​ស្លាប់​របស់ លោក កែម ឡី និង​ឆ្លៀត​ចោទ​ប្រកាន់​គណបក្ស​ប្រឆាំង ​ថា បាន​កេង​ចំណេញ​ថវិកា​ពី​ការ​ធ្វើ​បុណ្យ​បណ្ឌិត កែម ឡី។ លើស​ពី​នេះ លោក ហ៊ុន សែន ថែម​ទាំង​ឃោសនា​ថា ខ្លួន​ជា​អ្នក​ជួយ​សាងសង់ ចេតិយ​និង​ធ្វើ​បុណ្យ​ខួប​ឱ្យ​បណ្ឌិត​ទៀត​ផង។

លោក ហ៊ុន សែន៖ «តើ​អ្នក​ណា​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ស្លាប់ លោក កែម ឡី រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​ជា​អ្នក​ខាតបង់​ដោយសារ​គេ​ចោទ​យើង​ជា​អ្នក​សម្លាប់​ឥឡូវ​ជឿ​ទេ ហេតុ​អី​ជា​ប្អូន​របស់ កែម ឡី យុវជន​១០០រាត្រី​របស់ កែម ឡី ចូល​មក​គណបក្ស​ប្រជាជន​អស់​ហើយ ដែល​តាំង​ខ្លួន​ថា​គេ​យុវជន កែម ឡី យុវជន​១០០​រាត្រី​ចូល​មក​ជាមួយ ហ៊ុន សែន អស់​ទៅ​ព្រោះ​គេ​មិន​ជឿ​ទៅ​លើ​ការ​បោកប្រាស់​របស់​អា​ចង្រៃ​ទាំង​ហ្នឹង​និយាយ​ពី​ធ្វើ​នោះ​ធ្វើ ម៉ែ​ធ្វើ​យក​ជំនាញ​ខ្មោច​តើ»។

លោក​បណ្ឌិត កែម ឡី ដែល​ពលរដ្ឋ​ស្គាល់​ថា អ្នក​វិភាគ​ពី​បញ្ហា​នយោបាយ និង​សង្គម​ដ៏​មាន​ប្រជាប្រិយភាព តែង​ជីក​កកាយ​រឿង​អាថ៌​កំបាំង​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​ហាង​លក់​កាហ្វេ​ក្នុង​ស្ថានីយ​ចាក់​សាំង​មួយ​នៅ​កាច់​ជ្រុង​ស្តុប​បូកគោ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១០ ខែកក្កដា ឆ្នាំ២០១៦ ។ បើ​ទោះ​បី​ជា​អាជ្ញាធរ​ចាប់​បាន​ជន​ល្មើស ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប សម្លាប់ ដែល​អះអាង​ថា​ខ្លួន ឃាតក​សម្លាប់​បណ្ឌិត កែម ឡី យ៉ាង​ណា​ក៏​ដោយ ក៏​ពល​រដ្ឋ អង្គការ​ជាតិ និង​ក្រុម​គ្រួសារ​លោក បណ្ឌិត យល់​ឃើញ​ថា ឃាតកម្ម​នេះ​គឺ​ជាប់​ពាក់ព័ន្ធ​អ្នក​កាន់​អំណាច​ដែល​ជា​ហេតុ​មិន​អាច​វែក​មុខ​ឃាតក​ពិត​ដើម្បី​រក​យុត្តិធម៌​ជូន បណ្ឌិត កែម ឡី។

ជុំវិញ​បញ្ហា​នេះ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ មាន​ប្រសាសន៍​ថា នរណា​ចង់​ធ្វើ​បុណ្យ​ខួប​ឱ្យ​បណ្ឌិត កែម ឡី នោះ​គឺជា​ការ​គោរព​ចំពោះ​វីរភាព​ក្នុង​នាម​ជា​អ្នក​លះបង់​អាយុ​ជីវិត​បង្ហាញ​ពី​ការ​ពិត​នៅ​ក្នុង​សង្គម។ លោក​បន្ត​ថា បើ​លោក ហ៊ុន សែន ចង់​រក​ការ​ពិត​ថា​អ្នក​ណា​កេង​ចំណេញ​ពី លោក បណ្ឌិត នោះ​គួរតែ​ស្រាវជ្រាវ​មាន​ភស្តុតាង​ត្រឹមត្រូវ​បើ​ពុំ​ដូច្នេះ​ទេ នឹង​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ។

