សហមេធាវីការពារក្តីឱ្យលោក កឹម សុខា ខកចិត្តដែលប្រធានក្រុមប្រឹក្សាសាលាឧទ្ធរណ៍ បដិសេធសំណើរបស់ពួកគាត់ ដែលបានស្នើសុំឱ្យកោះហៅមន្ត្រីនគរបាលមកសួរដេញដោល។ ការបដិសេធនេះ ដោយចៅក្រមលើកហេតុផលថា ការសួរដេញដោលមន្ត្រីនគរបាលយុត្តិធម៌ គួរធ្វើនៅដំណាក់កាលចៅក្រមស៊ើបសួរ មិនមែនធ្វើនៅដំណាក់កាលចៅក្រមជំនុំជម្រះនោះទេ។
មេធាវីការពារក្ដីឱ្យលោក កឹម សុខា លើកឡើងថាការស្នើសុំឱ្យប្រធានក្រុមប្រឹក្សាជំនុំជម្រះកោះហៅមន្ត្រីនគរបាលយុត្តិធម៌មកសួរដេញដោលនេះដើម្បីស្វែងរកយុត្តិធម៌ ពីព្រោះវីដេអូដែលសមត្ថកិច្ចយកមកសំអាងក្នុងការចាប់ខ្លួនកូនក្ដី គឺជាវីដេអូកាត់តខុសពីខ្លឹមសារដើម។
សាលាឧទ្ធរណ៍ភ្នំពេញនៅថ្ងៃទី២៣ខែឧសភាបានបើកសវនាការជាលើកទី៩លើបណ្ដឹងជំទាស់របស់មេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ប្រឆាំងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោសឱ្យលោកជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពីបទសន្ទិដ្ឋភាពជាមួយបរទេសឬឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស។
ទោស ២៧ ឆ្នាំនេះ តុលាការសម្រេចឃុំលោក កឹម សុខា នៅក្នុងផ្ទះនិងហាមឃាត់មិនឱ្យលោកធ្វើនយោបាយព្រមទាំងមិនឱ្យជួបភ្ញៀវបរទេសលើកលែងតែមានការអនុញ្ញាតពីតុលាការ។
សហមេធាវីការពារក្តីឱ្យលោក កឹម សុខា គឺលោក ផែង ហេង ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់សវនាការនៅថ្ងៃទី២៣ ខែឧសភាថា ក្រុមមេធាវីបានស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឱ្យកោះហៅនគរបាលយុត្តិធម៌មកសួរដេញដោល ពាក់ព័ន្ធនឹងរឿងចូលចាប់ខ្លួនកូនក្ដីរបស់លោកទាំងកណ្ដាលយប់ ប៉ុន្តែសំណើនេះ ត្រូវបានចៅក្រមច្រានចោល។
លោកថា កូនក្ដីរបស់លោកក៏បានបញ្ជាក់ថា លោកមិនបានក្បត់ជាតិ ឬបើកឱ្យបរទេសមកឈ្លានពានប្រទេសកម្ពុជាឡើយ។
លោក ផែង ហេង៖ «គាត់មិនបានក្បត់ជាតិ មិនបាននាំបរទេសឱ្យមកឈ្លានពាន ឬកាត់ដីឱ្យបរទេស ឬផ្ដល់មធ្យោបាយ សព្វាវុធ ឬជាព័ត៌មានចារកម្មអីទៅឱ្យបរទេសទេ។ គាត់ជាអ្នកស្រឡាញ់ជាតិ ស្រឡាញ់ប្រទេសកម្ពុជា ស្រឡាញ់ព្រះមហាក្សត្រ គោរពព្រះមហាក្សត្រ ហើយផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ ហើយគាត់តែងតែចង់ឃើញការដឹកនាំមួយមានការគោរពសិទ្ធិមនុស្ស ស្របតាមរដ្ឋធម្មនុញ្ញមានការផ្សះផ្សាជាតិ»។
ចំណែកសហមេធាវីម្នាក់ទៀតរបស់លោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី បានលើកឡើងថា ក្រុមមេធាវីស្នើសុំឱ្យកោះហៅនគរបាលយុត្តិធម៌មកសួរនេះ គឺដើម្បីស្វែងរកយុត្តិធម៌ឱ្យលោក កឹម សុខា។ អ្នកស្រីថា វីដេអូឃ្លីបដែលសមត្ថកិច្ចយកមកធ្វើភស្តុតាង ដើម្បីចាប់ខ្លួនកូនក្ដីនោះ គឺមានរយៈពេលខ្លី ហើយជាវីដេអូយកកាត់ត បាត់ពាក្យនិងខុសពីខ្លឹមសារដើម ដែលកូនក្ដីរបស់អ្នកស្រីបាននិយាយ។
