កងទ័ព​ដែល​ទៅ​ប្រចាំការ​នៅ​ព្រំដែន​កម្ពុជា​វៀតណាម​ចល័ត​ចូល​បន្ទាយ​វិញ​ហើយ

កងទ័ព​មួយ​ចំនួន​ធំ​ដែល​​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រចាំការ​នៅ​ព្រំដែន​កម្ពុជា​វៀតណាម ត្រៀម​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ដ្រូន បាន​ចល័ត​ចេញ​ពី​តំបន់​ព្រំដែន​វិល​បន្ទាយ​វិញ​ហើយ ក្រោយ​គ្មាន​ដ្រូន​ហោះ​ចូល​ដី​ខ្មែរ​។ អ្នកវិភាគ​ថា ការ​ដែល​រដ្ឋាភិបាល​​ចល័ត​ទ័ព​ចុះ​ឡើង​មុន​ពេល​បោះឆ្នោត​បែប​នេះ ព្រោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ចេតនា​បំភិតបំភ័យ​ពលរដ្ឋ​ឱ្យ​​ភ័យខ្លាច​ដើម្បី​ចំណេញ​នយោបាយ​ប៉ុណ្ណោះ។

ការ​ឈរ​ជើង​ប្រចាំ​ការ​របស់​កងទ័ព​លោក ហ៊ុន សែន រយៈ​ពេល​ជិត​៣​សប្ដាហ៍​នៅ​ព្រំដែន​កម្ពុជា វៀតណាម កន្លង​មក​នេះ មិន​ទទួល​លទ្ធផល​ដូច​ការ​រំពឹង​ទុក​ទេ ដោយ​ការ​ចល័ត​ទ័ព​ទ្រង់ទ្រាយ​ធំ​នេះ មិន​បាន​បាញ់​ទម្លាក់ យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ដ្រូន សូម្បី​តែ​មួយ​គ្រឿង។ អ្នកវិភាគ​នយោបាយ លោក គឹម សុខ នៅតែ​ចាត់ទុកថា ​ករណី​ដ្រូន​ហោះ​ចូល​ដី​ខ្មែរ ជា​ល្បិច​របស់​លោក ហ៊ុន​ សែន ដែល​លោក​ពង្រាយ​កម្លាំង​​គំរាម​ផ្ទៃ​ក្នុង​គណបក្ស​របស់​លោក ហើយ​ចំណុច​សំខាន់​មួយ​គឺ​លោក ហ៊ុន សែន ចង់​គំរាម​ពលរដ្ឋ​មិន​ឱ្យ​ហ៊ាន​ងើប​តវ៉ា​ ប្រឆាំង​រឿង​អយុត្តិធម៌​សង្គម និង​បញ្ហា​បោះ​ឆ្នោត។ ទោះ​យ៉ាងណា លោក គឹម សុខ យល់ថា ផែនការ​របស់​ហ៊ុន សែន ​ទំនង​មិន​អាច​បន្លាច​ពលរដ្ឋ​ឡើយ តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខឹង​លោក ហ៊ុន សែន កាន់តែ​ខ្លាំង ហើយ​ពលរដ្ឋ​អាច​នាំ​គ្នា​គូស​ខ្វែង​លើ​សន្លឹក​ឆ្នោត​នៅ​ថ្ងៃ​ទី២៣ ខែ​កក្កដា ខាង​មុខ។

លោក គឹម សុខ៖«លោក ហ៊ុន សែន បារម្ភ​ថា ខ្លាច​ចាញ់​យុទ្ធនាការ​គូស​សន្លឹក​ឆ្នោត​ចោល ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី។ វត្ថុបំណង​របស់​គាត់​ធំៗ តែ​ប៉ុណ្ណឹង អត់​មាន​ការពារ​ជាតិ ទៅ​បាញ់​ដ្រូន​អី​នោះ​ទេ។ ចិត្តសាស្ត្រ​នយោបាយ​លោក ហ៊ុន សែន គាត់​ភ័យ​ព្រួយ​ខ្លាំង​ណាស់។ មែនទែន​បើ​ទោះបី​ជា​គាត់​បង្ហាញ​កម្លាំង​ប៉ុណ្ណា ក៏​ប្រជាពលរដ្ឋ​នៅតែ​មិន​ខ្លាច ហើយ​នៅតែ​ចង់​តស៊ូ​ប្រឆាំង​នឹង​គាត់ និង​ផ្លាស់ប្ដូរ​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់ ចង់​និយាយ​អំណាច​ណា»។