លោក កើត សារ៉ាយ៖ «តាម​ផ្លូវ​ច្បាប់​ដរាប​ណា​មិន​អាច​ស្វែង​រក​ជនល្មើស​ឱ្យ​ពិត​ប្រាកដ​ដែល​យើង​នៅ​មាន​ការ​សង្ស័យ​ថា ការ​សម្លាប់ បណ្ឌិត កែម ឡី វា​មិនមែន​ជា​បទ​ល្មើស​ជំពាក់​លុយ​អី​នោះ​ទេ ពីព្រោះ​យើង​ឃើញ​កន្លង​​មក​ហើយ​ថា ជួប សម្លាប់ ចោទ​លោក បណ្ឌិត​ថា​ជំពាក់​លុយ​ដែល​មើល​សមាសភាព ជួប សម្លាប់ ហ្នឹង​មិន​សម​មាន​លុយ​ឱ្យ លោក បណ្ឌិត ខ្ចី​នោះ​ហើយ​មក​ថា​ដោយ​បញ្ហា​ជំពាក់​លុយ​ដូច្នេះ​យើង​មិន​ដែល​ជឿ មិន​ដែល​គិត​ថា​រឿង​បែប​នោះ​មាន​ការ​សម្លាប់ លោក បណ្ឌិត ទេ»។

លោក កើត សារ៉ាយ បន្ថែម​ថា នៅថ្ងៃទី១០ ខែកក្កដា ខាងមុខ​នេះ លោក និង​ក្រុម​យុវជន​សង្គម​គ្រោង​នឹង​ធ្វើ​បុណ្យ​ខួប​លើកទី៧ឆ្នាំ ជូន​លោក បណ្ឌិត កែម ឡី ដើម្បី​ជា​ការ​គោរព និង​ដឹង​គុណ​ចំពោះ​វីរបុរស​ស្នេហាជាតិ។

កាល​ពី​ពេល​ថ្មីៗ​នេះ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ចោទប្រកាន់​ថា លោក ហ៊ុន សែន គឺជា​មេ​ឃាតក​នៅ​ពី​ក្រោយ​ការ​ស្លាប់​របស់​បណ្ឌិត កែម ឡី និង​អ្នកស្នេហាជាតិ​ជាច្រើន​នាក់​ទៀត ដូចជា ព្រះតេជព្រះគុណ សំ ប៊ុនធឿន លោក ជា វិជ្ជា និង​លោក ឈុត វុទ្ធី ជាដើម។ ក្រៅ​ពី​នេះ​នៅ​មាន​ការ​សម្លាប់​ខ្មែរ​រាប់​ម៉ឺន​នាក់​ក្រោម​ហេតុផល​ផែនការ "​ក​៥" ការ​សម្លាប់​ជន​ស៊ីវិល និង​មន្ត្រី​​គណបក្សហ៊្វុនស៊ិនប៉ិច​រាប់​សិប​នាក់​ក្នុង​អំពើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​របស់​លោក ហ៊ុន សែន ឆ្នាំ​១៩៩៧ ។ លើស​ពី​នេះ​ការ​បោក​គ្រាប់បែក​លើ​ហ្វូង​បាតុករ​នៅមុខ​រដ្ឋសភា​ចាស់​ឆ្នាំ​១៩៩៧ ការ​បាញ់​សម្លាប់​កម្មករ​រោងចក្រ​នៅ​ផ្លូវ​វេងស្រេង ករណី​ទាំងនេះ​ត្រូវ​បាន​គេ​ចោទ​ថា ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋអំណាច​របស់​លោក ហ៊ុន សែន ដែល​ពុំ​មាន​ការស៊ើបអង្កេត និង​ការ​កាត់ទោស​ណាមួយ​ត្រឹមត្រូវ​នៅឡើយ​ទេ។

អ្នកវិភាគ និង​មន្ត្រី​អង្គការ​ស៊ីវិល​មិន​រំពឹង​ថា រដ្ឋាភិបាល លោក ហ៊ុន សែន នឹង​រក​យុត្តិធម៌​ជូន លោក​បណ្ឌិត កែម ឡី នោះ​ឡើយ ប៉ុន្តែ​ពួកគាត់​ចង់​ឃើញ​អាជ្ញាធរ​ទាំងនោះ​ចេះ​សហការ​គ្នា និង​មិន​យក​ខ្មែរ​គ្នា​ឯង​ធ្វើ​ជា​សត្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។