អ្នកស្រី ម៉េង សុភារី៖ «អ៊ីចឹងហើយ ទើបបាត់ខ្លឹមសារមួយចំនួន បាត់ខ្លឹមសារសំខាន់ៗ មួយចំនួន នៅក្នុងវីដេអូនោះ។ អ្វីដែលខ្ញុំចង់បញ្ជាក់ ដោយសារមានការកាត់ហើយភ្ជាប់គ្នា ខ្លឹមសារសំខាន់នោះទី ១ យូហ្គោស្លាវីហ្សែកប៊ី ប៉ុន្តែខ្លឹមសារខាងក្រោមពាក្យហ្នឹង គាត់បានមានប្រសាសន៍ថា បើយើងធ្វើឆូងឆាំងអាងច្បាំង អាងកាប់អាងចាក់យកក្បាលទៅជល់នឹងថ្មអត់កើតអីអ៊ីចឹង គឺបាត់់ពាក្យអស់ហ្នឹងជាមួយគ្នា។ បន្ទាប់មកទៀត យើងបានលឺពាក្យ អ្វីដែលគាត់និយាយក្នុងហ្នឹង បើធ្វើតាមយុទ្ធសាស្ត្រប៉ុណ្ណឹងហើយ មិនឈ្នះទៀត មិនដឹងធ្វើម៉េចទេ។ យើងឮសូរពាក្យយុទ្ធសាស្ត្រ ហើយដល់ពេលគេកាត់ពាក្យរបស់គាត់ចោលនៅសល់តែពាក្យយុទ្ធសាស្ត្រ ហើយភ្ជាប់ជាមួយយូហ្គោស្លាវី ស្មានតែយកយុទ្ធសាស្ត្រយូហ្គោស្លាវីហ្នឹង»។
ក្រោយបើកសវនាការពេញមួយព្រឹក ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ ភ្នំពេញលោក អ៊ឹម វណ្ណៈ សម្រេចបន្តសវនាការសំណុំរឿងនេះ នៅថ្ងៃទី៦ ខែមិថុនា។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ដែលចូលរួមឃ្លាំមើលសវនាការដែរនោះកត់សម្គាល់ថា មានការបកស្រាយផ្សេងគ្នា ករណីស្នើសុំឱ្យកោះហៅមន្ត្រីនគរបាលយុត្តិធម៌មកសួរដេញដោល។ លោកថា សហមេធាវី ក៏ដូចជា លោក កឹម សុខា លើកពីភាពយុត្តិធម៌ សម្រាប់តុលាការធ្វើការវិនិច្ឆ័យ រីឯសហមេធាវីដើមបណ្ដឹងនិងតំណាងមហាអយ្យការវិញ ថា មិនមានភាពចាំបាច់ ពីព្រោះនីតិវិធីនេះ គួរត្រូវធ្វើតាំងពីនៅដំណាក់កាលចៅក្រមស៊ើបសួរ។
លោក អំ សំអាត ៖«ការស្នើសុំនេះ ក៏មានការស្នើសុំដែរ ការពីនៅសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានបដិសេធដូចគ្នាអ៊ីចឹងផងដែរ។ អ៊ីចឹងចំណុចនេះ ខ្ញុំមិនហ៊ានបកស្រាយយ៉ាងម៉េចទេ តាមនីតិវិធី និងជាឆន្ទានុសិទ្ធិរបស់សាលាដំបូង ប៉ុន្តែគ្រាន់ថា រាល់សំណុំរឿង ដើម្បីភាពយុត្តិធម៌ បើបានគ្រប់ភាគីមកធ្វើការបំភ្លឺនិងការដេញដោល អាហ្នឹងជារឿងមួយបន្ថែមល្អទៀតសម្រាប់យុត្តិធម៌»។
កាលពីថ្ងៃទី៨ ខែឧសភា បណ្ដាប្រទេសជាច្រើននៅលើពិភពលោកបានលើកឡើងនៅកិច្ចប្រជុំដំណើរការត្រួតពិនិត្យឡើងវិញជាសកលតាមកាលកំណត់របស់អង្គការសហប្រជាជាតិ (UNPR) ដោយស្នើទៅកាន់រដ្ឋាភិបាលកម្ពុជា ឱ្យគោរពសិទ្ធិមនុស្ស ស្ដារលទ្ធិប្រជាធិបតេយ្យ និងដោះលែងអ្នកទោសមនសិការ ជាពិសេស មេដឹកនាំបក្សប្រឆាំងលោក កឹម សុខា។
សហគមន៍ជាតិនិងអន្តរជាតិចាត់ទុកសំណុំរឿងនេះថា ជារឿងនយោបាយនិងទាមទារតុលាការឱ្យលុបចោលការចោទប្រកាន់និងប្រគល់សេរីភាពពេញលេញជូនមេបក្សប្រឆាំងរូបនេះវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។