ស្រដៀង​គ្នា​នេះ​ដែរ អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន លើកឡើង​ថា រៀងរាល់​មុន​ការបោះឆ្នោត​ម្ដងៗ​លោក ហ៊ុន សែន តែង​រៀបចំ​ឆាក​ល្ខោន ​ឱ្យ​ពលរដ្ឋ​មើល​ទៅ​ឃើញ​ថា លោក​ជា​មេដឹកនាំ​ជាតិ​និយម ស្រឡាញ់​ទឹកដី។ លោក​បន្ត​ថា បើ​ទោះ​ជា​អាណត្តិ​នេះ គ្មាន​គណបក្ស​ប្រកួតប្រជែង​ក្ដី ប៉ុន្តែ លោក ហ៊ុន សែន នៅតែ​លេង​ល្ខោន​ជាតិ​និយម​នេះ​ដដែល ដើម្បី​ចង់​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​លោក​ព្រួយ​បារម្ភ​ថា ខ្លាច ពលរដ្ឋ​ទៅ​គូស​ខ្វែង​លើ​សន្លឹក​ឆ្នោត នៅ​ថ្ងៃ​បោះឆ្នោត​ខាង​មុខ ដែល​អាច​ធ្វើ​ឱ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន រង​ភាព​អាម៉ាស់។

លោក អ៊ុំ សំអាន៖«គាត់(លោក ហ៊ុន សែន)ខ្លាច​ប្រជាពលរដ្ឋ​អត់​ទៅ​បោះឆ្នោត ឬ​ទៅ​បោះឆ្នោត​ហើយ​គូស​សន្លឹក​ឆ្នោត​ចោល​​ហើយ​មិន​គាំទ្រ​រដ្ឋាភិបាល​របស់​គាត់ ដូច្នេះ​គាត់​ចង់​សំដែង​ដ្រូន ដែល​ឃើញ​គណបក្ស​ប្រជាជន​មួយ​ចំនួន​ថា អូ!សម្ដេច​ស្នេហា​ជាតិ​ណាស់ ទៅ​ការពារ​ព្រំដែន​មិន​ឱ្យ​យួន​(វៀតណាម)ឈ្លានពាន​អ៊ីចឹង​ណា បំផុស​គំនិត​ជាតិ​និយម​ម្ដង​ទៀត​ណា»។

ក្រុម​មន្ត្រី​ជាន់ខ្ពស់​យោធា​ឱ្យ​ដឹង​ថា ពេល​នេះ​កងទ័ព​​ភាគច្រើន​បាន​ចល័ត​ពី​ព្រំដែន​កម្ពុជា​វៀតណាម វិល​ចូល​បន្ទាយ​របស់​ខ្លួន​​វិញ​ហើយ។ ​

អគ្គមេបញ្ជាការ​រង និង​ជា​នាយ​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ឥត សារ៉ាត់ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ខែមបូចា (cambojanews) កាល​ពី​ថ្ងៃ​ទី១២ ខែ​កក្កដា​ថា កងកម្លាំង​មួយ​ចំនួន​ធំ​ដែល​ឈរ​ជើង​នៅ​តំបន់​ព្រំដែន​កម្ពុជា​វៀតណាម ត្រូវ​បាន​ចល័ត​ចូល​បន្ទាយ​វិញ​កាល​ពី​សប្ដាហ៍​មុន​ម្ល៉េះ។ សារព័ត៌មាន​ដដែល​ក៏​បាន​ដក​ស្រង​សំដី អ្នក​នាំ​ពាក្យ​អគ្គបញ្ជាការដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ លោក ថោង សូលីម៉ូ ចុះ​ផ្សាយ​ដែរ​ថា ចាប់​តាំង​ពី​មាន​ការ​បញ្ជូន​ទ័ព និង​អាវុធ ​ទៅ​តំបន់​មាន​ដ្រូន​ហោះ​ចូល​ដី​​ខ្មែរ គឺ​លែង​មាន​ដ្រូន​ទាំង​នោះ​ហោះ​ចូល​ទៀត​ហើយ។ ​

ទាក់ទង​ការ​ដក​ទ័ព​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត ប្រធាន​ក្រុម​អង្គរក្ស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង អ្នក​នាំ​ពាក្យ​អគ្គបញ្ជាការដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ លោក ថោង សូលីម៉ូ និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី១៤ ខែ​កក្កដា។ ចំណែក អ្នក​នាំ​ពាក្យ​កងទ័ព​ជើង​គោក​ លោក ម៉ៅ ផល្លា សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​រឿង​នេះ​ទេ។

ដោយឡែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា មិន​បាន​ដឹង​រឿង​កិច្ចការ​យោធា​ទេ។ ទោះ​យ៉ាងណា លោក សុខ ឥសាន អះអាង​ថា ការ​ចល័ត​ទ័ព​នេះ​គ្មាន​ចេតនា ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យ​ខ្លាច​ឡើយ ប៉ុន្តែ​រដ្ឋាភិបាល​ធ្វើ​ដើម្បី​ការពារ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា​ប៉ុណ្ណោះ។

លោក សុខ ឥសាន៖«រឿង​អី​ភ័យ​ខ្លាច​គេ​ការពារ​សន្តិភាព​ណា ​ហើយ​ការពារ​ដើម្បី​រក្សា​សន្តិភាព​ហ្នឹង​ហើយ​បើ​រក្សា​សន្តិភាព​រឿង​អី​ភ័យខ្លាច កងទ័ព​គេ​ការពារ​ជាតិ​គ្រប់​ពេលវេលា​ទាំង​យប់​ទាំង​ថ្ងៃ​អត់​មាន​ដឹង​ពេល​ណា​ជា​ពេល​ណា​ទេ ឱ្យ​តែ​ការពារ​បាន»។

កាល​ពី​ចុង​ខែ​មិថុនា លោក ហ៊ុន សែន បាន​ចេញ​បទ​បញ្ជា​ពីរ​ថ្ងៃ​ជាប់​ឱ្យ​​​កម្លាំង​ទាហានជាង ១​ម៉ឺន នាក់ រួម​ទាំង​យក​អាវុធ​ ទំនើប​គ្រប់​ធុន​ផង ឱ្យ​ទៅ​បាញ់​ទម្លាក់​ដ្រូន ដែល​លោក​ចោទ​ប្រកាន់​ថា បាន​លួច​ហោះ​ចូល​ទឹក​ដី​កម្ពុជា ​​ជាប់​ព្រំដែន​វៀតណាម ​ក្នុង​ខេត្ត​រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​ត្បូងឃ្មុំ​ជាដើម​។ ការ​ចល័ត​ទ័ព​របស់​លោក ហ៊ុន សែន នេះ​កើត​ឡើង​ស្រប​ពេល​ដែល​គណបក្ស​ភ្លើង​ទៀន​ ដែល​ជា​គណបក្ស​ប្រឆាំង​ចុង​ក្រោយ​នៅ​កម្ពុជា ត្រូវ​បាន​គ.ជ.ប ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​កាន់អំណាច​រារាំង​មិន​ឱ្យ​ចូលរួម​ការបោះឆ្នោត ហើយ​លោក​ សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​វិល​ចូល​ស្រុក​វិញ​តាម​ទឹកដី​វៀតណាម និង​ប្រទេស​ជាប់​ព្រំដែន​កម្ពុជា​ផ្សេងទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។